អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីរ៉ង់៖ ជោគជ័យ ​និង​បរាជ័យ នៃ​ការដឹកនាំ​​២អាណត្តិ​របស់​​​លោក​​ប្រធានាធិបតី ហាសាន់ រ៉ូហានី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី​១៨មិថុនាខាងមុខ ប្រជាជនអ៊ីរ៉ង់ នឹងត្រូវចូលរួមបោះឆ្នោត ជ្រើស​រើស​ប្រធានាធិបតីអាណត្តិថ្មី មកជំនួស​រូប​លោក ហាសាន់​ រ៉ូហានី។ លោកហាសាន់ រ៉ូហានី ដែល​ជាមនុស្ស​មកពីក្រុមនយោបាយ​កណ្តាលនិយមអ៊ីរ៉ង់ បានជាប់ឆ្នោត២អាណត្តិជាប់គ្នា​ ជាមួយ​ពាក្យ​សន្យា ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច បើកចំហរប្រទេស និង​ដើរចេញពីជញ្ជាំង​​ងងឹងនៃទណ្ឌកម្មសេដ្ឋកិច្ច ដែលបានហ៊ំព័ទ្ធអ៊ីរ៉ង់ អស់ជាច្រើនឆ្នាំ​។ តើ រយៈពេល​៨ឆ្នាំនៃការកាន់អំណាច ២អាណត្តិ​មក​នេះ​ លោក ហាសាន់ រ៉ូហានី បានជោគជ័យ និងបរាជ័យអ្វីខ្លះ?

លោកប្រធានាធិបតី ហាសាន់ រ៉ូហានី ដើរកាត់វេទិកាសន្និសីទកាសែត​ នៅក្រុងតេហេរ៉ង់ ដែលមាន​តាំងរូបថត​លោក អាយ៉ាតូឡា អាលី ខាមឺណី មគុទេសន៍​សាសនាកំពូលរបស់អ៊ីរ៉ង់ នៅលើជញ្ជាំង។ តេហេរ៉ង់ ថ្ងៃទី ២៩ សីហា ២០១៥
លោកប្រធានាធិបតី ហាសាន់ រ៉ូហានី ដើរកាត់វេទិកាសន្និសីទកាសែត​ នៅក្រុងតេហេរ៉ង់ ដែលមាន​តាំងរូបថត​លោក អាយ៉ាតូឡា អាលី ខាមឺណី មគុទេសន៍​សាសនាកំពូលរបស់អ៊ីរ៉ង់ នៅលើជញ្ជាំង។ តេហេរ៉ង់ ថ្ងៃទី ២៩ សីហា ២០១៥ AP - Ebrahim Noroozi
ផ្សាយពាណិជ្ជកម្ម

លោកហាសាន់ រ៉ូហានី បានជាប់ឆ្នោត​នៅឆ្នាំ២០១៣ និងឆ្នាំ២០១៧ ជាមួយនឹងការសន្យា បើក​ចំហរនយោបាយ​ការបរទេស បើកចំហរសេដ្ឋកិច្ច និងការធ្វើសេរីកម្ម​សង្គមអ៊ីរ៉ង់។ ក៏ប៉ុន្តែនាពេលនេះ នៅចុង​អាណត្តិ​ចុងក្រោយ ប្រជាប្រិយភាពរបស់​​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​កណ្តាល​និយមរូបនេះ បានធ្លាក់​ចុះជាខ្លាំង ជាមួយ​​នឹង​បរាជ័យ​សឹង​គ្រប់​ជំពូក ក្នុង​ការ​ដឹកនាំ​របស់លោក។

នៅថ្ងៃទី ១៤ កក្កដា ២០១៥ ពោលគឺ​២ឆ្នាំ ក្រោយ​​ការចូលកាន់តំណែង របស់​​លោក​ប្រធានាធិបតីរ៉ូហានី ​អ៊ីរ៉ង់​បាន​ចុះកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដើម្បី​ឈាន​ទៅបិទ​បញ្ចប់ ភាព​តានតឹង​នយោបាយ​ការបរទេស និងទ​ណ្ឌកម្ម​សេដ្ឋកិច្ច អស់​រយៈពេល​ជាង​១០ឆ្នាំ។ កិច្ចព្រម​ព្រៀងនេះ បាន​ផ្តល់ក្តីសង្ឃឹម​យ៉ាងខ្លាំង ដល់​ប្រជាជន​អ៊ីរ៉ង់ និង​បាន​​រុញប្រជាប្រិយភាព​លោក ហាសាន់ រ៉ូហានី ឲ្យ​ដល់ចំណុចកំពូល រហូត​ឈ្នះឆ្នោត​ភ្លូក​ទឹក​ភ្លូកដី នៅឆ្នាំ​២០១៧។

យោងតាម លោក Thierry Coville អ្នកស្រាវជ្រាវនៅ​វិទ្យាស្ថាន​ទំនាក់ទំនងអន្តរជាតិ និងយុទ្ធសាស្ត្រ នៅ​ក្រុងប៉ារីស (IRIS) លោក រ៉ូហានី មានបំណង រំដោះ បើកចំហរ​សេដ្ឋកិច្ច​អ៊ីរ៉ង់ និង​អភិវឌ្ឍន៍​វិស័យ​​ឯកជន តាម​រយៈ​ការទាក់ទាញ​ការ​វិនិយោគ​ពីបរទេស។ ក៏ប៉ុន្តែ ផែនការ ​និងក្តីសង្ឃឹម​របស់​​លោករ៉ូហានី ត្រូវ​បាន​រលាយ​​ក្លាយ​ជាផេះ បន្ទាប់​ពី​លោកដូណាល់ ត្រាំ ​បានហែកចោល និង​​​ជាន់​ឈ្លី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ។

នៅឆ្នាំ​២០១៨ សហរដ្ឋអាេមរិក ដឹកនាំ​ដោយ​​លោកដូណាល់ ត្រាំ បាន​សម្រេចចិត្ត​ដកខ្លួន ចេញ​ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និង​បាន​​សម្រេច​​ដាក់ទណ្ឌកម្មសេដ្ឋកិច្ច​យ៉ាងធ្ងន់​ ទៅលើអ៊ីរ៉ង់។ វិបត្តិសេដ្ឋកិច្ច​អ៊ីរ៉ង់ ធ្ងន់ឡើងៗ រហូត​ទន់ជង្គង់​គ្រឹបតែម្តង ជាមួយ​នឹង​ផលវិបាក បង្ក​ឡើងដោយជំងឺ​ឆ្លង​កូវីដ​១៩ ប្រមាណ​​២ឆ្នាំមកនេះ​។ រដ្ឋាភិបាល​របស់​​លោកហាសាន់ រ៉ូហានី បាន​រងនូវការ​ចោទ​ប្រកាន់​ រិះគន់ ពីគ្រប់មជ្ឈដ្ឋានអ៊ីរ៉ង់ ​ជាពិសេស​នោះ គឺ​ពីក្រុម​អ្នកនយោបាយ​​អភិរក្ស​និយមជ្រុល ដែល​ស្និទ្ធ​នឹង​លោក​អាយ៉ាតូឡា អាលីខាមឺណី មគុទេសន៍​សាសនា​កំពូល​របស់អ៊ីរ៉ង់។ បរាជ័យសេដ្ឋកិច្ច បរាជ័យ​​នយោបាយ​ការទូត ចាញ់​ស្នៀតអាមេរិក ទាំងអស់​នេះ គឺ​សុទ្ធតែ​ពាក្យរិះគន់ ពី​សំណាក់​ក្រុម​អភិរក្ស​និយមជ្រុល។

ទន្ទឹមនឹងនេះទៀត លោកហាសាន់ រ៉ូហានី ក៏រង​នូវ​ការរិះគន់​ផងដែរ ពីក្រុម​នយោបាយ​​កណ្តាលនិយម និង​កំណែ​ទម្រង់និយម ដែល​​ធ្លាប់​បាន​សហការ​ធ្វើការ​​ជាមួយ​​លោក។ ពួកគេ​បាន​​រិះគន់​ថា លោករ៉ូហានី បាន​​បរាជ័យ មិនអាច​គោរព​ការសន្យា​ទាំងឡាយ ជាពិសេស​នោះ គឺ​ការ​ការពារ​សិទ្ធសេរីភាព​ពលរដ្ឋ និង​សេរីភាព​បុគ្គល ជូន​​ប្រជាជន​អ៊ីរ៉ង់ ដែល​រស់នៅ​ក្រោម​គំនៀប​ច្បាប់​សាសនា ដ៏តឹងតែង។

មេក្រុមចលនា​ទាមទារ​សិទ្ធិសេរីភាព​២រូប គឺលោក Hossein Moussavi និង Mehdi Karoubi ដែល​បាន​ដឹក​នាំ​​បាតុកម្ម​​ប្រឆាំង នឹង​អតីត​ប្រធានាធិបតី​ផ្តាច់ការ លោក Mahmoud Ahmadinejad នៅឆ្នាំ​​២០០៩ ត្រូវបាន​គេ​ចាប់​ដាក់ឃុំ។ លោករ៉ូហានី បាន​សន្យា​ថានឹង​ដោះលែង តែ​ទី​​បំផុត ឆ្នាំ​​២០២១ហើយ អ្នក​ទាំង២​នៅតែ​ជាប់​ឃុំដដែល។ ក្រៅពីនេះ​​តំណាង​សកម្មជន​ ទាមទារ​សិទ្ធិមនុស្ស​ជាច្រើននាក់ ត្រូវបាន​គេ​​​ចាប់ដាក់​ឃុំ​បន្ថែមទៀត។ ការបង្រ្កាប​បាតុកម្ម យ៉ាងហិង្សា​នៅចុង​ឆ្នាំ២០១៧ និង​ចុងឆ្នាំ ២០១៩ បាន​​ដក់ជាប់​ក្នុងខួរក្បាល​ របស់​ប្រជាជន​អ៊ីរ៉ង់ទូទៅ។

ទាក់ទិននឹងវិស័យសិទ្ធិ​សេរីភាព​បុគ្គលវិញ រដ្ឋាភិបាល​លោក​ហាសាន់ រ៉ូហានី បាន​​សម្រេច​ជោគជ័យ​បានបង្គួរ នៅក្នុង​​ការ​បើក​ចំហរ​សេវាអ៊ីនធ័រនិត ជូន​​ប្រជាពលរដ្ឋ​អ៊ីរ៉ង់។ តែយ៉ាងណា បណ្តាញសង្គម ដូចជា Twitter និង Facebook ជាដើម នៅតែ​ត្រូវបិទ​ខ្ទប់​ដោយ​អាជ្ញាធរ ទោះ​បីលោក​ហាសាន់ រ៉ូហានី បាន​សន្យា​ថានឹង​ព្យាយាម​​បើកចំហរ​ក្តី។

ទោះជាយ៉ាងនេះក្តី លោក Ahmad Zeidabadi អ្នកកាសែត​អ៊ីរ៉ង់ម្នាក់ បាន​លើកឡើងថា ​យើងមិន​អាច​បន្ទោស​ថា បរាជ័យ​ទាំងអស់នេះ គឺជា​កំហុស របស់​​លោក ហាសាន់​ រ៉ូហានី​ទាំង​ស្រុងនោះ​ទេ។ ការពិត​ទៅ មុខតំណែង​ប្រធានាធិបតី នៅអឺរ៉ង់ ​មិនមែន​អាចធ្វើអ្វី​បាន​គ្រប់​យ៉ាង​នោះទេ។​ អំណាច​​ធំៗ ​មួយចំនួន គឺស្ថិត​នៅក្នុងដៃ របស់​​មគុទេសន៍​សាសនា​កំពូល គឺលោក អាយ៉ាតូឡា អាលីខាមឺណី ព្រមទាំង​បក្សពួក​ក្រុមម៉ូឡា និង​​ក្រុម​ទាហាន​ឆ្មាំ​បដិវត្តអ៊ីរ៉ង់។ ដូចគ្នា​ដែរ អាជ្ញាធរ​ផ្នែក​តុលាការ ក៏ស្ថិត​នៅ​ក្នុងដៃ​ក្រុម​​អភិរក្ស​និយមជ្រុល ស្និទ្ធ​នឹង​លោក​អាយ៉ាតូឡាដែរ។ ដូច្នេះ​ មាន​រឿង​ជាច្រើន ដែលនៅ​ផុតពីដៃ របស់​​រដ្ឋាភិបាល​លោក​​ ហាសាន់ រ៉ូហានី។ ស្ថានការណ៍​ក្រឡាប់​ចាក់ បណ្តាល​មក​ពី​​ការ​សម្រេច​ របស់លោកដូណាល់ ត្រាំ បំផ្លាច​កិច្ចព្រមព្រៀងនុយក្លេអែរ ព្រមទាំង​​វិបត្តិ​កូវីដ​​១៩ ​គឺវា​មិនមែន​ជា​កំហុស​របស់​លោក ហាសាន់ រ៉ូហានី​ទេ។

មិនមែនជាកំហុសទាំងស្រុង របស់​លោកហាសាន់​ រ៉ូហានីមែនពិត តែយ៉ាងណា ប្រជាជនអ៊ីរ៉ង់ អ្នក​មាន​ជីវភាព​មធ្យមទូទៅ បាន​ខកចិត្តជាខ្លាំង ជាមួយ​​លោកហាសាន់ រ៉ូហានី។ នេះ​បើផ្អែក​តាម​ការ​វិភាគ ​របស់​លោក Thierry Coville។ ពិតមែន​​ថា ប្រជាជនអ៊ីរ៉ង់​ដឹងថា លោក​ហាសាន់ រ៉ូហានី ​បាន​រងសំពាធ មិន​អាចធ្វើ​​អ្វី​​បាន​តាមចិត្ត តែ​ប្រជាជនអ៊ីរ៉ង់ ខកចិត្ត​ដែល​ឃើញ​លោក​ហាសាន់​ រ៉ូហានី ទន់ជ្រាយ​ជ្រុល​ពេក មិនព្រម​រឹងមាំ បណ្តោយ​​ទៅតាម​កម្លាំងបក់បោក របស់​​ពួកអភិរក្សនិយមជ្រុល។

ដោយឡែក លោក Hossein Kanani Moqadam​ អ្នកវិភាគនយោបាយ ទំនោរ​អភិរក្ស​និយម​ម្នាក់ បាន​​លើកឡើង​ថា​ គឺលោក ហាសាន់ រ៉ូហានីខ្លួនឯង ដែលបាន​ធ្វើ​ឲ្យ​​អ្វីៗបរាជ័យ ព្រោះ​លោក​លែងទុកចិត្ត​អ្នកណា​ទាំងអស់ ក្រៅ​ពីបក្សពួក​ខ្លួន​​មួយក្តាប់តូច។ ប្រការ​នេះ បានធ្វើ​ឲ្យរដ្ឋាភិបាល​​លោក ត្រូវ​ដើរដល់​ផ្លូវ​ទ័ល​នយោបាយ។

យ៉ាងណាក៏ដោយ នៅចប់​អាណត្តិទី២ លោក​ហាសាន់​ រ៉ូហានី បាន​ប្រឹងប្រែង​បើក​ចំហរ​ទ្វារ​ចរចា ជាមួយ​​រដ្ឋាភិបាលថ្មី​របស់​អាមេរិក ដែល​ដឹកនាំ​ដោយ​លោក ចូ បៃដិន ដើម្បី​ឈាន​ទៅ​ស្រោចស្រង់កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ។ លោក Clément Therme អ្នកស្រាវជ្រាវ នៃវិទ្យាស្ថាន​សកល​វិទ្យាល័យ​​អឺរ៉ុប នៅក្រុងហ្វ្លូរ៉ង់ប្រទេសអ៊ីតាលី បាន​ទទួលស្គាល់​ថា នេះអាច​ចាត់ទុកបាន ថាជោគជ័យ​ចុងក្រោយ​​មួយ របស់​​លោក​ហាសាន់ រ៉ូហានី មុននឹង​​​ផ្ទេរ​តំណែង​ទៅឲ្យ​​អ្នកបន្ទាប់។

ដូច្នេះ ជោគវាសនាអនាគត​របស់អ៊ីរ៉ង់ គឺវា​អាស្រ័យ​លើ​ថាតើ​អ្នកណា ដែល​នឹង​ឈ្នះឆ្នោត នៅថ្ងៃទី ១៨​មិថុនា ខាងមុខ។ យោង​តាមការ​ស្ទាបស្ទង់មតិ គឺលោក​ Ebrahim Raïssi អ្នកនយោបាយ​អភិរក្ស​និយមជ្រុល ស្និទ្ធនឹង​លោក​អាយ៉ាតូឡា អាលីខាមឺណី ដែល​មាន​សង្ឃឹមឈ្នះច្រើន។ លោកស្រី Shadi Sadr ប្រធានអង្គការ Justice for Iran បានលើកឡើងថា បើ​លោក Ebrahim Raïssi ឈ្នះឆ្នោត​អាណត្តិថ្មី​មែន នោះអ៊ីរ៉ង់ នឹង​កាន់តែ​លង់ទៅៗ ក្នុង​ទំនោរ​អ៊ីស្លាម​ផ្តាច់ការ ឃ្លាតឆ្ងាយ​​ពី​បច្ចឹម​លោក​​កាន់តែខ្លាំង។ សេដ្ឋកិច្ច ជីវភាព និងសិទ្ធិ​សេរីភាព​​របស់​​ប្រជាជនអ៊ីរ៉ង់ ​គឺនឹង​គ្មាន​ពន្លឺ​សង្ឃឹម ថាអាច​បាន​ប្រសើរ​ឡើងឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ