អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើត្រូវ​លុបចោល​បំណុល ដើម្បី​សង្គ្រោះ​ប្រទេស​អាហ្វ្រិក ដែល​ជាប់​បំណុល​ចិន​វ័ណ្ឌក ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមាណ​ជិត២០ឆ្នាំចុងក្រោយនេះ មាន​ប្រទេសនៅអាហ្វ្រិកកាន់តែច្រើន ដែលបានខ្ចីបំណុលចិន ដើម្បីវិនិយោគ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយ​លក្ខខណ្ឌស្រាល ទឹកប្រាក់កម្ចីចំនួនធំៗ ចិន​បានក្លាយជា​​ប្រទេសម្ចាស់បំណុលធំជាងគេនៅអាហ្វ្រិក។ ក៏ប៉ុន្តែ​ជាមួយ​នឹង​វិបត្តិ​សេដ្ឋកិច្ច បង្កឡើងដោយ​ជំងឺឆ្លងកូវីដ​១៩ ប្រទេសអាហ្វ្រិកដែលជាប់បំណុល កំពុងស្ថិតក្នុងស្ថានភាព​មួយ គ្មានលទ្ធភាព​បង់ការប្រាក់។ ក្រុម​ប្រទេសសេដ្ឋកិច្ចនាំមុខ G20 បានផ្តួចផ្តើម​ការចរចាជជែកគ្នា ដើម្បី​បញ្ចុះបញ្ចូលឲ្យ​ចិនពន្យា ឬព្យួរការយកការប្រាក់។ តែយ៉ាងណា យន្តការនេះនៅមិនគ្រាប់គ្រាន់ទេសម្រាប់ប្រទេសខ្លះ ដែលបានទាមទារ សុំ​ឲ្យ​ចិន​ លុបបំណុលចោលទាំងស្រុងតែម្តង។ តើរដ្ឋាភិបាលចិន អាចយល់ព្រមលុបបំណុលដែរឬទេ? តើវិធីនេះ ពិតជាអាចជួយ​ប្រទេសអាហ្វ្រិក ដែលជាប់បំណុលចិនវ័ណ្ឌក បានពិតមែន?

លោក​ប្រធានាធិបតីចិន Xi Jinping និងលោក​ប្រធានាធិបតីសាធារណរដ្ឋកុងហ្គោ Denis Sassou Nguesso នៅក្នុងពេល​ជួបគ្នានៅវិមាន​ប្រជាជនចិន ទីក្រុងប៉េកាំង ថ្ងៃទី ៥ កក្កដា ២០១៦
លោក​ប្រធានាធិបតីចិន Xi Jinping និងលោក​ប្រធានាធិបតីសាធារណរដ្ឋកុងហ្គោ Denis Sassou Nguesso នៅក្នុងពេល​ជួបគ្នានៅវិមាន​ប្រជាជនចិន ទីក្រុងប៉េកាំង ថ្ងៃទី ៥ កក្កដា ២០១៦ AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

យោងតាម​តួលេខរបស់​សកលវិទ្យាល័យ Johns Hopkins នៅរវាងឆ្នាំ ២០០០ ដល់ឆ្នាំ២០១៨ ប្រាក់ប្រមាណជា​១៥២ពាន់លានដុល្លារ ត្រូវបានបញ្ជូន​ចេញពីចិន យកទៅតាមបណ្តា​ប្រទេសអាហ្វ្រិក ដើម្បីវិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន អាគាររដ្ឋ កំពង់ផែ ជាដើម ដើម្បីឆ្លើយតបទៅនឹងគម្រោង « ផ្លូវមួយខ្សែក្រវ៉ាត់មួយ » របស់ចិន។

អន្ទាក់បំណុល

ជីប៊ូទី សាធារណរដ្ឋកុងហ្គោ សាធារណរដ្ឋប្រធាធិបតេយ្យកុងហ្គោ​  អង់ហ្គោឡា នីហ្សេរីយ៉ា អេត្យូពី ឆាដ ហ្សំប៊ី គឺសុទ្ធតែជាប្រទេស ​ដែលជាប់បំណុលចិនច្រើនបំផុត។ ជាក់ស្តែងប្រទេសជីប៊ូទី ៨២%នៃបំណុលក្រៅប្រទេសរបស់ខ្លួន គឺជាបំណុលចិន។ នេះបើផ្អែកតាមតួលេខ របស់ Overseas Development Institute​។

ប្រទេសអាហ្វ្រិកកាន់តែច្រើន បានងាកទៅខ្ចីប្រាក់ចិន ដែលភាគច្រើនបំផុត គឺជាកម្ចីផ្តល់ឲ្យ​ដោយ​ស្ថាប័នហិរញ្ញវត្ថុឯកជនរបស់ចិន​ ដូចជា Eximbank និង China Development Bank ជាដើម។ កម្ចីផ្តល់ឲ្យដោយស្ថាប័នហិរញ្ញវត្ថុ​ចិន មានលក្ខខណ្ឌទាក់ទាញច្រើន ដូចជាមិនតម្រូវឲ្យ​គោរព​លក្ខខណ្ឌសិទ្ធិមនុស្ស ច្បាប់​ការងារ​​ បរិស្ថាន ហើយជាពិសេសនោះ គឺអាចផ្តល់ឲ្យ ​ក្នុងចំនួនទឹកប្រាក់​ច្រើនសន្ធឹក​។ ពោលគឺវាខុសពីកម្ចី ដែលផ្តល់ឲ្យ​ដោយ​ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ​ ដូចជាធនាគារ​ពិភពលោក មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ ឬកម្ចីសាធារណៈផ្តល់​ឲ្យ​ដោយក្រុម​ប្រទេសក្លឹបប៉ារីស (Club de Paris)។

ក៏ប៉ុន្តែទន្ទឹមគ្នានេះ កម្ចីរបស់ចិនផ្តល់ទៅឲ្យ​ប្រទេសអាហ្វ្រិក ភាគច្រើនលើសលុប គឺជាកម្ចីពាណិជ្ជកម្ម។ ដូច្នេះជាទូទៅ កម្ចីរបស់ចិន គឺជាកម្ចីដែលមានការប្រាក់ថ្លៃជាងកម្ចី ដែលផ្តល់ឲ្យ​ដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ហើយថែមទាំងមាន​ថេរវេលាត្រូវសងខ្លីជាង។ នេះបើផ្អែកតាមរបាយការណ៍​មួយចុះផ្សាយ នៅឆ្នាំ​២០២០ ក្រោមការឧបត្ថម្ភរបស់​មូលនិធិ Bill-&-Melinda-Gates។ ដូចគ្នាដែរ យោង​តាមមជ្ឈមណ្ឌលដើម្បី​ការអភិវឌ្ឍន៍សកល (CDG) បានលើកឡើងថា ជាមធ្យម​ កម្ចីរបស់ចិន​មានការប្រាក់ ខ្ពស់ជាងកម្ចីផ្តល់ឲ្យដោយធនាគារពិភព​លោក ដល់ទៅ​២ដង។

ជាងនេះទៀត កម្ចីវិនិយោគបានពី​​ចិន គឺ​មានបូកបន្ថែមនូវលក្ខខណ្ឌ ប្រើប្រាស់កម្លាំងពលកម្ម​មកពីចិន​មួយផ្នែក​ធំ​ផងដែរ។ កម្ចីចិនខ្លះ គឺតម្រូវឲ្យ​ដាក់ធានា​ នូវទ្រព្យសាធារណៈ ឬហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេស​អ្នកខ្ចី។ ក្នុងករណីដែលសងមិនរួច ទ្រព្យ ឬហេដ្ឋារចនាសម្ព័ន្ធនោះ នឹង​ត្រូវធ្លាក់ទៅ​ក្នុង​ការគ្រប់គ្រងរបស់​ភាគី​ចិន។ ប្រការទាំងអស់នេះ បានធ្វើឲ្យ​គេចោទថា ចិនបាន​​យកកម្ចីហិរញ្ញវត្ថុ​ជាអន្ទាក់ ទាក់ក​ប្រទេស​ក្រីក្រនៅអាហ្វ្រិក។

វ័ណ្ឌក សងមិនរួច

កូវីដ១៩ បានមកអង្រួន​សេដ្ឋកិច្ចពិភពលោក នៅដើមឆ្នាំ​២០២០។ ចំណូលបានមកពីវិស័យទេសចរណ៍ និងការនាំចេញបន្តិចបន្តួច​របស់ប្រទេសអាហ្វ្រិក បានធ្លាក់ចុះជាខ្លាំង។ ទន្ទឹមនឹងនេះ រដ្ឋ​ត្រូវបន្ថែម​ការចំណាយ ក្នុងវិស័យ​សុខាភិបាល ដើម្បីប្រឈម​នឹងបញ្ហាកូវីដ​១៩។ បំណុលរបស់ចិន បានក្លាយ​​ជា​ជំងឺ​មហារីក ធំឡើងៗ​សម្រាប់ប្រទេសខ្លះ។

លោក Danny Cassimon សាស្ត្រាចារ្យជំនាញផ្នែកបំណុល នៃសកលវិទ្យាល័យ​អង់វែស៍ ប្រទេសប៊ែលហ្ស៊ិក បានលើកឡើងថា តាមពិតទៅ​ប្រទេសអាហ្វ្រិកខ្លះ បាន​បង្ហាញ​សញ្ញាមិនអាចទ្រាំទ្រ​បាន​​នឹង​ការសង​ការប្រាក់ ទៅឲ្យ​​ម្ចាស់បំណុលចិន តាំងតែ​ពីមុន​មានវិបត្តិកូវីដ​ទៅទៀត។ លោក​បញ្ជាក់ថា បើនិយាយពីទំហំបំណុលរបស់ប្រទេសអាហ្វ្រិក គឺវាតិចតួចទេ។ បច្ចុប្បន្ននេះ បំណុលរួមទាំងអស់​របស់ប្រទេសអាហ្វ្រិក មាន​ប្រមាណ​​១៤០០​ពាន់លាន​ដុល្លារប៉ុណ្ណោះ ពោលគឺលើសត្រឹមតែ២ដងទេ នៃបំណុលសាធារណៈរបស់ប្រទេស​មិក​ស៊ិកតែមួយ​។ ក៏ប៉ុន្តែអ្វីដែល​ជាចំណោទ​ធ្ងន់បំផុត គឺបន្ទុកនៃបំណុលទាំងនេះ សម្រាប់ប្រទេសអាហ្វ្រិកមួយចំនួនធំ​ ដែលមានចំណូល​តិចតួច​ស្តួចស្តើងខ្លាំងណាស់។

ពន្យារការសងបំណុល មិនគ្រប់គ្រាន់

ដើម្បីរកវិធីជួយ​ប្រទេសអាហ្វ្រិក ដែលជាប់បំណុលច្រើន នៅ​ក្នុងស្ថានការណ៍លំបាក​បង្កឡើងដោយកូវីដ​១៩ កាលពីខែ​មេសាឆ្នាំ២០២០ ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 បានរួមគ្នាសហការជាមួយ​​ធនាគារ​ពិភពលោក និង​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ជាដើម ដើម្បី​ព្យួរការយកការប្រាក់ ពីប្រទេស​​អាហ្វ្រិក​ជាង១០ប្រទេស​។ ក៏ប៉ុន្តែរហូតមកទល់ពេលនេះ វិធានការទាំងនេះ មិនទាន់គ្រប់គ្រាន់ទេ។ ហេតុដូច្នេះហើយ បានជាក្រុមប្រទេស Club de Paris ដែលមានបារាំងជាអ្នកនាំមុខ បាន​ព្យាយាមដឹកនាំ​​ការ​​ចរចា​​បន្ថែមទៀត កាលពី​​ខែ​ឧសភា កន្លងទៅនេះ។ ដើម្បីបង្ហាញគម្រូ លោក​​ម៉ាក្រុង បាន​សម្រេច​លុបចោលបំណុល ដែលប្រទេសស៊ូដង់ជំពាក់បារាំង ជាង​៤ពាន់លានអឺរ៉ូ។

ក៏ប៉ុន្តែបញ្ហាចោទ យោងតាមអ្នកជំនាញ គឺគេមិនអាចធ្វើកិច្ចការនេះបានជោគជ័យទេ ដរាបណា រដ្ឋាភិបាលចិន ព្រមទាំងស្ថាប័ន​ហិរញ្ញវត្ថុ​ឯកជន​ចិន មិនព្រមចូលរួមសហការ។ កាលពីដើមខែ​មិថុនានេះ នៅចំពោះអង្គសភាអាមេរិក លោកស្រី Janet Yellen រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក បានលើកឡើងថា សហរដ្ឋអាមេរិកបារម្ភថា ការសម្រួលផ្នែកការប្រាក់ ឬការផ្តល់ជំនួយ​ថវិកាទាំងឡាយ ទៅឲ្យ​ប្រទេសអាហ្វ្រិក ដែលជួបការលំបាកខ្លាំង គឺវានឹងហុចប្រយោជន៍ទៅឲ្យស្ថាប័នចិន ដែលជាម្ចាស់បំណុល។ ប្រាក់ដែលគេជួយ​ប្រទេសអាហ្វ្រិក គឺអាចប្រទេសទាំងនេះមិនយកទៅ​ចំណាយចាយវាយ​ជួយ​ជីវភាព​ប្រជាជនទេ តែបែរជាយកទៅ​សង​បំណុលចិន។

គឺក្នុងន័យនេះហើយ ដែលការចូលរួមរបស់ចិន ជាការចាំបាច់បំផុត ក្នុងការជួយ​ប្រទេសអាហ្វ្រិក។ ពន្យាមិនយកការប្រាក់ អាចជួយ​បានមួយគ្រា តែជំហានបន្ទាប់ គឺត្រូវតែ​លុបចោលបំណុលខ្លះ។ យោងតាមលោកស្រីរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក គឺភាគីចិនបានសន្យាថា នឹងចូលរួមក្នុងការចរចា ក្នុងក្របខណ្ឌ G20 ដោយនឹងអូសទាញស្ថាប័នហិរញ្ញវត្ថុឯកជនរបស់ខ្លួន ឲ្យចូលរួមដែរ។

ចិន​មិនចង់បង្កើតទំលាប់អាក្រក់

យ៉ាងណាក៏ដោយ មតិអ្នកវិភាគជាច្រើនលើកឡើងថា គេពិបាកសង្ឃឹមណាស់ ថាចិននឹងយល់ព្រមចុះ​កិច្ចព្រមព្រៀងរួម ជាលក្ខណៈ​អន្តរជាតិ​ ដើម្បី​លុបចោលបំណុលខ្លះ ពីទ្វីបអាហ្វ្រិក។ បំណុលរបស់​ប្រទេសអាហ្វ្រិក ចំពោះស្ថាប័ន​វិនិយោគចិន គឺជារឿងស្មុគស្មាញបំផុតសម្រាប់​រដ្ឋាភិបាលចិន​។ ទាក់ទិននឹងរឿងជំនួញរកស៊ី ចិនមិនមានទំលាប់ជ្រើសយកផ្លូវពហុភាគីនិយម ជាលក្ខណៈអន្តរជាតិទេ ព្រោះដំណោះស្រាយ​រួមអន្តរជាតិ តម្រូវឲ្យ​ចិនបង្ហាញតម្លាភាព។

មានន័យថា ទាក់ទិននឹង​បញ្ហាបំណុលជាមួយប្រទេសអាហ្វ្រិកនេះ ចិនអាចនឹងបន្ត ធ្វើការចរចាជាលក្ខណៈ​​ទ្វេភាគី មួយករណីម្តងៗ ជាមួយប្រទេសនីមួយៗ និង​ក្រុមហ៊ុននីមួយៗ។ យ៉ាង​ណា​មិញ​ ​កាលពីថ្ងៃទី​២១មិថុនា រដ្ឋាភិបាលសាធារណរដ្ឋកុងហ្គោ បានអះអាងថា ប្រធានាធិបតីខ្លួន បានទទួលការយល់ព្រមពីលោក​ស៊ី ជីនពីង ថានឹងពិចារណាសើររើឡើងវិញ​ នូវ​ចំនួន​ការប្រាក់ និងរយៈពេល​សងបំណុល។ យោងតាមតួលេខផ្លូវការ​ សាធារណរដ្ឋកុងហ្គោជាប់បំណុលចិន ចំនួន​២ពាន់លានអឺរ៉ូ ដែលស្មើនឹង​១១០% នៃចំណូល​ដុលក្នុងស្រុក​របស់​​ប្រទេសនេះ។

យោងតាមការប្រកាស របស់ថ្នាក់ដឹកនាំចិនកន្លងមក គឺរដ្ឋាភិបាលចិន នឹងមិនចេញមុខទទួល​ខុសត្រូវ ទាក់ទិន​នឹង​​បំណុល​​របស់​ប្រទេស​អាហ្វ្រិកទេ។ ជាងនេះទៀត ភាគីចិន ធ្លាប់បានលើក​ឡើងថា ការ​លុបបំណុល គឺជា​ការ​បង្កើត​ទំលាប់​អាក្រក់ ព្រោះប្រទេសអាហ្វ្រិក​អាច​នឹង​មកខ្ចីកាន់តែច្រើន​ថែមទៀត ដោយ​អាង​ថា​សងមិនរួច សុំ​គេ​លុប​បំណុល។ លោកប្រធានាធិបតី ស៊ី ជីនពីង ធ្លាប់​បាន​​លើកឡើង កាលពីខែមិថុនា ឆ្នាំ២០២០ថា ចិនអាច​លុបបំណុលប្រទេសអាហ្វ្រិកណា ដែលត្រូវ​សងផ្តាច់​នៅដាច់​ឆ្នាំ​២០២០ ហើយដែលមាន​ការ​ប្រាក់​០%តែប៉ុណ្ណោះ។ ចំពោះករណី​ផ្សេងទៀត ចិនសង្ឃឹមថាប្រទេសអ្នកមាន និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ប្រឹងប្រែងរកវិធីឲ្យ​បាន​ល្អ និងសកម្ម​ជាងនេះ ក្នុងការ​ជួយ​ប្រទេសអាហ្វ្រិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ