អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្នុងសំណុំរឿង​អ៊ុយហ្គួរ​ តើ​ម៉ាក​សំលៀកបំពាក់ ត្រូវ​ជ្រើស​យក​ជំនួញ ឬ​សិទ្ធិមនុស្ស?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សំណុំរឿងជនជាតិអ៊ុយហ្គួរក្នុងខេត្តស៊ីនជាំង កំពុងតែធ្វើឲ្យ​ក្រុមហ៊ុនម៉ាកសំលៀកបំពាក់ធំៗមួយចំនួន ស្ថិតនៅ​ក្នុង​ការលំបាក។  អ្នកទិញ និង​អង្គការសិទ្ធិមនុស្ស​នៅអឺរ៉ុប បានរន្ធាន់ឲ្យ​ក្រុមហ៊ុនទាំងនេះ ឈប់​ប្រើប្រាស់វត្ថុធាតុដើម​ កប្បាសដែល​បានមកពី​អំពើ​ជិះជាន់កម្លាំងពលកម្ម​លើ​ប្រជាជនអ៊ុយហ្គួរ។ ទន្ទឹមនឹងនេះ នៅតាមបណ្តាញសង្គម​ក្នុងប្រទេសចិនឯណោះវិញ ប្រជាជនចិន​​បានអំពាវនាវឲ្យ​ធ្វើពហិកា ឈប់ទិញផលិត​ផលសំលៀកបំពាក់ម៉ាកអឺរ៉ុបណា​ ដែល​ហ៊ានចេញមុខនិយាយ ចោទថាចិនរំលោភសិទ្ធិមនុស្សនៅខេត្តស៊ីនជាំង។ ទោះយ៉ាងណា ចិនគឺជាទីផ្សារដ៏ធំ ដែលក្រុមហ៊ុនទាំងអស់នេះ មិន​អាចបោះបង់បានទេ។ រវាងការធ្វើជំនួញ និង​ ការការពារសិទ្ធិមនុស្ស តើ​ក្រុមហ៊ុន​ម៉ាកសំលៀកបំពាក់ទាំងអស់​នេះ ត្រូវជ្រើសរើសយកមួយណា?​

បុគ្គលិក កំពុងរុញ​ជញ្ជូន​ឡាំងសំលៀក​បំពាក់ នៅខាងមុខហាងខោអាវ H&M នៅក្រុងប៉េកាំង ថ្ងៃទី ២៦ មីនា ២០២១
បុគ្គលិក កំពុងរុញ​ជញ្ជូន​ឡាំងសំលៀក​បំពាក់ នៅខាងមុខហាងខោអាវ H&M នៅក្រុងប៉េកាំង ថ្ងៃទី ២៦ មីនា ២០២១ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

សង្រ្គាម​បានផ្ទុះហើយ រវាងរដ្ឋាភិបាលចិន ជាមួយ​នឹងក្រុមហ៊ុនផលិតសំលៀកបំពាក់ម៉ាកល្បីៗ ដូចជា H&M Nike Adidas Zara និង Uniqlo ជាដើម។ ដើមហេតុគឺដោយសារគោលជំហរ របស់​ក្រុមហ៊ុនទាំងនេះ ធ្លាប់​បាន​បង្ហាញជំហរ រិះគន់​រដ្ឋាភិបាលចិន ឬក៏បាន​បង្ហាញការព្រួយ​បារម្ភ ទាក់ទិននឹងការរំលោភសិទ្ធិមនុស្សនៅខេត្តស៊ីនជាំង។

២០% នៃផលិតផលកប្បាសទូទាំងពិភពលោក គឺមាន​ប្រភពនៅចិន។ ហើយ​ខេត្តស៊ីនជាំង គឺជាទីជង្រុកដាំកប្បាស ដ៏សំខាន់បំផុតរបស់ចិន។ ផ្អែកតាម​ប្រភព​អង្គការសិទ្ធិមនុស្ស​មួយចំនួន បាន​ឲ្យដឹងថា ប្រជាជនអ៊ុយហ្គួរខេត្តស៊ីនជាំង ត្រូវបាន​ក្រុមហ៊ុនចិន ប្រើជាទាសករ ជិះជាន់កម្លាំងពលកម្ម តាមចំការកប្បាស។ ដោយ​ទទួលរងសំពាធពីមតិសាធារណៈនៅអឺរ៉ុប ក្រុមហ៊ុន​ផលិតសំលៀក​បំពាក់ខ្លះ បាន​ប្រកាសថាគេអាចនឹងឈប់ទិញកប្បាស ដែលដាំនៅខេត្តស៊ីនជាំង។

តែយ៉ាងណា ការចោទនេះ ក៏ដូចជាការចោទផ្សេងៗទៀត ថាអាជ្ញាធរចិនចាប់បង្ឃាំងប្រជាជនអ៊ុយហ្គួរជាង១លាននាក់ ដាក់ក្នុងមណ្ឌលកែប្រែលាងខួរក្បាល គឺសុទ្ធតែត្រូវបាន​រដ្ឋាភិបាលចិន បដិសេធទាំងអស់។ កំហឹងរបស់រដ្ឋាភិបាលចិន កាន់តែឆេះក្តៅ នៅពេល​សហភាពអឺរ៉ុប អង់គ្លេស សហរដ្ឋអាេមរិក និងកាណាដា បានចេញវិធានការទណ្ឌកម្មហិរញ្ញវត្ថុ ទៅលើមន្ត្រីចិនមួយចំនួន។

ក្រុមហ៊ុនម៉ាកសំលៀកបំពាក់ នៅតាមប្រទេសលោកខាងលិច​ បានក្លាយ​ជា​កម្មវត្ថុនៃការ​ជេរ​ប្រមាថស្អប់ខ្ពើម នៅតាម​បណ្តាញសង្គមក្នុងប្រទេសចិន។ សម្ព័ន្ធយុវជនកុម្មុយនីស្តចិន ដែលជា​ឧបករណ៍​ឃោសនាដ៏សំខាន់ របស់បក្សកុម្មុយនីស្តិប៉េកាំង បាន​ប្រើប្រាស់​បណ្តាញ​សង្គម ប្រកូកប្រកាស ឲ្យ​ប្រជាជនចិន​នាំគ្នា​ធ្វើពហិការ ឈប់ទិញផលិត​ផល​ម៉ាកទាំងឡាយណា ដែល​ចោទចិន ថារំលោភសិទ្ធិមនុស្ស​នៅខេត្តស៊ីនជាំង។

លោក Eric Briones ស្ថាបនិក Paris School of Luxury បាន​លើកឡើងថា នៅលើកនេះចិនបានរួមដៃគ្នាខ្លាំងណាស់ ទាំងអ្នក​ទិញធម្មតា ទាំង​គេហទំព័រលក់​ផលិត​ផល​អនឡាញ និង​តារាអនឡាញដែល​រកស៊ី​ឃោសនាផលិតផល។ លោកអះអាងថា  កាលៈទេសៈនេះវាលំបាកណាស់ សម្រាប់​ក្រុមហ៊ុន​ម៉ាកសំលៀក​បំពាក់ទាំងនេះ។ បើម៉ាកនោះមិនខ្វល់ពី​បញ្ហាសិទ្ធិមនុស្ស ហើយរាថយ​នឹងការដាក់សំពាធរបស់ចិន នោះនឹងរកការរិះគន់ ពីសំណាក់​មតិសាធារណៈនៅតាមប្រទេសផ្សេង។ ប៉ុន្តែបើ​ហ៊ានខ្លាំងជាមួយ​ចិន គឺក្រុមហ៊ុនទាំងនេះ អាចប្រឈមនឹងការបាត់បង់ទីផ្សារនៅចិន។

សំណួរសួរថា តើ​ក្រុមហ៊ុនទាំងនេះ ត្រូវការចិន ឬក៏ចិន ត្រូវការក្រុមហ៊ុនទាំងនេះ? តើអ្នកណាខាតជាងអ្នកណា? ដាក់សំពាធ ឬបិទទីផ្សារ​ក្រុមហ៊ុនបរទេស អាចធ្វើ​ឲ្យចិនខាតបង់ក្នុងការនាំចេញកប្បាស ហើយ​ក៏អាចខាតបង់ផងដែរ ដល់សង្វាក់ផលិតកម្ម​ដេរសំលៀក​បំពាក់ របស់​ម៉ាកទាំងនោះ ដែលមានរោងចក្រនៅក្នុងប្រទេសចិន។

ក៏ប៉ុន្តែទន្ទឹមនឹងនេះ អ្នកជំនាញលើកឡើងថា​ ក្រុមហ៊ុន​ផលិត​សំលៀក​បំពាក់ធំៗទាំងនេះ ក៏ត្រូវការទីផ្សារចិន ខ្លាំងណាស់ដែរ។ ជាក់ស្តែង ក្រុមហ៊ុន Nike ដែលប្រាក់ចំណូល​ក្នុងប្រទេសចិន បាន​កើនឡើងដល់ទៅ​៥១% នៅក្នុងត្រីមាសចុងក្រោយ ខណៈដែល​ប្រាក់ចំណូលក្នុងពិភពលោក​វិញ បានកើនត្រឹម​តែ​៣%។ សម្ភារៈ និងសំលៀកបំពាក់កីឡា មាន​ការពេញនិយមបំផុតនៅប្រទេសចិន។ ក្រុមហ៊ុនដូចជា Nike និង Adidas មានហាងរាប់ពាន់ នៅប្រទេសចិន។ ក្នុងមួយឆ្នាំ​ៗ គ្រាន់តែប្រាក់ចំណូល​បាន​មក​ពី​ការលក់នៅក្នុងប្រទេសចិន ម៉ាកាវ និងហុងកុង​ គឺមាន​ទំហំស្មើនឹង​​​១៨% នៃទំហំចំណូលរួមទូទាំងពិភពលោក របស់​ក្រុមហ៊ុនទាំង២នេះ។

ចំណែក​សំលៀកបំពាក់ធម្មតាវិញ ម៉ាកស៊ុយអ៊ែត H&M មានហាងនៅក្នុងប្រទេសចិនចំនួន​ជាង​៥០០ហាង ហើយ​នៅ​ត្រីមាសចុងក្រោយ ក្នុងឆ្នាំ​២០២១ ក្រុមហ៊ុន​H&M រកប្រាក់ចំណូល​បាន​ប្រមាណ​២៨០លានអឺរ៉ូ នៅក្នុង​ប្រទេសចិន។ ចំណែក​ក្រុមហ៊ុន​អេស្ប៉ាញ Inditex ដែលជាម្ចាស់​ម៉ាកខោអាវដូចជា Zara គឺមាន​ហាង​ជាង​៣៣០ហាងនៅចិន។ ដូច្នេះទំហំខាតបង់គឺធំមហិមា បើសិនជាក្រុមហ៊ុនទាំងនេះ ហ៊ានប្រកាន់ជំហររិះគន់ចិនរឿងបញ្ហាសិទ្ធិមនុស្ស។

លោកស្រី Nayla Ajaltouni អ្នកសម្របសម្រួលនៅ​អង្គការ​ Ethique sur l’étiquette បានលើកឡើងថា ចិនកំពុង​តែ​បំភ័យ សំឡុតក្រុមហ៊ុន​ផលិត​សំលៀកបំពាក់ ហើយ​ចង់ដឹងថាតើក្រុមហ៊ុនទាំងអស់នេះ ក្លាហានកំរិតណា។​ តែយ៉ាងណា អង្គការសម្ព័ន្ធអន្តរជាតិ End Forced Labour in the Uyghur Region ដែលប្រមូល​ផ្តុំសហជីព និងអង្គារ​១៨០ស្ថានប័ន បាន​អំពាវនាវ ឲ្យ​ក្រុមហ៊ុន​ផលិតសំលៀកបំពាក់ ត្រូវការពារ​គោលការណ៍របស់ខ្លួន ដែលការពារតម្លៃនៃសិទ្ធិមនុស្ស​ មិនត្រូវចុះញ៉មនឹងបក្សកុម្មុយនីស្តចិនឡើយ។ យោងតាមអង្គការនេះ ក្រុមហ៊ុនខ្លះដូចជា Inditex បានចាប់ផ្តើមភ័យខ្លួន បន្ទាប់ពី​ចិន​អំពាវនាវឲ្យធ្វើ​ពហិកា។

តែម៉ាកខ្លះទៀតបានសំងំនៅស្ងៀមសិន រងចាំមើលក្រែងព្យុះនេះស្ងប់ទៅវិញ​។ ដោយឡែក ម៉ាកខោអាវអ៊ីតាលីឈ្មោះ OVS បាន​ប្រកាសយ៉ាងច្បាស់ ថាគេឈប់ទិញកប្បាស ​ផលិតនៅខេត្តស៊ីនជាំងទៀតហើយ និងបាន​អំពាវនាវ ឲ្យ​ម៉ាកផ្សេងៗទៀត ត្រូវ​ប្រមូលសេចក្តីក្លាហានការពារសិទ្ធិមនុស្ស កុំរាថយនឹងចិន។

គួរកត់សំគាល់ថា ថ្វីបើ​ចិនបានពន្យុះបំផុសបំផុល ឲ្យ​មានការធ្វើពហិកា ប្រឆាំងនឹងម៉ាកខោអាវមួយចំនួនមែន តែសម្រាប់ពេលនេះ គឺវាប៉ះពាល់តែទៅលើ ការលក់អនឡាញប៉ុណ្ណោះ។ ហាងសំលៀកបំពាក់ម៉ាកបរទេសទាំងនោះ នៅតាមទីក្រុងនានាក្នុងប្រទេសចិន មិនត្រូវបានគេបិទឡើយ។ មួយវិញទៀត លោក Eric Briones បានលើកឡើងថា គឺមានតែម៉ាក​សំលៀកបំពាក់កីឡា និងម៉ាកសំលៀកបំពាក់ធន់ថោក ប្រភេទ +fast fashion+​ ពាក់ម្តង២ដងហើយ​បោះចោល ប៉ុណ្ណោះ ដែលប្រឈមនឹង​សំពាធនេះ​។

លោក​ពន្យល់ថា តាមពិត វាក៏ជាយុទ្ធសាស្ត្ររបស់ចិនដែរ ព្រោះថា ផលិតផល​សំលៀកបំពាក់ធនថោកៗ​ គឺចិនមានក្រុមហ៊ុននិងម៉ាកខ្លួនឯងយ៉ាងស្អេកស្កះ ដើម្បីឆ្លៀតដណ្តើមទីផ្សារ។ ជាក់ស្តែង ម៉ាកខោអាវចិន Anta និង Li Ning បានកើនតម្លៃភាគហ៊ុនយ៉ាងខ្លាំង ប្រមាណមួយខែចុងក្រោយនេះ ដោយសារតែស្ថានការណ៍នេះ។ ចំណែកម៉ាកប្រណិតថ្លៃៗ របស់បរទេស គឺមិនមាន​បញ្ហាប្រឈមទេ​ ព្រោះថាទីផ្សារចិន មិនអាចមានអ្វីមកជំនួសបានឡើយ ហើយ​ប្រជាជនចិន ក៏នៅតែដណ្តើមគ្នាទិញ​ម៉ាកប្រណិតថ្លៃៗ របស់បរទេសដដែលទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ