អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​អារ៉ាប៊ីសាអូឌីត សុខចិត្ត​បិទបញ្ចប់ជម្លោះ​ជាមួយ​នឹង​កាតា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​កាត់​ផ្តាច់​ទំនាក់ទំនង​និង​ដាក់​ឱ្យ​​កាតានៅ​ឯកា​​អស់​រយៈ​ពេលជាង​បី​ឆ្នាំ នៅ​ថ្ងៃ​ចន្ទទី ៤​មករា​២០២១​នេះ អារ៉ាប៊ីសាអូឌីតបាន​ប្រកាស​បើក​ព្រំដែន​អាកាស ព្រំដែន​ទឹក និង​ព្រំដែន​ជើង​គោក។ បើ​តាម​សេចក្តី​ប្រកាស​របស់​ព្រះ​អង្គម្ចាស់ មហាម៉េដ បេនសាល់មេន រាជបុត្រ​ស្នងរាជ​អារ៉ាប៊ីសាអូឌីត ៦​ប្រទេសអារ៉ាប់​ក្នុង​តំបន់​ឈូង​សមុទ្ទ​ពែក្ស​ ដែល​ប្រេះ​ឆាជាមួយ​កាតា បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ “សាមគ្គីភាព និង​ស្ថិរភាព” បិទ​បញ្ចប់​ជម្លោះ​ជាមួយ​កាតា នៅ​ថ្ងៃ​អង្គារ​ទី ៥​មករា ២០២១​នេះ ក្នុង​ឱកាស​បើក​ជំនួបកំពូលប្រចាំ​ឆ្នាំ​របស់​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ឈូង​សមុទ្ទ​ពែក្ស​ទៀត​ផង។

ព្រះ​អង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman,ដឹកនាំ​បើក​ជំនួប​កំពូល​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ឈូង​សមុទ្ទ​ពែក្ស លើក​ទី​៤១ ថ្ងៃទី ៥​មករា ២០២១
ព្រះ​អង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman,ដឹកនាំ​បើក​ជំនួប​កំពូល​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ឈូង​សមុទ្ទ​ពែក្ស លើក​ទី​៤១ ថ្ងៃទី ៥​មករា ២០២១ AP - Amr Nabil
ផ្សាយពាណិជ្ជកម្ម

 

 

​ដោយ​មាន​កូវ៉ែត​ ជា​អន្តរការី និង​សម្ពាធ​ពី​សហរដ្ឋ​អាមេរិក ភាព​ប្រេះឆា​គ្នា ដោយ​សង្គ្រាម​ស៊ីវិល ដោយ​ភាព​ប្រកួត​ប្រជែង​នយោបាយ​ និង​ដោយ​វិបត្តិ​​កូវីដ១៩ រវាង​បណ្តាប្រទេសអារ៉ាប់​ក្នុង​តំបន់​ឈូង​សមុទ្ទ​ពែក្ស ចាប់​ជា​សះស្បើយ​ជា​បណ្តើរៗ​វិញហើយ។

ក្រោយ​ពី​បាន​ប្រកាស​ជូនដំណឹង​អំពីការ​បើក​ដែន​អាកាស និង​ព្រំដែន​ទឹក​ ព្រំដែនជើងគោក​ជាមួយ​កាតា​វិញ​ នៅ​ថ្ងៃ​អង្គារ​នេះពិភពលោក​បាន​ឃើញ​រូបភាព​ប្រកបដោយ​​និម្មិត្តរូបមួយ ៖  ប្រតិភូកាតា ដឹកនាំដោយ​អេមៀ Tamim ben Hamad al-Thani បាន​អញ្ជើញ​ទៅ​ចូល​រួម​ជា​លើក​ទីមួយ​គិត​ចាប់​តាំងពី​ឆ្នាំ​២០១៧មក ក្នុង​ជំនួប​កំពូល​ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការ​ឈូងសមុទ្ទពែក្ស​ដែលជា​បណ្តុំ​ក្រុម៦ប្រទេស​អារ៉ាប់ប្រចាំតំបន់ (អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត បារ៉ែន កូវ៉ែត កាតា អូម៉ង់) នៅ​ Al-Ulaប្រទេស​អារ៉ាប៊ីសាអូឌីត និង​បាន​ទទួលស្វាគមន៍​ដោយ​រាជបុត្រ​ស្នងរាជ បេនសាល់ម៉ាន ផ្ទាល់​តែម្តងផង។

នេះស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ក្រុម​ប្រទេស​ក្នុង​តំបន់​ឈូងសមុទ្ទពែក្យ​ ព្រម​បើក​ទំព័រ​ថ្មី បិទ​បញ្ចប់ការ​ដាក់​ទណ្ឌកម្មនិងបិទខ្ទប់​កាតា ដែលអូស​បន្លាយ​អស់​រយៈ​ពេលជាង​បី​ឆ្នាំកន្លះ។ ​កាលពី​ខែមិថុនា​២០១៧  ​នាំ​មុខ​ដោយ​អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បាន​សម្រេច​ជា​ឯកតោភាគី​កាត់​ផ្តាច់​ទំនាក់ទំនង​​ជាមួយ​នឹង​កាតា ដោយ​ចោទ​ប្រកាន់ដូហា ថា​គាំទ្រ​នយោបាយ​អ៊ីរ៉ង់ ​ក្រុម​ភាតរអ៊ីស្លាម ឬ​គាំទ្រ​ភេរវនិយម។ ​កាតា​ក្លាយ​ជា​ប្រទេស​ដ៏ឯកា​បំផុត​ក្នុង​តំបន់​ និង​គ្មានមុខ​ក្នុង​ក្រុម​ប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្ទពែក្ស​ ក្រុមប្រទេស​ប្រេងកាត​ក្នុង​តំបន់​ទៀត​ទេ។ វិបត្តិ​នេះមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ក្រៃ និង​​បាន​រុញ​ច្រាន ដោយ​ប្រយោល ឱ្យ​មាន​ភាព​ប្រឈម​ដោយ​អាវុធ​នៅ​ក្នុង​​តំបន់ ​បន្ថែមពី​លើ​អស្ថិភាពដែល​បង្ក​ឡើង​ដោយ​ភាព​តានតឹង​ស្រាប់​រវាង​សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់ទៀត។

ដើម្បី​បាន​រួច​ពី​ការ​បិទខ្ទប់​​ អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាតអារ៉ាប់រួម បាន​ដាក់​លក្ខខណ្ឌ​​ឱ្យ​កាតាគោរព​​ចំនួន​១៣​ចំណុច មាន​ជាអាទិ៍ បញ្ឈប់​ការ​គាំទ្រ​ពួកភេរវនិយម កាត់​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ក្រុម​អ៊ីស្លាមជ្រុល​និយម កាត់បន្ថយ​ចំណង​ទាក់ទង​ជាមួយ​អ៊ីរ៉ង់ បិទមូលដ្ឋាន​ទ័ព​តួកគី​នៅក្នុង​ប្រទេស ឬ​បិទ​ស្ថានីយ៍​ទូរទស្សន៍​អារ៉ាប់ Al-Jazira។ ប៉ុន្តែ​ក្នុង​នាម​ជាប្រទេស​ជង្រុក​ប្រេងកាត​និង​ឧស្ម័ន (ទីពីរ​នៅលើពិភពលោក) កាតា​មិន​ចុះ​ញ៉ម។ ដោយ​មាន​ជំនួយ​ពីតួកគី​និង​អ៊ីរ៉ង់ ព្រមទាំង​ប្រាក់​បំរុង​ដ៏​មហាសាល​បានមក​ពី​ឧស្សាហកម្មប្រេងកាត កាតា​កាន់​តែរឹងម៉ាំ និង​កាន់​តែមាន​ស្វ័យភាព។ ទណ្ឌកម្ម​របស់ប្រទេស​ជិត​ខាង អាច​រំខាន​កាតា​​តែ​ពេល​ដំបូងបន្តិចប៉ុណ្ណោះ។ នៅពេល​មាន​វិបត្តិ​ប្រេង​ធ្លាក់​ថ្លៃ និង​កូវីដ១៩​ចូល​មករាតត្បាត សេដ្ឋកិច្ចកាតា​ចុះ​ខ្សោយ​តិច​ជាង​បំផុត​ បើ​ប្រៀប​នឹង​ប្រទេស​ក្នុង​តំបន់។ បើ​តាម​មូលនិធិរូបិយវត្ថុ​អន្តរជាតិ កាតា​មាន​សេដ្ឋកិច្ច​ដើរថយក្រោយ​៤,៥%​នៅ​ឆ្នាំ​២០២០ និងត្រូវ​ស្ទុះ​ឡើង​វិញ​២,៥%​នៅ​ឆ្នាំ​២០២១។ លើ​ផ្នែកនយោបាយ​ កាតា​បាន​ទទួលការ​គាំទ្រពី​ចរន្ត​នយោបាយ​នៃ​​បណ្តាប្រទេស​អារ៉ាបផ្សេងៗ រាប់​ទាំង​ពួក​អ៊ីស្លាមជ្រុលនិយមផង ហើយ​បាន​ងាក​កាន់​តែកៀក​នឹង​តួកគី និង​អ៊ីរ៉ង់​ដែល​ជា​សត្រូវ​លេខ​មួយ​របស់​អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាតអារ៉ាប់រួមទៀត។

មិន​ចំណេញ​ហើយ​ ទណ្ឌកម្ម​នាំ​ឱ្យ​ខាតប្រយោជន៍ដល់​ក្រុមហ៊ុនខ្នាត​តូច​និង​មធ្យម​របស់​ខ្លួន​ឯង​ដែលលែង​មានទីផ្សា​រ​នៅ​កាតា។ ព្រះអង្គម្ចាស់​ បេនសាល់ម៉ាន របស់​អារ៉ាប៊ីសាអូឌីត ចគិត​ខុស​ហើយ មានប្រលាក់​ប្រលូស​នឹង​ឃាតកម្ម​លើ​អ្នកកាសែតប្រឆាំង​​និរទេសខ្លួន​​ផង សង្គ្រាម​នៅ​យេម៉ែនផង និង​រងគំនាប​អាមេរិកទៀត។ ហេតុដូច្នេះ​ហើយ​បាន​អារ៉ាប៊ីសាអូឌីត​ ​បង្ខំ​ចិត្ត​​ទទួល​កាតាវិញ។ រដ្ឋបាល​អាមេរិក​របស់​លោកត្រាំ ដែលចង់​ឃើញ​ក្រុងរីយ៉ាដ​ត្រូវ​រ៉ូវ​ជាមួយ​ដូហា ដើម្បីកាត់បន្ថយ​ប្រភព​ចំណូល​អ៊ីរ៉ង់​បាន​មក​ការ​ខ្ចី​ដែនអាកាសអ៊ីរ៉ង់​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កាតាអ៊ែរវ៉េ​ត្រូវ​ចប់​អាណត្តិ​នៅថ្ងៃទី ២០ មករា។ ចំណែក​រដ្ឋបាល​អាមេរិក​ថ្មី​របស់​លោក​ចូបៃដិន នឹង​តឹងរឹង​ផ្នែក​សិទ្ធិមនុស្ស ដូច្នេះរីយ៉ាដ​ត្រូវ​ចេះធ្វើ​សម្បទានជាមួយ​កាតា​ដើម្បី​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក។ ​ទង្វើ​បែបនេះ​ក៏​អាច​ចាត់​ទុក​ថា​ជា​ស្នាដៃមួយ​របស់​​អារ៉ាប៊ីសាអូឌីត ក្នុង​ការ​​បង្រួមបង្រួម​ផ្សះផ្សា​តំបន់ដែរ។

តែ​នេះ​ជា​​ជោគជ័យ​ការទូត​ដ៏​ធំ​​របស់កាតា។ ​ជា​ថ្នូរ​នឹង​ការ​ធ្វើ​សម្បទាន​ដ៏​ធំធេង​របស់​អារ៉ាប៊ីសាអូឌីត កាតា​ក៏​បានយល់​ព្រមបង្ក​កពាក្យ​បណ្តឹងផ្សេងៗ​​នៅ​​តុលាការយុត្តិធម៌​អន្តរជាតិ​ប្រឆាំង​នឹង​ប្រទេស​ជិត​ខាង​។ ភាគីទាំងពីរ​ក៏​បាន​ព្រមព្រៀង​គ្នា​បិទ​បញ្ចប់​សង្គ្រាម​ពាក្យ​សំដី វាយប្រហារ​គ្នា​ តាម​ប្រព័ន្ធឃោសនា​និង​ប្រព័ន្ធ​សង្គមតាំងពី​ជាងបី​ឆ្នាំកន្លង​មក​នេះ។ ការ​ត្រូវ​រ៉ូវ​គ្នា​មាន​បង្កប់​លក្ខខណ្ឌ​ផ្សេង​ទៀត ដែល​មិនទាន់​​ត្រូវ​បានបង្ហើប​ឱ្យ​ដឹង​ជា​សាធារណៈ​ទេ​នេះ។ អ្វី​ដែលច្បាស់​គឺ​ក្រុម​៦​ប្រទេស​នៃ​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ឈូង​សមុទ្ទ​ពែក្ស​ បាន​រួបរួម​គ្នា​វិញ និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដែលគេប្រសិទ្ធនាម​ថា​ “សេចក្តីប្រកាស Al-Ula”  ឈ្មោះ​ក្រុងទេសចរណ៍​អារ៉ាប៊ីសាអូឌីត​ដែល​ទទួល​រៀប​ចំ​ជំនួប​កំពូល​ក្រុម​ប្រទេស​អ្នក​ផលិត​ប្រេង​នៅឈូង​សមុទ្ទ​ពែក្ស ក្រោម​វត្តមាន​របស់​លោក Jared Kushnerកូនប្រសារ​និង​ជា​ទីប្រឹក្សា​របស់​លោក​ដូណាល់ ត្រាំ​ផង។

ទោះ​បីកិច្ចព្រមព្រៀង​នេះ មានលក្ខណៈផុយ​ស្រួយ​នៅ​ឡើយ​ក៏​ដោយ​ ក៏​នេះជា​ជំហាន​ដំបូង​ដ៏​សំខាន់​ មុន​នឹង​ការ​វិល​ត្រលប់មករក​ភាព​ជា​ធម្មតា​នឹង​គ្នា​ឡើងវិញ ដែល​ទំនង​ត្រូវ​ការ​ពេលវេលា​យូរ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ