អានតួអត្ថបទ

ក្រសួងការងារនឹងស៊ើបអង្កេតលើក្រុមហ៊ុនដែលបញ្ចូនពលករទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត

មន្ត្រីជាន់ខ្ពស់ក្រសួងការងារកម្ពុជាបានថ្លែងឲ្យដឹងនៅថ្ងៃទី១៩ ខែមេសានេះថា ក្រសួងការងារនឹងបើកការស៊ើបអង្កេតលើករណីក្រុមហ៊ុនមួយដែលបានបញ្ជូនពលករខ្មែរឲ្យទៅធ្វើការនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ការបញ្ជាក់របស់មន្ត្រីក្រសួងការងារដូច្នេះធ្វើឡើង បន្ទាប់ពីមានពលករខ្មែរជិត៨០នាក់បានចាញ់បោកមេខ្យល់នាំទៅធ្វើការតាមរយៈក្រុមហ៊ុនមិនគោរពច្បាប់នៅអារ៉ាប៊ីសាអ៊ូឌីតកាលពីពេលថ្មីៗនេះ។

ក្រសួងការងារនឹងស៊ើបអង្កេតលើក្រុមហ៊ុនដែលបញ្ចូនពលករទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត
ក្រសួងការងារនឹងស៊ើបអង្កេតលើក្រុមហ៊ុនដែលបញ្ចូនពលករទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត © លោក កត្តា អ៊ន
ផ្សាយពាណិជ្ជកម្ម

តាមក្រសួងការងារកម្ពុជា មានពលករខ្មែរសរុបចំនួន ៧៨នាក់ដែលចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានស្នើសុំជំនួយអន្ដរាគមន៍ឱ្យជួយសង្រ្គោះពួកគេពីអារ៉ាប៊ីសាអ៊ូឌីតមកប្រទេសកម្ពុជាវិញ។ ក្នុងចំណោមពលករទាំង ៧៨នាក់ មាន ២៩នាក់នឹងត្រូវបញ្ជូនមកកម្ពុជានៅថ្ងៃសុក្រ ទី១៩ មេសានេះ ពលករចំនួន ២៧នាក់នឹងត្រូវបញ្ជូនមកកម្ពុជានៅថ្ងៃទី២០ ខែមេសា ហើយពលករដែលនៅសល់ចុងក្រោយចំនួន ២២នាក់នឹងត្រូវបញ្ជូនមកកម្ពុជានៅថ្ងៃទី២១ ខែមេសា។

លោកហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារបានអះអាងថា ពលករទាំង៧៨នាក់បានស្ថិតនៅទីតាំងមួយដែលមានសុវត្ថិភាព និងរង់ចាំសំបុត្រយន្ដហោះត្រឡប់មកកម្ពុជាវិញ។ ចំណែកអ្នកនាំពាក្យក្រសួងការងារ លោកកត្តា អ៊ន បានបញ្ជាក់ថា ក្រសួងការងារនឹងបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនដែលបានបញ្ចូនពលករឲ្យទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត។ តាមលោកកត្តា អ៊ន ក្នុងករណីដែលរកឃើញក្រុមហ៊ុនមិនគោរពតាមនីតិវិធីច្បាប់ មិនធានាលក្ខខណ្ឌការងារ និងមិនគោរពសិទ្ធិការងារដល់ពលករ ក្រសួងនឹងចាត់វិធានការលើក្រុមហ៊ុននោះ។

តែក្រសួងនៅមិនទាន់កំណត់ថាជាក្រុមហ៊ុនមួយណាពិតប្រាកដនៅឡើយទេ ខណៈដែលមានក្រុមហ៊ុនច្រើនបានទទួលសិទ្ធិជ្រើសរើស និងនាំពលករចេញទៅធ្វើការនៅក្នុងប្រទេសនានានៅតំបន់ដើមបូព៌ា។ តែបើតាមការបញ្ជាក់របស់ពលករនៅក្នុងវីដេអូខ្លីបដែលបង្ហោះតាមហ្វេសប៊ុក ក្រុមហ៊ុនដែលល្បួងពលករទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតមានឈ្មោះ ហ្វាទីណា មេនផៅវ័រ និងក្រុមហ៊ុនBAB។ ទោះយ៉ាងណា និងក្នុងពេលរង់ចាំការត្រឡប់របស់ពលករទាំង ៧៨នាក់មកកម្ពុជាវិញ ឯកអគ្គរាជទូតកម្ពុជាប្រចាំអារ៉ាប៊ីសាអ៊ូឌីតបានធ្វើការសម្របសម្រួលបន្ថែមជាមួយមន្ត្រីអន្តោប្រវេសន៍អារ៉ាប៊ីសាអូឌីតដើម្បីបំពេញឯកសារផ្សេងៗ សម្រួលលើការហូបចុក និងការស្នាក់នៅរបស់ពួកគេ។

សូមបញ្ជាក់ថា ក្នុងចំណោមពលករខ្មែរទាំង៧៨នាក់នោះ មាន៥១នាក់កំពុងស្ថិតនៅក្នុងទីក្រុង Jeddah ១៥នាក់ស្ថិតនៅក្នុងរាជធានី Riyadh និង១២នាក់កំពុងស្ថិតនៅក្នុងទីក្រុង Dammam នៃប្រទេសអារ៉ាប៊ីសាអូឌីត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ