អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អសប៖ ការ​វិនិយោគដោយផ្ទាល់​ពី​បរទេស ធ្លាក់ចុះខ្លាំងក្នុងឆ្នាំ​២០២០ ឯ​២០២១​ក៏​មិន​សង្ឃឹម​កើនឡើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

កូវីដ​១៩ បានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងជាពិសេស ទៅលើចរន្តនៃបោះទុនវិនិយោគនានា នៅទូទាំងពិភពលោក។ វិនិយោគទុនដោយ​ផ្ទាល់ពីបរទេស បានធ្លាក់ចុះខ្លាំងបំផុត​ នៅក្នុង​ឆ្នាំ​២០២០កន្លងទៅនេះ។ នេះបើផ្អែកតាមរបាយ​ការណ៍ថ្មីមួយ របស់​សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍។ របាយការណ៍នេះ បាន​លើកឡើងផងដែរ ថាក្នុងឆ្នាំ​២០២១ គេក៏ពុំមានសង្ឃឹមថា ការ​វិនិយោគដោយ​ផ្ទាល់ពីបរទេស នឹងកើនឡើងមកវិញដែរ ដោយសារតែទីផ្សារសេដ្ឋកិច្ច ស្ថិតនៅក្នុងការភ័យបារម្ភ ដោយសារតែ​កូវីដ​១៩។

ស្ត្រីលក់នំប៉័ង នៅក្បែរការដ្ឋានសំណង់មួយ​ ក្នុង​ក្រុងហាណូយ ប្រទេសវៀតណាម។ ថ្ងៃទី​ ១៨ មករា ២០២១
ស្ត្រីលក់នំប៉័ង នៅក្បែរការដ្ឋានសំណង់មួយ​ ក្នុង​ក្រុងហាណូយ ប្រទេសវៀតណាម។ ថ្ងៃទី​ ១៨ មករា ២០២១ REUTERS - KHAM
ផ្សាយពាណិជ្ជកម្ម

លោក James Zhan អគ្គនាយកទីភ្នាក់ងារសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (CNUCED/UNCTAD) បានលើកឡើងថា យោងតាមរបាយការណ៍បូកសរុប នៅក្នុងឆ្នាំ​២០២០កន្លងទៅនេះ ការបោះទុនវិនិយោគដោយ​ផ្ទាល់ពីបរទេស (IDE/FDI) មានតម្លៃប្រមាណ ៨៥៩ពាន់លានដុល្លារអាេមរិក ពោលគឺវា​បានធ្លាក់ចុះ ដល់ទៅ​៤២% បើប្រៀបធៀបទៅតួលេខ ក្នុងឆ្នាំ​២០១៩។

វិបត្តិជំងឺឆ្លងកូវីដ១៩ ពាសពេញពិភពលោក បានធ្វើ​ឲ្យ​ការបោះទុនវិនិយោគពីបរទេស ធ្លាក់ចុះជា​ខ្លាំង។ ការចុះថយទាំងនេះ បាននាំឲ្យ​ទំហំវិនិយោគដោយ​ផ្ទាល់ពីបរទេស មានតិចជាងទំហំអំឡុងពេលវិបត្តិហិរញ្ញវត្ថុឆ្នាំ​២០០៩ ​ដល់ទៅ​៣០%។ ទឹកប្រាក់វិនិយោគក្នុងឆ្នាំ២០២០ គឺមានតម្លៃប្រហាក់​ប្រហែលនឹងឆ្នាំ ១៩៩០។

បន្ថែមពីនេះទៀត របាយការណ៍នេះ បានសន្និដ្ឋានថា នៅក្នុងឆ្នាំ​២០២១ វិនិយោគទុនដោយផ្ទាល់ពីបរទេស នឹងអាចចុះថយបន្ថែមទៀត ចន្លោះពី​៥% ទៅ ១០% បើប្រៀបធៀបទៅតួលេខក្នុងឆ្នាំ​២០២០ ដែលមានកម្រិតទាបខ្លាំងស្រាប់ទៅហើយ។ លោក James Zhan បានលើកឡើងថា ក្រុមហ៊ុន​ម្ចាស់គំរោងវិនិយោគ ប្រាកដជា​បន្ត​ធ្វើការប្រុងប្រយ័ត្ន មិនហ៊ានបញ្ចេញ​មូលធន​ យកទៅវិនិយោគនៅ​បរទេសឡើយ ព្រោះថា​កូវីដ​១៩ នៅមិនទាន់ទៅណាឆ្ងាយ​នៅឡើយ។

ប្រទេសដែលរងផលលំបាក ដោយ​ការចុះថយ នូវការបោះទុនវិនិយោគដោយផ្ទាល់​ពីបរទេសនេះ គឺបណ្តា​ប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍។ នៅតាមប្រទេសទាំងនេះ របាយការណ៍បានសន្និដ្ឋានថា ការបោះទុនវិនិយោគលើគំរោងថ្មីស្រឡាង (Green-Field Investment) គឺបានធ្លាក់ចុះជាមធ្យម ចំនួន៤៦%។ តំបន់អាមេរិកឡាទីន និងតំបន់សមុទ្រការ៉ាអ៊ីប ការវិនិយោគដោយផ្ទាល់ លើគំរោងថ្មីស្រឡាង បានធ្លាក់ចុះ​ចំនួន​ពាក់កណ្តាល។ ចំណែកតំបន់អាស៊ីវិញ តួលេខធ្លាក់ចុះ មានប្រមាណ៣៨% បើប្រៀបធៀបទៅឆ្នាំ​២០១៩។

គឺទ្វីបអាហ្វ្រិក ដែលការធ្លាក់ចុះនេះ មានកម្រិតខ្ពស់បំផុត ប្រមាណ​៦៣% នៅក្នុងឆ្នាំ​២០២០។ គំរោងសហប្រតិបត្តិការវិនិយោគធំៗ ដូចជាការសាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ជាដើម គឺបានថយចុះ​៤០% នៅអាហ្វ្រិក។ គម្រោងវិនិយោគ​ប្រភេទនេះ មានសារៈសំខាន់ណាស់ សម្រាប់អភិវ្ឍន៍សមត្ថភាព​ផលិត របស់ប្រទេសទាំងនេះ។ បើគ្មានគំរោងទាំងនេះ គឺមានន័យថា ប្រទេសក្រីក្រ នឹងមិនអាចមានលទ្ធភាព​ស្ទុះហក់ឡើង ក្នុងចរន្តសេដ្ឋកិច្ច​ទេ។

ដោយឡែក របាយការណ៍ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះ បាន​លើកកូនក្តីសង្ឃឹមមួយដែរ អំពី​ការស្ទុះឡើងខ្លះ នៃចរន្តវិនិយោគដោយផ្ទាល់ពីបរទេស តែជាប្រភេទវិនិយោគ ដោយ​ការ​ ច្របាច់បញ្ចូល ឬ ទិញយក។ អ្នកជំនាញបានសង្កេតឃើញ ការ​វិនិយោគដោយ ការ​​ច្របាច់បញ្ចូលគ្នា និង​ ការ​ទិញយក ដោយ​ក្រុមហ៊ុន​បរទេស បានកើនឡើងគួរឲ្យ​កត់សំគាល់ នៅរវាងត្រីមាសទី​៣ចុងឆ្នាំ​២០២០ ជាពិសេស ក្នុងវិស័យបច្ចេកវទ្យា និងសុខាភិបាល ព្រោះថាវិស័យទាំងនេះ មិនរងផលប៉ះពាល់ ដោយ​វិបត្តិកូវីដ​១៩ទេ។​

យ៉ាងណាក៏ដោយ ជាទូទៅ គឺក្រុមហ៊ុននៅតាម​បណ្តាប្រទេសអឺរ៉ុប ដែលនឹងអាចស្រូបយក​ការវិនិយោគ​ប្រភេទនេះ បានច្រើនជាងគេ ប្រមាណជា​៦០%។ ឥណ្ឌា និងតួកគី ក៏អាចស្រូបយកកិច្ចសន្យាវិនិយោគ​បានច្រើនគួរសមដែរ។

សូមបញ្ជាក់ថា ការបោះទុនវិនិយោគ​ដោយផ្ទាល់ពីបរទេស គឺជា ឧបករណ៍​មួយដ៏សំខាន់ នៅក្នុង​ការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសសម្រាប់ប្រទេសក្រីក្រ ដែលគ្មានលទ្ធភាពហិរញ្ញវត្ថុ និង​សមត្ថភាពបច្ចេកទេស។ ក្រុមហ៊ុនបរទេស​ធំ ដែលភាគច្រើន ចេញពីប្រទេសអឺរ៉ុប ឬ សហរដ្ឋអាមេរិក មាន​វិនិយោគ បង្កើតសាខា ឬបើកគំរោងថ្មីស្រឡាង ដោយសាងសង់រោងចក្រផលិតសម្រាប់នាំចេញ ឬតម្រូវទៅតាមទីផ្សារក្នុងស្រុកនីមួយ។

តែទន្ទឹមនឹងនេះ អ្នកជំនាញខ្លះ បានរិះគន់ផងដែរ លើគំរោងវិនិយោគរបៀបនេះ ព្រោះវាអាចធ្វើឲ្យ​បាត់បង់កម្លាំងពលកម្មការងារ នៅប្រទេសដើម ដោយសារតែពលកម្មនៅតាមប្រទេសកំពុងអភិវឌ្ឍន៍ មានតម្លៃថោក។ ការវិនិយោគ​ដោយផ្ទាល់ពីបរទេស អាចហុចផលវិជ្ជមាន​តិចឬច្រើន គឺវាអាស្រ័យផងដែរ ថាតើប្រទេសដែលទទួល​ការវិនិយោគទាំងនោះ បានរៀបចំ​កម្រិតណា តួយ៉ាងដូចជាវិស័យច្បាប់ វិស័យពន្ធដា និង​ការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីធ្វើយ៉ាងឲ្យ​ផលចំណេញ​ពីការវិនិយោគនេះ មាន​ភាពយូរអង្វែង និង​រីកចម្រើន​ទៅមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ