អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទេសចរណ៍អវកាស៖ សុបិន ឬការពិត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងរយៈពេល​មួយរយៈកាលចុងក្រោយនេះ យើងសង្កេតឃើញ​មាន​សេចក្តីប្រកាស​ជាបន្តបន្ទាប់ ទាក់ទង​នឹង​ការធ្វើ​ដំណើរ​ទៅទីអវកាស​ជា​លក្ខណៈទេសចរឯកជន។ កាល​ពីដើមខែកុម្ភៈ មហាសេដ្ឋីអាមេរិក​បាន​ប្រកាស​អំពី​ការ​បើក​ឲ្យ​សាធារណជន​ចុះឈ្មោះ​ ដើម្បីអាចក្លាយ​ជា​អ្នកដំណើរម្នាក់ក្នុង​ចំណោម​អ្នកដំណើរ ៤នាក់ ទៅក្នុង​គន្លង​តារាវិថី​ជុំវិញផែនដី។ ចំណែកថ្ងៃទីពុធ ៣មីនា​នេះ មហាសេដ្ឋីជប៉ុនមួយរូប​ក៏បានប្រកាស​ផងដែរ ​ផ្តល់​កៅអី​ចំនួន ៨ ឲ្យ​​សាធារណជន​ ដើម្បី​ធ្វើ​ដំណើរ​ទៅកាន់ព្រះចន្ទ​ជាមួយ​លោក នៅឆ្នាំ២០២៣​ខាងមុខ។ ការធ្វើ​ដំណើរទៅទីអវកាស​ជាលក្ខណៈទេសចរ​ឯកជន​នេះ គឺ​ជា​ក្តីស្រមៃ​​អស់រយៈពេល​ជា​យូរមកហើយ។ តើ​គិតមកទល់នឹងពេលនេះ ក្តីស្រមៃនេះ​បាន​វិវឌ្ឍឆ្ពោះទៅរក​ការពិត​បាន​ប៉ុណ្ណាហើយ?

យាន Crew Dragon របស់​ក្រុមហ៊ុន SpaceX
យាន Crew Dragon របស់​ក្រុមហ៊ុន SpaceX © SpaceX
ផ្សាយពាណិជ្ជកម្ម

តាមការពិតទៅ នៅក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ទេសចរណ៍អវកាស​មិនមែន​ត្រឹមតែ​ជា​ក្តីសុបិនតែប៉ុណ្ណោះទេ ក៏ប៉ុន្តែ មានក្រុមហ៊ុន​ឯកជនជាច្រើន ដែល​បានបោះទុនរាប់ពាន់លានដុល្លារ​​រកស៊ី នៅ​ក្នុងវិស័យ​នេះ។ ​នៅ​ក្នុង​ចំណោម​នោះ គេឃើញ​មាន​ក្រុមហ៊ុន​ចំនួន ៣ ដែល​មានគម្រោង​ជឿនលឿន​ទៅមុខខ្លាំងជាងគេ គឺ SpaceX របស់​លោក អេឡន មើស្ក៍ (Elon Musk), Blue Origin របស់លោក ជែហ្វ បេសូស៍ (Jeff Bezos) និង Virgin Galactic របស់​មហាសេដ្ឋីអង់គ្លេស រីឆាដ ប្រែនសុន (Richard Branson)។

ក៏ប៉ុន្តែ ក្រុមហ៊ុន​ទាំងនេះមិន​មាន​យុទ្ធសាស្រ្ត​ផ្តោត​ទៅលើ​ទីផ្សារ​តែមួយនោះទេ។

ក្រុមហ៊ុន SpaceX ផ្តោត​ចម្បងទៅលើ​ទេសចរណ៍អវកាសគន្លងតារាវិថី ឬ « Orbital toursim » ដោយគ្រោងហោះ​ដឹកអ្នកដំណើរ​រហូតទៅដល់​រយៈកម្ពស់​ប្រមាណ​ជា ៤០០គីឡូម៉ែត្រ ហើយ​អ្នកដំណើរ​ត្រូវ​ស្ថិត​នៅ​ក្នុង​គន្លងតារាវិថី​ជុំវិញផែនដី​ជាច្រើន​ថ្ងៃ ឬ​រហូតដល់​រាប់សប្តាហ៍​ក៏មាន។

ចំណែក​ក្រុមហ៊ុន Blue Origin និង Virgin Galactic វិញ​ផ្តោត​ទៅលើ​ទេសចរណ៍​អវកាស​ក្រោមគន្លងតារាវិថី ឬដែល​ហៅ​តាមភាសា​អង់គ្លេស​ថា « Suborbital tourism » ពោលគឺ​យានអវកាស​ដឹកអ្នកទេសចរ​ទៅដល់​រយៈកម្ពស់​មួយ ដែលគេ​ចាត់ទុក​ថា​ជា​អវកាស​ដែរ ក៏ប៉ុន្តែ មិនទៅដល់​រហូត​អាច​ហោះ​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ផែនដីនោះទេ។

ក្រុមហ៊ុន Virgin Galactic ដែលមាន​យានអវកាស​ឈ្មោះ​ថា SpaceShipTwo គ្រោង​ហោះ​ទៅដល់​រយៈកម្ពស់​ប្រមាណ​ជា ៩០គីឡូម៉ែត្រ ចំណែក​ក្រុមហ៊ុន Blue Origin គ្រោង​ហោះ​ទៅដល់​រយៈកម្ពស់​ប្រមាណ​ជា ១០០គីឡូម៉ែត្រ។ ក្នុងករណី​ទាំងពីរ​នេះ អ្នក​ដំណើរ​ស្ថិត​នៅ​ក្នុង​ទីអវកាស និង​ក្នុង​ស្ថានភាព​អណ្តែត​គ្មាន​កម្លាំងទំនាញ តែ​ប៉ុន្មាននាទី​តែ​ប៉ុណ្ណោះ មុននឹង​ត្រូវ​ហោះ​ចុះមកវិញ។

បើមើលពីជ្រុងបច្ចេកវិទ្យា ទេសចរណ៍អវកាស​ក្រោមគន្លងតារាវិថី​នេះ​មិនសូវ​ជា​មាន​ភាព​អស្ចារ្យ​ដូច​ការហោះចេញ​ទៅដល់​គន្លងតារាវិថី​នោះទេ។ ក៏ប៉ុន្តែ បើ​និយាយ​ពី​កិច្ចការជំនួញវិញ វាអាច​ជា​ទីផ្សារ​ដែល​មាន​សក្តានុពល​ ដោយសារ​តែ​សំបុត្រ​មាន​តម្លៃ​ថោកជាង ហើយអតិថិជន​ដែលមាន​លទ្ធភាព​ទិញសំបុត្រ​ក៏មានច្រើនជាង។

ការ​សិក្សា​ទីផ្សារ​​ចេញផ្សាយ កាល​ពីចុងខែមករា​កន្លងទៅនេះ បង្ហាញ​ថា ទីផ្សារ​ទេសចរណ៍អវកាស​ទូទៅ​នៅទូទាំង​ពិភពលោក​ទាំងមូល​នឹង​មាន​កំណើន​ក្នុងចន្លោះ​ពី​ជាង ១៣% ទៅ ជាង ១៥% ហើយ​អាច​នឹង​មាន​ទំហំ​ជាទឹកប្រាក់​រហូតដល់​ទៅ​ប្រមាណជា ១ពាន់៧រយលានដុល្លារ នៅឆ្នាំ២០២៧​ខាងមុខ ដោយ​នៅ​ក្នុង​នោះ​ភាគច្រើន​លើសលុប ពោលគឺ រហូតដល់​ទៅ​១ពាន់៥រយលានដុល្លារ ជាទីផ្សារទេសចរណ៍អវកាស​ក្រោមគន្លងតារាវិថី ឬ « Suborbital toursime »។

គិតរហូតមកទល់នឹង​ពេលនេះ នៅក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង ៣នេះ នៅមិនទាន់​មានក្រុមហ៊ុនណាមួយ​អាច​ចាប់ផ្តើម​ហោះហើរដឹកអ្នកទេសចរ​ទៅកាន់​ទីអវកាស​បាន​នៅឡើយនោះទេ ក៏ប៉ុន្តែ ឆ្នាំ២០២១​នេះ អាច​ជា​ចំណុចរបត់​ដ៏សំខាន់​មួយ នៃ​ការ​បើកសករាជថ្មី​ក្នុង​វិស័យ​នេះ។ ហើយ​ប្រសិនបើ​អ្វីៗ​អាច​ដំណើរការ​ទៅ​ដូចការ​គ្រោងទុក គឺក្រុមហ៊ុន SpaceX ដែល​នឹង​ត្រូវក្លាយ​ជា​អ្នកបើកទំព័រ​ប្រវត្តិសាស្រ្ត​នេះ ជាមួយ​នឹង​បេសកកម្ម ដែលគេ​ឲ្យឈ្មោះ​ថា « Inspiration4 »។

នៅក្នុង​បេសកកម្មនេះ ក្រុមហ៊ុន SpaceX នឹង​ដឹក​មហាសេដ្ឋី​វ័យក្មេង​អាមេរិក​​មួយរូប​ ឈ្មោះ​ Jared Isaacman ព្រមទាំង​អ្នក​ដំណើរ ៣នាក់ផ្សេងទៀត ទៅកាន់គន្លងតារាវិថី​ជុំវិញ​ផែនដី ហើយ​គ្រោង​នឹង​ស្ថិត​នៅ​ក្នុងគន្លង​តារាវិថី​នោះ ក្នុងរយៈពេល​ជាច្រើន​ថ្ងៃ។ បេសកកម្ម​​នេះ​នឹង​ត្រូវ​ធ្វើ ដោយ​ប្រើ​​​​រ៉ុកកែតធុន Falcon9 និង​យាន Crew Dragon ដែល SpaceX ធ្លាប់បានប្រើ ដើម្បី​ដឹកអវកាសយានិក​របស់​ណាសា​ទៅកាន់​ស្ថានីយ៍អវកាសអន្តរជាតិ​ដោយជោគជ័យ​ចំនួន​ពីរលើករួចមកហើយ នាពេល​កន្លងមក។

នៅឆ្នាំ២០២៣ គឺ​យាន​អវកាស​ប្រភេទ​ថ្មី ឈ្មោះ​ថា Starship ដែលក្រុមហ៊ុន SpaceX គ្រោងប្រើ ដើម្បី​ដឹកមហាសេដ្ឋីជប៉ុន គឺលោក យូសាគូ ម៉ាអេហ្សាវ៉ា (Yusaku Maezawa) និង​អ្នកដំណើរ ៨នាក់ផ្សេងទៀត ដែល​លោក​ទើបនឹង​ប្រកាស​ផ្តល់​កៅអី​ឲ្យ កាល​ពីថ្ងៃពុធម្សិលមិញ ដោយដំណើរទេសចរណ៍​ទៅកាន់​ទីអវកាសនោះ នឹងមិនទៅត្រឹម​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ផែនដី​នោះទេ គឺ​នឹង​ធ្វើ​ដំណើរ​រហូតទៅដល់​ព្រះចន្ទ ហោះក្នុងគន្លងតារាវិថី​ជុំវិញព្រះចន្ទ រួចហើយ​ទើប​ត្រឡប់​មក​កាន់​ភពផែនដីវិញ។

មកទល់នឹង​ពេលនេះ យាន Starship ស្ថិតនៅ​ក្នុង​ដំណាក់កាលសាកល្បងនៅឡើយ ដោយការ​សាកល្បង​ទាំង ៣លើក​ចុងក្រោយ​ ចាប់តាំងពីខែធ្នូឆ្នាំ២០២០​មក សុទ្ធតែ​ត្រូវ​បញ្ចប់​ដោ​យ​ការ​ផ្ទុះយាន។ ទោះជាយ៉ាងណា លោក អេឡន មើស្ក៍ បានអះអាង​ កាលពីថ្ងៃ​ពុធម្សិលមិញ​ថា Starship នេះ​នឹង​ត្រូវ​ធ្វើរួចរាល់ ហើយ​មានសុវត្ថិភាព​គ្រប់គ្រាន់ សម្រាប់​បេសកកម្ម​ដឹកអ្នកដំណើរ​ទៅកាន់​អវកាស នៅឆ្នាំ២០២៣។

ចំពោះ​ក្រុមហ៊ុន Virgin Galactic វិញ ដែល​បាន​ហោះ​​​ដឹកអ្នកដំណើរ​​ចំនួន ៥នាក់ ក្នុង​ដំណាក់កាល​សាកល្បង ប្រកបដោយជោគជ័យ​ចំនួន​ពីរលើករួចមកហើយ​នោះ កាលពីដំបូង គ្រោងហោះ​សម្ពោធ​យានអវកាស​របស់ខ្លួន​ជាផ្លូវការ នៅ​ក្នុង​អំឡុង​ដើម​ឆ្នាំ២០២១​នេះ ក៏ប៉ុន្តែ បានប្រកាស​ពន្យារពេល​ទៅធ្វើ​នៅឆ្នាំ២០២២វិញ។ ចំណែក​ក្រុមហ៊ុន Blue Origin ថ្វីដ្បិត​តែ​បាន​ហោះសាកល្បង​រ៉ុកកែត និង​យាន បាន​ជោគជ័យ​ជាច្រើន​លើករួចមកហើយ ក៏ប៉ុន្តែ នៅមិនទាន់​ហោះសាកល្បង​ដឹកអ្នកដំណើរ​នៅឡើយនោះទេ។ ទោះជាយ៉ាងណា គេនាំគ្នា​ដាក់ក្តីរំពឹង​ថា គម្រោង​របស់​ Blue Origin នឹងមាន​ដំណើរការ​ទៅមុខ​លឿន ក្រោយ​ពេល​ដែល​លោក ជែហ្វ បេសូស៍ ប្រកាស​លាឈប់​ពី​តំណែង​អគ្គនាយកក្រុមហ៊ុន Amazon ដើម្បី​យកពេល​ទៅផ្តោត​លើ​កិច្ចការផ្សេង ក្នុងនោះ​ក៏មាន​​ដែរ ការចំណាយពេលច្រើន​ជាងមុន ក្នុងការចាត់ចែងការងារ​របស់ Bleu Origin៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ