អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើពិភពលោកទំនោរទៅរកឯកតោ ឬពហុភាគីនិយម?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គោលការណ៍ ពហុភាគីនិយម សំដៅដល់ សម្ព័ន្ធភាពនៃបណ្ដាប្រទេសជាច្រើនរួមគ្នា ក្នុងបុព្វហេតុគោលដៅសកលណាមួយ។ វិបត្តិជំងឺរាតត្បាតសកលកូវីដ១៩បានបង្កើនភាពតានតឹងថ្មីចំពោះគោលការណ៍នេះ ព្រោះថា ពិភពលោកហាក់មានទំនោរទៅរកគោលការណ៍ឯកតោ​ភាគី​និយម ការប្រឆាំងទល់នឹងសាកលភាវូបនីយកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេស ពីបណ្ដាប្រទេសជឿនលឿននៅបស្ចិមលោក។ ផ្ទុយទៅវិញ តំបន់អាស៊ីហាក់មានឥរិយាបថផ្ទុយគ្នាស្រឡះ រហូតដល់មតិខ្លះបានលើកឡើងថា ពហុភាគីនិយមនៅតែអាចដំណើរបាន ទោះគ្មានបស្ចិមលោក។

រូបភាព​នៃ​កិច្ច​ប្រជុំ​តុមូល​រវាង​ថ្នាក់ដឹកនាំ G៧ ក្នុង​ប្រទេស​អ៊ីតាលី ថ្ងៃទី២៦ ឧសភា ២០១៧
រូបភាព​នៃ​កិច្ច​ប្រជុំ​តុមូល​រវាង​ថ្នាក់ដឹកនាំ G៧ ក្នុង​ប្រទេស​អ៊ីតាលី ថ្ងៃទី២៦ ឧសភា ២០១៧ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

ពហុភាគីនិយម អាចត្រូវបានប្រើប្រាស់ដើម្បីសំដៅដល់ សម្ព័ន្ធភាពនៃប្រទេសជាច្រើនរួមគ្នា ក្នុងបុព្វហេតុគោលដៅណាមួយ នៅក្នុងទំនាក់ទំនងអន្តរជាតិ។ ពហុភាគីនិយម ក៏ជាទម្រង់នៃការួបរួមគ្នាក្នុងស្ថាប័នអន្តរជាតិ ដើម្បីផ្តល់អំណាច និងសំឡេងឱ្យ​ប្រទេសតូចៗ និងដើម្បីកុំឱ្យ​ប្រទេសដែលមានអំណាចធំៗសម្រេចជាឯកតោភាគីនិយម។

នៅប៉ុន្មានទសវត្សរ៍ចុងក្រោយ គោលការណ៍ពហុភាគីនិយម ឬ កិច្ចសហប្រតិបត្តិការពហុភាគី លើ ពាណិជ្ជកម្មអន្តរជាតិកំពុងរងសម្ពាធយ៉ាងខ្លាំង។ ការកើនឡើងទំនោរនយោបាយប្រជានិយម ចលនាប្រឆាំងនឹងសាកលភាវូបនីយកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាបុព្វហេតុដ៏សំខាន់នៃការធ្លាក់ចុះជំនឿជឿជាក់លើ គោលការណ៍ពហុភាគីនិយម។ ការធ្លាក់ចុះឥទ្ធិពលរបស់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានធ្វើឱ្យអង្គការអន្តរជាតិមួយនេះ មិនសូវទទួលបានការយោគចិត្តទុកដាក់ពីបណ្ដាប្រទេសធំៗជាច្រើន។

ក្រោមរដ្ឋបាលដឹកនាំ របស់ លោក ដូណាល់ ត្រាំ ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះ គោលការណ៍ពហុភាគីនិយម ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ សហរដ្ឋអាមេរិកបានបន្ដរិះគន់ដល់ ប្រតិបត្តិការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងចៀសវាងបង្កើតកិច្ចសហប្រតិបត្តិការជាលក្ខណៈពហុភាគី តែបែរជាចាប់យកឯកតោភាគីនិយម។ សមាជិកប្រទេសដទៃផ្សេងទៀត ក៏បានដើរតាម គោលការណ៍ឯកតោភាគីនិយមផងដែរ។ ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ន តាមរយៈការឈ្នះឆ្នោតរបស់ប្រធានាធិបតីអាមេរិកថ្មី ក្តីសង្ឃឹមរបស់ពិភពលោកសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវ កិច្ចសហប្រតិបត្តិការពហុភាគីលើពាណិជ្ជកម្មអន្តរជាតិ ទំនងជាអាចកើតមានឡើង។

វិបត្តិជំងឺរាតត្បាតសកលកូវីដ១៩ ក៏បាន​បង្កើតសំណុំបញ្ហាថ្មីផងដែរ សម្រាប់ គោលការណ៍ពហុភាគីនិយម។ បណ្ដាប្រទេសយ៉ាងច្រើនលើពិភពលោក បាន​ដាក់ចេញនូវវិធានការរឹតត្បិតសកម្មភាពពាណិជ្ជកម្មអន្ដរជាតិ។ ភាពមិនច្បាស់លាស់ និង​កង្វះនៃការជឿទុកចិត្តរវាងគ្នានិងគ្នា មានកម្រិតកើនឡើង។ ទោះជាយ៉ាងណា គ្មានសមាជិកណាម្នាក់នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទាំង១៦៤ប្រទេសបានចាកចេញពីអង្គការអន្តរជាតិមួយនេះទេ។ ផ្ទុយទៅវិញ ប្រទេសចំនួន២៣ផ្សេងទៀត កំពុងស្វះស្វែងរកឱកាសចូលរួមជាមួយអង្គការអន្តរជាតិមួយនេះ។

អង្គការពាណិជ្ជកម្មពិភពលោក និងតួនាទីដោះស្រាយបញ្ហាប្រឈមសកល

ផ្អែកតាមអ្នកជំនាញខ្លះ ពិភពលោកនឹងប្រឈមបញ្ហាសកលចម្បងៗផ្សេងទៀត នាពេលខាងមុខ ហើយដំណោះស្រាយចំពោះបញ្ហាទាំងនេះ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្ដរជាតិ រវាងរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃទៀតនៅជុំវិញពិភពលោក។ ពាណិជ្ជកម្មអន្តរជាតិក៏នឹងត្រូវក្លាយជាផ្នែកមួយនៃដំណោះស្រាយផងដែរ។ ត្រឹមតែបញ្ហាពាណិជ្ជកម្មអន្ដរជាតិ វាល្មមសមរម្យគ្រប់គ្រាន់​ដើម្បី​ឱ្យ​ អង្គការពាណិជ្ជកម្មពិភពលោក ត្រូវធ្វើកំណែទម្រង់។ ប្រាកដណាស់ អង្គការពាណិជ្ជកម្មពិភពលោកមិនមែនជាស្ថាប័នតែមួយ ដែលអាចដោះស្រាយបញ្ហាទាំងអស់តែឯងបានទេ ប៉ុន្តែវាគឺស្ថាប័នមួយសំខាន់មិនអាចខ្វះបាន។ ជាទូទៅ ពិភពលោកទទួលស្គាល់ទូទាំងសកល ចំពោះគោលការណ៍ជាមូលដ្ឋានរបស់ អង្គការពាណិជ្ជកម្មពិភពលោក​ រួមមាន បដិការ (ទៅវិញទៅមក) ការមិនរើសអើងគ្នា និងតម្លាភាព។

RCEP៖ អាស៊ីបាន​បង្កើតតំបន់ពាណិជ្ជកម្មធំបំផុតរបស់ពិភពលោក

ក្រោយពីការចចារគ្នាអស់រយៈពេលរាប់ឆ្នាំ អាស៊ីបានបង្កើត​តំបន់ពាណិជ្ជកម្មសេរីធំបំផុតរបស់ពិភពលោក ឈ្មោះថា RCEP (Regional Comprehensive Economic Partnership) agreement។ ចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតក្នុងកិច្ចព្រមព្រៀងនេះ ស្របពេល​ឥណ្ឌាគ្មានវត្តមាន។ ប្រទេសទាំង១៥ ក្នុងតំបន់ពាណិជ្ជកម្មសេរីមួយនេះ រួមបញ្ចូល ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ រួមជាមួយសមាជិកប្រទេសអាស៊ានទាំង១០។ បូកបញ្ចូលគ្នា កិច្ចព្រមព្រៀងនេះតំណាងប្រហែល ៣០%នៃផលិតផលក្នុងស្រុកសរុប និងចំនួនប្រជាជនសរុបរបស់ពិភពលោក។

ក្នុងប្រវត្តិសាស្រ្ដ នេះជាលើកទីមួយហើយដែលប្រទេសចិនបានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងទំហំធំបែបនេះ។ តំបន់អាស៊ីត្រូវគេមើលឃើញថាកំពុងនាំមុខគេលើពិភពលោក ក្នុងការធ្វើកំណែទម្រង់ស្ថាបត្យកម្មពាណិជ្ជកម្មសកលថ្មី។ ក្នុងពេលដំណាលគ្នា ​សហរដ្ឋអាមេរិកហាក់មិនសូវចាប់អារម្មណ៍ ក្នុងការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោក។ បណ្ដាប្រទេសអឺរ៉ុបឯណោវិញ ត្រូវប្រឈមទល់នឹង ទំនោរនយោបាយប្រជានិយម ទំនោរនយោបាយប្រឆាំងទល់នឹងសាកលភាវូបនីយកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ មនុស្សកាន់តែច្រើនបានបាត់បង់ទំនុកចិត្តលើ ពហុភាគីនិយម។ ជាក់ស្ដែង គេអាចសង្កេតឃើញទំនោរនយោបាយទាំងនេះ តាមរយៈការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប ឬគេស្គាល់ថា Brexit៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ