អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើវាល្មមដល់ពេលដែលពិភពលោកគួរផ្តោតការយកចិត្តទុកដាក់លើកសិកម្មសរីរាង្គហើយ ឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សមាជ​ពិភពលោក​លើកទី២០ ស្តីពី​កសិកម្ម​សរីរាង្គ បាន​បើក​ធ្វើ​ពី​ថ្ងៃ​ចន្ទ ទី៦ ដល់​ថ្ងៃ​សុក្រ ទី១០ កញ្ញា​ក្នុង​ប្រទេស​បារាំង។ សមាជ​ដែល​ធ្វើ​ឡើង​តាម​អនឡាញ និង​មាន​វត្តមាន​អ្នក​ចូលរួម​នៅ​នឹង​កន្លែង​មួយ​នេះ​បាន​រៀបចំ​ដោយ​សហព័ន្ធ​អន្តរជាតិ​ស្តីពី​ចលនា​កសិកម្ម​សរីរាង្គ។ នេះ​ជា​លើកទី១ ដែល​បារាំង​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សមាជ​ដែល​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា ២ ០០០នាក់​មក​ពី​ប្រមាណ ៥០ប្រទេស។ តើ​ការ​រៀបចំ​ឲ្យ​មាន​សមាជ​មួយ​នេះ​ឡើង​ក្នុង​គោលដៅ​អ្វី​ដែរ?

តើវាល្មមដល់ពេលដែលពិភពលោកគួរផ្តោតការយកចិត្តទុកដាក់លើកសិកម្មសរីរាង្គហើយ ឬ?
តើវាល្មមដល់ពេលដែលពិភពលោកគួរផ្តោតការយកចិត្តទុកដាក់លើកសិកម្មសរីរាង្គហើយ ឬ? Nicolas TUCAT AFP/File
ផ្សាយពាណិជ្ជកម្ម

សមាជ​ពិភពលោក​ស្តីពី​កសិកម្ម​សរីរាង្គ​ត្រូវ​រៀបចំ​ធ្វើ​នៅ​រៀងរាល់ ៣ឆ្នាំ​ម្តង។ បន្ទាប់​ពី​បាន​រៀបចំ​កាល​ពី​ឆ្នាំ ២០១៧ នៅ​ក្នុង​ប្រទេស​ឥណ្ឌា សមាជ​មួយ​នេះ​ត្រូវ​រៀបចំ​ធ្វើ​ក្នុង​ឆ្នាំ ២០២០។ តែ​ដោយសារ​វិបត្តិ​កូវីដ១៩ សមាជ​លើកទី២០ ត្រូវ​បាន​អាក់ខាន និង​លើក​មក​ធ្វើ​ក្នុង​ឆ្នាំ ២០២១ នេះ​វិញ។ « កសិកម្ម​សរីរាង្គ ពិត​ជា​ទៅ​រួច និង​ជា​អនាគត » នេះ​ជា​ប្រធានបទ​របស់​សមាជ​លើក​នេះ។ នៅ​ក្នុង​រយៈពេល ៥ថ្ងៃ​ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១០ កញ្ញា អ្នក​ចូលរួម​នៅ​ក្នុង​សមាជ​នឹង​ធ្វើ​ការ​ផ្តោះប្តូរ​បទពិសោធន៍ និង​ដំណោះស្រាយ​ស្តីពី​កសិកម្ម​សរីរាង្គ។ នៅ​ពេល​ដែល​គេ​និយាយ​ពី​កសិកម្ម​សរីរាង្គ គឺ​គេ​ចង់​ផ្តោត​លើ​ការ​ធ្វើ​កសិកម្ម​តាម​បែប​ធម្មជាតិ​សុទ្ធសាធ។

កសិកម្ម​តាម​បែប​ធម្មជាតិ​ជា​កសិកម្ម​ដែល​ផ្អែក​លើ​ការ​មិន​ប្រើ​ផលិតផល​គីមី ការ​កែច្នៃ​វត្ថុធាតុដើម​ឡើង​វិញ​ដើម្បី​ធ្វើ​ជា​ជី​ធម្មជាតិ ឬ​មួយ​ក៏​ការ​ដាំ​ដំណាំ​ឆ្លាស់​គ្នា មាន​ន័យ​ថា មិន​ត្រូវ​ដាំ​ដំណាំ​ដដែលៗ​នៅ​លើ​ទីតាំង​ដី​ដដែលៗ​នោះ​ទេ។ តាម​ពិត​ទៅ ចំណាប់​អារម្មណ៍​លើ​កសិកម្ម​សរីរាង្គ និយាយ​ជា​រួម និង​ដំណាំ​កសិកម្ម​សរីរាង្គ និយាយ​ដោយ​ឡែក​មិនមែន​ទើប​កើត​មាន​នៅ​ពេល​នេះ​ឯណា។ គ្រាន់​តែ​ថា​ឥឡូវ​នេះ មាន​ហេតុផល​មួយ​ចំនួន​ដែល​បាន​ជំរុញ​មនុស្សលោក​ឲ្យ​ចាប់​អារម្មណ៍ និង​គិតគូរ​កាន់​តែ​ខ្លាំង​ឡើង​ប៉ុណ្ណោះ ពិសេស​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​បន្ត​ញាំញី​ដោយ​ជំងឺ​កូវីដ១៩ និង​ចំ​ពេល​ដែល​ពិភពលោក​កំពុង​បន្ត​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​យ៉ាង​ញឹកញាប់។

លោកស្រី Peggy Miars ប្រធាន​សហព័ន្ធ​អន្តរជាតិ​ស្តីពី​ចលនា​កសិកម្ម​សរីរាង្គ​បាន​គូសបញ្ជាក់​ថា ជំងឺ​កូវីដ១៩ បាន​អង្រួញ និង​ដាស់​តឿន​មនុស្សលោក​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​សុខភាព ពិសេស​ប្រយ័ត្នប្រយែង​ជាង​មុន​លើ​ចំណីអាហារ។ ចំណែក​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បាន​បង្ក​ឲ្យ​មាន​គ្រោះរាំងស្ងួត គ្រោះ​ទឹកជំនន់ ភ្លើង​ឆេះព្រៃ និង​គ្រោះ​មហន្តរាយ​ជា​ច្រើន​ផ្សេង​ទៀត​បាន​ធ្វើ​ឲ្យ​មនុស្សលោក​បារម្ភ​ខ្លាំង​ពី​អនាគត​របស់​ផែនដី។ គួរ​បញ្ជាក់​ថា ការ​ផ្ទុះ​ជំងឺ​ឆ្លង​ផ្សេងៗ ពិសេស​ជំងឺ​កូវីដ១៩ និង​ការ​កើត​មាន​គ្រោះធម្មជាតិ​ញឹកញាប់​ពេល​នេះ គឺ​ដោយសារ​តែ​ទង្វើ​របស់​មនុស្សលោក។ ការ​ធ្វើ​អាជីវកម្ម​លើ​ដីកសិកម្ម​ដោយ​គ្មាន​ត្រាប្រណី​តាម​រយៈ​ការ​ប្រើ​ផលិតផល​គីមី​ដើម្បី​បង្កើន​ទិន្នផល និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យកដី​ធ្វើ​កសិកម្ម គឺ​មនុស្សលោក​កំពុង​បំផ្លាញ​ផែនដី​ដែល​ជា​ជម្រក​របស់​ខ្លួន។

តាម​លោកស្រី Peggy Miars មាន​តែ​ការ​ពង្រីក​វិស័យ​កសិកម្ម​សរីរាង្គ​ទេ​ទើប​គេ​អាច​ចូលរួម​សម្រេច​ឲ្យ​បាន​នូវ​កម្មវត្ថុ​នៃ​ការ​អភិវឌ្ឍន៍​យូរអង្វែង​ដែល​កំណត់​ដោយ​អង្គការ​សហប្រជាជាតិ​សម្រាប់​ឆ្នាំ ២០៣០។ មាន​តែ​ការ​ធ្វើ​អាជីវកម្ម​លើ​ដីកសិកម្ម​ដោយ​មិន​ប្រឆាំង​នឹង​អំណោយផល​ពី​ធម្មជាតិ​ទេ​ទើប​គេ​អាច​បីបាច់​ថែរក្សា​ផែនដី និង​ចិញ្ចឹម​ជីវិត​មនុស្ស​ឲ្យ​បាន​ប្រសើរ​ជាង​នេះ។ តែ​គួរ​ឲ្យ​ស្តាយ ការ​អភិវឌ្ឍន៍​នៅ​លើ​កសិកម្ម​សរីរាង្គ​ក្នុង​លោក​សព្វថ្ងៃ​នៅ​មាន​កម្រិត​ទាប​ខ្លាំង​នៅ​ឡើយ។ យោង​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​កសិកម្ម​សរីរាង្គ ដីកសិកម្ម​សរីរាង្គ​មាន​ត្រឹម ៧២,៣លានហិចតា ឬ ១,៥% នៃ​ផ្ទៃដី​កសិកម្ម​នៅ​ទូទាំងពិភពលោក​ក្នុង​ឆ្នាំ ២០១៩។ ក្នុង​ចំនួន​ដី​កសិកម្ម​សរីរាង្គ​ទាំង ៧២,៣ហិចតា​នេះ មាន ៣៥,៦លានហិចតា​ស្ថិត​ក្នុង​ប្រទេស​អូស្រា្តលី។ ចំណែក​នៅ​ក្នុង ១០ប្រទេស​ផ្សេង​ទៀត ផ្ទៃ​ដី​កសិកម្ម​សរីរាង្គ​មាន​ជាង ១០% នៃ​ផ្ទៃដី​កសិកម្ម។

គិត​ត្រឹម​ឆ្នាំ ២០១៩ ពិភពលោក​មាន​ប្រជាកសិករ​ចំនួន ៣,១លាននាក់​ដែល​កំពុង​ធ្វើ​កសិកម្ម​តាម​បែប​ធម្មជាតិ។ ទាក់ទង​នឹង​ទីផ្សារ​ផលិតផល​កសិកម្ម​តាម​បែប​ធម្មជាតិ​វិញ គឺ​មាន​តម្លៃ​គិត​ជា​ទឹកប្រាក់​ជាង ១០៦ ០០០លាន​អឺរ៉ូ។ អាមេរិក អាល្លឺម៉ង់ និង​បារាំង​ជា​ប្រទេស​លំដាប់ទី១ ទី២ និង​ទី៣ ដែល​បាន​ប្រើប្រាស់​ផលិតផល​សរីរាង្គ​ច្រើន​ជាង​គេ។ គឺ​ដោយ​សំឡឹង​ឃើញ​ពី​អត្ថប្រយោជន៍​របស់​ដីកសិកម្ម​សរីរាង្គ គណៈកម្មការ​អឺរ៉ុប​បាន​បង្ហាញ​ផែនការ​មួយ​ក្នុង​ខែ​មីនា​ដើម្បី​ឈាន​ទៅ​បង្កើត​ផ្ទៃដី​កសិកម្ម​សរីរាង្គ​ឲ្យ​បាន ២៥% នៃ​ផ្ទៃដី​កសិកម្ម​សរុប​របស់​អឺរ៉ុប​នៅ​ឆ្នាំ ២០៣០។ « ពិភពលោក​បាន​ឈាន​មក​ដល់​ផ្លូវរបត់​មួយ » នេះ​ជា​ការ​យល់​ឃើញ​របស់​លោក Michel Reynaud សហប្រធាន​រៀបចំ​សមាជ​ពិភពលោក​លើកទី២០ ស្តីពី​កសិកម្ម​សរីរាង្គ។

តាម​លោក Michel Reynaud ដើម្បី​ជំរុញ​ឲ្យ​ប្រជាកសិករ​ប្តូរ​ទៅ​ធ្វើ​កសិកម្ម​តាម​បែប​ធម្មជាតិ រដ្ឋ​ត្រូវ​ជួយ​គាំទ្រ​ជា​លុយកាក់ ព្រោះ​ការ​ធ្វើ​កសិកម្ម​តាម​បែប​ធម្មជាតិ​មិន​បាន​ផ្តល់​ទិន្នផល​ដូច​ការ​ធ្វើ​កសិកម្ម​ដោយ​ប្រើប្រាស់​ផលិផល​គីមី​ទេ។ ដូច្នេះ ជម្រើស​កសិកម្ម​សរីរាង្គ​ជា​ជម្រើស​តែ​មួយ​គត់​ដើម្បី​សុខភាព​មនុស្សលោក និង​ដើម្បី​ចិញ្ចឹម​បីបាច់​ថែរក្សា​ផែនដី​ឲ្យ​បាន​ប្រសើរ​ជាង​សព្វថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ