អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅបារាំង ការ​រិះគន់​និង​បង្អាប់​សើចចំអក​​ ទៅលើ​ជំនឿ​សាសនា គឺជា​សិទ្ធិសេរីភាព​បញ្ចេញមតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប្រទេសបារាំង ការបោះពុម្ព​ផ្សាយរូបត្លុក របស់ព្យាការីមហាម៉េដ បាន​បង្ក​​ឲ្យ​មាន​ការរិះគន់យ៉ាង​ខ្លាំង ពីសំណាក់អ្នកកាន់សាសនា​អ៊ីស្លាម នៅទូទាំងពិភព​លោក។ នៅបារាំង ការរិះគន់ និងសើចចំអកទៅលើជំនឿសាសនា មិនថាតាមរយៈសំណេរ ឬតាម​រយៈរូបត្លុកកំប្លែង គឺ​ជា​សិទ្ធិ​​សេរីភាពនៃ​ការ​បញ្ចេញមតិ ហើយដែលត្រូវបានការពារ​ដោយ​ច្បាប់។ តែយ៉ាងណា ហេតុផលនេះ មិនត្រូវបានអ្នកកាន់សាសនាអ៊ីស្លាមខ្លះ ទទួលយកបានទេ។ តើសិទ្ធិសេរីភាព​នៃការបញ្ចេញមតិ នៅក្នុងច្បាប់បារាំង វាមានលក្ខណៈបែបណា? ហើយ​ហេតុអ្វី បានជាក្នុងច្បាប់បារាំង មិន​មានផ្តន្ទាទោស លើ​ការប្រមាថមើលងាយ​សាសនា?

ក្របមុខរបស់​កាសែត​រូបត្លុក "Charlie Hebdo" ថ្ងៃទី១៤ មករា ២០១៥ ដែលជាលេខទីមួយ បន្ទាប់​ពី​ ក្រុមភេរវកម្មអ៊ីស្លាមជ្រុលនិយម បានចូលទៅបាញ់រះសម្លាប់​អ្នកកាសែត ដល់ទីស្នាក់ការ នៅថ្ងៃទី​៧ មករា ២០១៥។
ក្របមុខរបស់​កាសែត​រូបត្លុក "Charlie Hebdo" ថ្ងៃទី១៤ មករា ២០១៥ ដែលជាលេខទីមួយ បន្ទាប់​ពី​ ក្រុមភេរវកម្មអ៊ីស្លាមជ្រុលនិយម បានចូលទៅបាញ់រះសម្លាប់​អ្នកកាសែត ដល់ទីស្នាក់ការ នៅថ្ងៃទី​៧ មករា ២០១៥។ © AFP
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃទី​១៦តុលា ជនអ៊ីស្លាមជ្រុលនិយមម្នាក់ បានសម្លាប់កាត់ក្បាលគ្រូបង្រៀន​អនុវិទ្យាល័យ​បារាំងម្នាក់ ឈ្មោះសាមុអ៊ែល ប៉ាទី បន្ទាប់ពីលោកគ្រូនេះ បានយក​រូបត្លុក​ព្យាការីមហាម៉េដ មកបង្ហាញសិស្សក្នុងថ្នាក់។ សម្រាប់ថ្នាក់ដឹកនាំនយោបាយ និងអ្នកច្បាប់​បារាំង អំពើដ៏ព្រៃផ្សៃនេះ គឺជាការវាយប្រហារមកលើតម្លៃនៃសង្គមបារាំង ដែលយកសិទ្ធិសេរីភាព​បញ្ចេញមតិ​ជាធំ និងមិនប្រកាន់សាសនាណាទាំងអស់ ទោះអ៊ីស្លាម ជ្វីហ្វ ឬកាតូលិក។

រូបត្លុកព្យាការីមហាម៉េដ ចុះផ្សាយ​នៅតាមកាសែតបារាំង បានក្លាយ​ជាហេតុផល ដែលធ្វើឲ្យ​អ្នកកាន់សាសនាអ៊ីស្លាម នៅទូទាំងពិភព​លោក រិះគន់ ជេរប្រមាថ​មកលើ​ប្រធានាធិបតីបារាំង និងប្រជាជន​​បារាំង​​ទាំងមូល។ ប្រធានាធិបតីតួកគី បានអំពាវនាវ ឲ្យ​អ្នកកាន់សាសនាអ៊ីស្លាម ឈប់ប្រើទំនិញបារាំង។ លោកម៉ាហាធា មហាម៉េដ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថែមទាំងសរសេរ​លើទំព័រ Twitter ថា អ្នកកាន់សាសនាអ៊ីស្លាមទាំងអស់ មានសិទ្ធិសម្លាប់​ប្រជាជនបារាំង។

តើរវាង​រូបត្លុកព្យាការីមហាម៉េដ ដែលកាសែតបារាំងបានចុះផ្សាយ និងសំណេរអំពាវនាវឲ្យ​សម្លាប់ប្រជាជនបារាំង ដែល​លោក​ម៉ាហាធា មហាម៉េដបានសរសេរ មួយ​ណា​មានលក្ខណៈ​គួរ​ត្រូវ​ផ្តន្ទាទោស​​​ដោយ​ច្បាប់ ជាងមួយ​ណា? តើដោយសាររូបគំនូរកំប្លែងមួយ មនុស្សម្នាក់ អាចមានសិទ្ធិសម្លាប់ជីវិតមនុស្សម្នាក់ទៀត ដែរឬទេ? អ្នកដែលឆ្លើយ​ថាអាច គឺអ្នកនោះឯង ជាមនុស្ស​ដែលប្រកាន់ជំនឿងុបងល់ជ្រុលនិយម។

ព្រំដែនរវាងសិទ្ធិសេរីភាពបញ្ចេញមតិ និងការប្រមាថមើលងាយជំនឿសាសនា

ជាការពិតសម្រាប់អ្នកកាន់សាសនាអ៊ីស្លាមទូទៅ រូបត្លុកព្យាការីមហាម៉េដ អាចត្រូវបានចាត់ទុក​ថា​​ជា​ការមើលងាយ ប្រមាថមកលើសាសនារបស់ខ្លួន។ អ្នកខ្លះទៀត លើកឡើងថា គំនូរត្លុកជា​សិទ្ធិសេរីភាពនៃការបញ្ចេញមតិមែនហើយ តែវាបានបំពានដល់សិទ្ធិរបស់អ្នកដ៏ទៃ ព្រោះរូបត្លុកនោះ បានប្រមាថមើលងាយ​ និងសើចចំអកមកលើជំនឿសាសនាអ៊ីស្លាម។

គួរកត់សំគាល់ថា ព្រំដែន​រវាង​សិទ្ធិសេរីភាពបញ្ចេញមតិ ព្រមទាំង​ការសើចចំអកលើ​ជំនឿសាសនា​នេះ គឺពុំមានអត្ថបទច្បាប់ណាកំណត់ ឲ្យ​ប្រាកដទេ បើយើងនិយាយពីក្របខណ្ឌច្បាប់អន្តរជាតិ។ កន្លងមក ប្រទេសកាន់សាសនាអ៊ីស្លាមមួយ​ចំនួន ធ្លាប់បានស្នើទៅកាន់អង្គការសហប្រជាជាតិ ឲ្យ​កំណត់​ចាត់ទុក​ការប្រមាថមើលងាយ​សាសនា ថាគឺជាអំពើដែលត្រូវមានទោស។ ក៏ប៉ុន្តែ រហូតមក​ទល់​ពេលនេះ គ្មានការស្របយោបល់ណាមួយ លើការយល់ឃើញនេះឡើយ។

សិទ្ធិសេរីភាព​នៃការបញ្ចេញមតិ គឺជាសិទ្ធិមូលដ្ឋានដ៏ធំមួយ របស់មនុស្សគ្រប់រូប ដែលមានចែង​ ក្នុងមាត្រា១៩ នៃកតិកាសញ្ញាអន្តរជាតិស្តី​ពី​សិទ្ធិរដ្ឋប្បវេណី និងសិទ្ធិនយោបាយ និងក្នុងមាត្រា១០ នៃ​សន្ធិសញ្ញាអឺរ៉ុប​ស្តីពីសិទ្ធិមនុស្ស។ តែជាទូទៅ សិទ្ធិនេះមានភ្ជាប់ជាមួយ​ កាតព្វកិច្ចនិងការទទួលខុសត្រូវផងដែរ ដោយ​មិនត្រូវ​អនុវត្តវា ដោយបំពាន ទៅលើសិទ្ធិអ្នកដ៏ទៃឡើយ។ នៅក្នុងន័យនេះ តុលាការសិទ្ធិមនុស្សអឺរ៉ុប បានសន្មត់នៅឆ្នាំ​១៩៩៤ថា វាជាករណីកិច្ចរបស់អាជ្ញាធរ​រដ្ឋនីមួយ​ៗ ដែលត្រូវធ្វើ​ការពិនិត្យ​ថ្លឹងថ្លែង ដោយយោងទៅលើបរិបទសង្គម​រៀងៗខ្លួន​ ថាតើករណីណាមួយ​ ដែល​អាចចាត់ទុកថា សិទ្ធិសេរីភាពនៃការបញ្ចេញមតិ ត្រូវតែចុះចាញ់ ប្រសិនបើ​សិទ្ធិនោះ បាន​ប្រើដើម្បី​ចំអក​ប្រមាថ​មើលងាយ​​លើ​ជំនឿ​សាសនាណាមួយ​។

ការសើចចំអកលើជំនឿសាសនា គឺជាសិទ្ធិ​សេរីភាពបញ្ចេញមតិ ការពារដោយច្បាប់បារាំង

យើងគ្រប់គ្នា គួរដឹង​ថា​ប្រទេសនីមួយៗ សង្គមនីមួយៗ មានទំនៀមទំលាប់ ប្រពៃណី និងច្បាប់​ចែងកំណត់ មិនដូចគ្នាទេ។ បារាំង អាចត្រូវគេចាត់ទុកថា ជាប្រទេសសឹងតែឈានមុខគេ ក្នុងការតាក់តែងច្បាប់ ការពារសិទ្ធិសេរីភាពមនុស្សគ្រប់រូបក្នុងសង្គម ជាច្រើនសតវត្សមកហើយ។ សិទ្ធិសេរីភាពនៃការបញ្ចេញមតិ គឺជាមូលដ្ឋានគ្រិះ ដែលមានកំណត់ចែង ក្នុងមាត្រា១១ នៃ​សេច​ក្តីប្រកាស​​ស្តីពី​សិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ ដែលជាអត្ថបទច្បាប់កំពូលរបស់បារាំង មានតាំងតែ​ពីឆ្នាំ​១៧៨៩។

សម្រាប់ប្រជាជនបារាំងទូទៅ​ ការសើចចំអកលើជំនឿសាសនា « Le Blasphème » គឺជាទំរង់មួយ​នៃការបញ្ចេញមតិ។ បារាំង ក៏មិនខុសពីប្រទេសអឺរ៉ុបខាងលិចផ្សេងទៀតទេ គឺជាប្រទេសដែលផ្តល់តម្លៃដល់ការសិក្សា ដល់វិទ្យាសាស្ត្រ គំនិតយោបល់ និង​ការវែកញែកហេតុផលជាធំ។ ផ្ទុយទៅវិញ ចំពោះជំនឿសាសនា គឺវាស្ថិតនៅក្នុង​ក្របខណ្ឌនៃជំនឿរបស់បុគ្គលម្នាក់ៗ ដែលរដ្ឋមិនអាចលូកដៃបានទេ។ រដ្ឋបារាំង បានបែងចែកយ៉ាងច្បាស់ នូវការផ្តាច់ខ្លួន រវាងរដ្ឋ និង​សាសនា។

នៅបារាំង មនុស្សម្នាក់ៗមានសិទ្ធិស្មើគ្នា ចំពោះមុខច្បាប់ ចង់គោរព ជឿសាសនាណាក៏បាន។ ហើយទន្ទឹមនឹងនេះ មនុស្ស​ម្នាក់ៗក៏មានសិទ្ធិមិនជឿ លើសាសនាណាមួយ​ដែរ។ ការដែល​មនុស្សអាច​មានសិទ្ធិមិនជឿ​លើ​សាសនាណាមួយ​នេះហើយ ដែល​អាចបើកសិទ្ធិឲ្យ​មនុស្ស​ម្នាក់នោះ អាចប្រើ​សិទ្ធិរបស់ខ្លួន ក្នុងការ​រិះគន់ សើចចំអកបែបកំប្លែងលេង ទៅលើសាសនានោះ មិនថាតាមរយៈសំណេរអត្ថបទ ការនិយាយ​វែកញែក ឬតាមរយៈស្នាដៃសិល្បៈគំនូរ ចម្រៀង ឬភាពយន្តជាដើម។

យ៉ាងណាមិញ បើយើងនិយាយពីការបោះពុម្ពផ្សាយ​រូបគំនូរត្លុក នៅតាម​កាសែតបារាំង គឺថាតាមពិតទៅ​ រូបត្លុកដែលបង្អាប់ព្រះយេស៊ូគ្រឹស នៃសាសនាកាតូលិក គឺមានញឹកញាប់ ជាងរូបត្លុក​ចំអកព្រះអាឡា។ ក៏ប៉ុន្តែ មិនដែលមានអ្នកកាន់សាសនាគ្រិស្តណាម្នាក់ មកស្រែកតវ៉ា ឬអំពាវនាវ ឲ្យ​គេសម្លាប់កាត់ក្បាលមនុស្ស ដើម្បីជាការសងសឹងជូនព្រះយេស៊ូឡើយ។ នៅក្នុងច្បាប់បារាំង គ្មានការកំណត់ផ្តន្ទាទោសណាមួយ ទៅលើ​ការប្រមាថមើលងាយ លើ​ជំនឿសាសនាទេ។ រូបត្លុក​កំប្លែង ទោះជារូបត្លុកព្រះយេស៊ូ ព្រះអាឡា ឬព្រះពុទ្ធក៏ដោយ គឺវាជាការបញ្ចេញមតិយោបល់ របស់អ្នកគូរ ព្រោះអ្នកគូរនោះ មានសិទ្ធិមិនជឿ មិនគោរពជំនឿសាសនាទាំងនោះ។

ច្បាប់បារាំងមិនការពារជំនឿសាសនា តែការពារបុគ្គល ដែលជឿឬមិនជឿលើជំនឿសាសនា

ច្បាប់បារាំង បានចែងកំណត់យ៉ាងច្បាស់ ទាំងក្នុងក្រមរដ្ឋប្បវេណី និងក្រមព្រហ្មទណ្ឌ នូវ​ការផ្តន្ទាទោស ចំពោះ​ការប្រមាថ មើលងាយ ឬរើសអើងទៅលើបុគ្គលណាមួយ ក្រោមហេតុផល​​​ជំនឿ​សាសនា ឬ​ក៏ដើមកំណើត​ជាតិសាសន៍ របស់បុគ្គលនោះ។ ក្នុងន័យនេះ បុគ្គល​ម្នាក់ មិនអាច​ជេរប្រមាថ ឬសើចចំអកលើបុគ្គល​ម្នាក់ទៀត ក្រោមហេតុផលជំនឿសាសនារបស់បុគ្គល​នោះ​ឡើុយ។ ក្នុងករណីនេះ ជនល្មើស អាចត្រូវផ្តន្ទាទោស ដោយបទ បរិហាកេរ្តិ៍ បទជេរប្រមាថមើលងាយ និងបទញុះញង់ឲ្យ​មានអំពើហិង្សា ការស្អប់ខ្ពើម រើសអើងពូជសាសាន៍ លើបុគ្គលជាដើម​។ ដូច្នេះ ច្បាប់បារាំង មិនការពារជំនឿសាសនាណាមួយទេ តែច្បាប់បារាំង ការពារ​បុគ្គល​ដែលជឿ ឬមិនជឿលើសាសនាណាមួយ។

ជាទូទៅ ជនជាតិអឺរ៉ុបមានប្រពៃណី និងទំលាប់ ជជែកវែកញែករកហេតុផល ដោយគោរពការ​យល់ឃើញរបស់គ្នាទៅវិញទៅមក។ ការជជែកដោះដូរគំនិតគ្នា គឺជាកម្លាំងដ៏រឹងមាំមួយ នៃអរិយធម៌អឺរ៉ុប​។ រូបគំនូរត្លុកបង្អាប់លេងសើច ទៅលើអ្នកនយោបាយ ឬទៅលើជំនឿសាសនា នៅតាម​អត្ថបទកាសែតនៅអឺរ៉ុប គឺជារឿង​សមញ្ញធម្មតា ហើយ​ដែលត្រូវបានការពារដោយច្បាប់ ស្តីពីសិទ្ធិសេរីភាព​សារព័ត៌មាន។

ហេតុដូច្នេះហើយ បានជា​ការ​សម្លាប់មនុស្ស និងការធ្វើអំពើភេរវកម្មពីសំណាក់ជនអ៊ីស្លាម​ជ្រុលនិយម​ ក្រោមហេតុផល​សងសឹក ថារូបគំនូរត្លុកនោះ​មើល​ងាយ​សាសនាអ៊ីស្លាម វាគឺជារឿងដែល​ប្រជាជនអឺរ៉ុបទូទៅ មិនយល់ស្របឡើយ។ រូបត្លុកទាំង​នោះ មិនបានធ្វើបាបទៅលើ​បុគ្គល​ណា​ម្នាក់ទេ វាគ្រាន់តែជាការបញ្ចេញមតិរបស់អ្នកគូរ ឬនិពន្ធនាយករបស់កាសែតនោះ។ តែផ្ទុយទៅវិញអំពើ សម្លាប់មនុស្ស អំពើភេរវកម្មបាញ់រះ​ ដោយជនជ្រុលនិយម ដែល​​យកសាសនាធ្វើ​ជាខែលទៅវិញទេ ដែលត្រូវតែ​ទទួលការពិន័យ ផ្តន្ទាទោស​ពីច្បាប់ និងពីមតិសាធារណៈទូទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ