អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាស៊ាន ​អាច​ជា​គន្លិះ ក្នុង​ការ​បើក​ផ្លូវ​​ដោះស្រាយ​​វិបត្តិ​​នៅភូមា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិនយោបាយនៅភូមា កាន់តែលង់ជ្រៅទៅ នៅក្រោយ​រដ្ឋប្រហារយោធាកាលពី​ថ្ងៃទី​១កុម្ភៈ។ បាតុកម្ម​របស់​ប្រជាជនភូមា ត្រូវបាន​ក្រុមសមត្ថកិច្ច ប្រើកម្លាំង​បង្រ្កាប​ កាន់តែខ្លាំាងឡើង។ យ៉ាងហោចណាស់ មានបាតុករ​ជាង​៣០នាក់ បានស្លាប់។ សហគមអន្តរជាតិ បានថ្កោលទោសការប្រើ​អំពើហិង្សាទៅលើបាតុករ និង​បាន​ទាមទារឲ្យក្រុមយោធា ដោះលែង​លោកស្រីអ៊ុងសាន ស៊ូជី និង​​អ្នកទោសនយោបាយ​ឯទៀត។ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានសម្រេចទណ្ឌកម្មដោយចំពោះ ដាក់​ទៅលើ​មន្ត្រីមេទ័ពធំៗរបស់ភូមា។ តែយ៉ាងណា រហូតមកទល់ពេលនេះ ពុំមានសញ្ញាណណាមួយ​ បង្ហាញពីការបន្ទន់ឥរិយាបទរបស់​ក្រុមយោធាភូមាទេ។ ខណៈដែល​ប្រទេស​មហាអំណាច មិនអាចធ្វើអ្វីបានច្រើន គេបានបង្វែក្តីសង្ឃឹមនេះ ទៅក្រុមប្រទេសសមាជិកអាស៊ាន ក្នុងការ​បើកផ្លូវចរចា ជាមួយ​កងទ័ពភូមា។

លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី កំពុងមានប្រសាសន៍ ក្នុង​កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ថ្ងៃទី​២ មីនា ២០២១ ដើម្បីរកផ្លូវ​ដោះស្រាយ​វិបត្តិ​នៅភូមា។
លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី កំពុងមានប្រសាសន៍ ក្នុង​កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ថ្ងៃទី​២ មីនា ២០២១ ដើម្បីរកផ្លូវ​ដោះស្រាយ​វិបត្តិ​នៅភូមា។ via REUTERS - MINISTRY OF FOREIGN AFFAIRS
ផ្សាយពាណិជ្ជកម្ម

វិបត្តិនយោបាយនៅភូមា ស្ថិតក្នុងកាលៈទេសៈមួយ ដែលពិភពលោក ជាពិសេសប្រទេស​លោកខាងលិច​ មានអឺរ៉ុប និង​ សហរដ្ឋអាមេរិក​ជាដើម​ កំពុងតែមមារញឹក ខ្វាយខ្វល់និងបញ្ហា​១០០ជំពូក ដែល​​បណ្តាលមក​ពី​កូវីដ​១៩។ តែយ៉ាងណាក៏ដោយ ម្នាក់ៗ បាន​ប្រតិកម្ម ថ្កោល​ទោស បាន​ចាត់វិធានការទណ្ឌកម្ម ទៅលើ​របបសិកភូមា ដែលបានបំផ្លាញ​ការរីកចំរើននៃលទ្ធិប្រជាធិបតេយ្យ។

រដ្ឋបាល​លោក​ចូ បៃដិន ដែលទើបតែចូលកាន់តំណែងថ្មីៗ ​បាន​សម្រេចដាក់ទណ្ឌកម្ម​ សំដៅ​ហោប៉ៅប្រាក់របស់​មេទ័ពធំៗភូមា។ ចំណែក​ សហភាពអឺរ៉ុបវិញ កំពុងតែពិចារណា លើវិធានការទណ្ឌកម្មសេដ្ឋកិច្ច ទៅលើ​ក្រុមហ៊ុន ជំនួញមួយចំនួន​របស់ពួក​យោធាភូមា ដើម្បីជាការដាក់សំពាធ ឲ្យ​កងទ័ពភូមាដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និង​ប្រគល់អំណាច​មកឲ្យ​រដ្ឋាភិបាល​ស៊ីវីលវិញ​។

ក៏ប៉ុន្តែ រូបមន្ត​ទណ្ឌកម្ម​សេដ្ឋកិច្ច របស់​ប្រទេសលោកខាងលិចនេះ​ ហាក់ដូចជាមិនហុច​លទ្ធផលទេ រហូតមកទល់ពេលនេះ។ ផ្ទុយទៅវិញ ក្រុមយោធាភូមា បាន​ប្រើកម្លាំងបង្ក្រាប​បាញ់គ្រាប់កាំភ្លើងពិតទៅលើបាតុករ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាច្រើននាក់។ អង្គការសហប្រជាជាតិវិញ បាន​ត្រឹមតែបន្ថែម​ការថ្កោលទោស ការអំពាវនាវឲ្យ​បញ្ឈប់អំពើហិង្សា។ លោកស្រី Christine Schraner Burgener ប្រេសិទពិសេសនៃអង្គការសហប្រជាជាតិ ប្រចាំភូមា បាន​អំពាវនាវជាច្រើនលើក ឲ្យ​កងទ័ពបើកផ្លូវ​ចរចា​ តែគ្មានចម្លើយ​តបទាល់តែសោះ។

ទាំងនេះវា​ស​បង្ហាញថា ប្រទេស​អឺរ៉ុប សហរដ្ឋអាមេរិក និង​អង្គការ​សហប្រជាជាតិ គឺមិនមានទំងន់ឥទ្ធិពល​អ្វី​ច្រើន លើ​ក្រុមកងទ័ពភូមា នាពេលបច្ចុប្បន្ននេះទេ។​ ជាមួយន​ឹងបញ្ហា​​រ៉ូហ៊ីងយ៉ា ប្រមាណ​៣ឆ្នាំមកនេះ ដែល​ប្រទេសលោកខាងលិច និង​អង្គការ​សហប្រជាជាតិ ស្តីបន្ទោស ចោទប្រកាន់ក្រុមកងទ័ពភូមា គឺវាបានធ្វើ​ឲ្យ​កងទ័ពភូមា លែងមាន​ទំនុកចិត្ត ក្នុង​ការចរចាជាមួយ​នឹងភាគទាំងនេះទៀតហើយ។

ចំណែកចិនវិញ បាន​បន្តរក្សាការស្ងៀមស្ងាត់ ដោយ​ប្រុងប្រយ័ត្នបំផុត។ គ្មាន​ការ​លើកជាសំណើរ ចរចាការទូតណាមួយ ពីសំណាក់​រដ្ឋាភិបាលចិនឡើយ រហូតមកទល់ពេលនេះ។​ គោលជំហរចិន គឺធ្វើយ៉ាងណា ការពារផលប្រយោជន៍សេដ្ឋកិច្ច​របស់​ខ្លួន​នៅភូមាឲ្យបាន។ ក្នុងន័យនេះ ចិនក៏ចង់ឲ្យ​ស្ថិរភាព​ សុវត្ថិភាព នៅភូមា អាចវិលត្រលប់​មកវិញ ឲ្យ​បានឆាប់ដែរ។

ស្របពេលដែលយន្តការការទូត ពីសំណាក់អង្គការសហប្រជាជាតិ និង​ប្រទេសមហាអំណាច ស្ថិតនៅទ្រឹងមិនទៅមុខ សេចក្តីសង្ឃឹមកំពុងតែបែរ​ ទៅកាន់​ក្រុម​ប្រទេសអាស៊ានទាំង​៩។ ក្នុងនាមជា​ប្រទេស​អាស៊ានដូចគ្នា គឺកងទ័ពភូមា អាចប្រហែលជា​មានទំនុកចិត្ត ហើយ​យល់ព្រមបើកផ្លូវចរចា។

តែយ៉ាងណា កន្លងមក ប្រទេសអាស៊ាន មិនសូវជា​មានគោលជំហររួមទេ នៅក្នុងការលូកដៃ ចូលក្នុងកិច្ចការផ្ទៃក្នុង​ប្រទេសសមាជិកណាមួយ បើទោះបីជាគោលការគ្រិះនៃលទ្ធិប្រជាធិបតេយ្យ ដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន ត្រូវគេរំលោភបំពានក៏ដោយ។ ឥណ្ឌូណេស៊ី សិង្ហបុរី និងម៉ាឡេស៊ី ជាប្រទេសដែលកំពុងតែខ្នះខ្នែងជាងគេ និងមានគោលជំហររឹងមាំជាងគេ ក្នុងការជួយ​ឲ្យ​ភូមាត្រលប់ទៅរកមាគ៌ាលទ្ធិប្រជាធិបតេយ្យ។ ផ្ទុយទៅវិញ កម្ពុជា ថៃ និងវៀតណាមជាដើម តែងប្រកាន់ជំហរ មិនលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់អ្នកជិតខាង។

ទោះមានឬគ្មាន​ការមូលមតិគ្នា ពីសំណាក់សមាជិក​អាស៊ានទាំងអស់​ តែសន្ទុះនៃការស្វែងរកផ្លូវចរចា បានចាប់ផ្តើមហើយ​។ ក្តីសង្ឃឹមបានលេចពន្លឺ កាលពីថ្ងៃពុធសប្តាហ៍មុន នៅពេល​ក្រុមកងទ័ពភូមា បានបញ្ជូន​ប្រមុខការទូតរបស់​ខ្លួន ឲ្យ​មកជួប​រដ្ឋមន្ត្រីការបរទេសថៃ និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី នៅទីក្រុងបាងកក។ យ៉ាងណាក៏ដោយ ខ្លឹមសារនិយាយគ្នា រវាងអ្នកទាំង៣នេះ មិនត្រូវបាន​គេបង្ហើបឲ្យដឹងទេ។ សម្រាប់ដំណាក់កាលនេះ វាជាកាលៈទេសៈដែលគ្រប់ភាគី​ត្រូវតែ​ប្រយត្ន័មាត់។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បានធ្វើឡើង កាលពីថ្ងៃអង្គារម្សិលមិញ ដោយមានតំណាង​របស់របបសិកភូមាចូលរួមដែរ។​ ក្រោយ​កិច្ចប្រជុំនេះ អាស៊ានបានថ្លែងការណ៍ សូម​ឲ្យ​ក្រុមយោធាភូមា ដោះលែងលោកស្រីលោកស្រីអ៊ុងសាន ស៊ូជី និងបញ្ឈប់ការបង្ក្រាប​ដោយ​ហិង្សាទៅលើបាតុករ។

បើតាមប្រភពពីមន្ត្រីការទូត​ឥណ្ឌូណេស៊ី គឺលោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី មានបំណងស្នើឲ្យ​បង្កើតយន្តការ ដែលធានាថា កងទ័ពភូមា ពិតជាគោរពការសន្យា ថានឹងរៀបចំការបោះឆ្នោត ដោយ​សេរីយុត្តិធម៌ ក្នុងរវាងមួយឆ្នាំទៀត។ សំណើរដែលមានលក្ខណៈជាការធ្វើសម្បទាន ទាំងសងខាងនេះ គឺមានការគាំទ្រ ពីអ្នកអង្កេតការណ៍អន្តរជាតិខ្លះ។ ក៏ប៉ុន្តែ សំណើររបស់ឥណ្ឌូនេស៊ីនេះ បាន​ឮទៅដល់ត្រចៀកប្រជាជនភូមា ហើយពួកគេបានច្រានចោល យ៉ាងដាច់អហង្ការ មិនសុខចិត្តបោះបង់ចោលលទ្ធផលឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ​២០២០ទេ។ សម្រាប់ប្រជាជនភូមា ដែលធ្វើបាតុកម្មប្រមាណ១ខែមកនេះ គឺកងទ័ពបានប្លន់អំណាច ប្លន់សន្លឹក​ឆ្នោត​របស់​ពួកគេ។

ជាការពិត គ្មាន​ការចរចាណាមួយ ដែលគ្មានឧបសគ្គនោះទេ។ ក្រុមប្រទេសអាស៊ាន អាចត្រូវប្រឹងប្រែង​ប្រមូលកម្លាំង និងសេចក្តីក្លាហាន សាមគ្គីគ្នា ព្រោះស្ថិរភាពនៅភូមា គឺជាស្ថិរភាពរួមរបស់គ្រួសារអាស៊ាន។ ក្រុមយោធាភូមា មិនមែន​ធ្វើរដ្ឋប្រហារ ដោយ​គ្មានផែនការ គ្មានកម្មវត្ថុ ថាចង់បានអ្វីនោះទេ។ ដូច្នេះ ប្រទេសសមាជិកអាស៊ានផ្សេងទៀត អាចអង្គុយស្តាប់​ ហេតុផល និងការចង់បានរបស់កងទ័ពភូមា ហើយ​អាចស្នើជាដំណោះស្រាយ​ណាមួយ ដោយសមភាព សម្រាប់​​ភាគីនយោបាយ​ភូមាទាំងអស់៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ