អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកចូ បៃដិន ចូលកាន់​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាេមរិក ដែល​ពោរពេញ​ដោយ​​វិបត្តិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី​២០មករានេះ គឺជាថ្ងៃស្បថចូលកាន់តំណែង របស់​ប្រធានាធិបតី​សហរដ្ឋអាេមរិក​ទី​៤៦ គឺលោកចូ បៃដិន។ អ្នកវិភាគគ្រប់គ្នា បាន​លើកឡើងថា អាណត្តិនេះវាគឺជា​អាណត្តិដ៏សែនលំបាកបំផុត សម្រាប់​លោក​ប្រធានាធិបតី​ថ្មី ព្រោះថាសហរដ្ឋអាមេរិក​ កំពុងតែស្ថិតនៅក្នុងវិបត្តិធ្ងន់ធ្ងរ ច្រើនជំពូក ព្រមៗគ្នា រាប់ទាំងវិបត្តិសុខភាពសាធារណៈ និងវិបត្តិសេដ្ឋកិច្ច​បង្កឡើងដោយ​ជំងឺកូវីដ​១៩ ព្រមទាំងវិបត្តិ​នយោបាយ ដោយសារតែការប្រេះឆាគ្នាយ៉ាងខ្លាំង​ ក្នុងសង្គមអាេមរិក។

កងអាវុធហត្ថជាតិអាេមរិក​ រាប់ពាន់​នាក់ ត្រូវដាក់ពង្រាយ​ការ​ពារសន្តិសុខ នៅថ្ងៃស្បថចូលកាន់តំណែង របស់ ចូ បៃដិន ខាងមុខវិមានកាពីតូល ថ្ងៃទី ២០ មករា ២០២០។
កងអាវុធហត្ថជាតិអាេមរិក​ រាប់ពាន់​នាក់ ត្រូវដាក់ពង្រាយ​ការ​ពារសន្តិសុខ នៅថ្ងៃស្បថចូលកាន់តំណែង របស់ ចូ បៃដិន ខាងមុខវិមានកាពីតូល ថ្ងៃទី ២០ មករា ២០២០។ REUTERS - MIKE SEGAR
ផ្សាយពាណិជ្ជកម្ម

មិនទាន់ទាំងចាប់ផ្តើម​ចូលកាន់តំណែងជាផ្លូវការផង វិបត្តិទាំងឡាយទាំងពួង កំពុងរងចាំ​លោក​ប្រធានាធិបតីថ្មី ចូ បៃដិន រួចស្រេចទៅហើយ។ វិ​បត្តិពោរពេញដោយ​ភាព​ធ្ងន់ធ្ងរ ស្មុគស្មាញ ព្រមទាំងបមានច្រើនរឿងផ្ទួនៗគ្នា។ ភ្លាមៗ បន្ទាប់ពីស្បថចូលកាន់តំណែងរួចរាល់ លោកចូ បៃដិន ត្រូវតែ​ដោះស្រាយ​បញ្ហាវិបត្តិទាំងនេះ ព្រមៗគ្នា។

វិបត្តិជំងឺកូវីដ​១៩​

ជំងឺឆ្លងកូវីដ១៩ បានវាយបំបាក់សហរដ្ឋអាមេរិក ធ្លាក់ចូលទៅក្នុង​អន្លង់ទុក្ខលំបាក មិនធ្លាប់មានទេ បើគិតចាប់ពី​ប្រវត្តិជំងឺគ្រុនអេស្ប៉ាញុល កាលពីឆ្នាំ​១៩១៨មក។ ក្នុងមួយ​ថ្ងៃៗ មានមនុស្សស្លាប់ជាមធ្យម មិនក្រោម​៣០០០ពាន់នាក់ទេ ដោយ​សារកូវីដ១៩ នៅសហរដ្ឋអាមេរិក។ គិតមកទល់ពេលនេះ អាមេរិក ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេបង្អស់ ជាមួយ​នឹងអ្នកឆ្លងសរុបប្រមាណ​២៤​លាននាក់ ក្នុងនោះមានស្លាប់​ ប្រមាណ​៤សែននាក់រួចទៅហើយ។ ជាងនេះទៀត ការ​លេច​ឡើង​នូវ​​មេរោគជំងឺកូវីដ​១៩ បំប្លែងខ្លួនថ្មី កាន់តែធ្វើ​ឲ្យ​គ្រប់គ្នា មានការបារម្ភបន្ថែមទៀត។

ចំណែកយុទ្ធនាការចាក់វ៉ាក់សាំងវិញ បានចាប់ផ្តើម កាលពីពាក់កណ្តាល​ខែ​ធ្នូ តែរដ្ឋបាលរបស់លោក​ដូណាល់ ត្រាំ បានសម្រេច​ធ្វើបាន​តែ​១០លាន​នាក់​តែ​ប៉ុណ្ណោះ រហូតមកទល់ពេលនេះ ពោលគឺតិចជាងកម្មវត្ថុ​ដែលបានកំណត់ ថាឲ្យ​បាន​២០លាននាក់ នៅដំណាច់ឆ្នាំ​២០២០។ លោកចូ បៃដិន បានសន្យាថា លោក​នឹងប្រឹងប្រែង ពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង ឲ្យ​បាន​១០០លាននាក់ ពីនេះរហូតដល់ថ្ងៃទី​១០០នៃអាណត្តិរបស់គាត់។

វិបត្តិសេដ្ឋកិច្ច

កូវីដ​១៩ មិនត្រឹមតែបាន​សម្លាប់ជីវិតប្រជាជនអាមេរិកប៉ុណ្ណោះទេ តែវាបានសង្កត់សេដ្ឋកិច្ចអាេមរិក ឲ្យទន់ជង្គង់។ ក្នុងឆ្នាំ​២០២០ សេដ្ឋកិច្ចអាេមរិក បានដើរថយក្រោយ​ដល់ទៅ ២.៤%។ សហគ្រាស​​​ជា​ច្រើន​បានបិទទ្វារទាំងស្រុង ឬខ្លះត្រូវ​បញ្ឈប់បុគ្គលិក។ គិតមកត្រឹមពេលនេះ មាន​ប្រជាជន​អាេមរិក ចំនួន​១៨លាននាក់ ដែលរស់រំពឹងទាំងស្រុងទៅលើប្រាក់ជំនួយ​ សម្រាប់អ្នកអត់ការងារធ្វើ។ លោកចូ បៃដិនបានអះអាងថា ទុក្ខលំបាក​កំពុងតែរីករាលដាលកាន់តែខ្លាំង ក្នុង​ចំណោម​​ប្រជាជនអាមេរិក។ លោក​នឹង​ស្នើគម្រោងកញ្ចប់ថវិកា ចំនួន​១៩០០ពាន់លានដុល្លារ ទៅកាន់សភាខុនហ្រ្កេស ដើម្បីជួយទ្រទ្រង់​សេដ្ឋកិច្ច។

លោកចូ បៃដិន ធ្លាប់មានបទពិសោធន៍ជា​អនុប្រធានាធិបតី​ ក្នុងអាណត្តិលោកអូបាម៉ា នៅពេល​សហរដ្ឋអាេមរិក ឆ្លងកាត់វិបត្តិហិរញ្ញវត្ថុ​ចុងឆ្នាំ​២០០៨។ តែលើកនេះ ​ស្ថានការណ៍មានភាពខុសគ្នា ដោយ​សារណាត្រូវស្តារសេដ្ឋកិច្ចឡើងវិញផង ណាមួយ​ត្រូវ​ការពារសុខភាព​ប្រជាជន​ ពីជំងឺឆ្លងកូវីដ​១៩ផង។ មិនត្រឹមតែប៉ុណ្ណោះ លោកចូ បៃដិន ត្រូវប្រឹងប្រែង​ផ្សះផ្សារជាតិអាមេរិក ដែលបែកប្រេះឆាគ្នា យ៉ាងខ្លាំងជាទីបំផុត។

សង្គមប្រេះឆាជាពីរ

៤ឆ្នាំកន្លងមកនេះ លោកដូណាល់ ត្រាំ បានដឹកនាំប្រទេសដោយ​បាន​ធ្វើឲ្យ​សង្គមអាេមរិក មានការបែកបាក់ស្អប់ខ្ពើមគ្នាខ្លាំងឡើងៗ។ ជាងនេះទៀត សកម្មភាពរបស់​លោកដូណាល់ ត្រាំ ក្នុងការ​តវ៉ាប្រឆាំងនឹងលទ្ធផលឆ្នោត ព្រមទាំងការមិនព្រម​ទទួលបរាជ័យ​របស់ខ្លួននេះ គឺវាបានធ្វើ​ឲ្យ​ស្នាមប្រេះ​​ជាពីរនៃសង្គមអាមេរិក មានជំរៅកាន់តែជ្រៅឡើង។ ក្រុមជនដែលពុះកញ្ជ្រោលខ្លាំង បានទាំងសំរុក​ចូលយ៉ាងហិង្សា ទៅក្នុងវិមានកាពីតូល កាលពី​ថ្ងៃទី​៦មករាថែមទៀតផង។ មិនធ្លាប់មានទេ ដែលសហរដ្ឋអាេមរិក ត្រូវពើបប្រទះនឹង​វិបត្តិ​ក្នុងការទទួលស្គាល់​ភាពស្របច្បាប់ របស់​ប្រធានាធិបតី​​​ជាប់​ឆ្នោតថ្មី របៀបនេះ បើរាប់ពីជំនាន់លោក​ប្រធានាធិបតី Abraham Lincoln នៅឆ្នាំ១៨៦១មក។ នេះបើផ្អែកតាមប្រសាសន៍របស់លោក David Farber សាស្ត្រាចារ្យ​ប្រវត្តិវិទ្យា​នៅ​សកលវិទ្យាល័យខាន់សាស់។

លោក ចូ បៃដិន បាន​បេ្តជ្ញាថាលោកនឹងប្រឹងប្រែង ធ្វើជាប្រធានាធិបតី​ ដែលបង្រួបបង្រួម​ប្រជាជាតិអាមេរិក ឲ្យ​វេញគ្នាជាធ្លុងមួយ​ឡើងវិញ។ វាជាការប្តេជ្ញាដែលប្រហែលជាពិបាក​នឹងសម្រេច​ជោគជ័យណាស់។ ទំនោរនយោបាយ​បែបលោកដូណាល់ ត្រាំ បានក្លាយ​ជាចរន្តមួយយ៉ាងមានឥទ្ធិពល ក្នុងផ្នត់គំនិតរបស់​ប្រជាជនអាមេរិក សឹងតែមួយចំហៀងប្រទេស។ ហើយ​វានឹងនៅតែបន្ត អន្រួនអាណត្តិ​លោកចូ បៃដិន តទៅថ្ងៃមុខ។

ការរើសអើងប្រកាន់ពូជសាសន៍ ក៏កំពុងតែធ្វើឲ្យ​សង្គមអាមេរិក​ បែកបាក់គ្នាថែមទៀត។ លោកស្រី Shirley Anne Warshaw សាស្ត្រាចារ្យនៅ Gettysburg College បាន​លើកឡើងថា អំពើអយុត្តិធម៌ ដោយ​ការរើសអើងពូជសាសន៍ មាននៅក្នុងគ្រប់ទីកន្លែងនៅសហរដ្ឋអាមេរិក មិនថាក្នុងការងារ ជីវិតប្រចាំថ្ងៃ ការទទួលបានសេវាសង្គម និង​ក្នុងការអនុវត្តច្បាប់របស់នគរបាល​ជាដើម។ វាគឺជាជំងឺមួយដ៏ធ្ងន់ធ្ងរ ដែល​រដ្ឋបាល​លោកចូ បៃដិន ត្រូវតែ​ព្យាបាល។ ជាងនេះទៀត ជនអាមេរិក​ស្បែកខ្មៅ​ដែលភាគច្រើន បានបោះឆ្នោតឲ្យ​លោកចូ បៃដិន រំពឹងយ៉ាងខ្លាំង ថាលោកត្រូវ​តែជួយពួកគេ។

ប្រធានាធិបតី​មិនអាចដោះស្រាយ​បញ្ហាបាន​គ្រប់ជំពូក

រដ្ឋាភិបាលថ្មី​ របស់​លោកចូ បៃដិន ត្រូវផ្សំផ្គុំថ្មមួយ​ដុំ​ដែលបែក​បាក់ប្រេះស្រាំ ឲ្យ​រឹងមាំឡើងវិញ។ យ៉ាងណាមិញ លោកស្រី កាម៉េឡា ហារីស អនាគត​អនុប្រធានាធិបតី បានទទួល​ស្គាល់ថា​ ការងារលំបាក​ៗមានច្រើនណាស់ ដែលតម្រូវឲ្យ​រដ្ឋាភិបាលថ្មី ត្រូវតែ​មានពហុជំនាញ រហ័សវៀងវៃ​បំផុត។ ដោយឡែក លោកស្រី Mary Stuckey សាស្ត្រាចារ្យ​នៅសកលវិទ្យា​ល័យរដ្ឋ Pennsylvanie បាន​រំលឹកថា សូមកុំគិតថា លោកចូ បៃដិន តែម្នាក់ឯង អាចដោះស្រាយ​បញ្ហា​បាន​គ្រប់ជំពូកឲ្យសោះ។ មានរឿងនិងកិច្ចការមួយចំនួន​ ដែល​ប្រធានាធិបតី​គ្មានលទ្ធភាព​ ធ្វើអ្វីបាន​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ