អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី ស៊ី ជីនពីង​ លើកឡើងពីវិសមភាពសង្គមពេលនេះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាពេលថ្មីៗ មេដឹកនាំកំពូលចិន លោក ស៊ី ជីនពីង​ បាន​អំពាវនាវឱ្យអនុវត្តនយោបាយបែងចែកទ្រព្យសម្បត្តិប្រជាជាតិឡើងវិញ និងការរឹតបន្តឹងលើក្រុមអ្នកមាន ដើម្បីសង្គមមួយរីកចម្រើនទាំងអស់គ្នា។ ទោះយ៉ាងណា ក្នុងពេលជាមួយគ្នា អាជ្ញាធរចិនបានលើកឡើងអំពីការគំរាមកំហែងដល់សន្ដិសុខជាតិ ពីការរីកចម្រើនរបស់ក្រុមហ៊ុនធំៗដែល​មិនដើរស្របនឹងគោលនយោបាយរបស់រដ្ឋ។

ហេតុ​អ្វី​ស៊ីជិនពីង លើក​ឡើង​អំពី​វិសមភាព​សង្គម​នៅពេល​នេះ ?
ហេតុ​អ្វី​ស៊ីជិនពីង លើក​ឡើង​អំពី​វិសមភាព​សង្គម​នៅពេល​នេះ ? AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

ក្រោមការដឹកនាំ របស់ លោក តេង ស៊ាវភីង ចិនអនុវត្តនយោបាយ "ក្លាយជាអ្នកមានមុនសិន - get rich first"។ ចិន​នៅពេលនោះ​បានផ្លាស់ប្ដូរមកអនុវត្ត​សេដ្ឋកិច្ចទីផ្សារសេរី បើកចំហសេដ្ឋកិច្ច និង​ការជំរុញឱ្យ​វិស័យឯកជនរីកចម្រើន។ ជាលទ្ធផល សេដ្ឋកិច្ច​ចិន​មានកំណើនយ៉ាងខ្លាំង ស្របពេលដែលភាពក្រីក្រក្នុងប្រទេសចិន​បាន​កាត់បន្ថយយ៉ាងចម្បង។ ទោះជាយ៉ាងណា ក្រោមការដឹកនាំរបស់ លោក ស៊ី ជីនពីង​ អ្វីៗចាប់ផ្តើមផ្លាស់ប្តូរ។

ស៊ី ជីនពីង​ អំពាវនាវឱ្យមាននយោបាយបែងចែកទ្រព្យសម្បត្តិឡើងវិញ និងការរឹតបន្តឹងលើអ្នកមាន

ផ្អែកតាមការចេញផ្សាយរបស់កាសែតជប៉ុន Nikkei Asia ប្រធានាធិបតី ស៊ី ជិនពីង បានអំពាវនាវឱ្យមាន “ច្បាប់សម្រាប់ក្រុមពលរដ្ឋអ្នកមាន” ដែលផ្តោតលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន ដើម្បីគោលដៅសង្គមរួមទាំងមូល។ ជាគន្លឹះ មេដឹកនាំកំពូលចិនរូបនេះ បានអំពាវនាវឱ្យអនុវត្តនយោបាយបែងចែកទ្រព្យសម្បត្តិប្រជាជាតិឡើងវិញ និងការរឹតបន្តឹងលើក្រុមពលរដ្ឋដែលមានប្រាក់ចំណូលខ្ពស់។

នាពេលថ្មីៗ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា កិច្ចប្រជុំមួយនៃគណៈកម្មការកិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ច របស់ បក្សកុម្មុយនីស្តចិន ដែលដឹកនាំដោយលោក ស៊ី ជិនពីង បានជួបប្រជុំគ្នា និងសង្កត់ធ្ងន់លើតម្រូវការច្បាប់ដើម្បីគ្រប់គ្រង ក្រុមពលរដ្ឋ និងក្រុមហ៊ុនធំៗ ដែលមានចំណូលខ្ពស់ហួសប្រមាណ និងតម្រូវការនយោបាយឱ្យ​ក្រុមហ៊ុនទាំងនោះផ្តល់ភោគផលសេដ្ឋកិច្ចត្រឡប់មកសង្គមវិញ។

គណៈកម្មាធិការនេះបានបន្ថែមថា នៅពេលដែលបក្សកុម្មុយនីស្តចិនអនុញ្ញាតឱ្យប្រជាជន និងក្រុមហ៊ុនរីកចម្រើន ក្រោមនយោបាយ “ក្លាយជាអ្នកមានមុនសិន” នៅដើមទសវត្សរ៍នៃកំណែទម្រង់ និងការបើកចំហរប្រទេស ឥឡូវនេះ វាជាពេលផ្តល់អាទិភាពដល់ “ភាពរុងរឿងរួមសម្រាប់ទាំងអស់គ្នា”។

នាពេលបច្ចុប្បន្ន សហគ្រិនដែលមានជាងគេបំផុតនៅប្រទេសចិន លោក Jack Ma កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងៗ ចាប់តាំងពីខែវិច្ឆិកា នៅពេលក្រុមហ៊ុនរបស់គាត់ គឺក្រុមហ៊ុន Ant Group បានចូលផ្សារភាគហ៊ុនជាសារណៈលើកដំបូង ក្នុងតម្លៃគ្រោង ៣៧ពាន់លានដុល្លារអាម៉េរិក។ បើរឿងនេះអាចកើតឡើងមែននោះ ក្រុមហ៊ុននេះអាចនឹងក្លាយជាក្រុមហ៊ុនធំបំផុតមិនធ្លាប់មានក្នុងប្រទេសចិន។ ក៏ប៉ុន្តែ គម្រោងនេះត្រូវបានលុបចោល បន្ទាប់ពីការរឹតបន្ដឹងរបស់រដ្ឋអំណាចចិន។

ថ្មីៗនេះ ក្រុមហ៊ុនដឹកអ្នកដំណើរ Didi Chuxing ត្រូវបានអាជ្ញាធរចិនស្តីបន្ទោស បន្ទាប់ពីក្រុមហ៊ុននេះមិនអើពើនឹងការព្រមានរបស់រដ្ឋ ក្នុងការពន្យារពេលចុះបញ្ជីចំនួន ៤,៤ពាន់លានដុល្លារអាម៉េរិក នៅសហរដ្ឋអាម៉េរិក​។

គណៈកម្មាធិការកិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ច បានលើកឡើងផងដែរថា ប្រទេសចិនត្រូវតែបង្កើត នយោបាយ និងយុត្តិធម៌ សម្រាប់សង្គមទាំងអស់គ្នា។

ក៏ប៉ុន្តែ ហេតុអ្វីរដ្ឋអំណាចចិនលើកឡើងពីវិសមភាពសង្គម និងការរួមចំណែកពីអ្នកមានមកសង្គម ក្នុងពេលនេះ?

តួលេខ៖ វិសមភាពទ្រព្យសម្បត្តិ និងប្រាក់ចំណូលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន ហើយកំពុងវិវត្តន៍ក្នុងទម្រង់ដូចជាអាម៉េរិក

នៅចន្លោះឆ្នាំ១៩៧៨ ដល់បច្ចុប្បន្ន ប្រទេសចិនបានផ្លាស់ប្តូរពីប្រទេសក្រីក្រ និងមិនអភិវឌ្ឍ មកក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនឈានមុខគេមួយ នៅលើពិភពលោក។ ចំណូលជាតិសរុប វាស់វែងដោយ​ ផលិតផលក្នុងស្រុកសរុប (GDP) ប្រៀបធៀបនឹងពិភពលោកទាំងមូល របស់ចិន បានកើនឡើងពីតិចជាង ៣ភាគរយក្នុងឆ្នាំ១៩៧៨ មកដល់ប្រហែល ២០ភាគរយ នាពេលបច្ចុប្បន្ន។ យោងតាមស្ថិតិផ្លូវការ ប្រាក់ចំណូលជាតិជាមធ្យមសម្រាប់មនុស្សម្នាក់ប្រចាំឆ្នាំ គឺប្រហែល ៣០០ដុល្លារអាម៉េរិក នៅឆ្នាំ១៩៩០ ហើយវាបានកើនឡើងលើសពី ១០ ០០០ដុល្លារអាម៉េរិក នៅឆ្នាំ២០១៩។

កំណើនសេដ្ឋកិច្ចបានធ្វើឱ្យ​ចំណូលជាតិកើនឡើង និងភាពក្រីក្រត្រូវបានកាត់បន្ថយ។ ក្នុងពេលជាមួយគ្នា សង្គមក៏លេចចេញឡើងនូវវិសមភាពសង្គមផងដែរ ពោលគឺ ការកើនឡើងគម្លាតរវាងអ្នកមាន និងអ្នកក្រ។ ទ្រព្យសម្បត្តិឯកជនបានកើនឡើងធៀបនឹងចំណូលជាតិ។ ក្រុមហ៊ុនឯកជនធំៗបានបង្កើនប្រាក់ចំណេញ និងបានបង្កើនទ្រព្យសម្បត្តិរបស់ខ្លួន។ កត្តានេះបានរុញច្រានឱ្យ​មានក្រុមពលរដ្ឋមួយក្រុម ដែលទទួលបានផលសេដ្ឋកិច្ចខ្ពស់ជាងគេ ទាំងប្រាក់ចំណូល និងទ្រព្យសម្បត្តិ។

ជាសង្ខេប កម្រិតនៃវិសមភាពសង្គម នៅក្នុងប្រទេសចិន នៅចុងទសវត្សរ៍ឆ្នាំ១៩៧០ គឺមានកម្រិតទាបណាស់ ពោលគឺកម្រិតនៃវិសមភាពសង្គមមានភាពប្រហាក់ប្រហែលទៅនឹងប្រទេសន័រវែស ដែលមានភាពស្មើខ្លាំងគ្នាបំផុត លើពិភពលោក។ ប៉ុន្តែ ឥឡូវនេះ វិសមភាពក្នុងសង្គមចិនកំពុងឈានដល់កម្រិតមួយខ្ពស់ខ្លាំង។ វាស្ទើរតែអាចប្រៀបធៀបជាមួយសហរដ្ឋអាម៉េរិក​ ពោលគឺ គម្លាតរវាងអ្នកមាន និងអ្នកក្រមានកម្រិតកើនឡើងខ្ពស់ នៅប៉ុន្មានទស្សវត្សរ៍ចុងក្រោយ។

ហេតុអ្វីក្រុមហ៊ុនធំៗអាចគំរាមកំហែងដល់ប្រព័ន្ធដឹកនាំចិន?

បើទោះបីនយោបាយបែងចែកឡើងវិញ ត្រូវប្រកាសដើម្បីឱ្យ​ក្រុមអ្នកមាន និងក្រុមហ៊ុនធំៗ ចែករំលែកបន្ថែមទៀតមកកាន់សង្គម និងមនុស្សរាល់គ្នា ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា អាជ្ញាធរចិនបានលើកឡើងអំពីការគំរាមកំហែងដល់សន្ដិសុខជាតិ ពីការរីកចម្រើនរបស់ក្រុមហ៊ុនធំៗដែល​មិនដើរស្របនឹងគោលនយោបាយរបស់រដ្ឋ។

នាពេលកន្លងមក លោក​ ស៊ី ជីនពីង និងថ្នាក់ដឹកនាំកំពូលៗ បានលើកឡើងអំពី ការពង្រឹងវិស័យឯកជន និងការសង្កត់ធ្ងន់លើសន្តិសុខជាតិ និងសន្តិសុខនយោបាយ ក្នុងប្រព័ន្ធដឹកនាំចិន ហើយនិងការសង្កត់ធ្ងន់លើក្រុមហ៊ុន Alibaba របស់ លោក Jack Ma៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ