អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីអឺរ៉ុបខាងជើងអាចដំណើរការសង្គមរបស់ខ្លួនល្អជាងគេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅពេលដែលគេនឹកដល់សង្គមនៃក្តីស្រមៃ ឬសង្គមនៃភាពសំបូររុងរឿងថ្កើងថ្កាន និងសុភមង្គលគេអាចនឹកភ្លាមដល់សង្គមនៃបណ្ដាប្រទេសនៅអឺរ៉ុបខាងជើង ឬ បណ្ដាប្រទេសនៅតំបន់ស្កេនឌីណាវៀន (Scandinavian)ដែល​បូកបញ្ចូលបណ្ដាប្រទេសអឺរ៉ុបបី រួមមាន ស៊ុយអែត (Sweden) ប្រទេសន័រវែស (Norway) និងដាណឺម៉ាក(Denmark)។ ហេតុអ្វីបណ្ដាប្រទេសទាំងនេះអាចដំណើរការសង្គមរបស់ខ្លួនបានល្អជាងគេលើពិភពលោក?

ទីក្រុង Copenhague ប្រទេស​ដាណឺម៉ាក
ទីក្រុង Copenhague ប្រទេស​ដាណឺម៉ាក Getty Images / Dag Sundberg
ផ្សាយពាណិជ្ជកម្ម

រហូតមកដល់ពេលបច្ចុប្បន្ន នៅពេលដែលគេនិយាយដល់សង្គមនៃក្តីស្រមៃ ឬសង្គមនៃភាពសំបូរសប្បាយរុងរឿង និងសុភមង្គល, គេអាចនឹកភ្លាមដល់​សង្គមនៃបណ្ដាប្រទេសនៅអឺរ៉ុបខាងជើង ឬ បណ្ដាប្រទេស​នៅតំបន់ស្កេនឌីណាវៀន (Scandinavian)។ ស្កេនឌីណាវៀន គឺជាអនុតំបន់មួយនៃបណ្ដាប្រទេសនៅអឺរ៉ុបខាងជើងដែលមានទំនាក់ទំនងវប្បធម៌ ប្រវត្តិសាស្រ្ដ របៀបរស់នៅ និងឬសគល់ភាសារួមគ្នា។ តំបន់​ស្កេនឌីណាវៀន បូកបញ្ចូលបណ្ដាប្រទេសអឺរ៉ុបបី រួមមាន ស៊ុយអែត (Sweden) ន័រវែស (Norway) និងដាណឺម៉ាក (Denmark)។ ក្នុងន័យទូលាយ តំបន់នេះអាចគ្រប់ដណ្ដប់ផងដែរ បណ្ដាប្រទេសអឺរ៉ុបខាងជើងផ្សេងទៀត តួយ៉ាង ហ្វាំងឡង់ (Finland) អ៊ីស្លង់ (Iceland) និង ហ្គ្រោអង់ឡង់ (Greenland)។

សម្រាប់ឧទាហរណ៍ជាក់ស្ដែង បណ្ដាប្រទេសស្កេនឌីណាវៀនអាចដំណើរការប្រព័ន្ធសង្គមរបស់ខ្លួនបានល្អប្រសើរខ្លាំងជាង ធៀបនឹងបណ្ដាប្រទេសអឺរ៉ុបផ្សេងទៀត ដោយអាចរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ជាង។ នៅចន្លោះឆ្នាំ២០០២ និង២០១១ ចំណូលសរុបសម្រាប់មនុស្សម្នាក់ (គិតជាដុល្លារសហរដ្ឋអាមេរិក) បានកើនឡើងក្នុងអត្រាជាមធ្យមប្រចាំឆ្នាំ ៥.៣% នៅអ៊ីតាលី និង ៦.១% នៅបារាំង។ ក្នុងរយៈពេលដូចគ្នា កំណើនមានកម្រិតខ្ពស់ជាង ពោលគឺ ៦.៤%នៅដាណឺម៉ាក ៧.៣% នៅស៊ុយអែត និង៨.៩% នៅន័រវែស ។ បន្ថែមពីលើនេះ បណ្ដាប្រទេសទាំងនេះនៅតែអាចរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ និងអាចគ្រប់គ្រងកម្រិតចំណាយសាធារណៈបានល្អ ហើយអាចរក្សាអត្រាអ្នកអត់ការងារធ្វើ និងគម្លាតរវាងអ្នកមាននិងអ្នកក្រ ក្នុងកម្រិតទាបផងដែរ។

តើហេតុអ្វីបណ្ដាប្រទេសអឺរ៉ុបខាងជើង អាចដំណើរការសង្គមរបស់ខ្លួនបានល្អជាងគេលើពិភពលោក?

ផ្អែកតាមអ្នកជំនាញភ្នែកមុត បណ្ដាប្រទេសតំបន់ស្កេនឌីណាវៀន សាកសមនឹងត្រូវបានការវិភាគដាច់ដោយឡែក ពីព្រោះប្រទេសទាំងនោះមានលក្ខណៈផ្សេងផ្ទាល់ខ្លួន ឬក៏មានន័យថា ប្រទេសទាំងនេះជាករណីតែមួយគត់ដាច់ដោយឡែកពីបណ្ដាប្រទេសផ្សេងទៀតលើពិភពលោក។ ធាតុផ្សំក្នុងសង្គម ជា កត្តាគន្លឹះដើម្បីស្វែងយល់ពីករណីលើកលែងដាច់ដោយឡែករបស់សង្គមស្កេនឌីណាវៀន។

ប្រជាជនរបស់ស៊ុយអែត ន័រវែស និងដាណឺម៉ាក មានដើមកំណើតចេញពីអម្បូរដូចគ្នាតែមួយ។ ជាលទ្ធផល វាផ្ដល់ឱ្យប្រជាជាតិទាំងនេះនូវឯកភាពជាតិផ្ទៃក្នុងមួយដែលយើងមិនអាចរកបានក្នុងបណ្ដាប្រទេសផ្សេងទៀតនៅតំបន់អឺរ៉ុប។ ពលរដ្ឋនៃប្រទេសទាំងនោះមានមនោសញ្ចេតនានៃភាពរួមគ្នាតែមួយ និងភាពសាមគ្គីគ្នា។ ពួកគេបានចាត់ទុកប្រទេសទាំងបីជាសង្គមតែមួយ ហើយសមាជិកសង្គមម្នាក់ៗក្នុងសង្គមក៏បានត្រៀមខ្លួនរួចរាល់ដើម្បីលះបង់ឱ្យគ្នាទៅវិញទៅមកផងដែរ។ ប្រជាជនមានឆន្ទៈធ្វើការងារ មិនមែនសម្រាប់តែខ្លួនឯងម្នាក់នោះទេ ប៉ុន្តែសម្រាប់សង្គមរួមទាំងមូល ពីព្រោះពួកគេមានមនោសញ្ចេតនារួមថាពលរដ្ឋទាំងអស់គ្នាបានជួយសាច់ញាតិរបស់ខ្លួន។ ប៉ុន្តែរឿងនេះនឹងមានលក្ខណៈផ្ទុយគ្នាស្រឡះ បើសិនអ្នកបានចាត់ទុកពលរដ្ឋផ្សេងទៀតមកពីតំបន់ខាងក្រៅជាអ្នកដទៃ។

ក្នុងសង្គមស្កេនឌីណាវៀន នៅពេលរដ្ឋមានបញ្ហាដូចជាករណី រដ្ឋត្រូវការដំឡើងអត្រាពន្ធដើម្បីធ្វើឱ្យមានតុល្យភាពថវិកា ក្រុមពលរដ្ឋដែលមានជីវភាពធូរធារ និងមានចំណូលខ្ពស់ ទំនងជាមិនព្យាយាមគេចវេះនោះទេ បើទោះបីជាពួកគេមានជម្រើស ឬក៏មធ្យោបាយក្នុងការធ្វើរឿងនេះក៏ដោយ។ នៅពេលអ្នកមានអារម្មណ៍ថាពួកគេជាពលរដ្ឋនិងគ្រួសារតែមួយ អ្នកនឹងមិនសូវខ្វល់ខ្វាយ រឿងត្រូវបង់ពន្ធច្រើនដើម្បីចែករំលែកទៅកាន់ពលរដ្ឋក្រីក្រនោះទេ។ ផ្ទុយទៅវិញ នៅពេលអ្នកមានអារម្មណ៍ថាប្រទេសរបស់អ្នកមានចំនួនជនបរទេសកាន់តែច្រើន ហើយច្បាប់ចេះតែទាមទារឱ្យអ្នកកុំឱ្យមានគំនិតរើសអើងលើការបែងចែកថវិកាជំនួយសង្គមទាំងនោះក៏ដោយ តែតាមធាតុពិត ក្នុងគំនិតរបស់អ្នក អ្នក​បាន​ផ្លាស់ប្ដូរ និង​មានគំនិតរើសអើង រួចទៅហើយ។

ទោះជាយ៉ាងណា អ្នកជំនាញខ្លះបានលើកឡើងថា គំរូសង្គមនេះអាចដំណើរការទៅបានដោយសារតែប្រទេសនៅអឺរ៉ុបខាងជើងមានទំហំតូច មានប្រជាជនតិច និងមានដើមកំណើតចេញពីអម្បូរដូចគ្នាតែមួយ។ ប្រទេសស៊ុយអែត ន័រវែស និងដាណឺម៉ាក ជាប្រទេសតូចជាងឆ្ងាយធៀបនឹងប្រទេសបារាំង អ៊ីតាលី និងអេស្ប៉ាញ។ ប្រជាជនបូកបញ្ចូលគ្នានៃប្រទេសតំបន់ស្កេនឌីណាវៀនទាំងបីស្មើមិនដល់ ១ភាគ១០នៃប្រទេសបីផ្សេងទៀតបូកបញ្ចូលគ្នាផង។ ប្រជាជនមានប្រមាណ៥លាននាក់ក្នុងប្រទេសន័រវែសជាប្រជាជនតិចជាងប្រជាជនសិង្ហបុរី។ ដូច្នេះទំហំនៃបញ្ហាប្រឈម ភាពចម្រុះនៃផលប្រយោជន៍របស់ពលរដ្ឋក្នុងសង្គម និងភាពស្មុគស្មាញនៃអភិបាលកិច្ចមានភាពខុសគ្នាខ្លាំងណាស់ធៀបនឹងប្រទេសតំបន់ស្កេនឌីណាវៀន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ