អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

១០០ថ្ងៃ​ក្រោយ​រដ្ឋប្រហារ​យោធា​ ភូមា​កំពុង​រំកិលខ្លួន​ធ្លាក់​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​ស៊ីវីល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រឹត្តិការ​រដ្ឋប្រហារយោធា នៅប្រទេសភូមា ថ្ងៃទី​១កុ​ម្ភៈ បានរុញច្រានប្រទេសនេះ ឲ្យធ្លាក់ចុះក្នុង​ស្ថានភាព​ចលាចល ព្រមទាំងអាចប្រឈមនឹងភ្លើងសង្គ្រាមស៊ីវីល ថែមទៀតផង។ គិតមកត្រឹមពេល​នេះ​ គឺ​មានរយៈពេល​១០០ថ្ងៃហើយ ដែល​ចលនាបាតុកម្ម​របស់ប្រជាជន​ភូមា បានផុសផុលឡើង ទាមទារឲ្យ​ក្រុម​យោធា ដោះលែងលោកស្រីអ៊ុងសាន ស៊ូជី និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ១០០ថ្ងៃមកនេះ ជីវិតមនុស្ស​ប្រមាណ​៧៨០នាក់ បានស្លាប់ ដោយ​ការបាញ់រះ បង្រ្កាប​បាតុកម្ម ពីសំណាក់សមត្ថកិច្ចកងទ័ពភូមា។ ចំណែកសហគមអន្តរជាតិ នៅតែមិនអាចចូលរួម​ ​ជួយ​ដោះស្រាយ​អ្វី​បានដដែល គឺ​បានត្រឹមតែថ្កោលទោស និងអំពាវនាវឲ្យ​បញ្ឈប់អំពើហិង្សា។

យុវជនបាតុករភូមា លើកទង់ក្រហម រូបម្រាមដៃបី ជាសញ្ញានៃការតវ៉ា ប្រឆាំងនឹងរបបផ្តាច់ការយោធា។ ក្រុងរ៉ង់ហ្គូន ថ្ងៃទី ១១ ឧសភា ២០២១ បាតុកម្ម១០០ថ្ងៃ នៃការ​ធ្វើរដ្ឋប្រហារយោធា ថ្ងៃទី ១កុម្ភៈ ២០២១
យុវជនបាតុករភូមា លើកទង់ក្រហម រូបម្រាមដៃបី ជាសញ្ញានៃការតវ៉ា ប្រឆាំងនឹងរបបផ្តាច់ការយោធា។ ក្រុងរ៉ង់ហ្គូន ថ្ងៃទី ១១ ឧសភា ២០២១ បាតុកម្ម១០០ថ្ងៃ នៃការ​ធ្វើរដ្ឋប្រហារយោធា ថ្ងៃទី ១កុម្ភៈ ២០២១ AP
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍រដ្ឋប្រហារយោធា ដែលក្រុមកងទ័ពភូមា បាន​ប្លន់អំណាចពីរដ្ឋាភិបាល​លោកស្រីអ៊ុងសាន ស៊ូជី បាន​រំលងផុតទៅ​១០០ថ្ងៃហើយ។ ១០០ថ្ងៃមកនេះ បាតុកម្មរបស់ប្រជាជនភូមា ត្រូវបាន​កងទ័ព ប្រើ​កម្លាំងបង្រ្កាប​យ៉ាងដំណំជាទីបំផុត។ មនុស្ស​យ៉ាងហោច ៧៨០នាក់ បានស្លាប់ និង​ជិត៤០០០នាក់ កំពុងជាប់ឃុំ។ សេដ្ឋកិច្ចភូមា កំពុងរាំងស្ទះ សឹងទាំងស្រុង ដោយសារតែ បាតុកម្ម កូដកម្ម អស្ថិរភាព និង​វិបត្តិនយោបាយ​នេះ។

ចំណែក​លោកស្រី អ៊ុងសាន ស៊ូជី ដែលស្ថិតក្នុងការឃុំឃាំង មិនត្រូវបាន​ក្រុមកងទ័ព អនុញ្ញាតឲ្យ​នរណាចូលជួបទាំងអស់។ លោកស្រី ប្រហែលជាមិនបានដឹងទេ អំពីស្ថានការណ៍ពិតជាក់ស្តែង របស់​ប្រទេសលោកស្រី ១០០ថ្ងៃមកនេះ។ ក្រុម​កងទ័ព បានប្រើសំណាញ់តុលាការ រំព័ទ្ធលោកស្រី​កាន់តែខ្លាំង ជាមួយ​នឹងបទចោទប្រកាន់ជាច្រើន​ ដែលប្រជាជនភូមា ចាត់ទុកថាជាការប្រឌិតទាំងស្រុង។

ទោះជារងការបង្ក្រាប គំរាមសម្លុតក្តី តែប្រជាជន​ភូមា នៅតែបន្តធ្វើបាតុកម្ម ដង្ហែរក្បួនស្ទើរជារៀង​រាល់​ថ្ងៃ មិនថាតាមទីក្រុងធំៗ ឬតាមស្រុកភូមិ ដាច់ស្រយ៉ាល។ យុវជនភូមា​សម័យFacebook  ដែលស្រេកឃ្លានសិទ្ធិសេរីភាព ចង់បានលទ្ធិប្រជាធិបតេយ្យ ហាក់​បាន​ប្តេជ្ញាចិត្ត​ មិន​ចុះចាញ់ មិនតក់ស្លុត និងកាណុងកាំភ្លើង របស់កងទ័ពទេ។

កងទ័ពកាន់តែប្រើកម្លាំង យុវជនបាតុករកាន់តែក្លាហាន និងរៀបចំ​ចលនារបស់ពួកគេ ដើម្បី​គេចចេញ​ពី​​ការបង្រ្កាប។ តែទន្ទឹមនឹង​នេះ មានយុវជនចិត្តខ្លាំងកាន់តែច្រើនឡើង បាន​បែកគំនិត​ប្រើអាវុធច្នៃ គ្រាប់​បែកច្នៃ ដើម្បី​វាយ​បកយ៉ាងហិង្សា ទៅ​លើ​សមត្ថកិច្ចកងទ័ពវិញ។ បន្ថែមនេះ យុវជនភូមា​កាន់តែច្រើន បាន​នាំគ្នារត់ចូលព្រៃ ទៅសំងំលាក់ខ្លួន​ហ្វឹកហាត់ កាន់អាវុធ ជាមួយ​នឹងក្រុម​កងកម្លាំងជនជាតិភាគតិត ដើម្បី​ត្រៀម​ប្រយុទ្ធ​នៅពេលខាងមុខ។ ក្រុមកម្លាំងការ៉េន និងក្រុម​កម្លាំង​កាឈីន បាន​ប្រកាសរួចហើយ​ថា គេនឹងកាន់អាវុធ ប្រយុទ្ធជាមួយ​កងទ័ពជាតិភូមា។ រងើកភ្លើងសង្គ្រាម កំពុងតែឆាបឆេះ នៅភូមា។

លោក Khin Zaw Win អ្នកវិភាគនយោបាយ​ភូមាម្នាក់ បាន​លើកឡើងថា ស្ថានភាពនៅភូមា ១០០ថ្ងៃ​ក្រោយ​រដ្ឋប្រហារ គឺស្ថិតនៅមាត់ជ្រោះសង្គ្រាមស៊ីវីល។ លោកអះអាងថា ប្រជាជនភូមា លែង​ទុកចិត្ត​កងទ័ព​ជាតិ​ភូមាទៀតហើយ។ ទំព័រសករាជ​នៃ​ ការបើកចំហរដើរឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ ប្រមាណ​​ជិត​​១០ឆ្នាំ​ចុងក្រោយ​នេះ ត្រូវបានបិទទៅវិញ យ៉ាងលឿនរហ័ស មួយពព្រិចភ្នែក នៅថ្ងៃទី​១កុម្ភៈ។

លោក Alexandre Pelletier អ្នកស្រាវជ្រាវម្នាក់ នៅសកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក បាន​លើកឡើងថា ពីដំបូង ក្រុមយោធាភូមា សង្ឃឹមថា រដ្ឋប្រហារថ្ងៃទី​១កុម្ភៈ និង​អនុញ្ញាតឲ្យ​គេអាចឈាន​ទៅកាន់​អំណាច​បានភ្លាម ដោយ​ក្រុមប្រជាធិបតេយ្យត្រូវបាន​បង្ក្រាប​ទាំងស្រុង។ ក៏ប៉ុន្តែ អ្វីៗមិនដូចការរំពឹងទុកនេះទេ ព្រោះថាប្រជាជនភូមា បានងើបក្រោមឈរឡើង ការពារសន្លឹកឆ្នោតរបស់ពួកគេ។ ទោះជាយ៉ាងនេះក្តីកងទ័ពភូមា មិនបានរាថយទេ។ លោកលើកឡើងថា ១០០ថ្ងៃមកនេះ អ្វីដែល​យើងសង្កេតឃើញ គឺភូមា​បានធ្លាក់ជ្រៅទៅៗក្នុងវិបត្តិ ទាំងនយោបាយ និងសេដ្ឋកិច្ច ។ ហើយជាពិសេសនោះ គឺការប្រឈមនឹងវិបត្តិសង្គ្រាមស៊ីវីល យ៉ាងបើកចំហរតែម្តង ដោយគ្មាននរណាអាចទប់បាន។

១០០ថ្ងៃបាន​កន្លងផុតទៅ សហគមន៍អន្តរជាតិ នៅតែមិនអាចធ្វើអ្វីបាន​ ឲ្យជាក់ស្តែង ដើម្បីជួយ​ដោះស្រាយ​វិបត្តិ។ អង្គការសហប្រជាជាតិ បានត្រឹមតែចេញសេចក្តីថ្លែងការណ៍ ដែលសេចក្តីថ្លែងការណ៍នោះទៀតសោត ត្រូវបាន​ចិន និងរុស្ស៊ី ទាមទារកុំឲ្យ​ប្រើពាក្យធ្ងន់ៗពេក លើរបបសិកភូមា។ អង្គការក្រៅរដ្ឋាភិបាលជាង​២០០ស្ថាប័ន បានទាមទារឲ្យអង្គការសហប្រជាជាតិ ត្រូវដាក់បំរាម ហាមលក់អាវុធទៅឲ្យ​កងទ័ពភូមា។ តែការទាមទារនេះ ត្រូវបាន​ចិន និងរុស្ស៊ី បដិសេធ ដោយមិនឲ្យ​យកមក សូម្បីតែនិយាយពិភាក្សាគ្នា

នៅថ្ងៃទី២៤មេសា ក្រុមប្រទេសអាស៊ាន បានជួប​ប្រជុំជាលើកទីមួយ ដោយ​បានអញ្ជើញលោក ឧត្តមសេនីយ៍ មីន​ អ៊ុងឡាំង បុរសខ្លាំងនៃរបបសិកភូមា ឲ្យ​មកនិយាយគ្នា ដើម្បីវែកផ្លូវដោះស្រាយ​វិបត្តិនេះ។ ក្រុមប្រទេសអាស៊ាន បាន​ទាមទារ៥ចំណុច ទៅកាន់លោកឧត្តមសេនីយ៍ភូមា ក្នុងនោះមានជាអាទិ៍ បញ្ឈប់ការប្រើអំពើហិង្សាទៅលើបាតុករ និង​ បើកផ្លូវឲ្យ​អ្នកតំណាងអាស៊ានចូលទៅភូមា ដើម្បីពិនិត្យស្ថានការណ៍​ និងឈានទៅ​បើកផ្លូវចរចានយោបាយ។ ក៏ប៉ុន្តែ បានតែប៉ុន្មានថ្ងៃ លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង បាន​ប្រកាសថា លោកនឹងមិនអនុវត្តធ្វើតាមចំណុចទាមទារ​ទាំងនេះទេ ដរាបណាស្ថានការណ៍នៅភូមា មិនទាន់​ត្រលប់មករកស្ថិរភាពវិញ។

វិបត្តិនៅតែអូសបន្លាយ ជីវភាពប្រជាជនភូមា កាន់តែលំបាក។ តើប្រទេសដ៏ក្រីក្រមួយនេះ អាចទប់ទល់ បានយូរប៉ុន្មានថ្ងៃ ប៉ុន្មានខែទៀត? យោងតាមការព្យាករណ៍ នៅឆ្នាំ​២០២២ ពាក់​កណ្តាល​​នៃប្រជាជនភូមា អាចធ្លាក់ទៅក្នុងជីវភាពក្រីក្រតោកយ៉ាក ដោយសារតែវិបត្តិសេដ្ឋកិច្ច និងនយោបាយ។ យោងតាមតួលេខរបស់ធនាគារពិភពលោក នៅឆ្នាំ​២០២១ សេដ្ឋកិច្ចភូមា នឹងដើរថយក្រោយ​ ចំនួន​១០% ខណៈដែលកាលពីឆ្នាំ​២០១៩ សេដ្ឋកិច្ចប្រទេសនេះ បានមានកំណើនដល់ទៅ​៧%។ នេះគឺជាការដើរថយក្រោយ ដ៏គួរឲ្យសោកស្តាយបំផុត។​ ភាពចលាចលនយោបាយ និង​ វិបត្តិសេដ្ឋកិច្ច ហាក់មិនធ្វើឲ្យ​កងទ័ពភូមាខ្លាចរអាទេ។ ទណ្ឌកម្ម​ពីសហគមន៍​អន្តរជាតិ ក៏ហាក់ដូចជាគ្មាន​ប្រសិទ្ធភាពដែរ។ អ្នកដែល​ទទួលរងការលំបាក សម្រាប់ពេលនេះ គឺប្រជាជនភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ