អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​អនាគត​ទៅ ​កីឡា​​​បាល់​ទាត់​​នឹង​​​សម្រាប់​​តែ​​សេដ្ឋកិច្ច​​អ្នក​មាន​​ឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាពេលថ្មីៗនេះ កម្មវិធីបាល់ទាត់មួយ ឈ្មោះថា លីគកំពូលអឺរ៉ុប (European Super League) ត្រូវបានស្នើឡើង ដោយក្លឹបបាល់ទាត់ដ៏ល្បីល្បាញ និងមានលុយច្រើនបំផុតទាំង១២ ដើម្បីបង្កើតជាកម្មវិធីប្រកួតមួយ ហើយក្នុងលក្ខខណ្ឌដែលក្រុមបាល់ទាត់ទាំងនោះអាចបន្តលេងជាដរាប ដោយ​មិន​ចាំបាច់​ខ្វល់ខ្វាយ​ធ្លាក់ទៅ​ណា​នោះទេ។ ព្រឹត្តិការណ៍​នេះ​ បានធ្វើឱ្យគេលើក​ឡើង ពីវិសមភាពសេដ្ឋកិច្ច​ក្នុង​វិស័យ​បាល់ទាត់ ឬវិស័យកីឡា​ទាំងមូល និង​ចោទ​សួរថា តើអនាគតទៅ កីឡា​បាល់ទាត់​គឺសម្រាប់តែសេដ្ឋកិច្ច​អ្នក​មាន ឬយ៉ាងណា?   

អ្នកគាំទ្រ​របស់​ក្លឹបកីឡាបាល់ទាត់ Tottenham លើកបដាតវ៉ា ប្រឆាំងនឹងគម្រោង European Super League នៅខាងក្រៅពហុកីឡាដ្ឋាន Southampton ប្រទេសអង់គ្លេស ថ្ងៃទី ២១ មេសា ២០២១
អ្នកគាំទ្រ​របស់​ក្លឹបកីឡាបាល់ទាត់ Tottenham លើកបដាតវ៉ា ប្រឆាំងនឹងគម្រោង European Super League នៅខាងក្រៅពហុកីឡាដ្ឋាន Southampton ប្រទេសអង់គ្លេស ថ្ងៃទី ២១ មេសា ២០២១ AP - Clive Rose
ផ្សាយពាណិជ្ជកម្ម

នាពេលថ្មីៗនេះ ក្រោយការដឹកនាំរបស់ប្រធានក្លឹបបាល់ទាត់អេស៉្បាញដ៏ល្បីល្បាញ គឺ លោក Florentino Pérez ប្រធានក្លឹបយក្ស Real Madrid រូបនេះ បានស្នើបង្កើតកម្មវិធីបាល់ទាត់មួយ ឈ្មោះថា លីគកំពូលអឺរ៉ុប (European Super League) ដោយមានការចូលរួមពីសំណាក់ក្លឹបបាល់ទាត់ដ៏ល្បីល្បាញ និងមានលុយច្រើនបំផុតទាំង១២។ ក្នុងលីគអឺរ៉ុបកំពូលនេះ ក្រុមបាល់ទាត់អ្នកមានទាំងនេះអាចបន្តលេងជាដរាប ដោយមិនចាំបាច់ខ្វល់ខ្វាយធ្លាក់ទៅណានោះទេ។ ទោះជាយ៉ាងណា ព្រឹត្តិការណ៍នេះបានធ្វើឱ្យមានការពិភាក្សាវែកញែកអំពីវិសមភាពសេដ្ឋកិច្ចក្នុងវិស័យបាល់ទាត់ ឬវិស័យកីឡាទាំងមូល រហូតដល់អ្នកជំនាញខ្លះបានព្រួយបារម្ភថា អនាគតបាល់ទាត់នឹងធ្លាក់តែទៅលើដៃអ្នកមានប៉ុណ្ណោះ នៅថ្ងៃណាមួយ ហើយវាផ្ទុយពីគោលការណ៍កីឡាគឺសម្រាប់ទាំងអស់គ្នា។

អ្វីជាកម្មវិធី លីគកំពូលអឺរ៉ុប?

លីគកំពូលអឺរ៉ុប ដែលគ្រោងរៀបចំឡើងដោយ ក្រុមហ៊ុនអឺរ៉ុប European Super League Company, S.L. គឺជាក​ម្មវិធីប្រកួតបាល់ទាត់ប្រចាំឆ្នាំ ដែលត្រូវបានស្នើឡើងដោយក្លឹបបាល់ទាត់អឺរ៉ុបចំនួន២០។ កម្មវិធីនេះត្រូវបានបង្កើតឡើង ដោយមានក្លឹបស្ថាបនិកចំនួន១៥ ជាក្លឹបអចិន្រ្តៃយ៍ ក្នុងការប្រកួតប្រជែង និងជាដៃគូគ្រប់គ្រង រួមជាមួយក្លឹបបាល់ទាត់អឺរ៉ុបចំនួន៥ផ្សេងទៀត ដែលអាចត្រូវប្រកួតប្រជែងគ្នាដើម្បីអាចលេងក្នុងកម្មវីធីថ្មីនេះ។ ទោះជាយ៉ាងណា កម្មវិធីនេះត្រូវគេមើលឃើញថាអាចប្រកួតប្រជែង ឬជំនួសតែម្ដងពានរង្វាន់ UEFA Champions League ដែលជាការប្រកួតបាល់ទាត់ក្លឹបឈានមុខគេនៅអឺរ៉ុប និងរៀបចំឡើងដោយសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA។

ផែនការនៃការបង្កើតកម្មវិធីនេះឡើង ត្រូវបានគេប៉ុនប៉ង តាំងពីឆ្នាំ១៩៩៨ ប៉ុន្តែវាមិនបានសម្រេចទេ នៅចុងក្រោយ។ នៅខែមេសា ឆ្នាំ២០២១ ពានរង្វាន់លីគកំពូលនេះ ត្រូវបានបង្កើតឡើងដោយក្លឹបចំនួន១២ (ក្លឹបចំនួន៦មកពីអង់គ្លេស ក្លឹបចំនួន៣នៅអេស៉្បាញ និង ក្លឹប៣នៅប្រទេសអ៊ីតាលី) និងមានសមាជិកស្ថាបនិកចំនួន៣ក្លឹបផ្សេងទៀតរំពឹងថានឹងចូលរួមផងដែរ។ លោក Florentino Pérez ត្រូវបានតែងតាំងជាប្រធានទីមួយនៃកម្មវិធីនេះ។

ទោះជាយ៉ាងណា ការប្រកាសបង្កើតលីគបាល់ទាត់នេះឡើង ទទួលបានការប្រឆាំងជាសកលស្ទើរតែទាំងអស់ពីអ្នកគាំទ្រ កីឡាករ អ្នកគ្រប់គ្រង អ្នកនយោបាយ ក្លឹបផ្សេងៗ ក៏ដូចជា សហព័ន្ធបាល់ទាត់ពិភពលោក FIFA សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA និងរដ្ឋាភិបាល។ ការរិះគន់ប្រឆាំងភាគច្រើនផ្តោតលើ វិសមភាពសេដ្ឋកិច្ច ក្នុងវិស័យបាល់ទាត់ ឬវិស័យកីឡាទាំងមូល ការបែងចែកវណ្ណៈ ការគ្រប់គ្រងដោយតែអ្នកមាន និងកង្វះភាពប្រកួតប្រជែង។

តើអនាគតបាល់ទាត់សម្រាប់តែអ្នកមាន?   

អ្នកនិពន្ធសៀវភៅ “មូលធននិយមម្នាក់ឯង” លោកសាស្ត្រាចារ្យ Branko Milanovic បានពិពណ៌នាថា ទៅថ្ងៃអនាគត កម្មវិធីបាល់ទាត់អឺរ៉ុបក្នុងទម្រង់បែបនេះ ទំនងមិនអាចចៀសផុតឡើយ។ ក្លឹបអ្នកមានទាំងនេះនឹងដំណើរការ ដូចជា ម៉ាស៊ីនរកលុយសុទ្ធសាធ ហើយព្យាយាមធ្វើយ៉ាងណាទទួលបានសិទ្ធិផ្តាច់មុខ លេងតែជាមួយក្រុមខ្លាំងស្មើគ្នាប៉ុណ្ណោះ។ គាត់ក៏យល់ឃើញថា វាគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះ រហូតដល់បាល់ទាត់អន្តរជាតិ សម្រាប់មនុស្សជាតិទាំងមូល បានស្លាប់។ ម្ចាស់ក្លឹបអ្នកមាននីមួយៗ មិនចង់ឱ្យ​កីឡាករដែលពួកគេបានចំណាយប្រាក់រាប់លានអឺរ៉ូ ទៅលេងជាមួយក្រុមតូចៗ និងអាចត្រូវរងរបួស បែរជាមិនបានទទួលលុយអ្វីនោះទេ។

កម្មវិធីបាល់ទាត់លីគកំពូលអឺរ៉ុបបច្ចុប្បន្ន

ខណៈពេលដែលការធ្វើពាណិជ្ជកម្មលើវិស័យបាល់ទាត់កាន់តែកើនឡើង អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ យ៉ាងហោចណាស់ វិស័យបាល់ទាត់បានព្យាយាមរក្សាបើកចំហឱ្យ​ទូលាយ សម្រាប់ក្រុមបាល់ទាត់ទូទៅ។ ទោះបីជាក្របខ័ណ្ឌលីគកំពូលអឺរ៉ុបបច្ចុប្បន្ន បានផ្លាស់ប្តូរទ្រង់ទ្រាយរបស់ខ្លួន ពីការបើកចំហរទៅកាន់ក្លឹបល្អបំផុតនៃបណ្តាប្រទេសអឺរ៉ុប ក៏កម្មវិធីមួយនេះមិនបានបិទទ្វារទាំងស្រុងនោះទេ។ ក្លឹបតូចៗនៅតែមានសង្ឃឹមថានឹងអាចប្រកួតប្រជែងឡើងទៅលេងនៅកម្មវិធីកំពូលមួយនេះ។ ជាការពិត ទ្វារបានបិទខ្លះ សម្រាប់ការប្រកួតប្រជែងស្មើគ្នារវាងក្លឹបធំៗ និងក្លឹបតូចៗ ប៉ុន្តែវាមិនបានបិទទាំងស្រុងនោះទេ។

លីគកំពូលអឺរ៉ុប និងចុងបញ្ចប់នៃវិស័យបាល់ទាត់

ការចាប់ផ្តើមនៃលីគកំពូលអឺរ៉ុបក្នុងទម្រង់ថ្មី នឹងអាចជាទីបញ្ចប់ជាផ្លូវការនៃវិស័យបាល់ទាត់សម្រាប់អ្នកទាំងអស់គ្នាផងដែរ។ យើងអាចឃើញសភាពពិភពលោកបែបនេះ ក្នុងវិស័យកីឡាវាយកូនបាល់ ដែល​គ្រប់គ្រងដោយក្លឹបមានលុយ ក្នុងប្រទេសអ្នកមានប៉ុណ្ណោះ។ ក្នុងកម្មវិធីបែបនេះ ពួកគេនឹងលេងតែនៅក្នុងប្រទេសដែលគេបានជ្រើសរើសប៉ុណ្ណោះ។ ជាឧទាហរណ៍ មានបួនប្រទេសក្នុងករណីកីឡាវាយកូនបាល់ ​និងប្រហែលជាមានតែបី ឬបួនប្រទេសប៉ុណ្ណោះ នៅក្នុងវិស័យបាល់ទាត់។ ពួកគេនឹងលេងនៅក្នុងពហុកីឡដ្ឋានដែលត្រូវបានជ្រើសរើស និងនៅចំពោះមុខទស្សនិកជនដែលបានជ្រើសរើសអនុញ្ញាតឱ្យមើល ពីក្រុមវណ្ណៈអភិជន និងមានលុយច្រើនបំផុតប៉ុណ្ណោះផងដែរ។ វានឹងក្លាយជាចុងបញ្ចប់នៃវិស័យបាល់ទាត់សម្រាប់មនុស្សទាំងអស់គ្នា ដែលមនុស្សជាតិបានកសាងឡើង អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ។ បើថ្ងៃនោះបានមកដល់មែន វិស័យបាល់ទាត់នឹងប្រៀបបានទៅនឹងសង្គមមួយដែលត្រូវបានគ្រប់គ្រងដោយអ្នកមានទ្រព្យសម្បត្ដិ ឬប្រាក់ចំណូលច្រើនប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ