អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុ​អ្វី ​ វៀតណាម ទិញ​អង្ករ​ ពីឥណ្ឌា ដែល​ជា​គូប្រជែង​នាំ​ចេញ​អង្ករ ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

វៀតណាម​ជា​ប្រទេសនាំ​ចេញ​អង្ករ​លំដាប់​ទីបី​ នៅ​ពិភពលោក និងកំពុង​វ៉ារ​ឈ្នះ​ប្រទេស​ថៃ យក​ចំណាត់​ថ្នាក់​លេខ​ពីរ​ផង។ ប៉ុន្តែ​នៅ​ដើមឆ្នាំ​២០២១នេះ វៀតណាម​បែរ​ជា​ទៅ​រកទិញ​អង្ករ​ពី​គូប្រជែង​របស់​ខ្លួន​ទៅ​វិញ។ គូប្រជែង​នោះ​គឺ​ ឥណ្ឌា ដែលជា​ប្រទេស​នាំ​ចេញ​អង្ករ​​​ច្រើន​ជាងគេ​បង្អស់​ (លេខ​មួយ)នៅលើ​ពិភពលោក។ ហេតុ​អ្វី​បាន​ជា​វៀតណាម​ស្រាប់​តែ​ត្រូវ​ទិញ​អង្ករ​ពី​ឥណ្ឌា ?

កសិករ នៅ​ក្នុង​ស្រែ  ស្រុក Pu Luong ប្រទេស​វៀតណាម
កសិករ នៅ​ក្នុង​ស្រែ ស្រុក Pu Luong ប្រទេស​វៀតណាម REUTERS/Kham
ផ្សាយពាណិជ្ជកម្ម

ជា​ដំណឹង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល និងមិន​​ធ្លាប់​កើត​មាន​ឡើយ​ ! ​ជា​លើក​ទីមួយ គិត​ចាប់​តាំង​ជាង​២០​ឆ្នាំមក ដែលក្នុងនាម​ជា​ប្រទេសនាំ​អង្ករ​ចេញលេខ​បី​ ឬ​លេខពីរ​ផង​សម្រាប់​ឆ្នាំ​២០២០នេះ វៀតណាម​  បានបញ្ជា​ទិញ​អង្ករពី​ឥណ្ឌា។ បើ​តាម​ប្រភព​ព័ត៌មាន​ផ្តល់​ដោយ​​សមាគម​អ្នក​នាំអង្ករ​ចេញ​ឥណ្ឌា​ប្រាប់​មក​ភ្នាក់ងារ​ Reuters អង្ករឥណ្ឌា​ប្រមាណ​៧០០០០​តោន ទើប​បាន​ទម្លាក់​ចុះផែ​ ចូល​​ទូក ដឹក​សំដៅ​ទៅ​កាន់​កំពង់ផែ​វៀតណាម​ នៅ​រវាង​ពីរ​ខែ​ទៀត។

ហេតុ​អ្វី​​បាន​ជាវៀតណាម​ត្រូវ​ទិញ​អង្ករ​ពី​ឥណ្ឌា​ដែលជា​គូប្រជែង​​ផ្ទាល់​របស់​ខ្លួន ? វៀតណាម​ខ្លួន​ឯង​ជា​ប្រទេសនាំ​ចេញ​អង្ករ តើ​ត្រូវ​ទិញ​អង្ករ​ឥណ្ឌា​យកមកធ្វើ​អ្វី ? មក​បំប្លែង​ដើម្បី​នាំចេញ ? មាន​សំណួរ​ជា​ច្រើនដែល​បាន​ចោទ​ឡើង។ ប៉ុន្តែចម្លើយ​មានតែមួយ​និង​ដែល ​សំខាន់​ជាង​គេ គឺ​តម្លៃ។ មហាយក្សឥណ្ឌា​ដែល​ជា​អ្នក​ផ្គត់ផ្គង់​​អង្ករឱ្យ​ពិភពលោក​​លំដាប់​ទី​មួយ​​នេះ លក់​អង្ករ​ តម្លៃ​តែ ៣១០​ដុល្លារ​ ប៉ុណ្ណោះក្នុង​មួយ​តោន។ ជា​តម្លៃ​ដ៏​ថោកខ្លាំងណាស់ បើ​ទោះបី​ជា​គុណភាព​អង្ករឥណ្ឌា​នេះ​អន់ និង​ជា​ប្រភេទ​អង្ករ​បាក់​ ១០០%​ ក៏​ដោយ។

ថោក​ខ្លាំង ​គុណភាពអន់បន្តិចមិនជាថ្វី​ទេ ព្រោះ​វៀតណាម​ត្រូវ​ការ​ទិញ​អង្ករ​ប្រភេទ​នេះ​ មិនមែន​សម្រាប់​ដាំបាយ​ទទួល​ទាន​ឡើយ។ វៀតណាមសុខ​ចិត្តទិញអង្ករអន់ឥណ្ឌា​ក្នុង​តម្លៃថោក សម្រាប់​យក​ទៅធ្វើ​ជា​ចំណី​សត្វ ឬ​សម្រាប់​យក​ទៅ​បំប្លែងធ្វើ​ជា​ប៊ីយែរ និង​បិត​ធ្វើ​ជា​ស្រា។

នេះ​ជា​ហេតុផល​នេះការទិញ​អង្ករ​គុណភាពអន់ ប៉ុន្តែ​បើ​និយាយ​អំពី​អង្ករគុណភាព​ល្អ​វិញ​ ​តម្លៃ​អង្ករ​ឥណ្ឌា​និង​វៀតណាម​​ក៏​នៅ​តែ​ខុស​ត្រូវ​គ្នាឆ្ងាយ​ណាស់ដេរ។ ហើយ​គម្លាតតម្លៃ​​កាន់​កើន​ឡើងគួរ​ឱ្យកត់សម្គាល់​មែនទែន​នាពេលនេះ។ ​អង្ករ​ល្អ​ មានគុណភាព​ខ្ពស់ នៅស្រឡូន​ បែក​គ្រាប់​ ឬ​បាក់​តែ​៥% របស់ឥណ្ឌា​ មានតម្លៃ​ខ្លាំង​បំផុត​ត្រឹម​៣៨០​ដុល្លារ​ក្នុង​មួយ​តោន​ ឯចំណែកអង្ករ​​វៀតណាម​ថ្លៃ​ដល់ទៅ ៥០០​ដុល្លារ​ក្នុង​មួយ​តោន។

គេ​ពិត​ជា​កម្រឃើញ​មានគម្លាតថ្លៃតម្លៃ​​ខ្លាំង​ដូច្នេះ​ណាស់។ ៩​ឆ្នាំកន្លងមកនេះ អង្ករ​វៀតណាមបានឡើង​ថ្លៃ​ ​ជាលំដាប់​ ​ដល់​កំរិត​ខ្ពស់​ខ្លាំង​មិន​ធ្លាប់​ជួប​ប្រទះទេ ព្រោះផលិតកម្មស្រូវ​ បានថយ​ចុះ។ ភាព​រាំង​ស្ងួត​បានធ្វើ​ដំណាំស្រូវ​ដុះ​លូត​លាស់​និង​ផ្តល់​​ទិន្នផលទាប។ នៅ​ទី​បំផុត វៀតណាមមានអង្ករ​​បំរុង​សម្រាប់​នាំ​ចេញ​ ធ្លាក់​ចុះ​អស់៣,៥%​នៅ​ឆ្នាំ ២០២០។ ឯការនាំ​ចេញ​ជា​ទូទៅ​បាន​ធ្លាក់​ចុះអស់​៨%។ ឯ​តម្រូវ​ការ​នៅ​ឋេរ និង​កាន់​តែ​កើន​ឡើង​ខ្លាំង​មក​ពី​ខាង​ហ្វីលីពីន។

ហេតុផល​សំខាន់​ទី​ពីរ គឺ​ ដោយ​ហេតុ​បញ្ហា​អាកាសធាតុ​រាំង​ស្ងួត​ខ្លាំង ដំណាំ​ស្រូវ​នៅ​កម្ពុជាជា​ប្រទេស​ជាប់​របង​​ ក៏​មិន​សូវ​អំណោយ​ផល។ ​ទិន្នផល​អង្ករបំរុង​​របស់​កម្ពុជា​ ក៏​ថយ​បរិមាណដែរ​ ទើប​វៀតណាម​ត្រូវ​ងាក​ទៅ​រក​ឥណ្ឌា។ បើ​តាម​លោក Patricio Mendez del Villar សេដ្ឋវិទូ​របស់​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​ស្រាវជា្រវក្សេត្រសាស្ត្រដើម្បី​ការអភិវឌ្ឍន៍ តាំង​ពីដើម​​រហូត​មកទល់​ពេល​នេះ វៀតណាម​តែងតែ​​ប្រមូលទិញ​អង្ករ​​​គុណភាព​អន់​ពីកម្ពុជា ដែល​ជា​ប្រទេសជិត​ខាង​ មក​បំពេញ​ជង្រុក​ស្រូវ និង​តម្រូវការ​​របស់​ខ្លួន។

​ម៉ូយ​ប្រចាំ​ មិន​អាច​ផ្គត់ផ្គង់​បានគ្រប់​ចំនួន​ មានតែ​ទៅ​ឆក់​អ្នក​ផ្សេង។ អ្នកផ្សេងឥណ្ឌា​​ដែល​​នៅឆ្នាំ​នេះ មាន​អង្ករ​សម្រាប់​នាំ​ចេញ​​និង​លក់​ច្រើន​មែនទែន និ​ងក្នុង​តម្លៃ​ថោកទៀត។ ជើងឯកពិភពលោក​ខាង​នាំ​ចេញ​អង្ករ ​មាន​ទិន្នផល​ស្រូវ​ច្រើន​ខ្លាំង​ ​​​ដោយ​អាច​នាំ​ទៅ​​លក់​លើ​ទីផ្សារពិភពលោក នូវ​អង្ករ​ប្រមាណ​ជាង​១៤​​លានតោន ទល់​នឹង​តែ​៩​លាន​តោនកាលពី​ឆ្នាំ​២០១៩។ ភាព​ប្រកួត​ប្រជែង​​ផ្នែក​នាំ​ចេញ​អង្កររបស់​ឥណ្ឌា​បានយក​ឈ្នះ​ចិត្តចិន ដែល​ជា​គូប្រជែង​នយោបាយ​ និង​ការទូត​នឹង​គ្នា​ផង។ ​កាលពី​ខែ​ធ្នូ ជា​លើកទី​មួយ​ នៃ​ប្រវត្តិសាស្ត្រពាណិជ្ជកម្ម​​អង្ករ​៣០ឆ្នាំ​ចុងក្រោយ​នេះ ចិន​បាន​បញ្ជា​ទិញ​អង្ករ​ពី​ឥណ្ឌា។

រឿងអ្វី​ថ្ងៃ​នេះ​​វៀតណាមមិនហ៊ានទិញ​អង្ករ​ឥណ្ឌា?!បើ​តាម​អ្នក​ជំនាញ​ខ្លះ​ទៀត ការ​ដែរ​ហាណូយ​ ងាកទៅទិញអង្ករ​ឥណ្ឌាជា​គូប្រជែង អាច​ជាសិល្ប៍វិធី​របស់​វៀតណាម ក្នុង​ការ​ទ្រទ្រង់​តម្លៃ​អង្ករ​នៅ​លើ​ទីផ្សារ​ពិភពលោក កុំឱ្យ​ធ្លាក់​ថ្លៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ