អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

គុយបា​បិទ​ទំព័រ​សករាជ​ដឹក​នាំ​ត្រកូល​“កាស្ត្រូ”​និង​ចង់​បង្កើត​ទំនាក់​ទំនង​ថ្មី​ជា​មួយ​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

អតីត​ប្រធានាធិបតី​គុយបា​លោក រ៉ាអ៊ូល​ កាស្ត្រូ​ ដែល​ជា​ប្អូន​ប្រុស​របស់បិតាបដិវត្តគុយបា​លោក ហ្វីដែល កាស្ត្រូ បាន​ប្រកាស​លាលែង​ចេញពី​តំណែង​ជា​អគ្គ​លេខា​ទីមួយ​បក្ស​កុម្មុយនិស្ត​។ សេចក្តី​ប្រកាស​នេះ​ ជា​សញ្ញា​បញ្ចប់​ទំព័រ​សករាជ​ដឹកនាំ​របស់​បងប្អូនប្រុស​ត្រកូល​កាស្ត្រូ​ ដែល​បាន​គ្រប់គ្រង​កោះគុយបា​យ៉ាង​តឹងរ៉ឹង​រយៈពេល ៦​ទសវត្សរ៍​មក​ហើយ​។ តើអ្នកណា​នឹងអាច​ឡើង​មក​ស្នង​តំណែងអគ្គ​លេខា​បក្សកុម្មុយនិស្ត​គុយបាពី​លោក រ៉ាអ៊ូល​ កាស្ត្រូ​? ហើយថាតើ​ការ​បិទទំព័រសករាជដឹកនាំ​របស់​ត្រកូល​កាស្ត្រូ​ អាច​ធ្វើឲ្យ​គុយបា​មាន​ទំនាក់​ទំនង​ល្អ​ប្រសើរ​ជាមួយ​អាមេរិកដែរឬទេ​?

ថ្ងៃចន្ទ ទី១៩ មេសា គឺជាថ្ងៃចុងក្រោយរបស់លោករ៉ាអ៊ូល កាស្ត្រូ ក្នុងនាមជាប្រមុខបក្សកុម្មុយនិស្តគុយបា ដែលជាមុខតំណែងមានអំណាចកំពូលនៅក្នុងប្រទេស។
ថ្ងៃចន្ទ ទី១៩ មេសា គឺជាថ្ងៃចុងក្រោយរបស់លោករ៉ាអ៊ូល កាស្ត្រូ ក្នុងនាមជាប្រមុខបក្សកុម្មុយនិស្តគុយបា ដែលជាមុខតំណែងមានអំណាចកំពូលនៅក្នុងប្រទេស។ Ariel LEY ACN/AFP
ផ្សាយពាណិជ្ជកម្ម

ថ្ងៃចន្ទ​ ទី១៩​ មេសា​គឺជា​ថ្ងៃចុង​ក្រោយ​របស់លោក​ រ៉ាអ៊ូល កាស្ត្រូ​ ក្នុង​នាម​ជាប្រមុខ​បក្ស​កុម្មុយនិស្ត​គុយបា​ដែលជា​មុខតំណែង​មានអំណាច​កំពូល​នៅក្នុងប្រទេស​។ លោកកាស្ត្រូ បាន​ប្រកាស​លា​ចេញ​ពី​អំណាច​នៅក្នុង​សុន្ទរកថា​មួយ​នៅឯ​ពិធី​បើក​សមាជ​លើក​ទី៨​ របស់​បក្ស​កាន់អំណាច​ដែលជា​គណបក្សតែមួយគត់​នៅក្នុង​ប្រទេសកោះមួយនេះ​។

ការ​ប្រកាសខាងលើ​បាន​បើកទ្វារ​ អនុញ្ញាត​ឲ្យអ្នក​ជំនាន់ថ្មី​ដែលមិន​ជាប់​ខ្សែ​ស្រឡាយ​បង​ប្អូន​ត្រកូល​កាស្ត្រូ​ឲ្យ​អាច​ចូល​មក​ទទួល​តំណែង​ដ៏ធំផុតលេខ​នៅគុយបា​បាន​។

ចុះតើថាអ្នកណា​ដែល​មាន​វាសនា​អាច​នឹង​ឈោង​តោង​ចាប់​តំណែង​ដ៏​កំពូល​នេះ?

វេលានេះ​គឺជា​ពេលវេលា​ប្រវត្តិសាស្ត្រមួយ​សម្រាប់​ប្រទេសគុយបា​ បន្ទាប់ពី​ទំព័រ​សករាជ​ដឹកនាំ​ប្រទេស​តឹងតែង​រយៈពេល៦០ ឆ្នាំ​របស់​ត្រកូលកាស្ត្រូ​ត្រូវ​បិទបញ្ចប់​ជា​ស្ថាពរ។

​អ្នកជំនាន់ថ្មីដែលលោកកាស្ត្រូ ជ្រើសរើសឲ្យស្នងតំណែង​ជាអគ្គលេខា​បក្សគឺ​គ្មាន​អ្នក​ណាក្រៅពីលោក​ មីហ្គែល ឌីយ៉ាហ្ស កានែល (Miguel Diaz-Canel) ប្រធានាធិបតី​បច្ចុប្បន្ន​របស់គុយបា​ និងជា​មនុស្ស​ជំនិត​របស់​លោកឡើយ​។

នៅថ្ងៃចន្ទ​ ទី១៩ មេសា​ ២០២១​ លោក​ប្រធានាធិបតីឌីយ៉ាហ្ស កានែល​ វ័យ ៦០ ឆ្នាំ បាន​ឡើងស្នង​តំណែង​ពីលោក រ៉ាអ៊ូល កាស្ត្រូ ក្លាយ​ជាមេដឹកនាំ​បក្ស​កុម្មុយនិស្ត​ដ៏មាន​អំណាច​តែមួយ​គត់​របស់គុយបា​។

លោកឌីយ៉ាហ្ស កានែល​ បានក្លាយជាប្រធានាធិបតីគុយបា​រួចហើយ​ចាប់តាំងពីឆ្នាំ ២០១៨​ ក៏ប៉ុន្តែទើបតែឥឡូវនេះ​លោក​ទទួលបានតំណែង​ដ៏មាន​ឥទ្ធិពល​បំផុត ក្រោយ​លោកកាស្ត្រូ លេខាធិការទីមួយ​ចាស់​ចូលនិវត្តន៍​ក្នុងវ័យ​ ៨៩ ឆ្នាំ​។

បើទោះបីជាគុយបា​ បានបើកទ្វារផ្លាស់ប្តូរ​អ្នកដឹកនាំថ្មីក្តី​ តែ​បន្ទាត់​នយោបាយ​របស់​គុយបា​ មិន​ផ្លាស់ប្តូរនោះទេ​។ យ៉ាងណាក៏ដោយ​ ថ្នាក់ដឹកនាំកោះគុយបា​ បាននិងកំពុងបើកទ្វារ​ ធ្វើ​កំណែទម្រង់​ជាច្រើនដូចជា​លើសិទ្ធិ​របស់​ប្រជាជន​ និង​កំណែទម្រង់លើ​វិស័យ​សេដ្ឋកិច្ច​ដើម្បីសង្គ្រោះគុយបាឲ្យងើបចេញពី​វិបត្តិ​ក្ស័យធន់​ និង​ឈាន​ទៅ​លើក​កម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាជន​។

គុយបា​ចង់​បង្កើត​ទំនាក់ទំនងថ្មី​ជាមួយ​សហរដ្ឋអាមេរិក

រឿង​ដ៏គួរឲ្យកត់​សម្គាល់ដែរនោះ​គឺគុយបា​ កំពុង​ស្វះស្វែង​ចង់ឲ្យ​មាន​កិច្ចពិភាក្សា​ជាមួយ​អាមេរិក​ដែលជា​ប្រទេស​មានទំនាក់ទំនងមិនល្អ​នឹងគ្នា​ជាច្រើនឆ្នាំ​ ជាពិសេស​ក្រោយពី​បិតា​បដិវត្ត​គុយបា​លោក ហ្វីដែល កាស្រ្តូ​ ឡើងកាន់តំណែង​ជាប្រមុខរដ្ឋនៅឆ្នាំ​ ១៩៥៩ និង​បាន​តាំង​ខ្លួន​ជា​សត្រូវ​របស់អាមេរិក​រហូតដល់​ទទួលមរណភាព​។

នៅក្នុងពេលថ្លែងសុន្ទរកថា​ជាចុងក្រោយ​ទៅកាន់គណបក្ស​កាលពីថ្ងៃសុក្រ​សប្តាហ៍មុន​ លោក រ៉ាអ៊ូល កាស្ត្រូ​ បាន​បញ្ជាក់ពី​ឆន្ទៈ​របស់​លោក​ក្នុងការ​ដឹកនាំ​កិច្ចពិភាក្សា​ប្រកបដោយក្តី​គោរព​ និងការ​កសាង​ទំនាក់ទំនងថ្មី​ជាមួយប្រទេសអាមេរិក​។ អាមេរិក​ ដែល​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំងនឹងកោះគុយបា​តាំងពីឆ្នាំ ១៩៦២មក។

យ៉ាងណាក៏ដោយ លោករ៉ាហ៊ូល កាស្ត្រូ បានសង្កត់​ធ្ងន់ថា ​ប្រទេសគុយបា​នឹង​មិន​បោះបង់​ចោល​គោលការណ៍​បដិវត្ត​ឡើយ និងនៅតែរក្សាឲ្យតម្លៃចំពោះ​របបសង្គមនិយម​។

ពាក់ព័ន្ធនឹងរឿងនេះ​ អ្នកនាំពាក្យ​សេតវិមាន​លោកស្រី​ Jen Psaki បាន​និយាយ​ថា​ សហរដ្ឋ​អាមេរិក​គ្មាន​ផែនការផ្លាស់ប្តូរ​ឆាប់ៗណាមួយនោះទេ​ ទាក់ទង​គោលនយោបាយ​របស់ខ្លួន​ចំពោះ​កោះគុយបា​។ សម្រាប់អាមេរិក​ ការ​គាំទ្រចំពោះ​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ គឺជា​ចំណុច​ស្នូល​នៃកិច្ចខិតំប្រឹងប្រែង​របស់​អាមេរិក​។

គួរបញ្ជាក់ជូនថា​ ទំនាក់ទំនងអាមេរិក​-គុយបា​ ហាក់​មាន​ភាពល្អប្រសើរខ្លះ​កាល​ក្នុង​សម័យ​គ្រប់គ្រង​របស់​អតីតប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា​។ ក៏ប៉ុន្តែ​ទំនាក់ទំនង​រវាង​ប្រទេសទាំងពីរ​ បានវិលមករកភាពតានតឹងខ្លាំងនឹងគ្នាឡើងវិញ​ បន្ទាប់ពី​លោកដូណាល់ ត្រាំ​ឡើងកាន់តំណែងជាប្រធានាធិបតីនាឆ្នាំ ២០១៧​ មក​។

កាលពីខែមេសា ឆ្នាំ២០១៩​ លោកត្រាំ​ បាន​សម្រេច​បន្ថែម​ទណ្ឌកម្មសេដ្ឋកិច្ច​ លើ​គុយបា ដោយ​បាន​រឹតបន្តឹង​ការធ្វើដំណើរចេញចូលជាមួយគុយបា​ និង​ការផ្ទេរ​សាច់ប្រាក់​ដុល្លារ​ដោយ​ផ្ទាល់​ទៅគុយបា​ទៀតផង​។

សរុបមក​ ការផ្លាស់អ្នកដឹកនាំថ្មី​របស់គុយបា​ មិនមែនជាការ​ផ្លាស់​ប្តូរគោលការណ៍​បដិវត្ត​និង​របបសង្គមនិយម​ទេ​ ព្រោះថា​អ្នកដឹកនាំ​ជំនាន់ថ្មី​កើតចេញមក​ពី​បក្ស​កុម្មុយនិស្ត​គុយ​ចាស់​តែមួយ​។

អ្វីជាការគួរឲ្យកត់សម្គាល់​គឺនៅត្រង់ថា​គុយបា​ ផ្លាស់ប្តូរ​អគ្គលេខាបក្សថ្មី​នៅពេល​ដែល​ប្រទេស​នេះ កំពុង​ប្រយុទ្ធប្រឆាំង​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់បំផុត​របស់ខ្លួន​ក្នុង​រយៈពេល ៣០​ឆ្នាំ។ មួយវិញទៀត​ នៅថ្ងៃ​ប្រកាស​លាចេញពីអំណាច​ លោករ៉ាអ៊ូល កាស្ត្រូ​ បាន​បង្ហើប​ពី​ចេតនា​ចង់​ជួបពិភាក្សា​ជាមួយ​សហរដ្ឋអាមេរិក​ដែលជា​អតីត​គូសត្រូវ​ដើម្បី​បើកទំព័រ​ទំនាក់​ទំនងថ្មីនឹងគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ