អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អារ៉ាប៊ីសាអូឌីតចង់ដាំដើមឈើចំនួន ១០ ០០០លានដើមដើម្បីចូលរួមប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សៅរ៍ ទី២៧ មីនា ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​បង្ហាញ​ចេញ​នូវ​មហា​គម្រោង​បៃតង​មួយ​ដើម្បី​បរិស្ថាន។ មហា​គម្រោង​បៃតង​នេះ​មាន​គោលដៅ​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ និង​កាត់បន្ថយ​ឧស្ម័ន​កាបោន។ ដើម្បី​អាច​ឈាន​ទៅ​ដល់​គោលដៅ​មួយ​នេះ​បាន ប្រទេស​ជង្រុកប្រេង​មួយ​ដ៏​សំខាន់​នៅ​មជ្ឈិមបូព៌ា​គ្រោង​ឈាន​ទៅ​បង្កើន​ការ​ប្រើ​ថាមពល​កកើត​ឡើង​វិញ និង​ការ​ដាំ​ដើមឈើ​ឲ្យ​បាន ១០ ០០០លានដើម​ដោយ​រួម​សហការ​ជាមួយ​បណ្តា​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត។ ហេតុអ្វី​បាន​ជា​អារ៉ាប៊ីសាអូឌីត​មាន​មហិច្ឆិតា​បរិស្ថាន​ធំធេង​ដល់​ម្លឹង និង​ថា តើ​ប្រទេស​ជង្រុកប្រេង​ដ៏​សំខាន់​នៅ​មជ្ឈិមបូព៌ា​មួយ​នេះ​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​បាន​ដែរ ឬ​ទេ?

អារ៉ាប៊ីសាអូឌីតចង់ដាំដើមឈើចំនួន ១០ ០០០លានដើមដើម្បីចូលរួមប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ
អារ៉ាប៊ីសាអូឌីតចង់ដាំដើមឈើចំនួន ១០ ០០០លានដើមដើម្បីចូលរួមប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ AFP - FRANCK FIFE
ផ្សាយពាណិជ្ជកម្ម

« គំនិត​ផ្តួចផ្តើម​អារ៉ាប៊ីសាអូឌីត​បៃតង » នេះ​ជា​ឈ្មោះ​របស់​មហា​គម្រោង​បរិស្ថាន​ដែល​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​ម៉ូហាម៉េដ បេន សាលម៉ាន​បាន​លាតត្រដាង​ដើម្បី​ឧទ្ទិស​ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ។ ព្រះអង្គម្ចាស់​បេន សាលម៉ាន​បាន​កំណត់​យក​ទិសដៅ ឬ​ផែនទីចង្អុលផ្លូវ​ចំនួន​ពីរ​ដែល​ត្រូវ​អនុវត្ត​នៅ​ក្នុង​មហា​គម្រោង​បរិស្ថាន​របស់​ព្រះអង្គ ទី១ កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ទៅ​ក្នុង​បរិយាកាស​តាម​រយៈ​ការ​បង្កើន​ចំណែក​ថាមពល​កកើត​ឡើង​វិញ​ឲ្យ​បាន ៥០% ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០ សម្រាប់​តម្រូវការ​ថាមពល។ នៅ​ក្នុង​ន័យ​នេះ ព្រះអង្គម្ចាស់​បេន សាលម៉ាន​ចង់​សំដៅ​កាត់​បន្ថយ​ថាមពល​ដែល​បាន​មក​ពី​ការ​ប្រើ​ប្រេង​ដែល​ជា​ប្រភព​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក។

នេះ​ជា​ទិសដៅ ឬ​ផែនទីចង្អុលផ្លូវ​ទី១ នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ។ ចំណែក​ទិសដៅ ឬ​ផែនទីចង្អុលផ្លូវ​ទី២ ដែល​ព្រះអង្គម្ចាស់​បេន សាលម៉ាន​ចង់​បាន គឺ​ដាំ​ដើមឈើ​ឲ្យ​បាន ១០ ០០០លានដើម​នៅ​លើ​ទឹកដី​អារ៉ាប៊ីសាអូឌីត​ក្នុង​រយៈពេល ១០ឆ្នាំ​ខាង​មុខ។ បន្ទាប់​មក និង​នៅ​ក្នុង​គម្រោង​ដាំ​ដើមឈើ​នេះ​ដដែល រាជទាយាទ​បេន សាលម៉ាន​ក៏​បាន​លើក​ឡើង​ពី​គម្រោង​ដាំ​ដើមឈើ​បន្ថែម​ចំនួន ៤០ ០០០លាន​ដើម​នៅ​ក្នុង​ក្របខណ្ឌ​នៃ « គំនិត​ផ្តួចផ្តើម​មជ្ឈិមបូព៌ា​បៃតង » ដោយ​រួម​សហការ​ជាមួយ​ក្រុម​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត។

មែនទែន​ទៅ ទិសដៅ ឬ​ផែនទីចង្អុលផ្លូវ​ទាំង​ពីរ​ដែល​ព្រះអង្គម្ចាស់​បេន សាលម៉ាន​បាន​កំណត់​យក​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ​ពេល​នេះ​ក៏​មិន​ខុស​គ្នា​នឹង​ប្រទេស​មួយ​ចំនួន​ដែរ។ តែ​មាន​ចម្ងល់ និង​សំណួរ​មួយ​ចំនួន​បាន​ចោទ​ឡើង​ពាក់ព័ន្ធ​នឹង​មហិច្ឆតា​បរិស្ថាន​របស់​រាជទាយាទ​បេន សាលម៉ាន។ ព្រះអង្គម្ចាស់​ចង់​ដាំ​ឲ្យ​បាន​ដល់​ទៅ ១០ ០០០លានដើម​នៅ​ក្នុង​រយៈពេល ១០ឆ្នាំ​ខាង​មុខ។ តែ​ព្រះអង្គម្ចាស់​មិន​បាន​បញ្ជាក់​ទេ​ថា តើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​អាច​ដាំ​ដើមឈើ​យ៉ាង​ច្រើន​សម្បើម និង​ថែ​រក្សា​វា​ឲ្យ​ធំ​លូតលាស់​នៅ​លើ​វាលខ្សាច់​ដ៏​ធំ​ល្វឹងល្វើយ​ដែល​ប្រភព​ទឹក​មាន​កំណត់។

ចូរ​កុំ​ភ្លេច​ថា​ក្នុង​នាម​ជា​ប្រទេស​ជម្រុកប្រេង​មួយ​ដ៏​សំខាន់​លើ​លោក និយាយ​ជា​រួម និង​នៅ​មជ្ឈិមបូព៌ា និយាយ​ដោយឡែក អារ៉ាប៊ីសាអូឌីត​មិន​ខ្វះ​ប្រភព​ប្រេង​ទេ តែ​ប្រភព​ទឹកមាន​កំណត់។ ម្យ៉ាង​ទៀត អារ៉ាប៊ីសាអូឌីត​ជា​ប្រទេស​មួយ​ដែល​បាន​ប្រើ​ទឹក​ច្រើន​ជាង​គេ​ក្នុង​លោក និង​ជា​ប្រទេស​ដែល​រស់​ក្នុង​ស្ថានភាព​ស្ត្រេស​ជា​ប្រចាំ​ដោយ​ការ​ខ្វះ​ទឹក។ អ៊ីចឹង​ហើយ​បាន​ជា​មាន​សំណួរ​ចោទ​ឡើង​ថា បើ​រក​តែ​ទឹក​ប្រើប្រាស់​មិន​ចង់​គ្រប់​ផង តើ​មាន​ទឹក​ពី​ណា​ដើម្បី​ទៅ​ស្រោច​ដើមឈើ​រហូត​ដល់​ទៅ ១០ ០០០លានដើម?។ « រាជាណាចក្រ តំបន់ និង​ពិភពលោក​ទាំង​មូល​ត្រូវ​ដើរ​ទៅ​មុខ​ឲ្យ​បាន​ឆ្ងាយ និង​ឲ្យ​បាន​លឿន​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ » នេះ​ជា​បន្ទូល​របស់​ព្រះអង្គម្ចាស់​បេន សាលម៉ាន។

បន្ទូល​យ៉ាង​ដូចនេះ​របស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​ពិត​ជា​ត្រឹមត្រូវ ព្រោះ​អាកាសធាតុ និង​បរិស្ថាន​ជា​បញ្ហា​រួម​របស់​មនុស្ស​ជាតិ។ តែ​អ្នក​ស្រាវជ្រាវ​លោក​ដាវីដ រីហ៊្គូឡេ រ៉ូ​បាន​មើល​ឃើញ​ពី​ភាព​ខុស​គ្នា​រវាង​អ្វី​ដែល​ព្រះអង្គម្ចាស់​បេន សាលម៉ាន​ប្រកាស និង​ការ​ពិត។ លោក​ដាវីដ​មិន​បដិសេធ​ទាំង​ស្រុង​លើ​ឆន្ទៈ​របស់​ព្រះអង្គម្ចាស់​បេន សាលម៉ាន​ដែល​ចង់​គិតគូរ​ពី​រឿង​អាកាសធាតុ​ទេ។ តែ​លោក​បាន​សំឡឹង​ឃើញ​ថា អ្វី​ដែល​ព្រះអង្គម្ចាស់​បេន សាលម៉ាន​ប្រកាស​គ្រាន់​ជា​រូបភាព​ខាង​ក្រៅ​ឲ្យ​ល្អ​ដើម្បី​ចង់​បង្ហាញ​ប្រាប់​ពិភពលោក​ថា អារ៉ាប៊ីសាអូឌីត​មិនមែន​ជា​សិស្សអាក្រក់​ក្នុង​រឿង​អាកាសធាតុ​នោះ​ទេ។

នៅ​ត្រង់​ចំណុច​នេះ លោក​ដាវីដ​បាន​រម្លឹក​ឡើង​វិញ​ពី​សន្និសីទអន្តរជាតិ​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​ក្នុង​ឆ្នាំ ២០១៥ ដែល​កាល​ណោះ ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​បន្ទច់បង្អាក់​ដើម្បី​ឱ្យ​មាន​ការ​កម្រិត​នៃ​កំណើន​សីតុណ្ហភាព​ក្នុង​ភព​ផែនដី ១,៥អង្សារ។ ដូច្នេះ​សម្រាប់​លោក​ដាវីដ វា​មាន​ភាព​មិន​ច្បាស់លាស់​រវាង​ទ្រឹស្តី និង​ការ​អនុវត្តន៍​ជាក់ស្តែង​របស់​ថ្នាក់ដឹកនាំ​អារ៉ាប៊ីសាអូឌីត។ គួរ​បញ្ជាក់​ថា មហា​គម្រោង​បរិស្ថាន​ដែល​ឧទ្ទិស​ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ​របស់​ ព្រះអង្គម្ចាស់​បេន សាលម៉ាន​ពេល​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​ឆ្នាំ ២០៣០ របស់​ព្រះអង្គ។

ចក្ខុវិស័យ​ឆ្នាំ ២០៣០ នេះ​ជា​មហា​គម្រោង​កំណែទម្រង់​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម។ កម្មវត្ថុ​នៃ​ចក្ខុវិស័យ​ឆ្នាំ ២០៣០ គឺ​បំបែក​ផ្លូវ​រកស៊ី​ដើម្បី​ទទួល​បាន​ចំណូល​ពី​ប្រភព​ផ្សេង ព្រោះ​មក​ទល់​ពេល​នេះ អារ៉ាប៊ីសាអូឌីត​ពឹង​ខ្លាំង​លើ​ចំណូល​តែ​មួយ​ដែល​បាន​មក​ពី​ការ​លក់​ប្រេង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ