អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ថៃ៖ ស្រ្តីនៅជួរមុខក្នុងចលនាទាមទារប្រជាធិបតេយ្យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងឆ្នាំ២០២០នេះ គេសង្កេតឃើញ​ថា ចលនាបាតុកម្ម​ទាមទារ​ប្រជាធិតេយ្យ​​នៅថៃ​បាន​រីករាលដាល​យ៉ាងខ្លាំង​ ទាំង​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ និង​ទាំង​ចលនា​ប្រឆាំង​នឹង​របបរាជានិយម ដែល​ជា​រឿង​មួយ​គួរ​ឲ្យ​កត់សម្គាល់ នៅ​ក្នុង​ប្រទេស​ដែល​ធ្លាប់តែ​គោរព​បូជា​ស្តេច​ដូចជាព្រះ ហើយ​ដែល​​ការ​រិះគន់​ព្រះមហាក្សត្រ​ គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​រាប់ឆ្នាំ។ ជា​រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត គឺ​នៅត្រង់​ថា នៅ​ក្នុង​ប្រទេស​ដែល​ភាគច្រើន​ផ្តល់​តម្លៃ​និង​តួនាទី​ខ្ពស់​លើ​បុរស ទាំង​ក្នុង​សង្គម និង​ឆាក​នយោបាយ​នេះ ​ចលនា​ទាមទារ​ប្រជាធិបតេយ្យ​​ភាគច្រើន ​គឺ​​ស្រ្តី​ជា​អ្នក​នាំមុខ។

បាតុកម្ម​​ប្រឆាំង​រដ្ឋាភិបាល​ថៃ នៅ​ក្នុង​ទីក្រុង​បាងកក កាល​ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០
បាតុកម្ម​​ប្រឆាំង​រដ្ឋាភិបាល​ថៃ នៅ​ក្នុង​ទីក្រុង​បាងកក កាល​ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ © Chalinee Thirasupa, Reuters
ផ្សាយពាណិជ្ជកម្ម

ជាទូទៅ អ្នក​ជំនាញ​ជាច្រើន​បាន​កត់សម្គាល់​ថា នៅ​ក្នុង​ប្រទេស​ថៃ ការតស៊ូមតិ​ភាគច្រើន​នាពេល​ថ្មីៗនេះ រាប់​ចាប់តាំង​ពី​​​ការ​ទាមទារ​សិទ្ធិស្មើគ្នា រវាង​ស្រ្តី និង​បុរស ការ​តស៊ូប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្លូវភេទ ឬ​ហិង្សា​ក្នុង​គ្រួសារ រហូត​ទៅដល់​ចលនា​បាតុកម្ម​ទាមទារ​ប្រជាធិបតេយ្យ មាន​រហូតដល់​ទៅ​ប្រមាណ​ជា ២ភាគ៣ គឺ​នាំមុខ​ដោយ​ស្រ្តី។ ក្នុង​ចំណោម​នោះ ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អាអែហ្វប៉េ​បាន​ជួបសម្ភាសន៍ជាមួយ​ស្រ្តី​ចំនួន ៣រូប។

ឆុនធិឆាជែងរ៉េវហៅ « លូកកេត »

ឆុនធិឆា ជែងរ៉េវ តែងតែ​ចេញមុខ​ចរចា​តស៊ូមតិ​​ជាមួយ​កម្លាំង​ប៉ូលិស នៅពេល​មាន​ការ​ប្រឈមមុខដាក់គ្នា​​ក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាលថៃ
ឆុនធិឆា ជែងរ៉េវ តែងតែ​ចេញមុខ​ចរចា​តស៊ូមតិ​​ជាមួយ​កម្លាំង​ប៉ូលិស នៅពេល​មាន​ការ​ប្រឈមមុខដាក់គ្នា​​ក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាលថៃ Jack TAYLOR AFP/Archivos

និស្សិត​វ័យ ២៧ឆ្នាំ ឆុនធិឆា ជែងរ៉េវ គឺ​ជា​សកម្មជន​សិទ្ធិមនុស្ស តាំង​ពី​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ២០១៤ ហើយ​ជា​មេដឹកនាំ​ដ៏សំខាន់​មួយ​រូប នៃ​ចលនា​បាតុកម្ម​និស្សិត​ប្រឆាំង​រដ្ឋាភិបាល ដែល​ផ្ទុះ​រាលដាល​យ៉ាងខ្លាំង ចាប់តាំង​ពី​ខែ​កក្កដា​​ឆ្នាំ២០២០​​កន្លងទៅ។

​មាន​ឪពុក​ជា​កងទ័ព ហើយ​ធំដឹងក្តី នៅ​ក្នុង​គ្រួសារ ដែល​មាន​គំនិត​អភិរក្ស​និយម ប្រកាន់​ទំនៀមទម្លាប់​ចាស់ ឆុនធិឆា​បាន​ប្រកាន់​យក​នូវ​ទស្សនៈផ្ទុយ​ពី​គ្រួសារ ដោយ​បាន​ចេញមុខ​យ៉ាងសកម្ម​ទាមទារ​ឲ្យ​មាន​ការ​លើកតម្កើង​តួនាទី​របស់​ស្រ្តី នៅ​ក្នុង​ឆាក​នយោបាយ​ថៃ។ ស្រ្តី ដែល​មានត្រឹមតែ​ប្រមាណ​ជា ១៤% នៅ​ក្នុង​សភា និង​ប្រមាណ​ត្រឹម ១០% ប៉ុណ្ណោះ ក្នុង​គណៈរដ្ឋមន្រ្តី​ថៃ​បច្ចុប្បន្ន។

នៅក្នុង​ចលនា​បាតុកម្ម​​ប្រឆាំង​រដ្ឋាភិបាល ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ឆុនធិឆា ក៏ដូចជា​បាតុករ​ផ្សេងទៀត បានទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​ ប្រាយុទ្ធ ចាន់អូចា ចុះចេញ​ពីតំណែង ទាមទារ​ឲ្យ​ធ្វើ​កំណែទម្រង់​រាជានិយម និង​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​ឡើងវិញ ហើយ​នៅ​ក្នុង​បាតុកម្ម​ទាំងនេះ នៅ​ពេល​ដែល​មាន​ការ​ប្រឈម​មុខដាក់គ្នា​ជាមួយ​កម្លាំង​ប៉ូលិស គឺ ឆុនធិឆា ដែល​ជា​អ្នក​ចេញមុខ​តំណាង​បាតុករ ក្នុងការ​ចរចា តស៊ូមតិ​ជាមួយ​ប៉ូលិស។

ការចេញមុខចេញមាត់​បែបនេះ​ធ្វើ​ឲ្យ​ឆុនធិឆាត្រូវក្លាយ​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​អ្នក​គាំទ្រ​រាជានិយម ក៏ដូចជា ពី​សំណាក់​រដ្ឋាភិបាល​ថៃ ដោយ​គ្រាន់តែ​ក្នុង​រយៈពេល​ប្រមាណ​ជា ៥ខែ ឆុនធិឆា​ត្រូវ​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពីតុលាការ​រហូតដល់​ទៅ ១៣លើក ដោយ​ត្រូវ​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​រាប់ឆ្នាំ ពីបទ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល។

ក៏ប៉ុន្តែ បើ​ទោះជា​បែបនេះ​ក៏ដោយ ឆុនធិឆា​បាន​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​អាអែហ្វប៉េ​​ថា ​នេះ​ជា​អ្វី​ដែល​ចាំបាច់​ត្រូវតែ​ធ្វើ​ ហើយ​ថា បើ​សិន​ជា​យើង​ចង់​បាន​សិទ្ធិស្មើគ្នា ស្រ្តី​ចាំបាច់​ត្រូវតែ​ខិតខំប្រឹងប្រែងឲ្យ​បាន​ដូចជា​បុរស។

អ៊ីនធីរ៉ាចារើនពុរៈហៅ « សាយ »

តារាភាពយន្តថៃ អ៊ីនធីរ៉ា ចារើនពុរៈ កាន់ធុង​ផ្ទុក​មួកសុវត្ថិភាព និង​សម្ភារៈ​ផ្សេងទៀត យក​ទៅ​ចែកចាយដល់​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល នៅបាងកក កាល​ពីថ្ងៃទី៧​ ខែធ្ន ឆ្នាំ២០២០
តារាភាពយន្តថៃ អ៊ីនធីរ៉ា ចារើនពុរៈ កាន់ធុង​ផ្ទុក​មួកសុវត្ថិភាព និង​សម្ភារៈ​ផ្សេងទៀត យក​ទៅ​ចែកចាយដល់​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល នៅបាងកក កាល​ពីថ្ងៃទី៧​ ខែធ្ន ឆ្នាំ២០២០ AFP - MLADEN ANTONOV

តារាភាពយន្តវ័យ ៤០ឆ្នាំ អ៊ីនធីរ៉ា ចារើនពុរៈ ​គឺជាតារា​ដ៏កម្រមួយ​​នៅថៃ ដែល​ចេញមុខ​ជាសាធារណៈ​គាំទ្រ​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ជាពិសេស ចេញមុខ​រៃអង្គាសលុយ យក​ទៅ​ទិញ​ម្ហូបអាហារ មួកសុវត្ថិភាព ក៏ដូចជា ម៉ាស់​ការពារ​ឧស្ម័ន​បង្ហូរទឹកភ្នែក យក​ទៅ​ចែក​ដល់​​ក្រុមបាតុករ។

ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អាអែហ្វប៉េ អ៊ីនធីរ៉ា ចារើនពុរៈ បានលើកឡើង​ថា ចាប់តាំងពី​បានចេញមុខ​ចូលរួម​ក្នុង​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាលមក មាន​កិច្ចសន្យា​មួយចំនួន​ក្នុង​អាជីព​ជា​តារា​ត្រូវ​បាន​គេ​លុបចោល ក៏ប៉ុន្តែ​​​សម្រាប់​​អ៊ីនធីរ៉ា​ ការតស៊ូ​ដើម្បី​សិទ្ធិសេរីភាព​ វា​មាន​សារៈសំខាន់​ជាង​អាជីព​ជា​តារា។

ការ​ចូល​រួម​ក្នុង​ចលនា​នយោបាយ​ប្រឆាំង​នេះ​មិន​ត្រឹមតែ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីពតែ​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ បច្ចុប្បន្ន​នេះ អ៊ីនធីរ៉ា ​ក៏​ត្រូវ​ប្រឈម​ផងដែរ​នឹង​ការចោទប្រកាន់​ពី​បទ « ប្រមាថព្រះមហាក្សត្រ » ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​​ត្រូវ​ជាប់ពន្ធនាគារ​ពី ៣ឆ្នាំ ទៅ១៥ឆ្នាំ។

ឈុំម៉ាផនតែងក្លៀងហៅ « ដាវ »

ឈុំម៉ាផន តែងក្លៀង សហស្ថាបនិក​ចលនាស្រ្តីដើម្បី​សេរីភាព​និង​ប្រជាធិបតេយ្យ នៅ​ក្នុង​អំឡុង​បាតុកម្ម ក្នុង​ទីក្រុង​បាងកក កាល​ពីថ្ងៃទី៣ធ្នូ២០២០
ឈុំម៉ាផន តែងក្លៀង សហស្ថាបនិក​ចលនាស្រ្តីដើម្បី​សេរីភាព​និង​ប្រជាធិបតេយ្យ នៅ​ក្នុង​អំឡុង​បាតុកម្ម ក្នុង​ទីក្រុង​បាងកក កាល​ពីថ្ងៃទី៣ធ្នូ២០២០ AFP - MLADEN ANTONOV

វ័យ ៣៤ឆ្នាំ ឈុំម៉ាផន តែងក្លៀង គឺ​ជា​សហស្ថាបនិក​ចលនា​ស្រ្តីដើម្បី​សេរីភាព​និង​ប្រជាធិបតេយ្យ និង​ជា​សកម្មជន​ទាមទារ​សិទ្ធិស្រ្តី ក៏ដូចជា សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា។

មាន​ដើមកំណើត​នៅ​ភាគខាង​ត្បូង​ប្រទេស​ថៃ ក្នុង​គ្រួសារ​អភិរក្ស​និយម ដែល​អំពើ​ហិង្សា​ក្នុង​គ្រួសារ​គឺ​ជា​រឿង​ធម្មតា ឈុំម៉ាផន​បាន​ចេញមុខ​យ៉ាងសកម្ម នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ នៅ​ក្នុង​ចលនា​បាតុកម្ម​ទាមទារ​ការ​លុបចោលច្បាប់ ដែល​កំណត់​ដាក់ទោស​ព្រហ្មទណ្ឌ​លើ​ស្ត្រី​ដែល​រំលូតកូន ហើយ​ក៏​ហ៊ាន​ចេញមុខ​ផងដែរ​រិះគន់​ព្រះមហាក្សត្រ​ថៃ​បច្ចុប្បន្ន ដែល​មាន​មហេសីផង ហើយ​​អាច​មាន​ស្នំស្របច្បាប់មួយថែម​ទៀត ដែល​ជា​រឿង​មិន​ធ្លាប់មាន​ចាប់តាំង​ពី​ក្រោយ​​ការ​លុបបំបាត់​របប​រាជានិយម​ផ្តាច់ការ​នៅថៃ កាល​ពី​ឆ្នាំ១៩៣២មក។

នៅ​ក្នុងបទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​អាអែហ្វប៉េ ឈុំម៉ាផន​បានលើកឡើង​ថា ចាប់ពីពេលនេះ​ទៅ ស្រ្តី​ដូចជា​ឈុំម៉ាផន​នេះលែងចង់​ស្ថិត​នៅ​សមរភូមិក្រោយ​ដូចកាល​ពីមុន​ទៀត​ហើយ ផ្ទុយ​ទៅវិញ គឺស្រ្តី​​ចង់​ស្ថិត​នៅ​ជួរមុខ​វិញ​ម្តង ដើម្បី​អាច​ចេញមុខ បញ្ចេញ​សំឡេង​ឲ្យ​គ្រប់គ្នា​បាន​ឮ​ច្រើន​ជាងមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ