អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សង្គ្រាមវៀតណាម៖ ឥទ្ធិពលគ្រាប់បែកអាមេរិកលើសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន

ចុះផ្សាយ​នៅ​ថ្ងៃ៖

វៀតណាមបានបញ្ឈរជើងទាហានរបស់ខ្លួនរាប់សិបម៉ឺននាក់ នៅលើដែនដីកម្ពុជាមួយផ្នែកធំ តាមបណ្ដោយព្រំដែន អំឡុងសង្គ្រាមវៀតណាម ឬសង្គ្រាមឥណ្ឌូចិនលើកទី២។ ដើម្បីតាមកម្ចាត់ទ័ពវៀតណាមទាំងនោះ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែករាប់សិបម៉ឺនតោន មកលើទាហានវៀតណាម នៅក្នុងទឹកដីកម្ពុជា។ តើគ្រាប់បែកទាំងនោះបានជះឥទ្ធិពលអ្វីខ្លះដល់​ប្រជាជន និងសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន?

សង្គ្រាមវៀតណាម៖ ឥទ្ធិពលគ្រាប់បែកអាមេរិកលើសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន   
សង្គ្រាមវៀតណាម៖ ឥទ្ធិពលគ្រាប់បែកអាមេរិកលើសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន    Ed. Montparnasse/DR
ផ្សាយពាណិជ្ជកម្ម

សង្គ្រាមវៀតណាម ឬគេស្គាល់ថា សង្រ្គាមឥណ្ឌូចិនលើកទី២ គឺជាជម្លោះយោធា ដែល​បាន​កើតឡើងនៅវៀតណាម និងបានរីករាលដាលដល់ប្រទេសឡាវ និងកម្ពុជា ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៥៥ រហូតដល់ការដួលរលំទីក្រុងសៃហ្គន ឬព្រៃនគរ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។ សង្គ្រាមនេះ ជាផ្លូវការ គឺកើតឡើងរវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូង។ វៀតណាមខាងជើងគាំទ្រដោយ សហភាពសូវៀត ចិន និងសម្ព័ន្ធមិត្តកុម្មុយនិស្តផ្សេងទៀត។ វៀតណាមខាងត្បូង គាំទ្រ ដោយ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ហ្វីលីពីន អូស្រ្តាលី ថៃ និងសម្ព័ន្ធមិត្តប្រឆាំងកុម្មុយនិស្តដទៃទៀត។

សង្គ្រាមនេះត្រូវបានចាត់ទុកជា ផ្នែកនៃការប្រឈមមុខគ្នាក្នុងសម័យសង្គ្រាមត្រជាក់ និងបានអូសបន្លាយរយៈពេលជាង ១៩ឆ្នាំ ហើយមានការចូលរួមផ្ទាល់ពីសំណាក់សហរដ្ឋអាមេរិក រួមទាំងសង្គ្រាមស៊ីវិលនៅប្រទេសឡាវ និងនៅប្រទេសកម្ពុជា។ ហើយនៅទីបញ្ចប់ ប្រទេសទាំងបីបានក្លាយជាប្រទេសកុម្មុយនិស្ត ក្នុងឆ្នាំ១៩៧៥។

ការទម្លាក់គ្រាប់បែកលើទាហានវៀតណាមក្នុងទឹកដីកម្ពុជា

នៅក្នុងសង្គ្រាមវៀតណាម ដែនដីកម្ពុជាមួយផ្នែកធំត្រូវឈរជើងដោយទាហានវៀតណាម។ ដើម្បីតាមកម្ចាត់ទ័ពវៀតណាមទាំងនោះ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកយ៉ាងច្រើន ក្នុងចំនួនរាប់ម៉ឺនតោន មកលើទាហានវៀតណាម នៅក្នុងទឹកដីកម្ពុជា តាមបណ្ដោយព្រំដែន។ នៅខែមីនា ឆ្នាំ១៩៦៩ ប្រធានាធិបតីអាមេរិក លោក Richard Nixon បានបញ្ជាឱ្យ​ទម្លាក់គ្រាប់បែកយ៉ាងសម្ងាត់នៅកម្ពុជា។ លោក Nixon ជឿថា វៀតណាមខាងជើងកំពុងដឹកជញ្ជូនកងទ័ព និងផ្គត់ផ្គង់សម្ភារៈយោធារបស់ខ្លួន តាមរយៈប្រទេសជិតខាងកម្ពុជា ចូលទៅប្រទេសវៀតណាមខាងត្បូង។

ការទម្លាក់គ្រាប់បែកនៅកម្ពុជា បានអូសបន្លាយរហូតដល់ខែសីហា ឆ្នាំ១៩៧៣។ ក៏ប៉ុន្តែ គេមិនទាន់ដឹងច្បាស់នៅឡើយទេ អំពី ចំនួនអ្នកស្លាប់ និងអ្នករងរបួសពិតប្រាកដនៅកម្ពុជា។ ក្រុមអ្នកជំនាញភាគច្រើន បានប៉ាន់ស្មានថា ប្រជាជនកម្ពុជាប្រហែល១០ម៉ឺននាក់ បានបាត់បង់ជីវិត ហើយមានប្រជាជនកម្ពុជាប្រមាណ ២លាននាក់បន្ថែមទៀត បានក្លាយជាមនុស្សគ្មានផ្ទះសំបែង។ នៅខែមេសា ឆ្នាំ១៩៧០ លោកប្រធានាធិបតី Nixon បានបញ្ជាឱ្យកងទ័ពសហរដ្ឋអាមេរិកកាន់កាប់ផ្នែកខ្លះនៃប្រទេសកម្ពុជា។ ទោះជាយ៉ាងណា មិនយូរមិនឆាប់ រដ្ឋាភិបាលកម្ពុជានាពេលនោះដែល​ត្រូវបានដឹកនាំដោយលន់នល់ ត្រូវវាយប្រហារផ្តួលរំលំដោយការងើបឡើងនៃចលនាខ្មែរក្រហម។

តើការទម្លាក់គ្រាប់បែករបស់អាមេរិកដើម្បីកម្ចាត់ទាហានវៀតណាមបានជះឥទ្ធិពលអ្វីខ្លះលើប្រជាជន និងសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន?

ជាទូទៅ គេតែងតែលើកឡើងអំពីភាពមានជីវជាតិនៃទឹកដីធម្មជាតិរបស់កម្ពុជា ក៏ប៉ុន្តែ ក្នុងប្រទេសកម្ពុជា ទំហំដីមួយផ្នែកធំពោរពេញដោយគ្រាប់បែកគ្រោះថ្នាក់ ដោយការទម្លាក់គ្រាប់បែក ប្រមាណ ១,៨លានតោន ក្នុងអំឡុងសង្គ្រាមវៀតណាម។ គ្មាននរណាម្នាក់ដឹងប្រាកដទេថា តើគ្រាប់បែកចំនួនប៉ុន្មានគ្រាប់នៅបន្ដមានវត្តមាននៅក្នុងដីដ៏សម្បូរជីវជាតិបែបនោះទេ?

យោងតាមឯកសារស្រាវជ្រាវ របស់ សាកលវិទ្យាល័យ Ohio State ដែលបានសិក្សារូបភាពផ្កាយរណប និងរបាយការណ៍ដោយក្រុមកម្ចាត់មីន បានរកឃើញថា ប្រហែលជាងពាក់កណ្តាលនៃគ្រាប់បែកនៅលើដីកម្ពុជាគឺមិនទាន់ផ្ទុះនៅឡើយទេ។ផ្អែកតាមការប៉ាន់ស្មាន យុទ្ធនាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក នៅឆ្នាំ១៩៦៥-៧៣ ទៅលើទាហានវៀតណាមនៅស្រុកខ្មែរ និងដើម្បីបំផ្លាយខ្សែសង្វាក់ផ្គត់ផ្គង់សម្ភារៈយោធារបស់ពួកវៀតកុង បានបណ្តាលឱ្យប្រជាជនកម្ពុជាប្រហែល ១៥ម៉ឺននាក់ស្លាប់។ ចាប់តាំងពីឆ្នាំ១៩៧៩ គ្រាប់បែកមិនទាន់ផ្ទុះបានសម្លាប់ប្រជាជនកម្ពុជា យ៉ាងហោចណាស់ ១ម៉ឺន៩ពាន់នាក់។ ក្នុងពេលបច្ចុប្បន្ន ប្រទេសកម្ពុជាមានអត្រាអ្នករងគ្រោះដោយសារគ្រាប់មីនខ្ពស់បំផុតនៅលើពិភពលោក។

ក្នុងកិច្ចសម្ភាសន៍ជាមួយកសិករកម្ពុជា ពួកគេនិយាយថា ដីខ្មែរជីវជាតិ ប៉ុន្តែវាក៏កាន់តែមានហានិភ័យខ្ពស់ដែរ ដោយសារមានគ្រាប់បែកច្រើន។ ពួកគេមានការភ័យខ្លាចជានិច្ចពីការផ្ទុះគ្រាប់បែក។ អ្នកខ្លះបានលើកឡើងថា ពួកគេហ៊ានដាំដំណាំតែនៅលើដីដែលពួកគេធ្លាប់ដំាដុះប៉ុណ្ណោះ ជាមួយការប្រើប្រាស់ម៉ាស៊ីនជំនួយខ្លះៗ ដើម្បីកាត់បន្ថយហានិភ័យនៃការបំផ្ទុះគ្រាប់បែក។

ការសិក្សានេះក៏បានសង្កត់ធ្ងន់ផងដែរថា ការទម្លាក់គ្រាប់បែក កាលពី៥០ឆ្នាំមុននេះ មិនត្រឹមតែធ្វើឱ្យប្រជាជនកម្ពុជារងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បានធ្វើឲ្យសេដ្ឋកិច្ច និងប្រជាជនរបស់ប្រទេសអាស៊ីមួយនេះបន្ដរងផលប៉ះពាល់ផងដែរ រហូតមកដល់ពេលនេះ។ ជាទូទៅ តំបន់ដែលធ្លាប់ត្រូវរងការទម្លាក់គ្រាប់បែក មិនសូវទទួលបានទិន្នផលល្អនោះទេ។ តំបន់ដែលធ្លាប់រងគ្រាប់បែក អាចមានទិន្នផលដំណាំទាបជាងប្រហែល ១២ភាគរយ ប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀតប្រហាក់ប្រហែលគ្នា។ ប្រការនេះបានធ្វើឱ្យ​ផលដំណាំ និងប្រាក់ចំណូលប្រជាជនធ្លាក់ចុះយ៉ាងច្រើន។

សរុបជារួម ប្រទេសកម្ពុជាបានរងគ្រោះរាប់សិនឆ្នាំដោយសារសង្គ្រាម និងការទម្លាក់គ្រាប់បែកនៅក្នុងសង្គ្រាម។ គេអាចនឹងស្ដីបន្ទោសដល់វៀតណាមដែលបានបញ្ឈរជើងទាហានរបស់ខ្លួនលើដីកម្ពុជាក្នុងចំនួនរាប់សិនម៉ឺននាក់ និងអាមេរិកដែលទម្លាក់គ្រាប់បែកមកលើទាហានទាំងនោះនៅលើដែនដីកម្ពុជា។ ទោះជាយ៉ាងណា ឥទ្ធិពលនៃអណ្ដាតភ្លើងសង្គ្រាម និងគ្រាប់បែកទាំងនោះបានបន្តមានឥទ្ធិពលមកលើសេដ្ឋកិច្ច និងសង្គមកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ