អានតួអត្ថបទ
កម្ពុជា-ច្បាប់

តុលាការបានសម្រេចបង្កកគណនីធនាគារ និងទ្រព្យសម្បតិ្តក្រុមឡេង ចាន់ណា

តុលាការបានសម្រេចបង្កកគណនីធនាគារ១៨៣ និងទ្រព្យសម្បតិ្តមួយចំនួនរបស់ក្រុមអតីតឧកញ៉ា ឡេង ចាន់ណា ដែលបានបោកប្រាស់ពលរដ្ឋរាប់ពាន់នាក់នៅខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី១៧មេសា ឆ្នាំ២០២៤។ ប៉ុន្តែសាលាដំបូង ខេត្តសៀមរាបមិនបានបញ្ជាក់ថា តើគណនីធនាគារ និងទ្រព្យសម្បត្តិដែលបានបង្កកនោះមានទំហំទឹកប្រាក់ប៉ុន្មាននោះទេ។

តុលាការបានសម្រេចបង្កកគណនីធនាគារ និងទ្រព្យសម្បតិ្តក្រុមឡេង ចាន់ណា
តុលាការបានសម្រេចបង្កកគណនីធនាគារ និងទ្រព្យសម្បតិ្តក្រុមឡេង ចាន់ណា © FB
ផ្សាយពាណិជ្ជកម្ម

នៅទីបំផុត  សំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុនប្រ៊ីលានស៊ីធីរបស់អតីតឧកញ៉ា ឡេង ចាន់ណាដែលបានផ្ទុះក្នុងរយៈពេលប្រមាណ ៣ខែកន្លងមកនេះ បានឈានដល់ការបង្កកគណនីធនាគារចំនួន ១៨៣ និងទ្រព្យសម្បត្តិមួយចំនួន។ ​សេចក្តីសម្រេចរបស់តុលាការនេះ ត្រូវបានអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបអះអាងថា គឺធ្វើឡើងដោយត្រឹមត្រូវ ច្បាស់លាស់ និងតម្លាភាព។ តែនៅក្នុងសេចក្តីសម្រេចដដែល សាលាដំបូងខេត្តសៀមរាបមិនបានបញ្ជាក់ពីទំហំទឹកប្រាក់សរុប ឬប្រហាក់ប្រហែលដែលមាននៅក្នុងគណនីធនាគារ និងទ្រព្យសម្បត្តិដែលបានបង្កកនោះទេ។

ក្រៅពីការសម្រេចបង្កកគណនីធនាគារ និងទ្រព្យសម្បត្តិ សាលាដំបូងខេត្តសៀមរាបក៏បានបញ្ជាក់ពីការកំពុងស្រាវជ្រាវទ្រព្យសម្បតិ្ត និងរកមុខអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។ នីតិវិធីច្បាប់ដែលសាលាដំបូងខេត្តសៀមរាបត្រូវការពេលវេលាស្រាវជ្រាវ រួមមានការស៊ើបសួរទៅលើបុគ្គលពាក់ព័ន្ធ  និងជនរងគ្រោះជាច្រើននាក់ដើម្បីស្វែងរកការពិត និងរកដំណោះស្រាយឱ្យជនរងគ្រោះ។

តាមរយៈវិទ្យុបារាំងនៅថ្ងៃទី១៨មេសា ឆ្នាំ២០២៤ លោកយង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពមើលឃើញពីការរីកចម្រើននៅក្នុងចំណាត់ការរបស់តុលាការលើសំណុំរឿងបោកប្រាស់របស់អតីតឧកញ៉ា ឡេង ចាន់ណានេះ។ តែលោកនៅមិនទាន់មានរំពឹងទាំងស្រុងទេថា តើពលរដ្ឋរងគ្រោះអាចនឹងទទួលបានសំណងត្រឹមត្រូវ  ឬអត់ទេ។

ការចោទដូចនេះក៏ព្រោះតែអ្នកតាមដានសង្គមរូបនេះមិនដែលឃើញតុលាការ ឬសមត្ថកិច្ច អនុវត្តច្បាប់រកដំណោះស្រាយឱ្យពលរដ្ឋបានម្តងណាទេនៅរាល់សំណុំរឿងឆបោករបស់ឧកញ៉ាគ្រាក់ៗ។ ដូច្នេះដើម្បីបង្កើនទំនុកចិត្តពលរដ្ឋទៅលើប្រព័ន្ធយុត្តិធម៌ លោកយ៉ង់ គឹមអេងផ្តល់យោបល់ថា តុលាការត្រូវបង្ហាញចំនួនទ្រព្យសម្បត្តិរបស់ក្រុមបោកប្រាស់ដែលបានបង្កក និងត្រូវបង្ហាញផងដែរនូវចំនួនទឹកប្រាក់ដែលបានបង្កកនៅក្នុងធនាគារទាំងជាង១៨៣គណនី។

គួរជម្រាបជូនថា គិតត្រឹមថ្ងៃទី១៧មេសា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាបបានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន៥នាក់រួមមានឡេង ចាន់ណា  ជាអគ្គនាយិកាក្រុមហ៊ុន អគ្គនាយករង២នាក់ និងអ្នកពាក់ព័ន្ធចំនួន២នាក់ទៀត។ ក្រៅពីនេះ តុលាការបានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ២នាក់  និងដីកាបង្គាប់ឱ្យជនត្រូវចោទចំនួន ២៤នាក់ ចូលខ្លួនតាមការកំណត់ចាប់ពីថ្ងៃទី១៨មេសា ដល់ថ្ងៃទី១៧ឧសភាឆ្នាំ២០២៤។

សូមរម្លឹកថា នៅក្នុងសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុនប្រ៊ីលានស៊ីធីរបស់អតីតឧកញ៉ា ឡេង ចាន់ណានេះ មានពលរដ្ឋជាង ៥០០០គ្រួសារបានដាក់ពាក្យប្តឹងក្រុមហ៊ុនពីបទបានឆបោកទឹកប្រាក់វិនិយោគរបស់ពួកគេទាំងការ និងដើមសរុបជាង ៣០០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ