អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាជ្ញាធរ​អាមេរិក​ស្នើ​ឲ្យ​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​ Johnson&Johnson ដោយ​បារម្ភ​ពី​បញ្ហា​កំណក​ឈាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាជ្ញាធរ​សុខាភិបាល​អាមេរិក​បាន​ណែនាំ​ឲ្យ​ផ្អាក​ការ​ប្រើប្រាស់​វ៉ាក់សាំង​ Johnson & Johnson​ ដែលជា​វ៉ាក់សាំង​ចាក់​តែ​មួយដូស​។ សេចក្តីប្រកាសនេះ ធ្លាក់មក​ក្រោយ​មាន​សេចក្តី​រាយការណ៍​ថា​ វ៉ាក់សាំង Johnson & Johnson មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​កំណក​ឈាម​ដ៏កម្រ ដូច​វ៉ាក់សាំង​របស់​អង់គ្លេស​ AstraZeneca ដែរ​។ បញ្ហា​កំណក​ឈាម​គឺជា​ករណី​កម្រ​ខ្លាំង​ទេ​ ចុះ​ហេតុអ្វី​អាជ្ញាធរ​សុខាភិបាល​អាមេរិក​ប្រកាស​ឲ្យ​ផ្អាក​ការ​ចាក់​វ៉ាក់​សាំង​ Johnson & Johnson​? តើ​មន្ទីរ​ពិសោធន៍​ Johnson & Johnson​ និយាយ​អ្វីខ្លះ​ជុំវិញ​បញ្ហានេះ​?

វ៉ាក់សាំងបង្ការកូវីដ Johnson&Johnson ដែលជាវ៉ាក់សាំងចាក់តែមួយដូស។
វ៉ាក់សាំងបង្ការកូវីដ Johnson&Johnson ដែលជាវ៉ាក់សាំងចាក់តែមួយដូស។ REUTERS - Dado Ruvic
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ អាជ្ញាធរ​សុខាភិបាល​អាមេរិក​បាន​និយាយថា​ ពួកគេ​កំពុង​ធ្វើការ​ស៊ើបអង្កេតអំពី​បញ្ហា​កំណក​ឈាមចំនួន​​ ៦ ករណី​ដែលបាន​កើតឡើង​លើ​ស្ត្រី​ដែល​មាន​អាយុ​ចន្លោះពី​ ១៨ ទៅ ៤៨ ឆ្នាំ​ ហើយ​រោគ​សញ្ញា​បាន​លេចចេញ​ក្នុងរយៈពេល​ពី​ ៦ ទៅ ១៣​ ថ្ងៃ​បន្ទាប់ពី​ទទួល​បាន​ការចាក់វ៉ាក់សាំង​រួច​។

ភាគច្រើន​នៃ​អ្នក​ទទួល​ថ្នាំ​បង្ការ​កូវីដ​របស់​មន្ទីរពិសោធន៍​ Johnson & Johnson មិនមាន​រង​ផល​ប៉ះពាល់​រំខានអ្វីឡើយ​ ឬ​មាន​ផល​ប៉ះពាល់ខ្លះដែរតែក្នុងកម្រិតមួយស្រាល​។ ចំណែក​ជំងឺ​កំណក​ឈាម​ ៦ ករណី​ ដែល​ត្រូវបានរកឃើញ​ក្នុង​ចំណោម​អ្នក​ចាក់វ៉ាក់សាំង​សរុប​ទាំងអស់​ប្រមាណ ៦ លាន ៨​សែន​នាក់​នៅក្នុង​សហរដ្ឋ​អាមេរិក​គឺជា​ករណី​កម្របំផុត​។ ក្នុង​ចំណោម ៦ករណី​មាន​ម្នាក់​ស្លាប់​ ហើយ​អ្នក​ជំងឺម្នាក់ទៀត​ស្ថិត​ក្នុង​ស្ថានភាពធ្ងន់ធ្ងរ​។

តែទោះ​បី​វា​ជា​ករណី​កម្រខ្លាំងក្តី​ អាជ្ញាធរ​សុខាភិបាល​អាមេរិក កំពុង​ដាក់​ការប្រុងប្រយ័ត្ន​ខ្ពស់ចំពោះរឿងនេះ​ និង​បាន​ណែនាំ​ឲ្យផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង Johnson & Johnson នេះជាបណ្តោះអាសន្ន​។ ការ​ណែនាំ​របស់​អាជ្ញាធរ​អាមេរិក​ខាងលើ​ ធ្វើឡើង​ក្រោយ​ករណី​កំណក​ឈាមកម្រ​ស្រដៀងគ្នានេះ​ កើតឡើងដែរ​ចំពោះ​វ៉ាក់សាំង​អង់គ្លេស​ AstraZeneca រហូត​ជំរុញ​ឲ្យ​ប្រទេស​​ខ្លះសម្រេច​ផ្អាក​ចាក់​វ៉ាក់សាំងនេះឲ្យ​ប្រជាជនខ្លួនទៀតផង​។

មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការជំងឺ​ ព្រមទាំង​ទីភ្នាក់ងារ​ឱសថ​អាមេរិក​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដោយ​បញ្ជាក់ថា​បញ្ហា​ឈាមកក​គឺជា​ជំងឺ​ឈាមកក​នៅ​ក្នុង​សរសៃ​វែន​ ហើយ​ជំងឺ​កំណកឈាម​ប្រភេទនេះ​ត្រូវការ​ការព្យាបាល​ខុសពីធម្មតា​។

មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការជំងឺ​របស់​អាមេរិក​ នឹង​កោះប្រជុំ​គណៈកម្មាធិការ​ប្រឹក្សា​ស្តីពី​ការ​អនុវត្តការចាក់ថ្នាំបង្ការ​ (ACIP) នៅថ្ងៃពុធ​ ១៤ មេសា​នេះ ដើម្បី​ពិនិត្យ​មើល​ករណី​កំណក​ឈាម​កើតឡើងថ្មីៗនេះ​បន្ថែមទៀត ​និង​វាយតម្លៃ​ពី​សក្តានុពល​របស់​វា​។ ចំណែក​ទី​ភ្នាក់​ងារ​ឱសថអាមេរិក​វិញថា​នឹងវិភាគលើ​បញ្ហា​ ហើយក៏​ស៊ើប​អង្កេត​លើ​ករណី​ទាំងនេះ​ផងដែរ​។

​អាជ្ញាធរ​សុខាភិបាល​អាមេរិក​ បានស្នើឲ្យ​ផ្អាក​ការ​ប្រើប្រាស់​វ៉ាក់សាំង​ Johnson & Johnson​ រហូតដល់​ដំណើរ​ការស៊ើបអង្កេតត្រូវបិទបញ្ចប់​។ ការ​ប្រកាស​ឲ្យផ្អាក​ចាំបាច់ត្រូវធ្វើឡើង​ដោយសារ​ បញ្ហា​កំណកឈាមនេះ​ មិន​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​នៃ​ផល​ប៉ះពាល់​ដែល​អាច​កើតមាន​ ក្រោយ​ការ​ចាក់វ៉ាក់សាំង​ឡើយ​។ ទោះបី​នេះ​ជា​ករណី​កម្រខ្លាំង​មែនទែន​ ១ ក្នុង​ ១លានក្តី​ អាជ្ញាធរ​សុខាភិបាល​អាមេរិក​ ចង់ឲ្យ​ក្រុម​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​ មានពេល​វេលា​ដើម្បី​សិក្សា​ស្វែងយល់​ពី​ផលប៉ះពាល់​នានា​ ដែល​អាច​កើតមាន​ក្រោយការ​ចាក់​វ៉ាក់សាំង​ និង​ស្វែង​រក​វិធីព្យាបាល​ជំងឺ​ដែល​កើត​ឡើង​ដ៏កម្រនេះ​ឲ្យ​បាន​ល្អ​ជាទី​បំផុត​។

តើមន្ទីរ​ពិសោធន៍​ Johnson & Johnson បាន​និយាយអ្វីខ្លះ​ជុំវិញ​បញ្ហា​កំណកឈាមនេះ​?

មន្ទីរ​ពិសោធន៍​អាមេរិក​ Johnson & Johnsonបាន​ផ្តល់​អនុសាសន៍​ឲ្យ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំងរបស់ខ្លួនហើយ​ បែរ​មាន​អាការៈដូចជា​ ឈឺក្បាល​ ឈឺពោះ​ ឈឺជើង​ ឬ​ដក​ដង្ហើម​មិនស្រួល​ខុសពីធម្មតា​ ក្នុង​រយៈពេល​បីសប្តាហ៍​បន្ទាប់ពី​ចាក់វ៉ាក់សាំងរួច​ គួរ​តែ​ទាក់ទង​ទៅ​អ្នក​ផ្តល់​សេវាថែទាំ​សុខភាព​របស់ពួកគេ​។

ក្រោយ​មាន​ករណី​កំណកឈាម​ Johnson & Johnson ដែលជា​ក្រុមហ៊ុនថែទាំ​សុខភាព​អាមេរិក​ បានចេញសេចក្តី​ថ្លែង​ការណ៍មួយ​ភ្លាម​ដោយ​និយាយថា​ សុវត្ថិភាព​គឺជា​អាទិភាព​​ចំបងទី១​ របស់ខ្លួន​ ហើយថា​ ក្រុមហ៊ុន​បានចែករំលែក​រាល់​របាយការណ៍​ទាក់ទង​បញ្ហា​ដែលកើតមានឡើង​ជាមួយ​អាជ្ញាធរសុខាភិបាល​។

ជាមួយគ្នានេះ​ ក្រុមហ៊ុនថា​ខ្លួន​បាន​ដឹង​អំពី​បញ្ហា​កកឈាម​ក្នុង​សរសៃ​ឈាម​ ដែលត្រូបាន​រាយការណ៍ថា​ជា​ផលប៉ះពាល់​មួយ​បង្កឡើងដោយ​វ៉ាក់សាំង Johnson & Johnson​។ តែ​នៅ​ពេលនេះ​ គេ​នៅ​មិនទាន់ដឹង​ច្បាស់​នោះទេ​ថា​អ្វី​ទៅ​ជាមូល​ហេតុ​នាំ​ឲ្យ​មាន​ប្រតិកម្ម​កក​ឈាម​នោះ​ឡើង​។ យ៉ាងណាក៏ដោយ​ ក្រុមហ៊ុន Johnson & Johnson​ ​​នឹង​បន្តធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរសុខាភិបាល​អាមេរិក​។

គួរជ្រាបថា​ បច្ចុប្បន្ននេះ​ បញ្ហា​កំណកឈាម​កើតឡើង​ដោយ​មានទំនាក់ទំនង​ជាមួយ​វ៉ាក់សាំង​ចំនួនពីរ​​ គឺ​វ៉ាក់សាំង​ AstraZeneca របស់​អង់គ្លេស​ និង​វ៉ាក់សាំង​អាមេរិក​ Johnson & Johnson។ ​វ៉ាក់សាំងទាំងពីរនេះ​ ត្រូវគេមើល​ឃើញថា​ ផលិត​ឡើង​ដោយ​ប្រើ​បច្ចេកវិទ្យា​ដូចគ្នា​។

គួរជ្រាបដែរថា ទោះបី​បញ្ហា​កំណកឈាមខាងលើល​ គឺជា​ករណីកម្រខ្លាំងក្តី​ តែ​រដ្ឋាភិបាល​នានា​នៅជុំវិញ​ពិភព​លោក​ បានចាប់ផ្តើម​ប្រុងប្រយ័ត្ន​ចំពោះ​ករណី​នេះ​។ ប្រទេសមួយ​ចំនួន​បាន​បញ្ឈប់​ការ​ប្រើប្រាស់​វ៉ាក់សាំង​ AstraZeneca ប៉ុន្តែ​ភាគច្រើននៃប្រទេសទាំងនោះ ​បាន​បន្តការ​ប្រើប្រាស់ឡើងវិញ​ ដោយ​បាន​ណែនាំឲ្យ​ចាក់​សម្រាប់​មនុស្ស​អាយុ​ចាប់ពី​ ៦០ ឆ្នាំឡើងទៅ​ ដូច​ជា​នៅ​ប្រទេស​អាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលីជាដើម៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ