អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​រដ្ឋ​​អ៊ីស្រាអែល ​ពិត​ជា​បាន​ធ្វើ « អំពើ​ឧក្រិដ្ឋ​បែងចែង​ជាតិសាសន៍ » ទៅលើ​​ជនជាតិ​​ប៉ាឡេស្ទីន​ឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​ Human Rights Watch ដែលជាអង្គការការពារសិទ្ធិមនុស្សអន្តរជាតិ ដ៏ធំមួយ បាន​ចោទរដ្ឋាភិបាលអ៊ីស្រាអែល​ ថាបានប្រព្រឹត្តិ​ « អំពើឧក្រិដ្ឋ ​បែងចែកជាតិសាសន៍ » ធ្វើទៅលើ​ជនជាតិ​ប៉ាឡេស្ទីន ដែលរស់នៅតាមតំបន់ ដែលអ៊ីស្រាអែលដាក់អាណានិគម។ រដ្ឋាភិបាលអ៊ីស្រាអែល បានច្រានចោល​ការ​ចោទ​ប្រកាន់នេះ ដោយ​បាន​ចាត់ទុកថា ជាការចោទ ដែលពោរពេញដោយ​គំនិតស្អប់ និងប្រឆាំងរដ្ឋអ៊ីស្រាអែល។ តើអ្វីទៅ ជាអំពើឧក្រិដ្ឋបែងចែងជាតិសាសាន៍? តើរដ្ឋអ៊ីស្រាអែល ពិតជាបាន​ធ្វើអំពើឧក្រិដ្ឋបែងចែកជាតិសាសន៍ នេះមែនឬ?

រូបថត ថ្ងៃទី៣០មិថុនា ២០២០ បង្ហាញតំបន់អាណានិគមអ៊ីស្រាអែល ក្នុងទឹកដីស៊ីសហ្សកដានីរបស់ប៉ាគេស្ទីន ភូមិសាស្ត្រ Ma'ale Efrayim។
រូបថត ថ្ងៃទី៣០មិថុនា ២០២០ បង្ហាញតំបន់អាណានិគមអ៊ីស្រាអែល ក្នុងទឹកដីស៊ីសហ្សកដានីរបស់ប៉ាគេស្ទីន ភូមិសាស្ត្រ Ma'ale Efrayim។ AP - Oded Balilty
ផ្សាយពាណិជ្ជកម្ម

កន្លងមកច្រើនខែហើយ ដែលអង្គការក្រៅរដ្ឋាភិបាលមួយចំនួន នៅអ៊ីស្រាអែល ដូចជាអង្គការ B’Tselem បានចាប់ផ្តើមប្រើពាក្យ « aparthied » ដើម្បីសំដៅដល់គោលនយោបាយ បែកចែកជាតិសាសន៍​​ របស់រដ្ឋាភិបាល​អ៊ីស្រាអែល ដឹកនាំដោយ​លោក​ ប៊ីនយ៉ាមីន ណេតាន់យ៉ាហ៊ូ។ អង្គការសិទ្ធិមនុស្ស​នៅអ៊ីស្រាអែល បានលើកថា រដ្ឋអ៊ីស្រាអែល បានប្រើគោល​នយោបាយ​ ធ្វើទុកបុកម្នេញ បំពាន បំបិទសិទ្ធិ និង​រើសអើងប្រកាន់ជាតិសាសន៍ ទៅលើប្រជាជន​ប៉ាឡេស្ទីន រស់នៅតាមតំបន់ស៊ីសហ្សកដានី តំបន់ហ្កាហ្សា និង តំបន់ក្រុងហ្សេរុយសាឡឹមខាងកើត។ គោល​នយោបាយ​​បែងចែក​ជាតិសាសន៍នេះ ក៏ធ្វើផងដែរ ទៅលើ​ប្រជាជន​ដើមកំណើតអារ៉ាប់ ដែលរស់នៅ​លើទឹកដីអ៊ីស្រាអែល រាប់ដំណ​មកហើយ។

នេះជាលើកដំបូងហើយ ដែលអង្គការអន្តរជាតិដ៏ធំ ឈ្មោះ Human Rights Watch បានចោទថា រដ្ឋអ៊ីស្រាអែល បានប្រព្រឹត្តិអំពើ « ឧក្រិដ្ឋបែងចែកជាតិសាសន៍ »។ អង្គការនេះ បានចេញរបាយការណ៍មួយ មានកម្រាស់២០០ទំព័រ ស្តីអំពីគោលនយោបាយ​ បែងចែងជាតិសាសន៍ របស់រដ្ឋាភិបាលអ៊ីស្រាអែល ធ្វើទៅលើ​ប្រជាជនប៉ាឡេស្ទីននៅតាមតំបន់ដែលអ៊ីស្រាអែល បានដាក់អាណានិគម និង​ទៅលើ​ជនជាតិអារ៉ាប់ ដែលរស់នៅលើទឹកដីអ៊ីស្រាអែល។

លោកOmar Shakir អ្នកសរសេររបាយការណ៍នេះ បានលើកឡើងថា របាយការណ៍របស់លោក គឺជាលទ្ធផលនៃការស្រាវជ្រាវ ស៊ើបអង្កេត ក្នុងរយៈពេល​២០ឆ្នាំចុងក្រោយ។ ជាការសន្និដ្ឋានរួម គឺរដ្ឋាភិបាលអ៊ីស្រាអែល ពិតជាមាន​គោលនយោបាយ បែងចែកជាតិសាសន៍ តាមរយៈវិធានការជាស្វ័យប្រវត្តិ​ផ្សេងៗ ដែលសំដៅ កៀបសង្កត់​ ជិះជាន់ ទៅលើ​ជនជាតិប៉ាឡេស្ទីន ធ្វើយ៉ាងណា ឲ្យប្រជាជនប៉ាឡេស្ទីន មិនអាចរីកចំរើន គ្មានសិទ្ធិទទួលបានការរស់រានសុខសាន្ត និងមានចំនួន​ថយទៅៗ ដើម្បីទុកកន្លែងឲ្យ​ជនជាតិជ្វីហ្វអ៊ីស្រាអែលរស់នៅ​។

លោក Omar Shakir អះអាងថា អំពើទាំងនេះ គឺជាអំពើអមនុស្ស គឺជាអំពើឧក្រិដ្ឋ « aparthied »។ លោកថា ការប្រើពាក្យ « aparthied » នេះ គឺមិនមែន ចង់ប្រៀបប្រដូចទៅនឹង​ករណី ហេតុការណ៍ ប្រវត្តិសាស្ត្រដែលធ្លាប់កើតមាន​នៅប្រទេសអាហ្វ្រិកខាងត្បូងទេ។ តែគឺរបាយការណ៍នេះ បានវិនិច្ឆ័យ ដោយ​ផ្អែកលើ​និយមន័យ ដែលមានកំណត់ ក្នុង​សន្ធិសញ្ញា ឆ្នាំ​១៩៧៣ ស្តីពីការលប់បំបាត់ អំពើឧក្រិដ្ឋ « aparthied »។

មាត្រា២ នៃសន្ធិសញ្ញាអន្តរជាតិនេះ បាន​ចែងជាអាទិ៍ថា ពាក្យ « អំពើឧក្រិដ្ឋ  aparthied » គឺសំដៅដល់គោលនយោបាយ​រួម របស់រដ្ឋអំណាច ឬរដ្ឋាភិបាលនៃក្រុមជាតិសាសន៍មួយ​ ដែល​មានលក្ខណៈ បែកចែក រេើសអើងប្រកាន់ពូជសាសន៍ មើលងាយ​មើលថោកទៅលើក្រុមជនជាតិណាមួយ ក្នុងកម្មវត្ថុធ្វើទុក្ខបុកម្នេញ ជាលក្ខណៈស្វ័យប្រវត្តិ និងដោយឆន្ទៈ ដើម្បីឲ្យ​ក្រុម​ជាតិសាសន៍ណាមួយ នោះ ត្រូវស្ថិតនៅ​ក្រោម​អំណាច កៀបសង្កត់ជិះជាន់ របស់ក្រុមជាតិសាសាន៍របស់ខ្លួន។ តួយ៉ាង ដូចជាបទឧក្រិដ្ឋ aparthied នៅប្រទេសអាហ្វ្រិកខាងត្បូង ដែលជនស្បែក​ស បានធ្វើទៅលើ​ប្រជាជនស្បែកខ្មៅ រវាងពីឆ្នាំ​១៩៥០ ដល់ចុងទសវត្សឆ្នាំ​១៩៨០។

លោក Omar Shakir បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានការណ៍​កាន់តែអាក្រក់ទៅ សម្រាប់ប្រជាជនប៉ាឡេស្ទីន មួយចំនួន ដែលបានរងនូវការធ្វើទុក្ខបុកម្នេញពីសំណាក់ អាជ្ញាធររដ្ឋអ៊ីស្រាអែល។ ជាក់ស្តែង ការរីករាលដាលកាន់តែខ្លាំង នូងគោលនយោបាយដាក់អាណានិគម អនុញ្ញាត ឲ្យ​ជនជាតិជ្វីហ្វអ៊ីស្រាអែល តាំងទីរស់នៅ ក្នុងដែនដីប៉ាឡេស្ទីន។ នឹងចុងក្រោយ​បង្អស់នេះ គឺការច្បាមយកទីក្រុងហ្សេរុយសាឡឹមខាងកើត មកគ្រប់គ្រងទាំងស្រុងតែម្តង ពីសំណាក់អ៊ីស្រាអែល។

សូមបញ្ជាក់ថា បច្ចុប្បនេះ នៅតំបន់ស៊ីសហ្សកដានីរបស់ប៉ាឡេស្ទីន គឺនិគមជនអ៊ីស្រាអែល ចំនួន​ប្រមាណ​៧សែននាក់រស់នៅ។ ការតាំងទីអាណានិគម របស់ប្រជាជនជ្វីហ្វអ៊ីស្រាអែល ដែលដំបូងឡើយ​ មានលក្ខណៈជាបណ្តោះអាសន្ន តែយូរៗទៅ បានក្លាយ​ជាស្ថានភាពអចិន្ត្រៃយ៍ ដោយមានការជំរុញលើកទឹកចិត្ត ពីសំណាក់រដ្ឋាភិបាលអ៊ីស្រាអែល។ ជាងនេះទៀត រហូតមកទល់ពេលនេះ គឺគ្មានពន្លឺសង្ឃឹម ស្តីអំពីកិច្ចព្រមព្រៀងសន្តិភាព ដើម្បី​ទទួលស្គាល់ប៉ាឡេស្ទីន ជាប្រទេសឯករាជ្យពេញសិទ្ធិទេ។

គួរកត់សំគាល់ដែរថា របាយការណ៍​របស់អង្គការ Human Rights Watch នេះ បានចេញមកប៉ុន្មានសប្តាហ៍ បន្ទាប់ពី​តុលាការព្រហ្មទណ្ឌអន្តរជាតិ បានសម្រេចបើកការស៊ើបអង្កេត ស្តីអំពីអំពើឧក្រិដ្ឋទាំងឡាយ ប្រព្រឹត្តិដោយ​អ៊ីស្រាអែល ធ្វើទៅលើ​ប្រជាជនប៉ាឡេស្ទីន នៅតាមដែនដីដែល​អ៊ីស្រាអែលដាក់អាណានិគម។

លោកណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាន​ចាត់ទុកការសម្រេច​របស់តុលាការព្រហ្មទណ្ឌអន្តរជាតិនេះ ថាជាសេចក្តីសម្រេចដែលមានលក្ខណៈស្អប់ និងរើសអើងមកលើប្រជាជនជ្វីហ្វ។ លោកបានអះអាងថា រាល់ការសម្រេចទាំងអស់របស់រដ្ឋាភិបាលអ៊ីស្រាអែល គឺតែងតែចាត់ទុក​ការការពារអាយុជីវិតប្រជាជនស្លូតត្រង់ជាធំ មុននឹងមានវិធានការវាយប្រហារទៅលើ​ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន។

យ៉ាងណាក៏ដោយ អង្គការ Human Rights Watch បានអំពាវនាវ ឲ្យ​តុលាការព្រហ្មទណ្ឌអន្តរជាតិ ត្រូវតែពិនិត្យអង្គហេតុឲ្យ​បានច្បាស់ ដើម្បីឈានទៅបើកការស៊ើបអង្កេតដោយ​ឯករាជ្យ និងដោយ​រាប់បញ្ជូលទាំង បទឧក្រិដ្ឋបែងចែក​ជាតិសាសន៍ រួមទាំងអំពើទុក្ខបុកម្នេញផង។ អង្គការអន្តរជាតិ ដែលមានទីតាំងនៅក្រុងញូយ៉កនេះ បានទាមទារ ឲ្យ​បង្កើតគណកម្មការ​ស៊ើបអង្កេតអន្តរជាតិមួយ ស្តីពីការរំលោភសិទ្ធិមនុស្ស​នៅអ៊ីស្រាអែល និង​នៅ​តំបន់ដែលអ៊ីស្រាអែលដាក់អាណានិគម។ អង្គការនេះ បានអំពាវនាវផងដែរ ថាប្រទេសផ្សេងៗទៀត មិនត្រូវឃុបឃិត ជាមួយ​អ៊ីស្រាអែលទេ។

នៅថ្ងៃអង្គារទី​២៧មេសា ក្រោយ​ដឹងដំណឹងរបាយការណ៍របស់អង្គការ Human Rights Watch អាជ្ញាធរជាតិប៉ាឡេស្ទីន បានថ្លែងថា សហគមអន្តរជាតិ ត្រូវ​តែ​ចូលរួមអន្តរាគមន៍ ដើម្បីធ្វើ​យ៉ាងណា ចៀងវាងការ​សំងំស្ងៀម ដែលអាចចាត់ទុកបានថាជា​ការ​​ឃុបឃិត ជាមួយរដ្ឋ​​អ៊ីស្រាអែល ដែល​ធ្វើបាបឥតស្រាកស្រាន្ត មកលើ​ប្រជាជនប៉ាឡេស្ទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ