អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហ្វាំងឡង់​ដែល​ជា​ប្រទេស​មាន​សុភមង្គល​បំផុត​លើ​លោក​ប្រឹងប្រែង​ទាក់​ទាញ​ពល​ករ​បរទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​ហ្វាំងឡាំង​ជាប់​ឈ្មោះថា​ជា​កន្លែង​ដែល​មានសុភមង្គលបំផុត​លើ​ពិភព​លោក។ ជីវិតរស់នៅ​ដ៏ល្អប្រសើរ​នៅក្នុង​ប្រទេស​អឺរ៉ុប​មួយនេះ​ គួរ​តែ​អាច​ទាក់​ទាញ​ជន​បរទេស​ជាច្រើន​នាក់​ឲ្យ​ផ្លាស់​ទីលំនៅ​ និងប្តូរ​ទៅ​ធ្វើការ​នៅទីនោះ​។ ក៏ប៉ុន្តែ​ ប្រទេស​ដ៏​មាន​ភាព​រីករាយបំផុត​ដូចជា​ហ្វាំងឡង់​ ​កំពុង​តែ​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ទៅវិញ​។ហេតុអ្វី​បានជា​មិនសូវ​សម្បូរ​ជន​បរទេស​ទៅ​ធ្វើការ​នៅប្រទេស​ហ្វាំងឡាំង​?

ហ្វាំងឡង់ដែលជាប្រទេសមានសុភមង្គលបំផុតលើលោក ប្រឹងប្រែងទាក់ទាញពលករបរទេស ដើម្បីកាត់បន្ថយបញ្ហាខ្វះកម្លាំងពលកម្មធ្ងន់ធ្ងរ។
ហ្វាំងឡង់ដែលជាប្រទេសមានសុភមង្គលបំផុតលើលោក ប្រឹងប្រែងទាក់ទាញពលករបរទេស ដើម្បីកាត់បន្ថយបញ្ហាខ្វះកម្លាំងពលកម្មធ្ងន់ធ្ងរ។ AFP - ALESSANDRO RAMPAZZO
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ហ្វាំងឡង់​ ខ្វះខាត​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ

ហ្វាំងឡង់​ត្រូវ​បាន​ប្រទេស​ជាច្រើន​កោត​សរសើរ​ជាយូរមកហើយ​ចំពោះ​គុណភាព​ជីវិត​រស់​នៅ​រួមមាន​ជាអាទិ៍​ សេរីភាព​ សមភាព​យេនឌ័រ​ និង​កម្រិតដ៏ទាប​នៃ​អំពើ​ពុក​រលួយ ​ឧក្រិដ្ឋកម្ម​ ព្រមទាំង​ការ​បំពុល​បរិស្ថាន​។

ជាប់​ចំណាត់​ថ្នាក់កំពូលថាជា​ “ប្រទេស​ដែល​មាន​សុភមង្គល​បំផុត​នៅលើផែនដី​” តែ​ហ្វាំងឡង់​ ក៏​មាន​ប្រជាជន​វ័យ​ចំណាស់ច្រើន​ និង​កង្វះ​ខាត​កម្លាំង​ពលកម្ម​ខ្លាំង​ផងដែរ។ ចំនួន​មនុស្ស​ចាស់​ដែល​មានអាយុច្រើន​ជាង​៦៥​ឆ្នាំ​ មាន​ចំនួន​រហូតដល់​ជាង​ ២៩%​ ឯណោះ​ក្នុង​ចំណោម​ប្រជាជន​ហ្វាំងឡង់​សរុប​ទាំងអស់​ ៥​លាន​ ៥​សែន​នាក់​។ អង្គការ​សហប្រជាជាតិ​បាន​ព្យាករណ៍​ថា ប្រជាជន​ហ្វាំងឡង់​ដែល​មាន​អាយុ​ច្រើន​ជាង​ ៦៥ ឆ្នាំ​ នឹង​កើនឡើង​ដល់ជាង​ ៤៧% នៅឆ្នាំ​ ២០៣០​ខាងមុខ​។

រដ្ឋាភិបាល​ហ្វាំងឡង់​ទទួលស្គាល់​បញ្ហា​ប្រជាសាស្ត្រ

រដ្ឋាភិបាល​ក្រុង​ហែលស៊ិនគី​បានលើកឡើងថា​ ហ្វាំងឡាំង​ ត្រូវការ​ស្រូប​ទាញ​កម្លាំង​ពលកម្ម​បរទេស​ទ្វេដង​រហូតដល់​ចំនួន ២ម៉ឺន ទៅ ៣ ម៉ឺន​នាក់ក្នុងមួយឆ្នាំ​ ដើម្បី​ទ្រទ្រង់​សេវាសាធារណៈ​ និង​ដើម្បី​បំពេញ​ឱនភាព​ប្រាក់សោធននិវត្តន៍​ដែល​កំពុងកើនឡើង​។

ចំណុច​វិជ្ជមាន​ដ៏ច្រើន​របស់​ហ្វាំងឡង់​ ធ្វើឲ្យគេគិតថា​ ហ្វាំងឡាំង​គឺជា​គោលដៅ​ដ៏​ទាក់ទាញ​ សម្រាប់​ពលរដ្ឋ​ប្រទេស​ផ្សេង​ឲ្យទៅធ្វើការ​នៅទីនោះ​។ ក៏ប៉ុន្តែ​ ហ្វាំងឡាំងហាក់បី​ដូចជា​គ្រាន់​តែ​ជា​គោល​ដៅ​ដ៏ទាក់ទាញ​មានពិន្ទុខ្ពស់តែនៅលើ​ក្រដាស​ប៉ុណ្ណោះ​។

តែថ្វីបើ​ ហ្វាំងឡាំង​ ទទួល​បានពិន្ទខ្ពស់បំផុត​ផ្នែកសុភមង្គលនៃជីវិត​ ប្រៀបធៀប​នឹង​ប្រទេស​ដទៃ​ ក៏ប៉ុន្តែ​ប្រទេស​អឺរ៉ុប​ខាងកើតមួយនេះ​ ត្រូវ​បាន​គេទទួលស្គាល់ដែរអំពី​ កម្រិតជីវភាពថ្លៃ​ បញ្ហា​អាកាសធាតុ​ត្រជាក់ខ្លាំង​ និង​កត្តា​ភាសា​ស្មុគស្មាញ​។

ដោយមើលឃើញពីបញ្ហានេះ​ រដ្ឋាភិបាលហ្វាំងឡាំង​បានបង្កើតកម្មវិធី​ “បង្កើនទេព​កោសល្យ” របស់ខ្លួនកាល​ពី ៤ ឆ្នាំមុន​។ គោលបំណងនៃកម្មវិធីនេះ​ គឺ​ដើម្បី​ទាក់ទាញ​អ្នក​ជំនាញ​មកពីខាងក្រៅ​ឲ្យទៅ​ធ្វើការ​នៅ​ហ្វាំងឡង់​ និង​ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​ ក៏ដូចជាការ​ទទួលស្គាល់ពី​ហ្វាំងឡង់ឲ្យ​បាន​ទូលំទូលាញ​នៅទូទាំងពិភពលោក​។

គោលដៅទាំងនោះ​រួមមាន​ បុគ្គលិកសុខាភិបាល​មកពី​អេស្បាញ​ ជាងដែក​មកពីស្លូវ៉ាគី និងអ្នកជំនាញ​ព័ត៌មានវិទ្យា និងអ្នកជំនាញខាងសមុទ្រមកពីប្រទេសរុស្ស៊ី ឥណ្ឌា និង​អាស៊ីអាគ្នេយ៍ផងដែរ​។

ក្នុងឆ្នាំ​ ២០១៣​ គិលានុបដ្ឋាយិកាអេស្ប៉ាញចំនួន ៥ នាក់ក្នុងចំណោម ៨ នាក់​ដែល​ត្រូវ​បាន​ជ្រើសរើសឲ្យទៅធ្វើការនៅទីក្រុងវ៉ាអាសា (Vaasa) ភាគខាងលិច​ហ្វាំងឡង់ បាន​បានលា​ឈប់ពី​ការងារ​នៅពីរបីខែបន្ទាប់​ ដោយប្រាប់ថា ថ្លៃជីវភាព​រស់នៅ​ទីនោះ​មានតម្លៃ​ខ្ពស់​ ហើយ​អាកាសធាតុ​ត្រជាក់ខ្លាំង​ ចំណែក​ភាសា​វិញ​ក៏​ស្មុគស្មាញទៅទៀត​។

យ៉ាងណាក៏ដោយ​ នៅប៉ុន្មានឆ្នាំ​ចុងក្រោយនេះ​ ប្រទេស​ហ្វាំងឡង់​ អាច​ទាក់ទាញ​បាន​ពលរដ្ឋ​បរទេសឲ្យទៅ​ធ្វើការក្នុងប្រទេស​ ច្រើន​ជាង​អ្នក​ដែល​ចាកចេញ​។ ជាក់ស្តែង​ក្នុងឆ្នាំ​២០១៩ មាន​ជន​បរទេស​ចំនួន​ប្រមាណ​ ១៥ ០០០ នាក់​បាន​ទៅដល់​ហ្វាំងឡង់​។ ក៏ប៉ុន្តែ​ ភាគច្រើន​នៃ​អ្នក​ដែល​បាន​ចាកចេញ​ពី​ប្រទេសនេះ​ គឺជា​ក្រុម​មនុស្ស​ដែល​មាន​ការ​អប់រំខ្ពស់​។ នេះ​បើតាមស្ថិតិ​ផ្លូវការ​ជាច្រើន​។

បញ្ហាជាប្រព័ន្ធ

ថ្វីបើរដ្ឋាភិបាលហ្វាំងឡាំង​ បាន​បង្កើត​កម្មវិធី​ដើម្បីទាក់ទាញ​កម្លាំងពលកម្ម​ពីខាងក្រៅ ក៏ដោយ​ ក៏ជន​បរទេស​និងក្រុមគ្រួសារ​របស់​ពួកគេ​ មិនត្រូវបាន​ទទួល​ស្វាគមន៍​ដោយ​ដៃពីរ​ឡើយ​។

និន្នាការប្រឆាំង​នឹង​ជនអន្តោប្រវេសន៍​ ក៏ដូចជា​ការ​មិន​ចង់​ជួល​បុគ្គលិក​បរទេស​ ក៏​កំពុង​រីករាលដាលផងដែរ​ នៅក្នុង​សង្គម​ហ្វាំងឡង់​ ដូចគ្នា​ទៅនឹង​ប្រទេស​អឺរ៉ុបខាងលិច​ជាច្រើន​ទៀត​។

ទោះបីជាកង្វះ​កម្លាំងពលកម្ម​ កំពុងជំរុញ​ឲ្យ​ក្រុមហ៊ុន​នៅហ្វាំងឡង់​ជាច្រើនបន្ធូរ​បន្ថយ​​លក្ខខណ្ឌ​ជ្រើសរើសតែបុគ្គលិកជា​ជនជាតិហ្វាំងឡង់​ក៏ដោយ​ ក៏ជន​បរទេស​ជាច្រើន បាន​ត្អូញ​ត្អែរពីការ​ស្ទាក់ស្ទើរ​របស់ក្រុមហ៊ុនទាំងនោះ​ ក្នុងការ​ទទួលស្គាល់ពី​សមត្ថភាព​ជន​បរទេស​ និងការ​រើសអើង​បេក្ខជន​ដែលមិនមែន​ជាជន​ជាតិហ្វាំងឡង់​។

យ៉ាងណាក៏ដោយ​ កម្មវិធី​បង្កើន​ទេពកោសល្យ​របស់រដ្ឋាភិបាលហ្វាំងឡង់ នឹង​ជំរុញឲ្យ​មានការ​ជជែក​វែកញែក​អំពី​ការបើកចំហទីផ្សារការងារ​ហ្វាំងឡង់ ឥរិយាបថនៅកន្លែងធ្វើការ ការរើសអើង ដើម្បីទាក់ទាញ​ជនបរទេស និង​លើកកម្ពស់​ឲ្យមានការទទួលស្វាគមន៍ពួកគេនៅពេលដែលទៅធ្វើការក្នុងប្រទេសហ្វាំងឡង់។

មន្ត្រី​រដ្ឋាភិបាល​ហ្វាំងឡង់​ មាន​សុទិដ្ឋិនិយម​អំពី​សមត្ថភាព​របស់​ហ្វាំងឡង់​ក្នុងការ​ទាក់​ទាញ​ ពលករ​ជំនាញ​ពីខាងក្រៅ​ជាពិសេស​ពីអាស៊ី​នាពេលអនាគត​ បន្ទាប់ពី​វិបត្តិ​កូវីដ​​ត្រូវបាន​គ្រប់គ្រង​បានជាស្ថាពរ​។ អភិបាលក្រុង Vapaavuori លោក Helsinki បាន​មាន​ប្រសាសន៍ ថា​លក្ខខណ្ឌ​ជីវិតរស់នៅល្អ​មាន​សុខសុវត្ថិភាព​ ជា​កន្លែង​ដែល​មានភាព​សប្បាយ​រីករាយបំផុតគឺជាចំណុច​ខ្លាំង​ដែល​ហ្វាំងឡង់ នឹង​អាច​ទាក់ទាញ​ពលករបរទេស​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ