អានតួអត្ថបទ

១៧មេសា៖គណបក្សភ្លើងទៀនអំពាវនាវឱ្យអ្នកនយោបាយស្ដារវប្បធម៌និយាយគ្នាត្រង់ទៅ ត្រង់មក

នៅថ្ងៃទី១៧ ខែមេសានេះ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរបានរៀបចំពិធីបង្សុកូលនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកដើម្បីឧទ្ទិសកុសលដល់អ្នកបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។ ឆ្លៀតក្នុងឱកាសនេះ គណបក្សក្នុងសម័្ពន្ធភាពឆ្ពោះទៅអនាគតទាំងពីរបានអំពាវនាវដល់អ្នកនយោបាយបច្ចុប្បន្នឲ្យបំភ្លេចចោលទំព័រចាស់ ហើយបើកទំព័រថ្មីដើម្បីស្ដារវប្បធម៌និយាយគ្នាត្រង់ៗ និងបញ្ចប់អរិភាពនយោបាយដែលជាបច្ច័យអាក្រក់នាំទៅរកការបែកបាក់ក្នុងសង្គមជាតិខ្មែរ។

១៧មេសា៖គណបក្សភ្លើងទៀនអំពាវនាវឱ្យអ្នកនយោបាយស្ដារវប្បធម៌និយាយគ្នាត្រង់ទៅ ត្រង់មក
១៧មេសា៖គណបក្សភ្លើងទៀនអំពាវនាវឱ្យអ្នកនយោបាយស្ដារវប្បធម៌និយាយគ្នាត្រង់ទៅ ត្រង់មក © គណបក្សភ្លើងទៀន
ផ្សាយពាណិជ្ជកម្ម

១៧ មេសា ១៩៧៥-១៧ មេសា ២០២៤ ថ្ងៃនេះជាខួប ៤៩ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមនៅកម្ពុជា។ ក្នុងថ្ងៃនេះ រដ្ឋាភិបាលកម្ពុជាមិនបានរៀបចំពិធីអ្វីទេ តែគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរបានរៀបចំពិធីបង្សុកូលនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកដើម្បីឧទ្ទិសកុសលដល់អ្នកបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។ នៅក្នុងឱកាសនោះ គណបក្សទាំងពីរបានអំពាវនាវដល់អ្នកនយោបាយបច្ចុប្បន្នឲ្យបំភ្លេចចោលទំព័រចាស់ និងបើកទំព័រថ្មីក្នុងការស្ដារវប្បធម៌និយាយគ្នាត្រង់ទៅ ត្រង់មកដើម្បីបញ្ចប់អរិភាពនយោបាយដែលនាំឲ្យមានការបែកបាក់ក្នុងសង្គមជាតិខ្មែរ។

លោកលី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀនសង្ឃឹមថា អ្នកនយោបាយ និងថ្នាក់ដឹកនាំសព្វថ្ងៃនឹងចងចាំនូវមេរៀនពីការដណ្ដើមអំណាចគ្នា មនោគមវិជ្ជា និងនយោបាយជ្រុលនិយមដែលមាននៅក្នុងសម័យខ្មែរក្រហម។ បើតាមអគ្គលេខាធិការគណបក្សភ្លើងទៀនរូបនេះ គឺការដណ្ដើមអំណាចគ្នានេះហើយដែលនាំឱ្យសង្គមកម្ពុជាបែកបាក់សាមគ្គី និងធ្លាក់ក្នុងរណ្ដៅងងឹត។ ទន្ទឹមគ្នានេះ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរដែលស្ថិតក្នុងសម័្ពន្ធភាពឆ្ពោះទៅអនាគតក៏បានស្នើសុំឱ្យមេដឹកនាំ និងអ្នកនយោបាយបើកកាដូឆ្នាំថ្មីមួយសម្រាប់ប្រជាជាតិ។

កាដូនោះ គឺការដោះស្រាយបញ្ហាជាតិក្នុងស្មារតីនៃការផ្សះផ្សា និងការបង្រួបបង្រួមជាតិ។ ដោយឡែក លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គម និងនយោបាយកម្ពុជាយល់ថា ការអំពាវនាវឱ្យអ្នកនយោបាយស្ដារវប្បធម៌និយាយគ្នាត្រង់ៗជាសារល្អមួយដើម្បីដាស់តឿនឱ្យកម្ពុជាពិនិត្យមើលឡើងវិញពីបទពិសោធន៍ដែលឆ្លងកាត់រួច និងដើរតាមអ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ តែលោកបណ្ឌិតក៏មិនភ្លេចបញ្ជាក់ថា នេះជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលក្នុងការបង្រួបបង្រួមជាតិក្រោយពីបានចុះកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីសកាលពីឆ្នាំ ១៩៩១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ