អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​សង្ឃឹមទេ ថានឹង​មាន​​វ៉ាក់សាំង បង្ការ​ជំងឺ​អេដស៍-ស៊ីដា

ចុះផ្សាយ​នៅ​ថ្ងៃ៖

មេរោគ HIV ដែល​បង្កជំងឺស៊ីដា ឬជំងឺអេដស៍នោះ ធ្លាប់ជាមេរោគ ដ៏កាចសាហាវបំផុត ដែលធ្វើឲ្យ​អ្នក​ឆ្លង​វាហើយ គឺរងចាំ​តែ​សេចក្តី​ស្លាប់តែប៉ុណ្ណោះ។ ក៏ប៉ុ​ន្តែ ប្រមាណ​​៤០ឆ្នាំ​កន្លងមកនេះ អ្នក​ជំនាញ​​​ទូទាំង​ពិភពលោក បានស្រាវជ្រាវ បោះជំហាន​ទៅ​មុខ​យ៉ាង​ខ្លាំងបំផុត ដោយ​​បាន​រកឃើញថ្នាំគ្រាប់​ពន្យាជីវិត ធ្វើ​ឲ្យ​​អ្នក​ដែល​មាន​ផ្ទុកមេរោគ HIV អាច​រស់នៅ​​មាន​សុខភាព​ល្អធម្មតា។ ក៏ប៉ុន្តែ ទោះ​យ៉ាង​នេះក៏ដោយ ក្តី​ស្រម៉ៃ​របស់​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ គឺ​ការ​​​រកឃើញ​វ៉ាក់សាំង បង្ការមេរោគ​អេដស៍ ដើម្បី​​ឈាន​ទៅ​លុប​បំបាត់​​ជំងឺនេះ ឲ្យបាន​​ទាំងស្រុង​តែម្តង។ ខុសពីកូវីដ​១៩ ដែលត្រូវបាន​​គេ​ស្រាវជ្រាវ​រកឃើញ ថ្នាំ​វ៉ាក់សាំង​បានភ្លាមៗ ដោយឡែក ​មេរោគ​ជំងឺអេដស៍​វិញ រហូត​មកទ​ល់ពេល​នេះ គេនៅ​តែ​ពុំទាន់​រកឃើញ​វ៉ាក់សាំង នៅឡើុយទេ។

សកម្មជនអង្គការ​ប្រយុទ្ធប្រឆាំងមេរោគអេដស៍ នៅប្រទេសហ្វីលីពីន អុជទានរំលឹកដល់អ្នកស្លាប់ជាច្រើនលាននាក់ ដោយសារជំងឺអេដស៍។ ទីក្រុង​ Quezon ប្រទេសហ្វីលីពីន ថ្ងៃទី ១ ធ្នូ ២០១៦
សកម្មជនអង្គការ​ប្រយុទ្ធប្រឆាំងមេរោគអេដស៍ នៅប្រទេសហ្វីលីពីន អុជទានរំលឹកដល់អ្នកស្លាប់ជាច្រើនលាននាក់ ដោយសារជំងឺអេដស៍។ ទីក្រុង​ Quezon ប្រទេសហ្វីលីពីន ថ្ងៃទី ១ ធ្នូ ២០១៦ AP - Aaron Favila
ផ្សាយពាណិជ្ជកម្ម

ថ្នាំគ្រាប់ពន្យាជីវិត​ "Antirétroviraux"

បច្ចុប្បន្ននេះ មានអ្នកផ្ទុកមេរោគ HIV-VIH (virus de l'immunodéficience humaine) ឬនិយាយ​ជា​ភាសាសាមញ្ញថា មេរោគអេដស៍ ចំនួនប្រមាណ​៣៨លាននាក់ នៅទូទាំងពិភពលោក។ ជំងឺអេដស៍ ធ្លាប់ជា​ជំងឺ​ដ៏កាច​សាហាវបំផុត​ កាល​ពី​អំឡុង​ទសវត្ស​ឆ្នាំ ១៩៨០-៩០។ តែពេល​នេះ ​ជាមួយ​​នឹងថ្នាំគ្រាប់ antirétroviraux (ARV) ឬហៅ​សាមញ្ញថា ថ្នាំពន្យាជីវិត គឺអ្នក​ផ្ទុក​មេរោគ​អេដស៍ លែង​ប្រឈម​នឹង​ការ​ធ្លាក់ខ្លួន ឈឺធ្ងន់​ទៀតហើយ។ ពោលគឺ អ្នក​ផ្ទុកមេរោគអេដស៍ ​អាច​មានសុខភាព​ល្អធម្មតា ដោយសារ​ថ្នាំ​ព្យាបាលនេះ អាច​ទៅទប់ ឲ្យ​​មេរោគ​នេះ​នៅសល់ ក្នុង​កម្រិត​ទាបបំផុត ដែល​មិន​អាច​បង្ក​ហានិភ័យ​ ដល់ប្រព័ន្ធ​ការពារខ្លួន​បាន​។

ថ្នាំគ្រាប់ antirétroviraux មិនមែនត្រឹមតែអាច ការពារ​សុខភាព​អ្នក​ផ្ទុក​មេរោគអេដស៍​បានប៉ុណ្ណោះទេ តែថែម​ទាំងអាចទប់ មិន​ឲ្យ​ចម្លង​មេរោគអេដស៍ ទៅ​កាន់​អ្នកផ្សេង​ថែមទៀតផង។ ជាងនេះទៀត ​នា​ពេលបច្ចុប្បន្ន សម្រាប់​មនុស្សខ្លះ ដែល​ស្ថិតក្នុង​ចំណោម​​មនុស្ស​​ប្រឈម​ខ្លាំង នឹងការ​​ឆ្លង​មេរោគ​អេដស៍ គឺគេ​អាច​លេបថ្នាំ​គ្រាប់ antirétroviraux ជា​ប្រចាំថ្ងៃ ដើម្បី​​បង្ការ ​មិន​ឲ្យឆ្លង​មេរោគ​អេដស៍ មាន​​​ប្រសិទ្ធភាព​ដល់ទៅ ៩៩%។

តែយ៉ាណាក៏ដោយ មិនមែន​មនុស្សគ្រប់គ្នា នៅគ្រប់​ទីកន្លែង​​ទូទាំង​ពិភពលោក​នេះ សុទ្ធតែអាច​មានលទ្ធភាព បាន​ទទួល​ថ្នាំគ្រាប់​ប្រភេទ antirétroviraux នេះទេ។ លោកស្រី Hanneke Schuitemaker នាយក​ផ្នែក​​ស្រាវជ្រាវ​វ៉ាក់សាំង នៅ​​មន្ទីរពិសោធន៍​ Johnson & Johnson (J&J)​ បាន​លើកឡើង​ថា កុំថា​ឡើុយ​ដល់ទៅ​ប្រទេសក្រីក្រ សូម្បីតែនៅ​តាម​ប្រទេស​អភិវឌ្ឍន៍​ ក៏​មាន​បញ្ហាវិសមភាព ទាក់ទិន​នឹងការ​ផ្តល់​ថ្នាំ​ព្យាបាល​​មេរោគអេដស៍ នេះ​ដែរ។ ហេតុ​ដូច្នេះ​ហើយ ​បានជា​មន្ទីរពិសោធន៍​ធំៗ​នានា ខិតខំ​ព្យាយាម​ស្រាវជ្រាវ ដើម្បី​ផលិត​​ឲ្យ​​បាន​វ៉ាក់សាំង​ប្រឆាំង​មេរោគ​អេដស៍ ​ព្រោះថា​វ៉ាក់សាំង ​ត្រូវគេ​ទទួល​ស្គាល់ថា ​ជា​ឧបករណ៍​ដ៏មាន​​ប្រសិទ្ធភាព ​ក្នុង​ការ​លុបបំបាត់​ជំងឺ​ឆ្លង​ណាមួយ។

ប្រព័ន្ធអង់ទីក័រមនុស្ស មិនអាចយកឈ្នះមេរោគអេដស៍ បានទាំងស្រុង

មានមនុស្សមិន​តិចនាក់​ទេ ​បាន​ចោទ​សួរថា ​ហេតុអ្វី ​បាន​ជា​កូវីដ១៩ ​គេ​អាច​រកឃើញ​វ៉ាក់សាំង​បាន ​ដោយ​ប្រើ​ពេល​​ត្រឹមតែ​១ឆ្នាំ? រីឯ​ជំងឺ​មេរោគ​អេដស៍វិញ ​ប្រមាណ​​៤០ឆ្នាំ​មកហើយ ​នៅតែ​រកមិន​ទាន់​បាន​វ៉ាក់សាំង?

តាមពិត ប្រមាណ​ជិត៤០​ឆ្នាំមក​នេះ មាន​ការ​ស្រាវជ្រាវ​ជាច្រើន បាន​ព្យាយាម​ស្វែងរក​រូបមន្ត​វ៉ាក់សាំង ​បង្ការ​មេរោគ​អេដស៍។ ក៏ប៉ុន្តែ ​រហូត​មក​ទល់​ពេល​នេះ ​គ្មាន​រូបមន្ត​ណា ដែល​អាច​បាន​ជោគជ័យ​ មាន​ប្រសិទ្ធភាព​ល្អ​នោះ​ទេ។

មេរោគ HIV-VIH ដែល​បង្ក​ជំងឺអេដស៍ ​មាន​ទំរង់​ខុសគ្នា ​ពី​មេរោគ​ដែល​បង្ក​ជំងឺ​កូវីដ​១៩។ លោក ​Larry Corey ​អ្នក​ស្រាវជ្រាវ​ម្នាក់ នៅ ​HIV vaccine trials network (HVTN) ​បាន​លើកឡើង​ថា ប្រព័ន្ធ​អង្គបដិធាតុ​របស់​មនុស្សយើង ​អាច​យកឈ្នះ​​មេរោគ​ជំងឺ​កូវីដ​១៩​ បាន​១០០%។ ផ្ទុយ​ទៅ​វិញ ជាមួយ​​នឹង​មេរោគអេដស៍ គឺ​ប្រព័ន្ធ​ការពារ​ខ្លួន​របស់​មនុស្សយើង មិន​អាច​យក​ឈ្នះបាន​១០០%​ទេ។ ពោល​គឺមាន​ន័យថា មេរោគ​អេដស៍ នៅតែ​មានវត្តមាន​ក្នុង​សរីរាង្គម​នុស្ស​ជានិច្ច គ្រាន់តែ​ក្នុង​បរិមាណ​​កម្លាំង​ខ្សោយ​បំផុត។

វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩ អាច​មាន​ប្រសិទ្ធភាព ទប់​មិន​ឲ្យ​​មេរោគ​ចូល​មក​វាយលុក ក្នុង​សរីរាង្គ ​តាម​រយៈ​ការ​​បង្កើត​ជា​ប្រព័ន្ធ​អង់ទីក័រ ដែល​ទៅ​តោង​នឹង ​ប្រូតេអ៊ីន spike ​របស់​មេរោគ ​ហើយ​ឈាន​​​ទៅ​​សំលាប់​​មេរោគ​នេោះ​ដោយ​ផ្ទាល់ មុននឹង​វា​ចូល​​មក​ដល់​កោសិកា​មនុស្ស។ ដោយឡែក​ មេរោគ​អេដស៍ ក៏មាន​ភ្ជាប់​ដោយ​​ប្រូតេអ៊ីន ​ប្រភេទ​​ spike ​នេះដែរ។ ក៏ប៉ុន្តែ​បញ្ហា​ចោទ​ គឺថា ​មេរោគ​អេដស៍ ​មិនមែន​មាន​តែ​មួយ​ទម្រង់​នោះទេ។ គឺមាន​ទម្រង់​​​បំប្លែង​ច្រើន​រយ ​អាច​ដល់​រាប់ពាន់​ទម្រង់​ផង។ នេះ​បើ​ផ្អែក​តាម​​សំដី ​របស់​​លោក​ William Schief ​អ្នក​ជំនាញ​នៅ ​Scripps Research Institute ​ដែល​បច្ចុប្បន្ន ​កំពុង​ដឹកនាំ​​​ការ​ស្រាវជ្រាវ​​វ៉ាក់សាំង ​ប្រភេទ ​ARN messager ​ប្រឆាំង​នឹង​​មេរោគ​អេដស៍។

មេរោគអេដស៍ ​គឺ​ជា​ប្រភេទ​មេរោគ « rétrovirus" ​ពោល​គឺវា​បញ្ជ្រៀប​ខ្លួន ចូល​ទៅក្នុង​​បន្ទាត់​ ADN របស់​កោសិកា ជា​រៀងរហូត។ វ៉ាក់សាំង ​ដែលមាន​ប្រសិទ្ធភាព ​គឺ​ទាល់តែ​ទប់​មិនឲ្យ​​មេរោគ​ចូលទៅ​សំងំ​ក្នុង​សរីរាង្គ​ បាន​ទាំងស្រុង។ បើ​ត្រឹមតែ​កាត់​បន្ថយទំហំ ​កម្លាំង​មេរោគ ដោយ​ទុកឲ្យ​​មេរោគសំងំ​ក្នុង​សរីរាង្គ គឺវា​មិន​គ្រប់គ្រាន់​ទេ។

ក្តីសង្ឃឹមវ៉ាក់សាំង

រហូត​មកទល់​ពេលនេះ មាន​បេក្ខភាព​វ៉ាក់សាំង​ប្រឆាំង​មេរោគអេដស៍ តែមួយ​គត់ ដែល​បាន​ឈាន​ដល់​ដំណាក់កាល​សាកល្បង​ទ្រង់ទ្រាយ​ធំ។ គឺ​យុទ្ធនាការ​សាកល្បង ​ឈ្មោះ Uhambo ដែល​ត្រូវ​គេ​រៀបចំ​ធ្វើ នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង។ ក៏ប៉ុន្តែ​លទ្ធផល បានធ្វើ​​ឲ្យ​មាន​​ការខ​កចិត្ត​ខ្លាំង​ណាស់។ ដោយឡែក ​វ៉ាក់សាំង​មួយទៀត ស្រាវជ្រាវ​ដោយ មន្ទីរពិសោធន៍​ Johnson & Johnson ​ដែល​​កំពុង​ស្ថិត​នៅក្នុង​ដំណាក់ការ​សាកល្បង ហើយ​លទ្ធផល​​នឹង​ត្រូវ​​បង្ហាញ​​ក្នុងរវាង ប៉ុន្មាន​​ខែ​ខាងមុខ។ ការ​សាកល្បង​ត្រូវ​បាន​​គេ​រៀបចំ​ធ្វើជា​២ក្រុម ក្រុម​ទីមួយ​ឈ្មោះ « Imbokodo" ​សាកទៅ​​លើ​​​ស្ត្រី​​​ចំនួន​ ២៦០០នាក់​ នៅ​តំបន់​អាហ្វ្រិក​​ក្រោម​សមុទ្រ​ខ្សាច់​​សាហារ៉ា និង​ក្រុម​ទី២ ឈ្មោះ ​« Mosaico" សាក​ទៅលើ​បុរស ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា និង​អ្នក​ប្តូរ​​ភេទ ចំនួន​សរុប ​៣៨០០​នាក់។

វ៉ាក់សាំង​ដែល​ស្រាវជ្រាវ​ដោយ មន្ទីរពិសោធន៍​ Johnson & Johnson នេះ​ គឺជា​ប្រភេទ​វ៉ាក់សាំង​ ​"vecteur viral" ដែល​​ប្រើ​បច្ចេកទេស​សាមញ្ញ។ ពោលគឺ ​គេចាក់​បញ្ចូល​មេរោគ​មួយ​ប្រភេទ ​ឈ្មោះថា ​adénovirus ដែល​ត្រូវ​បាន​គេ​យក​មកកែច្នៃ ​ឲ្យ​ពាំនាំ​យក​ព័ត៌មាន​​ហ្សេណេទិក ទៅ​កាន់​សរីរាង្គ។ មេរោគ​កែច្នៃនេះ​ នឹងទៅ​ផលិត​ជា​ម៉ូឡេគុល​ ដាស់​ឲ្យ​សរីរាង្គ ត្រៀម​បំរុងខ្លួន ផលិត​ជាប្រព័ន្ធ​អង់ទីក័រ ទប់ទល់​​ជាមួយ​នឹង​មេរោគ​អេដស៍។

ទន្ទឹមគ្នានេះដែរ ​អ្នកជំនាញ ​កំពុងតែ​ផ្តោត​ការ​យកចិត្ត​ទុកដាក់ លើ​បច្ចេកទេស​មួយទៀត ដោយ​ប្រើ​វិធី ចាក់​បញ្ចូល ​អង់ទីក័រ​ ក្នុង​ទំហំ​ធំមួយ ​ហើយ​ដែល​អង់ទីក័រ​នោះ នឹង​ទៅ​តោង​ជាប់ផ្នែក ​ដែល​មេរោគ​អេដស៍ គ្រប់​ទំរង់​ទាំងអស់ មាន​ដូចៗ​គ្នា។ កាល​ពីពេល​ថ្មីៗនេះ អង្គការ​ ​AIDS Vaccine ​Initiative ​និង ​Scripps Research Institute ​ធ្លាប់​បាន​បង្ហាញ​​លទ្ធផល​​សាកល្បង​ដំណាក់កាល​ដំបូង ដោយ​​ប្រើ​​បេក្ខជន​វ៉ាក់សាំង​មួយ​ចំនួន ឲ្យ​ចូល​ទៅ​ជំរុញ កោសិកា​អង្គបដិធាតុ​កម្រ ឲ្យ​​បង្កើត អង់ទីក័រ​ប្រភេទ​នេះ។

ក្រុម​អ្នក​ជំនាញ កំពុង​រំពឹង​សង្ឃឹមថា អាច​បោះជំហា​នទៅ​មុខទៀត ជាមួយ​​នឹង​បច្ចេកទេស​ថ្មី ​គឺ ARN messager ​ដោយ​​​សហការ ​ជាមួយ​មន្ទីរពិសោធន៍ ​Moderna។ តាម​រយៈ​ការចាក់​ច្រើនដូស ​អ្នក​ជំនាញ​អះអាង​ថា គេ​អាចទៅ​ « បង្រៀន » ​បន្តិច​ម្តងៗ ដល់កោសិកា lymphocytes B ឬ​​ហៅថា​​គ្រាប់​ឈាមស ឲ្យ​មាន​​សមត្ថភាព​ផលិត​អង់ទីក័រ។ អ្នក​ជំនាញ​ក៏​ផ្តោត​ការសង្ឃឹម​ដែរ ថា​វ៉ាក់សាំង​ប្រភេទ​នេះ អាច​នឹង​ទៅ​ជំរុញឲ្យ​​ lymphocytes ផ្សេង​ទៀត ដូចជា ​lymphocytes T ឲ្យ​​ចេះ​កំទេច​ចោល​ កោសិកា​ណា ដែល​ត្រូវ​បាន​វាយ​លុក ដោយ​​​មេរោគ​អេដស៍។

យ៉ាងណាក៏ដោយ ​បេក្ខភាព​វ៉ាក់សាំង​ប្រភេទ​នេះ នៅមិន​ទាន់​ដល់​ដំណាល់​កាល អាច​​រៀបចំ​ឲ្យ​​​មាន​​ការ​​ចាក់​សាកល្បង ត្រឹមត្រូវ​តាម​ក្រិត្យក្រម​វេជ្ជសាស្ត្រ​នៅឡើយ​ទេ។ ក៏ប៉ុន្តែ លោក William Schief បាន​លើកឡើងថា លោក​មានសង្ឃឹម​ថា បច្ចេកទេស​ផលិត​សេរ៉ូម​ពិសេស ដែល​គេប្រើ​ក្នុងរូប​មន្ត​វ៉ាក់សាំង​ប្រឆាំងកូវីដ ប្រភេទ​ ARN Messager ពិតជា​អាច​ជួយ​​ពន្លឿន និង​បំភ្លឺ​ក្តីសង្ឃឹម ​ដល់​ការស្រាវជ្រាវ រក​វ៉ាក់សាំង​ប្រឆាំង​មេរោគអេដស៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ