អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិអាហ្វហ្កានីស្ថានអាចបង្កនូវផលប៉ះពាល់អ្វីខ្លះដល់ទំនាក់ទំនងអាមេរិក-អង់គ្លេស?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការសម្រេ​ច​ដកទ័ព​អាមេរិក​ចេញ​ពី​អាហ្វហកានីស្ថាន​ ដែល​នាំ​ទៅដល់​ការ​ដួលរលំ​ក្រុងកាប៊ុល​ តម្រូវ​ឲ្យ​មាន​ការ​ជម្លៀស​ប្រជាជន​យ៉ាងតក់ក្រហល់ បង្កើត​ឲ្យ​មាន​ភាពចលាចល​នៅ​ព្រលានយន្តហោះ​ក្រុងកាប៊ុល​ តាំងពី​ប៉ុន្មានថ្ងៃ​កន្លងទៅនេះ បាន​បង្កើត​ឲ្យ​មាន​ជា​បញ្ហា​ចោទ​ចម្បងមួយ នៅ​ក្នុង​ទំនាក់ទំនង រវាង​អាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត។ ក៏ប៉ុន្តែ ផលប៉ះពាល់​ចម្បងជាងគេ គឺ​ទៅលើ​ទំនាក់ទំនង រវាង​អាមេរិក និង​អង់គ្លេស។

លោក​បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស និង​លោក​ចូ បៃដិន ប្រធានាធិបតី​អាមេរិក នៅក្នុងអំឡុងជំនួបកំពូល G7 កាលពីថ្ងៃទី១០ មិថុនា ២០២១
លោក​បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស និង​លោក​ចូ បៃដិន ប្រធានាធិបតី​អាមេរិក នៅក្នុងអំឡុងជំនួបកំពូល G7 កាលពីថ្ងៃទី១០ មិថុនា ២០២១ AP - Toby Melville
ផ្សាយពាណិជ្ជកម្ម

គេនៅចាំបានថា កាល​ពី​២០ឆ្នាំមុន ក្រោយពីហេតុការណ៍ភេរវកម្ម១១កញ្ញា លោក​តូនី ប៊្លែរ កាលណោះ​ជា​នាយករដ្ឋមន្រ្តី​អង់គ្លេស​ បានសន្យា​ជាមួយ​នឹង​លោក​ប៊ូស​ថា អង់គ្លេស​នឹង​ឈរជាមួយ​អាមេរិក​ជានិច្ច ទោះជា​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ។

ជាការពិត គេឃើញ​ថា អង់គ្លេស​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​អាមេរិក ទាំង​នៅ​ក្នុង​សង្រ្គាម​ផ្តួលរំលំ​របបតាលីបង់​​នៅ​អាហ្វហ្កានីស្ថាន នៅឆ្នាំ២០០១ ហើយ​ក្រោយ​មកទៀត សូម្បីតែ​នៅពេល​ដែល​អាមេរិក​ចូល​ឈ្លានពាន​អ៊ីរ៉ាក់ នៅ​ឆ្នាំ២០០៣ ដោយ​គ្មាន​ការ​គាំទ្រ​ពី​សហគមន៍អន្តរជាតិផងនោះ ក៏​អង់គ្លេស​នៅតែ​បន្ត​ចូលរួម​ជាមួយ​អាមេរិក​។

នេះ​មិនគួរ​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ បើ​សិន​ជា​គេ​មើល​ទៅលើ​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធ ដែលគេតែងតែហៅថា “Special relationship » រវាង​អាមេរិក និង​អង់គ្លេស តាំង​ពី​ក្រោយ​សង្រ្គាម​លោកលើកទី២។ ទំនាក់ទំនង​ពិសេស ដែល​នាំ​ទៅដល់​ការសហប្រតិបត្តិការទ្វេភាគី​យ៉ាងជិតស្និទ្ធ ទាំង​នៅ​ក្នុង​វិស័យ​នយោបាយ​ការបរទេស ការពារជាតិ​ បច្ចកវិទ្យា និង​រហូត​ទៅដល់​វិស័យ​ចារកិច្ច។

ក៏ប៉ុន្តែ ភាពចលាចល​នៅ​អាហ្វហ្កានីស្ថាន​កើតឡើង​ក្រោយ​ការ​ដកទ័ព​អាមេរិក​ ហើយ​ដែល​ធ្វើ​ឲ្យ​អង់គ្លេស​ត្រូវ​ប្រឈម​នឹង​បញ្ហា​ឈឺក្បាល ក្នុងការ​ជម្លៀសមនុស្សចេញ​យ៉ាងតក់ក្រហល់​នៅពេលនេះ កំពុងតែ​ធ្វើ​ឲ្យ​​អង់គ្លេស​ចាប់ផ្តើម​ចោទសួរ អំពី​តម្លៃ​នៃ​ទំនាក់ទំនងពិសេស​ជាមួយ​អាមេរិក​។

លោក​តូនី ប៊្លែរ អតីត​នាយករដ្ឋមន្រ្តី​អង់គ្លេស និង​ជា​អ្នកដែល​បាន​នាំ​អង់គ្លេស​ទៅ​ចូលរួម​ជាមួយ​អាមេរិក ក្នុងសង្រ្គាម​អាហ្វហ្កានីស្ថាន និង​សង្រ្គាម​អ៊ីរ៉ាក់ បាន​ហៅ​ការ​ដកទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្កានីស្ថាន​ថា​ជា “យុទ្ធសាស្រ្តភ្លីភ្លើ”។ ចំណែក​រដ្ឋាភិបាល​អង់គ្លេស​បច្ចុប្បន្ន​នេះ​វិញ ថ្វីដ្បិត​តែ​មិនបាន​ចេញមុខ​និយាយចំៗ​ជាសាធារណៈ ក៏ប៉ុន្តែ មន្រ្តីជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​របស់​លោក​បូរីស ចនសុន ​​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន ក្នុងលក្ខខណ្ឌ​​មិន​បញ្ចេញឈ្មោះ ដោយ​បរិហាររិះគន់​ធ្ងន់ៗ​​​​ចំពោះ​យុទ្ធសាស្រ្ត​របស់​លោក​បៃដិន នៅ​អាហ្វហ្កានីស្ថាន។

សម្រាប់​អង់គ្លេស ការ​ណ៍​ដែល​លោក​ចូ បៃដិន ​សម្រេច​ដកទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន​​ឲ្យ​អស់​ត្រឹមចុងខែសីហា គឺ​រឿង​ដែល​អង់គ្លេស​មិន​យល់​ស្រប​មួយ​ទៅហើយ។ បន្ថែម​ពីលើ​នេះ​ទៅទៀត គឺ​គេរិះគន់​ការ​សម្រេច​ដកទ័ព​​ដោយ​ឯកឯង ​ដោយ​មិនបាន​ជជែក​ពិភាក្សា​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​ដែល​ខំ​បញ្ជូន​ទ័ព​ទៅ​ជួយ​ធ្វើ​សង្រ្គាម​តាំង​ពីពេល​ចាប់ផ្តើម​ដំបូង ហើយ​នៅទីបំផុត អង់គ្លេស​ត្រូវ​រងថ្មបាក់ ដោយ​ត្រូវ​ប្រឈម​នឹង​ភាពចលាចល ក្នុងការ​ជម្លៀស​ប្រជាជន​ដោយ​តក់ក្រហល់​ចេញ​ពី​ក្រុង​កាប៊ុល។

លើសពីនេះ​ទៅទៀត យោងតាម​កាសែត The Sunday Times ចុះផ្សាយ​កាល​ពីថ្ងៃទី២២សីហា មន្រ្តីរដ្ឋាភិបាល​អង់គ្លេស​ដែល​សុំ​មិនបញ្ចេញឈ្មោះបាន​ឲ្យដឹង​ថា ក្រោយ​ពី​ក្រុមតាលីបង់​ចូលដល់​ក្រុងកាប៊ុល ហើយ​​ប្រឈម​នឹង​ប្រតិបត្តិការ​ជម្លៀស​ស្ថានទូត​ដោយ​តក់​ក្រហល់ លោក​បូរីស ចនសុន បាន​ព្យាយាម​ទូរសព្ទ​ទៅ​ជជែក​ជាមួយ​លោក​ចូ បៃដិន ក៏ប៉ុន្តែ ត្រូវ​រង់ចាំ​រហូតដល់ ២៤ម៉ោងក្រោយ ទើប​លោក​ប្រធានាធិបតី​អាមេរិក​ឆ្លើយ​តបមកវិញ។

ចាប់តាំង​ពី​ថ្ងៃទី១៣សីហាមក កងទ័ព​អង់គ្លេស​បាន​ជម្លៀសមនុស្ស​ប្រមាណ​ជា ៦ពាន់នាក់​ ចេញ​តាម​ព្រលាន​យន្តហោះក្រុងកាប៊ុល ហើយ​នៅសល់មនុស្ស​ច្រើន​​ទៀត​ដែល​ត្រូវ​បន្ត​ជម្លៀសចេញ ដែល​អង់គ្លេស​គិត​ថា វា​ជា​រឿង​ដែល​មិន​អាច​ធ្វើ​ទៅរួច នៅមុន​ថ្ងៃទី៣១សីហា ដែល​ជា​ថ្ងៃ​កំណត់​នៃ​ការ​ដកទ័ព​អាមេរិក។

ហេតុដូច្នេះហើយ​បាន​ជា​អង់គ្លេសស្នើសុំ​​ដោយ​ទទូច ឲ្យ​អាមេរិក​បន្ត​រក្សា​កងទ័ព​ដល់​ក្រោយ​ថ្ងៃទី៣១សីហា ដើម្បី​រក្សា​សុវត្ថិភាព​នៅ​ព្រលានយន្តហោះ​ក្រុង​កាប៊ុល រហូត​ដល់​ប្រតិបត្តិការ​ជម្លៀសប្រជាជន​ត្រូវ​ធ្វើ​ចប់សព្វគ្រប់។ សំណើ​ ដែល​គិត​មក​ទល់​នឹង​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញនេះ នៅមិនទាន់​មានចម្លើយ​ជា​វិជ្ជមាន​នៅឡើយ ពី​សំណាក់​លោក​ប្រធានាធិបតីបៃដិន ដែល​នៅតែ​ទទូច​ចង់​ដកទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន​នៅត្រឹមថ្ងៃទី៣១សីហា ដូច​ការ​គ្រោងទុក។

ដោយមើលឃើញ​អំពី​មេរៀន​នៅ​អាហ្វហ្កានីស្ថាន​នៅពេល​នេះ នៅអង់គ្លេស មាន​អ្នកខ្លះ​បានទាមទារ​​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ​ទៅលើ​ទំនាក់ទំនង​ពិសេស​ជាមួយ​អាមេរិក ដោយ​ថ្លឹងថ្លែង​ រវាង​ម្ខាង​​ផលប្រយោជន៍ និង​ម្ខាងទៀត​​ហានិភ័យ នៃ​ការ​​ដើរតាម​បន្ទាត់​នយោបាយ​ការបរទេស​របស់​អាមេរិក​។

ក៏ប៉ុន្តែ នេះអាច​មិនមែន​ជា​រឿង​ងាយស្រួល​នោះទេ ពីព្រោះ​ថា បញ្ហា​ដែល​ចោទ គឺនៅត្រង់​ថា នៅក្រោយ​ពេល​ចាកចេញ​ពី​សហភាព​អឺរ៉ុប ដោយឆ្លងកាត់​នូវ​ដំណើរការ​ចរចា​ដ៏វែងអន្លាយ និង​ដ៏ជូរចត់​​ជាមួយ​សម្ព័ន្ធមិត្ត​នៅអឺរ៉ុប គឺ​ទំនាក់ទំនង​ពិសេស​ជាមួយ​អាមេរិក​នេះហើយ ដែល​លោក​បូរីស ចនសុន តែងតែ​យក​មកធ្វើ​ជាក្តីរំពឹង ដើម្បី​ជាបង្អែក​សម្រាប់​អង់គ្លេស​នៅលើ​ឆាកអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ