អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អនាគត៖ តើយានយន្តអគ្គិសនីអាចប្រឈមបញ្ហាអ្វីខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទៅថ្ងៃអនាគត តើពិភពលោកនឹងត្រូវពឹងផ្អែកលើយានយន្តអគ្គិសនី ឬគេស្គាល់ថា យានយន្តបៃតងឬយ៉ាងណា? យានយន្តបៃតងប្រើប្រាស់អគ្គិសនី និងបញ្ចេញឧស្ម័នកាបូនិចតិចជាងយានយន្តប្រើប្រេងសាំង និងម៉ាសូតធម្មតា។ ឧស្សាហកម្មយានយន្ត និងរដ្ឋាភិបាលនានានៅលើពិភពលោក មានគោលបំណងជំរុញការផ្លាស់ប្តូរជាសកលឱ្យប្រើប្រាស់យានយន្តបៃតងទាំងនេះ។ ក៏ប៉ុន្តែ តើយានយន្តអគ្គិសនីអាចប្រឈមបញ្ហាអ្វីខ្លះ?

File photo: Reuters
ផ្សាយពាណិជ្ជកម្ម

ប្រវត្តិឧស្សហកម្មយានយន្ដ

អស់រយៈពេលជាច្រើនទសវត្សរ៍ សហរដ្ឋអាមេរិកជាប្រទេសឈានមុខគេ ក្នុងការផលិតរថយន្ត នៅទូទាំងពិភពលោក។ នៅឆ្នាំ១៩២៩ ពីមុនពេលមានវិបត្តិសេដ្ឋកិច្ច ពិភពលោកមានរថយន្តចំនួនប្រហែល ៣២លានគ្រឿង ហើយសហរដ្ឋអាមេរិកតែឯងផលិតជាង ៩០%នៃរថយន្តទាំងនោះ។ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៥០ និងឆ្នាំ១៩៦០ ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំងបានចាប់ផ្តើមផលិតកម្មរបស់ខ្លួនឡើងវិញ និងក្រោយមក ជប៉ុនបានចាប់ផ្តើមផលិតយានយន្តផងដែរ។ ពីរទសវត្សរ៍ក្រោយមក ពោលគឺនៅអំឡុងឆ្នាំ១៩៨០ ជប៉ុនបានវ៉ាដាច់សហរដ្ឋអាមេរិកក្លាយខ្លួនជាប្រទេសផលិតយានយន្ដឈានមុនគេ ប៉ុន្តែអាមេរិកបានត្រលប់មកកាន់តំណែងកំពូលវិញ ក្នុងឆ្នាំ១៩៩៤។​ ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ កូរ៉េខាងត្បូងបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសផលិតយានយន្តច្រើនបំផុត។​

នៅដើមសតវត្សរ៍ទី២១ ពោលគឺនៅឆ្នាំ២០០៦ ជប៉ុនបានយកឈ្នះសហរដ្ឋអាមេរិកម្ដងទៀត និងរក្សាចំណាត់ថ្នាក់កំពូលដល់ឆ្នាំ២០០៩។ ទោះជាយ៉ាងណា គិតត្រឹមឆ្នាំ២០១២ ចិនបានផលិតរថយន្តក្នុងចំនួនស្ទើរតែច្រើនជាងទ្វេដងនៃរថយន្តអាមេរិក ស្របពេលដែលប្រទេសជប៉ុនបានធ្លាក់មកលំដាប់ទីបី។

នាពេលបច្ចុប្បន្ន រថយន្តដឹកអ្នកដំណើរបានរួមចំណែកយ៉ាងចម្បងក្នុងការបំពុលបរិស្ថាន។ គិតត្រឹមឆ្នាំ២០១៣ វិស័យដឹកជញ្ជូនបានចូលរួមចំណែកច្រើនជាងពាក់កណ្តាលនៃការបញ្ចេញឧស្ម័នពុល ជាពិសេសឧស្ម័ន​កាបូនិច ហើយស្ទើរតែមួយភាគបួននៃឧស្ម័នទាំងនោះ បានបញ្ចេញទៅក្នុងបរិយាកាស។

ទៅថ្ងៃអនាគត តើពិភពលោកនឹងត្រូវពឹងផ្អែកលើយានយន្តអគ្គិសនី ឬគេស្គាល់ថា យានយន្តបៃតងឬយ៉ាងណា? រថយន្តអគ្គិសនីប្រើប្រាស់អគ្គិសនី និងបញ្ចេញឧស្ម័នកាបូនិចតិចជាងរថយន្តធម្មតា។ ឧស្សាហកម្មរថយន្ត និងរដ្ឋាភិបាលនានា នៅលើពិភពលោក មានគោលបំណងជំរុញការផ្លាស់ប្តូរជាសកលឱ្យ​ប្រើប្រាស់រថយន្តបៃតងទាំងនេះ។

អនាគតនៃឧស្សហកម្មយានយន្ដ និងក្រុមហ៊ុន Tesla របស់ Elon Mask

         ក្រុមហ៊ុនកំពុងឈានមុខគេបំផុតក្នុងបច្ចេកវិទ្យាបៃតង គឺ ក្រុមហ៊ុន Telsa របស់ Elon Mask។ ក្រុមហ៊ុន Tesla​ Inc គឺជាក្រុមហ៊ុនផលិតយានយន្តអគ្គិសនី ថាមពលស្អាត បន្ទះសូឡា និងប្រព័ន្ធផលិតថាមពលពន្លឺព្រះអាទិត្យ ដែលមានមូលដ្ឋាននៅតំបន់ Palo Alto រដ្ឋ California សហរដ្ឋអាមេរិក។ នៅឆ្នាំ២០២០ ក្រុមហ៊ុន Tesla ផលិត និងលក់រថយន្តអគ្គិសនីច្រើនជាងគេបំផុត នៅលើពិភពលោក។ Tesla ក៏ជាក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធថាមពលថ្មធំជាងគេបំផុតលើពិភពលោកផងដែរ។

ក្រុមហ៊ុនថ្មីថ្មោងរបស់ចិន រួមមាន ក្រុមហ៊ុន Aiways ក្រុមហ៊ុន Li Auto ក្រុមហ៊ុន Nio ក្រុមហ៊ុន WM Motor និង Xpeng កំពុងផលិតរថយន្តអគ្គិសនីរាប់ពាន់គ្រឿង។ នៅអឺរ៉ុប ក្រុមហ៊ុនក្រូអាស៊ី Rimac និងក្រុមហ៊ុនអេស៉្បាញ Hispano Suiza កំពុងផលិតរថយន្តម៉ាក Hypercars។ ក្រុមហ៊ុនតៃវ៉ាន់​ Foxconn ដែលល្បីឈ្មោះខាងផលិតគ្រឿងទូរស័ព្ទ iPhone ក៏កំពុងដំឡើងរថយន្តអគ្គិសនីឱ្យ​ក្រុមហ៊ុនដទៃផងដែរ។ ចំណែក ក្រុមហ៊ុន Apple វិញ ទំនងផលិតរថយន្ត iCar។

បញ្ហាប្រឈមចម្បងរបស់យានយន្តអគ្គិសនី

         យោងទៅសារព័ត៌មានអង់គ្លេស BBC ការលើកទឹកចិត្តឱ្យពិភពលោកប្រើប្រាស់យានយន្តអគ្គិសនីកាន់តែច្រើន គឺជា កត្តាគន្លឹះក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថានសកល។ ទោះជាយ៉ាងណា ឧស្សាហកម្មរថយន្តអគ្គិសនីក៏ត្រូវប្រឈមបញ្ហាចម្បងមួយចំនួន៖

ទី១៖ ការផ្លាស់ប្តូរនឹងត្រូវការពេលវេលា។ ទោះបីជាយានយន្តអគ្គិសនីហាក់ដូចជាគំនិតល្អ ក៏ប៉ុន្តែយានយន្តប្រពៃណីប្រើប្រេងសាំង និងម៉ាសូត នៅតែមានប្រជាប្រិយភាព និងមានតម្លៃសមរម្យ។ សូម្បីតែនៅក្នុងប្រទេសជឿនលឿន ដូចជាប្រទេសន័រវែស និងដាណឺម៉ាក ក៏ការកំណត់ពេលវេលាដើម្បីឱ្យមានការប្រើប្រាស់រថយន្តបៃតងទាំងស្រុង គឺអាចធ្វើឡើងនៅរយៈពេល ១០ឬ ១៥ឆ្នាំខាងមុខ។

ទី២៖​ បញ្ហាពាក់ព័ន្ធនឹងជម្រើសមានកំណត់។ នៅពេលដែលគេនិយាយដល់ជម្រើសនៃម៉ូឌែលរថយន្តផ្សេងៗគ្នា យានយន្តអគ្គិសនីមិនមានប្រភេទច្រើនទេដើម្បីឱ្យយើងជ្រើសរើស និងមានទិសដៅទៅរកទីផ្សារលំដាប់ខ្ពស់ និងមានតម្លៃថ្លៃ។ ក៏ប៉ុន្តែ នាពេលអនាគត តម្លៃទំនងជាបន្តធ្លាក់ចុះ។

ទី៣៖ បញ្ហាពាក់ព័ន្ធនឹងបច្ចេកវិទ្យាត្រឹមត្រូវ។ ជាក់ស្ដែង មានការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្ម និងការសាកថ្ម ប៉ុន្តែ វាក៏បណ្តាលឱ្យមានភាពមិនច្បាស់លាស់យ៉ាងខ្លាំងផងដែរ។ តើបច្ចេកវិទ្យាសាកថ្មប្រភេទណាដែលនឹងក្លាយជាបច្ចេកវិទ្យាស្តង់ដារ? តើគេគួររំពឹងថា ការសាកថ្មអាចមាននៅទីណា ឬនៅជិតបង្គោលភ្លើងតាមបណ្តោយផ្លូវ? បញ្ហានេះកាន់តែត្រូវប្រឈមសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។

ទី៤៖ តើអ្នកណានឹងចំណាយលើហេដ្ឋារចនាសម្ព័ន្ធទាំងនោះ? សូម្បីតែស្ដង់ដារសាកថ្មអាចកើតមានឡើងក៏ដោយ ក៏ប៉ុន្តែ តើអ្នកណានឹងចំណាយដំឡើងវា? តើវាជាការទទួលខុសត្រូវរបស់វិស័យឯកជន ឬវិស័យសាធារណៈ? ប្រសិនបើវាជាការទទួលខុសត្រូវរបស់រដ្ឋ តើរដ្ឋត្រូវការចំណូលពន្ធដារមកពីណា?

         ទី៥៖ វាពាក់ព័ន្ធនឹងក្តីស្រមៃទទួលបានរថយន្តគ្មានឧស្ម័នពុល។ ប៉ុន្តែ សូម្បីតែយានយន្តប្រើប្រាស់អគ្គិសនី១០០% ក៏មិនមានន័យថា យើងអាចលុបបំបាត់ឧស្ម័នពុលបាន១០០%នោះទេ។ ការជីកយកធនធានរ៉ែធម្មជាតិដើម្បីផលិតជាអាគុយ សាងសង់ និងការដឹកជញ្ជូនយានយន្តដល់អតិថិជន នៅទូទាំងពិភពលោក សុទ្ធសឹងតែពាក់ព័ន្ធនឹងការបំភាយឧស្ម័នពុលយ៉ាងច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ