អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សតវត្សរ៍ទី២១ជាសតវត្សរ៍អាស៊ី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាពេលបច្ចុប្បន្ន វា​ស្ទើរតែក្លាយជារឿងសាមញ្ញទៅហើយដែល​គេនិយាយពាក្យថា “សតវត្សរ៍ទី២១ជាសតវត្សរ៍អាស៊ី”។ ទោះជាយ៉ាងណា តំបន់អាស៊ីបន្ដប្រឈមឧបសគ្គយ៉ាងច្រើនដែលអាចបង្អាក់ដល់ក្តីស្រមៃមួយនេះ។ ការកើនឡើងអំណាចអាស៊ី ទាំងសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ គឺជារឿងមួយ ក៏ប៉ុន្តែ វឌ្ឍនភាពពិតប្រាកដអាចនឹងកើតមានឡើង ដរាបណាតែពិភពលោកមានកិច្ចសហការជាសកល។

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស​អាស៊ាន-ចិន កាល​ពីពេលកន្លងមក (រូបភាពបណ្ណសារ)
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស​អាស៊ាន-ចិន កាល​ពីពេលកន្លងមក (រូបភាពបណ្ណសារ) AP
ផ្សាយពាណិជ្ជកម្ម

តើអ្វីទៅជា សតវត្សរ៍អាស៊ី?

សតវត្សរ៍អាស៊ី ឬ The Asian Century គឺជាឃ្លាមួយដើម្បីសម្គាល់ដល់ការព្យាករណ៍ពីឥទ្ធិពលគ្រប់ដណ្ដប់នៃអំណាចនយោបាយ និងវប្បធម៌អាស៊ី នៅសតវត្សរ៍ទី២១ ដោយគេសន្មតតាមនិន្នាការប្រជាសាស្ត្រ និងសេដ្ឋកិច្ច នាពេលអនាគត។ គោលគំនិតនេះស្រដៀងទៅនឹងលក្ខណៈនៃសតវត្សរ៍ទី១៨របស់មហាអំណាចចក្រភពបារាំង សតវត្សរ៍ទី១៩របស់មហាអំណាចចក្រភពអង់គ្លេស និងសតវត្សរ៍ទី២០ដែល​ជាសតវត្សរ៍របស់សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា បើមើលតាមប្រវត្តិសាស្រ្ដរាប់ពាន់ឆ្នាំ ពោលគឺតាំងពីឆ្នាំទី១ ដល់​ឆ្នាំ​ទី១៨០០ ​អាស៊ីតែងតែជាតំបន់​នៃ​អំណាចសេដ្ឋកិច្ច និងនយោបាយការទូត ព្រោះថាចិន និងឥណ្ឌាជាប្រទេសដែល​មានទំហំ​សេដ្ឋកិច្ចធំបំផុតតាំងពីដើមរៀងមក លើកលែងតែនៅអំឡុងទសវត្សរ៍ទី១៨ដែល​សេដ្ឋកិច្ចបស្ចិមលោក​កើនឡើងជាងគេក្រោយបដិវត្តន៍ឧស្សាហកម្ម។

ផ្អែកលើរបាយការណ៍ចេញផ្សាយដោយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក ប្រជាជនអាស៊ីចំនួន៣ពាន់លាននាក់អាចបង្កើនកម្រិតជីវភាពរបស់ខ្លួនប្រហាក់ប្រហែលទៅនឹងប្រជាជនអឺរ៉ុប នាពេលបច្ចុប្បន្ន ស្របពេលដែល​តំបន់អាស៊ីអាចនឹងមានទំហំសេដ្ឋកិច្ចជាងពាក់កណ្តាលនៃសេដ្ឋកិច្ចសកល នៅពាក់កណ្តាលសតវត្សរ៍ទី២១។

តើឃ្លា សតវត្សរ៍អាស៊ី មានប្រភពដើមពីណា? នៅឆ្នាំ១៩២៤ លោក Karl Haushofer ឧត្តមសេនីយ៍ សាស្រ្តាចារ្យ ភូមិសាស្ត្រវិទូ និងអ្នកនយោបាយអាឡឺម៉ង់ បានប្រើពាក្យ “យុគសម័យប៉ាស៊ីហ្វិក ឬ Pacific age” ដោយបានមើលឃើញពីការរីកចម្រើនលូតលាស់របស់ប្រទេសជប៉ុន ចិននិងឥណ្ឌា។ គាត់បានប្រមើលឃើញអំពីការកើនឡើងនៃតំបន់ប៉ាស៊ីហ្វិក ក្រោយយុគសម័យរ​អាត្លង់​ទិករបស់អាមេរិក និងយុគសម័យមេឌីទែរ៉ាណេរបស់អឺរ៉ុប។

ជាការពិត ឃ្លា សតវត្សរ៍អាស៊ី ត្រូវបានគេលើកឡើងមកនិយាយ តាំងពីនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៨០។​ វាជាអំឡុងពេលនៃការប្រជុំរវាងមេដឹកនាំសាធារណរដ្ឋប្រជាមានិតចិន លោក Deng Xiaoping និងនាយករដ្ឋមន្រ្តីឥណ្ឌា Rajiv Gandhi។ ក៏ប៉ុន្តែ កាលនោះ លោក Deng Xiaoping បានលើកឡើងថា៖ “ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានគេបាននិយាយថា សតវត្សរ៍បន្ទាប់ជាសតវត្សរ៍អាស៊ី និងប៉ាស៊ីហ្វិក ហើយប្រសិនបើវានឹងកើតឡើងមែន ខ្ញុំមិនយល់ស្របនឹងទស្សនៈនេះទេ។

អាស៊ីបច្ចុប្បន្ន

នៅតំបន់អាស៊ីបច្ចុប្បន្ន កំណើនប្រជាជនត្រូវបានគេរំពឹងថានឹងបន្តកើនឡើងទៀត យ៉ាងហោចណាស់នៅពាក់កណ្ដាលសតវត្សរ៍ទី២១ ទោះបីជាអត្រាកំណើនមានការធ្លាក់ចុះ ចាប់តាំងពីចុងសតវត្សរ៍ទី២០ក៏ដោយ។ បច្ចុប្បន្ន អាស៊ីមានប្រជាជនចំនួន ៤ពាន់លាននាក់។ ប្រជាជនអាស៊ីនឹងអាចមានចំនួនច្រើនជាង ៥ពាន់លាននាក់ នៅឆ្នាំ២០៥០។ ក្នុងពេលជាមួយគ្នា ចំនួនប្រជាជនអាមេរិកខាងជើង និងអឺរ៉ុបប្រៀបធៀបជាមួយប្រជាជនសរុបលើពិភពលោក ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះខ្លាំងទៅថ្ងៃខាងមុខ។

សម្រាប់កំណើនសេដ្ឋកិច្ច អត្រាកំណើនសេដ្ឋកិច្ចរំពឹងទុករបស់ចិន និងប្រទេសជិតខាងអាស៊ីផ្សេងទៀត នឹងបង្កើតលក្ខខណ្ឌសមស្របផ្សេងៗ ដើម្បីអនុញ្ញាតឱ្យ​សេដ្ឋកិច្ចរបស់ខ្លួនកាន់តែខិតជិត តាមទាន់បណ្ដាប្រទេសបស្ចិមលោក។ អំណាចសេដ្ឋកិច្ចជាប្រភពយ៉ាងចម្បងសម្រាប់អំណាចយោធា។ ក្នុងរយៈពេល៣០ឆ្នាំខាងមុខ គេអាចរំពឹងដល់កំណើនប្រាក់ចំណូលរបស់ប្រជាជនអាស៊ីម្នាក់ៗ តួយ៉ាងប្រជាជនចិន ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និងម៉ាឡេស៊ី ដែល​ជាក្រុមប្រទេសមានប្រជាជនច្រើន។ ជាការពិត ទោះជាកម្រិតជីវភាពរបស់ប្រជាជនអាស៊ីមិនអាចតាមទាន់កម្រិតជីវភាពប្រជាជនអឺរ៉ុប ក៏ទំហំសេដ្ឋកិច្ចអាស៊ីត្រូវគេរំពឹងថាអាចតំណាងជាងពាក់កណ្តាលនៃសេដ្ឋកិច្ចសកល។ ជាក់ស្ដែង អំឡុងសង្គ្រាមត្រជាក់ សេដ្ឋកិច្ចអឺរ៉ុប និងអាមេរិកខាងជើងបូកបញ្ចូលគ្នាតំណាងពាក់កណ្ដាលនៃសេដ្ឋកិច្ចសកល នាអំឡុងពេលនោះ។

ក្នុងវិស័យផ្សេងៗ រួមមាន ការកើនឡើងវិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងវប្បធម៌អាស៊ីជាដើម ក៏ត្រូវបានគេសិក្សាថាអាចឥទ្ធិពលយ៉ាងខ្លាំងលើមនុស្សជំនាន់ក្រោយៗរបស់ពិភពលោក។

តើអ្វីអាចជាឧបសគ្គសម្រាប់ការគ្រប់ដណ្ដប់នៃសតវត្សរ៍អាស៊ី?

នាពេលបច្ចុប្បន្ន វា​ស្ទើរតែក្លាយជារឿងសាមញ្ញទៅហើយដែល​គេអាចនិយាយពាក្យថា សតវត្សរ៍ទី២១ជាសតវត្សរ៍អាស៊ី។ ទោះជាយ៉ាងណា អាចមានឧបសគ្គយ៉ាងច្រើនដែលអាចបង្អាក់ដល់ក្តីស្រមៃមួយនេះ។ នៅទូទាំងទ្វីបអាស៊ី ចំណុចខ្សោយចម្បងៗអាចរៀបរាប់ដូចខាងក្រោម៖

ប្រជាជនអាស៊ីអាចចាស់ ពីមុនពេលដែល​ពួកគេក្លាយជាអ្នកមាន។ ក្នុងពេលជាមួយគ្នា តួនាទីស្ដ្រីមានកម្រិតអន់ទាបខ្លាំង។ ផលប៉ះពាល់ផ្ទាល់ពីបញ្ហាប្រជាជនវ័យចំណាស់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច អាចពាក់ព័ន្ធទៅនឹង ការធ្លាក់ចុះកម្លាំងពលកម្ម ការផ្លាស់ប្តូររបៀបប្រើប្រាស់ ការបង្កើនចំណាយលើហិរញ្ញវត្ថុសាធារណៈ និងការចំណាយលើការថែទាំសុខភាព ជាដើម។ ការបន្ដកើនឡើងវិសមភាពសង្គមក្នុងបណ្ដាប្រទេសអាស៊ី ក៏ជាបញ្ហាផងដែរ ព្រោះថា ទ្រព្យសម្បត្តិ និងឱកាសនឹងធ្លាក់ទៅលើដៃក្រុមអ្នកមាន។ វិសមភាពសង្គមអាចបង្កអស្ថិរភាពដល់​សង្គម នយោបាយ និងគោលការណ៍ប្រជាធិបតេយ្យ។

បណ្តាប្រទេសអាស៊ីជាច្រើនផ្សេងទៀត មានបញ្ហាច្រើនក្នុងការបង្កើនទុនវិនិយោគលើការអភវិឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងគោលនយោបាយផ្សេងៗ ដែលជា​កត្តាចម្បងជំរុញឱ្យ​ប្រទេសមានចំណូលខ្ពស់។ បញ្ហាប្រឈមផ្សេងទៀត រួមបញ្ចូល ការប្រកួតប្រជែងកាន់តែខ្លាំងក្នុងតំបន់សម្រាប់ធនធានធម្មជាតិមានកំណត់ ដូចជា ដីធ្លី ទឹក ប្រេងឥន្ធនៈ ឬស្បៀងអាហារ។ កំដៅផែនដី និងការប្រែប្រួលអាកាសធាតុក៏អាចគំរាមកំហែងដល់ផលិតកម្មកសិកម្ម ប្រជាជននៅតាមតំបន់ឆ្នេរ និងតំបន់ទីក្រុងសំខាន់ៗជាច្រើនផងដែរ។ បញ្ហាអំពើពុករលួយក៏កំពុងស៊ីរូងផ្ទៃក្នុងនៃរដ្ឋាភិបាលអាស៊ីជាច្រើន។

លើសពីនេះ គេក៏មិនត្រូវបំភ្លេចទេពីការប្រជែងឥទ្ធិពលភូមិសាស្រ្ដនយោបាយគ្នានៃបណ្ដាប្រទេសអាស៊ី តួយ៉ាង រវាងឥណ្ឌា និងចិន ឬពាក់ព័ន្ធនឹងសំណុំរឿងសមុទ្រចិនខាងត្បូងរវាងចិន និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ