អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើជោគជ័យរបស់លោកបៃដិនអាចនឹងធ្វើឲ្យមានការផ្លាស់ប្តូរអ្វីខ្លះក្នុងទំនាក់ទំនងអាមេរិក-អឺរ៉ុប?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ទាក់ទាញ​ចំណាប់អារម្មណ៍​ច្រើន​ ពី​គ្រប់មជ្ឈដ្ឋាន​នៅ​ទូទាំង​ពិភពលោក ពីព្រោះថា វា​មិនត្រឹមតែ​ជា​ដំណើរការ​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​ប្រទេស​អាមេរិក​តែ​ប៉ុណ្ណោះទេ តែ​វា​ក៏​អាច​ជះឥទ្ធិពល​ច្រើន​ផងដែរ ទៅដល់​ប្រទេស​ផ្សេង។ សម្រាប់​អឺរ៉ុប ដែល​ឆ្លងកាត់​ទំនាក់ទំនង​តានតឹង​ជាមួយ​នឹង​លោក​ដូណាល់ ត្រាំ អស់រយៈពេល ៤ឆ្នាំ​កន្លងទៅនេះ ជោគជ័យ​របស់​លោក​ចូ បៃដិន គឺ​រឿង​ដ៏​គួរ​ឲ្យ​ធូរចិត្ត ក៏ប៉ុន្តែ សំណួរ​នៅតែ​ចោទឡើង​ថា ជាគោលនយោបាយ អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក​ចូ បៃដិន អាច​នឹង​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​អ្វីខ្លះ​ចំពោះ​អឺរ៉ុប?

AFP
ផ្សាយពាណិជ្ជកម្ម

អាមេរិក និង​អឺរ៉ុប គឺ​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​និង​ចាស់ឆ្នាំ​នឹងគ្នា​ ក៏ប៉ុន្តែ វា​ប្រហែល​ជា​មិន​គន្លង​ពី​ភ្នែក​គ្រប់គ្នាទេ​ថា ក្នុងរយៈពេល​ ៤ឆ្នាំ​កន្លងទៅនេះ ទំនាក់ទំនង​ រវាង​សម្ព័ន្ធមិត្ត​ចាស់ឆ្នាំ​នេះ ត្រូវ​ឆ្លងកាត់​នូវ​ភាព​ចម្រូងចម្រាស​ច្រើន។ ក្រៅពី​អត្តចរិក ពាក្យសម្តី និង​របៀប​ធ្វើការ​របស់​លោក​ដូណាល់ ត្រាំ ដែល​ចម្លែក​ពិបាក​នឹង​ឲ្យ​មេដឹកនាំ​អឺរ៉ុប​សម្របខ្លួន​តាម អាមេរិក និង​អឺរ៉ុប​ក៏​បាន​ប្រឈម​មុខដាក់គ្នា​ខ្លាំង​ផងដែរ អំពី​គោលនយោបាយ រាប់ចាប់តាំង​ពី​បញ្ហា​អាកាសធាតុ ពាណិជ្ជកម្ម ទំនាក់ទំនងក្នុងអង្គការ​អូតង់ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ រហូត​ទៅដល់​បញ្ហា​​បច្ចេកវិទ្យា ជាពិសេស ការខ្វែងគំនិត​គ្នា​ទាក់ទង​ទៅនឹង បច្ចេកវិទ្យា​ 5G​ របស់​ចិន។

ជោគជ័យ​របស់​លោក​ចូ បៃដិន ឬ​គួរនិយាយ​ថា បរាជ័យ​របស់​លោក​ដូណាល់ ត្រាំ ក្នុងការ​បន្ត​ដឹកនាំ​អាមេរិក​៤ឆ្នាំទៀត ប្រាកដ​ជា​ធ្វើ​ឲ្យ​អឺរ៉ុប​មាន​ការ​ធូរចិត្ត​មិនតិច​នោះទេ ហេតុដូច្នេះ​ហើយ​បាន​ជា​យើង​សង្កេតឃើញ​ថា ក្រោយ​ចេញលទ្ធផល​បោះឆ្នោត គឺ​បណ្តា​មេដឹកនាំ​អឺរ៉ុប ដែល​នាំគ្នា​ចេញ​មក​អបអរ​សាទរ​លោក​ចូ បៃដិន លឿន​ជាងគេ។

​អឺរ៉ុប​អាច​រំពឹង​ថា ជាមួយ​លោក​ចូ បៃដិន គេ​អាច​វិលត្រឡប់​ទៅ​រក​ទម្រង់ការទូត​ធម្មតា​ដូច​ពីមុនវិញ ក៏ប៉ុន្តែ បើនិយាយ​ពីទំនាក់ទំនង​ជាក់ស្តែង ជាគោលនយោបាយ​វិញ គេ​នៅតែ​មិនទាន់​ប្រាកដ​នៅឡើយទេ​ថា តើ​ក្រោមការដឹកនាំ​របស់​លោក​ចូ បៃដិន អាមេរិក​នឹង​ផ្លាស់ប្តូរ​​​គោលនយោបាយ​បែបណា​ខ្លះ​ជាមួយ​អឺរ៉ុប?

តាមការពិត ភាព​ស្រពិចស្រពិល​នេះ មិនមែន​ទាក់ទង​តែ​នឹង​គោលនយោបាយ​ចំពោះ​អឺរ៉ុប​នោះទេ ប៉ុន្តែ​ គឺ​​នយោបាយ​ការបរទេស​របស់​លោក​ចូ បៃដិន គិតជារួម ដែល​គេ​មិនដឹង​ច្បាស់ ដោយសារ​តែ នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​កន្លងទៅនេះ លោក​ចូ បៃដិន ផ្តោត​អាទិភាព​ខ្លាំង​ទៅលើ​នយោបាយ​ក្នុងស្រុក ជាពិសេស ទៅលើ​វិបត្តិ​កូវីដ និង​បញ្ហា​សេដ្ឋកិច្ច ហើយ​​មិនសូវ​ជា​និយាយ​លម្អិត​ច្រើន​ទៅ​ដល់​នយោបាយ​ការបរទេស។

ទោះជាយ៉ាងណា គេ​អាច​មើល​ឃើញ​តម្រ៉ុយ​មួយ​ចំនួន ដែល​អាច​ជា​ដំណឹង​ល្អ សម្រាប់​អឺរ៉ុប ជាពិសេស គឺ​បញ្ហា​អាកាសធាតុ ដែល​លោក​ចូ បៃដិន បានសន្យាថា នៅពេល​ដែលលោក​ចូលកាន់តំណែង​ជាផ្លូវការ​ភ្លាម លោក​នឹង​ចាត់ចែង​ឲ្យ​អាមេរិក​វិលត្រឡប់​ចូល​មក​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​វិញ​ភ្លាម។ កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ​​ដែល​លោក​ដូណាល់ ត្រាំ​ សម្រេច​ដកខ្លួន​ចេញ ហើយ​ដែល​ជា​កិច្ចព្រមព្រៀង​ដ៏​សំខាន់​មួយ សម្រាប់​អឺរ៉ុប។

ចំណុច​សំខាន់​មួយទៀត គឺ​ទាក់ទង​ទៅនឹង Brexit ហើយ​វា​ជា​ចំណុច​វិជ្ជមាន សម្រាប់​សហភាព​អឺរ៉ុប តែ​អាច​អវិជ្ជមាន សម្រាប់​អង់គ្លេស។ គេដឹងថា កន្លងមក លោក​បូរីស ចនសុន មានទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក​ដូណាល់ ត្រាំ ហើយ​រឹតតែ​សំខាន់​ជាងនេះ​ទៅទៀត លោក​ដូណាល់ ត្រាំ តែងតែ​បង្ហាញ​នូវ​ជំហរ​គាំទ្រ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប។ គោលជំហរ​របស់​លោក​ដូណាល់ ត្រាំ ធ្លាប់​ជា​ចន្ទល់​ដ៏​សំខាន់​មួយ អាច​ឲ្យ​​លោក​បូរីស ចនសុន ប្រកាន់​ជំហរ​តឹងរ៉ឹង​ ក្នុងការ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប ដោយ​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​ដាក់ក្តីសង្ឃឹម​ថា បើ​ទោះបីជា​មិន​អាច​ចរចា​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប តែ​អង់គ្លេស​នៅតែ​អាច​រំពឹង​លើ​លទ្ធភាព​ក្នុង​ការចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាមេរិក​បាន។

នៅពេលនេះ ជាមួយ​នឹង​បរាជ័យ​របស់​លោក​ដូណាល់ ត្រាំ ហើយ​ជំនួស​មកវិញ​ដោយ​ចូ បៃដិន ដែល​មិនគាំទ្រ Brexit ចន្ទល់​ដ៏​សំខាន់​មួយ​នេះ​នឹងលែងមាន​ទៀតហើយ ដែល​នេះ វា​អាច​នឹង​ជា​សម្ពាធ​មួយ​ឲ្យ​លោក​បូរីស ចនសុន គិតគូរ​ពិចារណា​បន្ទន់​ជំហរ​ឡើងវិញ ក្នុងការ​ចរចា​​ជាមួយ​សហភាព​អឺរ៉ុប ហើយ​ប្រូបាប៊ីលីតេ​​នៃ​ការ​ចាកចេញ​របស់​អង់គ្លេស​ដោយ​គ្មាន​កិច្ចព្រមព្រៀង (No Deal) ក៏​ត្រូវ​ធ្លាក់​ចុះទាប​ ឬ​យ៉ាងហោចណាស់ វា​ទាប​ជាង​ករណី​លោក​ដូណាល់ ត្រាំ​​ ជាប់ឆ្នោតបន្ត៤ឆ្នាំទៅមុខទៀត។

ទាក់ទង​នឹង​បក្សសម្ព័ន្ធ​អូតង់​វិញ គេ​អាច​ដាក់​ក្តីរំពឹង​ថា ក្រោយ​ពី​លោក​ដូណាល់ ត្រាំ ការ​រិះគន់​វាយប្រហារ​បក្ស​សម្ព័ន្ធ​គ្នា​ឯង​ទំនង​ជា​នឹង​លែងមាន ហើយ​លោក​ចូ បៃ​ដិន ក៏​ទំនង​ជា​នឹង​សើរើ​មើល​ឡើងវិញ​ផងដែរ អំពី​សេចក្តីសម្រេច​របស់​លោ​ក​ដូណាល់ ត្រាំ ក្នុងការ​កាត់បន្ថយ​កងទ័ព​អាមេរិក​ចេញ​ពី​អាល្លឺម៉ង់។ ក៏ប៉ុន្តែ ទោះជា​យ៉ាងណា អឺរ៉ុប​មិន​ត្រូវ​រំពឹង​ទេ​ថា អាមេរិក​នឹង​បន្ទន់​ជំហរ​ ទាក់ទង​ទៅនឹង​កាតព្វកិច្ច​បង្កើន​ការ​ចំណាយ​វិស័យ​ការពារជាតិ។ គេ​មិន​ត្រូវ​ភ្លេចទេ​ថា តាមការពិត​ទៅ វិធាន​ដែល​​កម្រិត​ឲ្យ​ប្រទេស​សមាជិក​បក្ស​សម្ព័ន្ធ​អូតង់​បង្កើន​ការចំណាយ​វិស័យ​ការពារជាតិ​ឲ្យ​បាន ២% នៃ​ផលិតផល​ក្នុងស្រុក​​សរុប គឺ​ត្រូវ​បាន​បង្កើតឡើង តាំង​ពី​ឆ្នាំ២០១៤ ពោលគឺ តាំង​ពី​ពេល​ដែលលោកអូបាម៉ា​កាន់តំណែង​ជា​ប្រធានាធិបតី ហើយ​លោក​ចូ បៃដិន ជា​អនុប្រធានាធិបតី។

ចំណុច​សំខាន់​មួយទៀត គឺ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​ធ្លាប់​ជា​ចំណុច​ដ៏​សែន​ចម្រូងចម្រាស​បំផុត​មួយ រវាង​អឺរ៉ុប និង​លោក​ដូណាល់ ត្រាំ។ គេ​ដឹង​ថា កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះ​ដោយ​លោក​អូបាម៉ា ដូច្នេះ លោក​ចូ បៃដិន ដែល​ជា​អនុប្រធានាធិបតី​របស់​លោក​អូបាម៉ា នៅ​ពេលនោះ ក៏​គាំទ្រ​កិច្ចព្រមព្រៀង​នេះ​ដូចគ្នា ហើយ​ក្រោម​ការ​ដឹកនាំ​របស់​ចូ បៃដិន ភាព​ប្រទាញប្រទង់គ្នា រវាង​អាមេរិក និង​អឺរ៉ុប ទាក់ទង​នឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ អាច​នឹង​ត្រូវ​ធូរស្រាល​មកវិញ ក៏ប៉ុន្តែ វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​អាច​ធូរស្រាល​ត្រឹម​កម្រិតណា គឺ​វាអាស្រ័យ​ត្រង់​ថា តើ​​ចាប់​ពីពេលនេះ រហូត​ដល់​ពេល​​​ដែល​លោក​ចូ បៃដិន ចូល​កាន់តំណែង​ផ្លូវការ នៅ​ថ្ងៃ​ទី២០មករា​ខាងមុខ តើ​លោក​ដូណាល់ ត្រាំ នឹង​អាច​ដាក់ទណ្ឌកម្ម​អ្វី​ ឬ​ចាត់វិធានការ​អ្វី​បន្ថែម​ទៀត​លើ​អ៊ីរ៉ង់ ? ​តើ​ទណ្ឌកម្ម​ទាំងនោះ​ស្មុគស្មាញ​ក្នុងការ​ដក​ចេញ​មកវិញ​ត្រឹមកម្រិតណា? ហើយ​ជាពិសេស​ទៅទៀត​ វា​ក៏​អាស្រ័យ​ផងដែរ​ថា តើ​អ៊ីរ៉ង់​នឹងប្រកាន់​នូវ​ឥរិយាបថ​បែបណាចំពោះ​រឿងនេះ​?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ