អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

កញ្ញាឈឹម ស៊ីថរទទួលពានរង្វាន់ Per Anger Prize ២០២៤ ពីរដ្ឋាភិបាលស៊ុយអែត

កញ្ញាឈឹម ស៊ីថរ ប្រធានសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបានរដ្ឋាភិបាលប្រទេសស៊ុយអែតផ្តល់ពានរង្វាន់​ Per Anger Prize 2024 ដែលជាពានសម្រាប់អ្នកធ្វើការតស៊ូផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ការផ្តល់ពានរង្វាន់ឱ្យកញ្ញាឈឹម ស៊ីថរពេល​នេះធ្វើឡើង​ បន្ទាប់ពីសហគមន៍អន្តរជាតិមើលឃើញថា កញ្ញាឈឹម ស៊ីថរបានចូលរួមតស៊ូដ៏ស្វិតស្វាញលើការងារលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា រួមនឹងការស៊ូទ្រាំពីការយាយី និងគំរាមកំហែងរបស់អាជ្ញាធរកម្ពុជាជាច្រើនឆ្នាំ។

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ © Internet
ផ្សាយពាណិជ្ជកម្ម

យោងតាមសេចក្តីថ្លែងការណ៍របស់គណៈវិនិឆ្ឆ័យ ការផ្តល់ពានរង្វាន់​ Per Anger Prize ២០២៤ ដល់កញ្ញាឈឹម ស៊ីថរមិនមែនធ្វើ​ឡើងតាមការស្រមើស្រម៉ៃឡើយ។ មិនស្រមើលស្រម៉ៃព្រោះកញ្ញា ឈឹម ស៊ីថរបានចូលរួមលើកកម្ពស់សិទ្ធិការងារ សិទ្ធិសហជីព និងការគោពសិទ្ធិមនុស្សនៅកម្ពុជារហូតត្រូវបានតុលាការសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។

ការលះបង់របស់ប្រធានសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍រូបនេះត្រូវបានរដ្ឋាភិបាលស៊ុយអែតយល់ថា ជាគំរូដល់សកម្មជន ឬអ្នកតស៊ូមតិផ្សេងទៀតកុំឱ្យបោះបង់ការងារដែលជាផលប្រយោជន៍រួមរបស់ជាតិ ទោះបីត្រូវប្រឈមនឹងការធ្វើទុក្ខបុកម្នេញ ឬការគំរាមកំហែងនានាពីសំណាក់អាជ្ញាធរក៏ដោយ។ 

លោក អំ សំអាត នាយកគ្រប់គ្រងទូទៅនៃអង្គការលីកាដូបានលើកឡើងថា ការផ្តល់ពានរង្វាន់ដល់កញ្ញា ឈឹម ស៊ីថរជាការទទួលស្គាល់នូវភាពសកម្ម និងការលះបង់របស់មេដឹកនាំសហជីពរូបនេះ។ មួយវិញទៀត​ និងបើតាមលោកអំ សំអាត​ អ្វីដែលរដ្ឋាភិបាលស៊ុតអែតបានធ្វើពេលនេះក៏ជាចំណែកមួយនៃការលើកទឹកចិត្តដល់សកម្មជនការពារសិទិ្ធមនុស្ស និងបរិស្ថានផ្សេងទៀតឱ្យបន្តការងាររបស់ខ្លួនដែរ។

សូមជម្រាបថា នេះជាពានរង្វាន់អន្តរជាតិលើកទី២ដែលកញ្ញា ឈឹម ស៊ីថរទទួលបាន។ កាល​ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ មេដឹកនាំសហជីពកម្ពុជារូបនេះ​ រួមទាំងសកម្មជនអ្នកការពារសិទ្ធិមនុស្សចំនួន​៩នាក់ផ្សេងទៀតក្នុងលោកត្រូវបានក្រសួងការបរទេសអាមេរិកផ្តល់ឪ្យនូវពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ ២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ