អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​អាមេរិក និង​ក្រុម​ប្រទេស​​លោក​ខាងលិច បាន​ចាញ់​សង្គ្រាម​​​ប្រឆាំង​ក្រុម​ភេរវកម្ម​​ឬ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់រយៈពេល​២០​ឆ្នាំកន្លងមកហើយ ដែល​ពិភព​លោក​យើង​ បាន​ស្គាល់រស់ជាតិ​ នៃ​ការវាយ​ប្រហារ​ភេរវកម្ម​ដ៏ធំមិនធ្លាប់មាន​​ក្នុងប្រវត្តិសាស្រ្ត ជាមួយ​នឹង​អំពើភេរវកម្ម​នៅ World Trad Center ទីក្រុងញូយ៉ក។ ក្រុមអាល់កៃដា មិនត្រឹមតែមិនបានរលាយ​សាបសូន្យនោះទេ តែវាមានលេចនូវក្រុមភេរវកម្ម​ដ៏សាហាវផ្សេងទៀត គឺក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ ជាងនេះទៀត ក្រុមតាលីបង់ បានវិលត្រលប់មក​គ្រប់គ្រង​អំណាចនៅ​អាហ្វហ្កានីស្ថានវិញ បន្ទាប់ពី​អាមេរិកបានដកទ័ព​ចេញយ៉ាអាម៉ាស។ ២០ឆ្នាំមកនេះ តើ​សង្គ្រាម​ប្រឆាំងក្រុមភេរវកម្ម ដែលអាមេរិក បានដឹកនាំក្រុមប្រទេសលោកខាងលិច ឲ្យ​ប្រយុទ្ធនោះ តើ​បានជោគជ័យ​ ឬ បរាជ័យកម្រិតណា?

ទាហានអាមេរិក អង្គុយសម្រាកនៅក្បែរទង់ជាតិបក់រវិច ថ្ងៃទី ១១ កញ្ញា ២០១១ នៅមូលដ្ឋានទ័ពអាមេរិក Forward Operating Base Bostick ខេត្ត Kunar ប្រទេសអាហ្វហ្កានីស្ថាន
ទាហានអាមេរិក អង្គុយសម្រាកនៅក្បែរទង់ជាតិបក់រវិច ថ្ងៃទី ១១ កញ្ញា ២០១១ នៅមូលដ្ឋានទ័ពអាមេរិក Forward Operating Base Bostick ខេត្ត Kunar ប្រទេសអាហ្វហ្កានីស្ថាន AP - David Goldman
ផ្សាយពាណិជ្ជកម្ម

បំណែក​ផេះផង់ នៃអាគារភ្លោះទីក្រុងញូយ៉ក មិនទាន់ធ្លាក់ដល់ដីអស់នៅឡើយទេ នៅពេលដែលលោក​ប្រធានាធិបតី George W. Bush បាន​ប្រកាសផ្តើម​សង្រ្គាម​ប្រឆាំងក្រុមភេរវកម្ម​។ របបអ៊ីស្លាមផ្តាច់ការ​របស់​ក្រុមតាលីបង់ នៅអាហ្វហ្កានីស្ថាន បានក្លាយ​ជា​ចំណុចចាប់ផ្តើម​ដំបូងបង្អស់ ដោយ​សារតែ​អាមេរិក បានចោទរបបនេះ ថាបានផ្តល់ជំរកជ្រោក​កោន​ ឲ្យ​ក្រុម​អាល់កៃដា ដែល​ជាម្ចាស់ស្នាដៃនៃភេរវកម្មថ្ងៃទី​១១កញ្ញា២០០១។

ក្រុម​តាលីបង់វិល​មកគ្រប់គ្រងអំណាច​វិញ

ខែ​មករាឆ្នាំ២០០៣ លោក George W. Bush បាន​ប្រកាសថា អាមេរិក​បាន​ទៅរំដោះប្រជាជន​អាហ្វហ្កានីស្ថាន ចេញពីរបបអ៊ីស្លាមផ្តាច់ការតាលីបង់ ហើយអាមេរិក នឹង​បន្តធ្វើ​ឲ្យ​ប្រទេសអាហ្វហ្កានីស្ថាន មានសុវត្ថិភាព មានសេរីភាព កសាងសង្គម និងអនុញ្ញាតឲ្យ​កុមារទាំង២ភេទបានចូលរៀន​។

ក៏ប៉ុន្តែនៅពេលនេះ ខែសីហា ឆ្នាំ​២០២១ អាហ្វហ្កានីស្ថានបាន​ធ្លាក់ទៅក្នុង​ដៃ របស់​ក្រុមតាលីបង់សាជាថ្មី។ ​អាមេរិក​ប្រមូល​ទ័ព​ចាកចេញពីក្រុងកាប៊ុល​ សឹងតែមិនទាន់។ ទោះបីជាក្រុមតាលីបង់ខំប្រឹងប្រែង ធានាអះអាងថាក្រុមខ្លួន​នៅពេល​បច្ចុប្បន្ន មិនដូចមុនក៏ដោយ តែអ្វីដែលមិនអាចប្រកែកបាន គឺក្រុម​តាលីបង់ នៅតែ​ជាក្រុមអ៊ីស្លាមជ្រុលនិយម ដែល​ប្រើអំណាច ​ដោយ​ផ្អែកលើច្បាប់​ឆារីយ៉ាអ៊ីស្លាម។

ជាការពិត អាមេរិកបានជោគជ័យ​មែន ដោយ​បានសម្លាប់ អ៊ូសាម៉ា ប៊ីនឡាដិន មេក្លោងធំរបស់​ក្រុមអាល់កៃដា។ ក៏ប៉ុន្តែបើ​និយាយ​ពី « សង្គ្រាម​ប្រឆាំងនឹង​ចលនាភេរវនិយម » គឺ​អាមេរិក ក៏ដូចជា​ក្រុមប្រទេស​លោកខាងលិច បានបរាជ័យទាំងស្រុង។ នេះ​បើផ្អែកតាមការវិភាគ របស់​លោក Abdul Sayed សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ នៅសកលវិទ្យាល័យ Lund ប្រទេសស៊ុយអែត។

ដូចគ្នាដែរ លោក Assaf Moghadam អ្នកស្រាវជ្រាវនៅ​វិទ្យាស្ថាន​អន្តរជាតិ​​​ប្រឆាំងភេរវកម្ម នៅអ៊ីស្រាអែល (ICT) បាន​លើកឡើងថា ថ្វីបើ​អាមេរិក​លែងរងនូវ​អំពើភេរវកម្ម​​ នៅលើទឹកដី​ខ្លួនមែន ក៏ប៉ុន្តែ​បើនិយាយ​ពីកម្ម​វត្ថុ បោសសំអាតក្រុមភេរវកម្ម គឺវា​ជាបរាជ័យ​ធំណាស់។ អ្នកជំនាញរូបនេះបន្ថែមថា ចលនាភេរវនិយម មិនបានវិនាសទេ តែវា​បានរីកសាយភាយ និងវិវឌ្ឍន៍ខ្លួន​ជាប្រចាំ។

ចលនាភេរវកម្ម​កើនកម្លាំងសមាជិក​ ២៧០%

យោងតាមតួលេខ របស់​​មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) នៅក្រុងវ៉ាស៊ីនតោន គឺ​នៅរវាងឆ្នាំ​២០១៨ ក្រុម​ភេរវកម្មដែលធ្វើសកម្មភាព​សកម្ម គឺមាន​ដល់ទៅ​៦៧ក្រុម​។ បើនិយាយពីចំនួន​កម្លាំងសមាជិក​វិញ គឺមាន​ចន្លោះពី ១០ម៉ឺន ទៅ២៣ម៉ឺននាក់។ ពោលគឺក្រុម​ភេរវកម្ម​​បាន​កើន​កម្លាំង ដល់ទៅ​ ២៧០% បើប្រៀបធៀបទៅទសវត្សឆ្នាំ​១៩៨០។

បើយើងក្រឡេកទៅមើល ទំហំនៃការចំណាយរបស់អាមេរិក នៅ​អាហ្វហ្កានីស្ថាន ដែលមានជាង​១០ម៉ឺន​លានដុល្លារ ក្នុងរយៈពេល​២០ឆ្នាំកន្លង​មកនេះ គឺយើងអាច​​​សន្និដ្ឋាន​​បានដោយងាយ នូវបរាជ័យ​​​របស់​អាមេរិក។ ជាបរាជ័យដែលស្តែងឲ្យ​ឃើញនូវ ការភ័ន្តច្រឡំ ទាំងផ្នែកបច្ចេកទេស និងយុទ្ធសាស្ត្ររបស់​កងទ័ពអាមេរិក។ ការលើកទ័ពទៅផ្តួលរំលំ របបដឹកនាំសាដាមហ៊ូសេន នៅអ៊ីរ៉ាក់ នៅឆ្នាំ​២០០៣ ក៏ត្រូវបាន​មតិទូទៅ រាប់បញ្ចូលថា គឺជាកំហុសធំ​មួយ​ទៀតដែរ របស់អាមេរិក។ ការដួលរលំនៃរបបសាដាមហ៊ូសេន មិនត្រឹមតែបាន​ធ្វើ​ឲ្យ​ក្រុមអាល់កៃដារស់​ឡើងវិញ​នោះទេ តែវា​បាន​បង្កចលាចល បើកដៃ​ឲ្យ​​កកើត នូវ​កម្លាំង​​ចលនា​​​ជីហាត​ថ្មី​មួយទៀត ឈ្មោះថា អង្គការ​រដ្ឋ​អ៊ីស្លាម (ISIS)។

គ្មានយុទ្ធសាស្ត្រ បង្ការទប់ស្កាត់​ កុំឲ្យ​​មនុស្ស​​​ក្លាយ​ជា​សមាជិក​​ក្រុមជីហាត

ក្រុមអ្នកអង្កេតការណ៍ និងអ្នកវិភាគ បានសម្លឹងឃើញថា យុទ្ធសាស្ត្រ​របស់​អាមេរិក បាន​ផ្តល់អាទិភាព តែទៅលើ​ការប្រយុទ្ធតទល់ជាក់ស្តែង នៅសមរភូមិ។ ជាយុទ្ធសាស្ត្រដែលមិនបានគិតទៅដល់ កត្តាផ្សេងៗទៀតដែលគួបផ្សំគ្នា ជំរុញឲ្យ​មនុស្ស​ទាំងនោះ ក្លាយ​ជាសមាជិក​របស់ក្រុមចលនា​ភេរវនិយម។ សង្រ្គាម​ ចលាចល ភាព​អនាធិបតេយ្យ ប្រទេស​គ្មានរដ្ឋបាលគ្រប់គ្រង ភាពក្រីក្រ និង​អំពើពុករលួយ ទាំងអស់នេះគឺសុទ្ធតែជាកត្តា ដែលជំរុញឲ្យ​យុវជន គ្មានជំរើសអ្វីផ្សេង ក្រៅតែពីកាន់អាវុធ ស្ម័គ្រប្រយុទ្ធ ទៅតាមការអូសទាញរបស់​ក្រុមភេរវកម្ម។

ជាក់ស្តែង សង្គ្រាមចលាចលនៅប្រទេសស៊ីរី បានរុញច្រាន​មនុស្សរាប់ពាន់នាក់ ឲ្យក្លាយ​ជា​​សមាជិក​ នៃចលនា​​ជីហាត​ផ្តាច់ការ​ ក្នុងពេលដ៏ខ្លី​។ លោក Tore Hamming អ្នកជំនាញ​ស្រាវជ្រាវ​ផ្នែក​សង្រ្គាម នៅ​សកលវិទ្យាល័យ​ King's College ទីក្រុងឡុងដ៍ ​បាន​ពន្យល់ថា បញ្ហាមិនមែនស្ថិតនៅ​លើ​ សមរភូមិប្រយុទ្ធនោះទេ។ យន្តការដ៏សំខាន់​ចាំបាច់ ដើម្បីបង្ការទប់ស្កាត់ កុំឲ្យ​មនុស្សធ្លាក់ខ្លួន​ក្លាយ​ជា​ជនជីហាត គឺការ​​បង្កើត​ឱកាស ឬជម្រើស​ផ្លូវដើរ​ផ្សេងទៀត ឲ្យទៅពួកគេ។

ពីមួយ ក្លាយ​ជា២

២០ឆ្នាំ ក្រោយ​ថ្ងៃ​១១កញ្ញា ២០០១ បរិបទបានប្រែប្រួលទាំងស្រុង។ បច្ចុប្បន្ននេះ ចលនាជីហាតភេរវកម្ម​ មាន​ក្បាលដល់ទៅ២ គឺក្រុមអាល់កៃដា និងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ ជាងនេះទៀត ចលនាភេរវកម្ម​ទាំង២នេះ បានរីកសាយ​ភាយ​ចេញពី​តំបន់ដើមបូព៌ា ទៅកាន់ប្រទេសជា​ច្រើនក្នុងទ្វីបអាហ្វ្រិក និងនៅក្នុង​​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ី​អាគ្នេយ៍ផងដែរ។

លោកស្រី Brenda Githing’u អ្នកវិភាគ​ផ្នែកភេរវកម្ម ប្រចាំនៅ​អាហ្វ្រិកខាងត្បូង បាន​ថ្លែងសោកស្តាយ ចំពោះបរាជ័យ​របស់​ក្រុមប្រទេសលោកខាងលិច ដែលមិនបានគិតវែងឆ្ងាយ ឲ្យ​បានល្អិតល្អន់ ធ្វើ​ឲ្យ​ចលនាជីហាត​ភេរវនិយមនេះ បានរីកសាយ កកើតមូលដ្ឋានសឹងតែពាសពេញទ្វីបអាហ្វ្រិក។

ជាងនេះទៀត យោងតាម​លោក Seth Jones អ្នកជំនាញនៅ មជ្ឈមណ្ឌល​សិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ បរិបទបានប្រែប្រួល ដោយ​សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសលោកខាងលិច បានបង្វែរអាទិភាព ងាកទៅភ័យបារម្ភខ្លាំង តែទៅលើ​ការគំរាមកំហែង ពីសំណាក់ ចិន រុស្ស៊ី និងអ៊ីរ៉ង់ជាដើម។

ចលនាជីហាតភេរវកម្មជំរុញគ្រោះថ្នាក់ បំប៉ន​ចរន្តគំនិតស្តាំនិយមជ្រុល

បើទោះបីជាក្រុមអាល់កៃដា ឬក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ពុំទាន់មានសមត្ថភាព​វាយ​ប្រហារ​ជាលក្ខណៈ​ធំដំ​ម្តងទៀត នៅតាម​ប្រទេសលោកខាងលិចក្តី តែការគំរាមកំហែង​មួយ​ប្រភេទ​ទៀត ដែលធ្វើ​ឲ្យអាជ្ញាធរ​ឈឺក្បាលបំផុតនោះ គឺ​ការវាយ​ប្រហារភេរវកម្ម​ បង្ករដោយជនឯកោ ដែលបានជឿតាមការអូសទាញ​ របស់ចលនាភេរវកម្ម តាមប្រព័ន្ធអ៊ីនធ័រនិត។ កាំភ្លើង កាំបិត រថយន្ត អាចត្រូវជនជីហាតវង្វេង​ងងឹតទាំងនោះ ប្រើប្រាស់ដើម្បីសម្លាប់​មនុស្ស​ដោយ​ឥតរើសមុខ នៅតាមទីសាធារណៈ។ ជាក់ស្តែងដូចជាភេរវកម្មផ្ទួនៗ នៅប្រទេសបារាំង រវាងឆ្នាំ​២០១៥-២០១៦។

២០ឆ្នាំក្រោយ​ការប្រកាសសង្គ្រាមប្រឆាំងភេរវកម្ម ពីសំណាក់អាមេរិក ចលនាភេរវកម្ម​មិនបាន​សាបវិនាសទេ តែវាបាន​កែប្រែទម្រង់ បំប្លែងខ្លួន និងបានបណ្តុះ​ឲ្យ​កើតនូវ​គ្រោះថ្នាក់ប្រភេទថ្មីមួយទៀត។ លោក Assaf Moghadam យល់ឃើញថា សន្ទុះគំរាមកំហែងភេរវកម្មកាន់តែធំ បានរុញច្រាន ឲ្យ​មតិសាធារណៈនៅតាមប្រទេស​លោក​ខាង​លិច​ កាន់តែខិតទៅរក​ទ្រឹស្តីស្តាំនិយមជ្រុល។ ទ្រឹស្តីជាតិនិយមជ្រុល បែងចែកបក្សពួក អ្នកស្បែកស ប្រឆាំងអ្នកស្បែកខ្មៅ ឬជនអន្តោប្រវេសន៍ វាគឺជាគ្រោះថ្នាក់ដ៏ធំមួយទៀត ដែលកំពុងរងចាំ​ប្រទេសលោកខាងលិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ