អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​កាតា​ក្លាយជា​ចំណុចស្នូល​នៃ​ការទូត​រវាង​លោកខាងលិច​និង​តាលីបង់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​មួយរយៈកាល​ចុងក្រោយ​នេះ គេ​សង្កេតឃើញមន្រ្តីរដ្ឋាភិបាល​​​ប្រទេស​លោកខាងលិច​ជាច្រើន ក្នុងនោះ រួមមាន​ទាំង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ផ្សេងទៀត ក្នុង​បក្សសម្ព័ន្ធ​អូតង់ បាន​បណ្តាក់គ្នា​​ធ្វើ​ដំណើរ​​ទៅកាន់​ប្រទេស​កាតា​ ដើម្បី​ជជែក​អំពី​វិបត្តិ​អាហ្វហ្កានីស្ថាន។ កាតា​ក៏​បាន​ដើរតួយ៉ាងសំខាន់​ផងដែរ នៅ​ក្នុង​ប្រតិបត្តិការ​ជម្លៀស​មនុស្ស​ចេញ​ពី​កាប៊ុល ក្រោយ​ពួកតាលីបង់​ឡើងកាន់អំណាច។ ហេតុអ្វី​ប្រទេស​ដ៏តូចមួយ​នេះ ត្រូវ​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់ នៅ​ក្នុង​វិបត្តិ​អាហ្វហ្កានីស្ថាន​ពេលនេះ?

កងទ័ព​កាតា ក្នុង​ប្រតិបត្តិការជួយជម្លៀសមនុស្ស​ចេញ​ពី​ក្រុងកាប៊ុល
កងទ័ព​កាតា ក្នុង​ប្រតិបត្តិការជួយជម្លៀសមនុស្ស​ចេញ​ពី​ក្រុងកាប៊ុល AP
ផ្សាយពាណិជ្ជកម្ម

កាតា គឺ​ជា​ប្រទេស​ដ៏តូច​មាន​ប្រជាជន​មិនដល់ ៣លាននាក់​ផង ហើយ​ក៏​ជា​ប្រទេស​ដែល​នៅ​​យ៉ាងឆ្ងាយ​ពី​អាហ្វហ្កានីស្ថាន ក៏ប៉ុន្តែ បាន​ក្លាយ​ជា​អន្តរការី​ដ៏​សំខាន់ នៅ​ក្នុង​ការទូត​លោកខាងលិច​ជាមួយ​តាលីបង់។ នេះក៏​ដោយសារ​តែ​ចំណុច​ពិសេសមួយ​ គឺ​កាតា​ជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ទាំងសងខាង គឺ​មាន​ទំនាក់ទំនង​ល្អ​​ជាមួយ​ប្រទេស​លោកខាងលិចផង ជាពិសេស ជាមួយ​សហរដ្ឋ​អាមេរិក ដោយ​កាតា​ទទួល​ឲ្យ​អាមេរិក​ដាក់​មូលដ្ឋាន​ទ័ព​ដ៏​ធំបំផុត​ប្រចាំតំបន់​មជ្ឈិមបូព៌ា ហើយក្នុងពេល​ជាមួយគ្នា កាតា​​ក៏​ជា​ប្រទេស​ដ៏​កម្រ ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​តាលីបង់។

មែនទែនទៅ កាតា​ចាប់ផ្តើម​ដើរតួនាទី​ជា​អន្តរការី​ រវាង​អាមេរិក និង​តាលីបង់ តាំង​ពី​ជិតមួយទសវត្សរ៍មកហើយ ដោយ​នៅ​ឆ្នាំ២០១៣ កាតា​បាន​អនុញ្ញាត​ឲ្យ​ក្រុមតាលីបង់ ដែល​នៅ​ជា​ក្រុមឧទ្ទាម​អាហ្វហ្កានីស្ថាន​នៅឡើយ បើក​ការិយាល័យ​នយោបាយមួយ នៅក្នុង​ទីក្រុង​ដូហា។

ការអនុញ្ញាត​ឲ្យ​តាលីបង់​បើក​ការិយាល័យ​នេះ គឺ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា ដោយ​នៅពេលនោះ អាមេរិក​ត្រូវការ​កាតា ដើម្បី​យក​ធ្វើ​ជាទីកន្លែង​អព្យាក្រឹត​មួយ ដើម្បី​ចរចា​ជាមួយ​នឹង​ក្រុម​តាលីបង់ ក្នុងគោលដៅ​ឈាន​ទៅ​ដក​កងទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន។

ក្នុងពេល​ជាមួយគ្នា កាតា​ក៏​សំឡឹងឃើញ​ផលប្រយោជន៍​ដ៏​ចម្បងមួយផងដែរ គឺ​ឱកាស​ក្លាយ​ជា​ប្រទេស​ដែល​មាន​សារៈសំខាន់​មួយ​នៅ​ក្នុង​តំបន់​។

គេ​មិន​ត្រូវ​ភ្លេចទេ​ថា កាតា មិនត្រឹមតែ​ជា​ប្រទេស​ដ៏តូចមួយនោះទេ ក៏ប៉ុន្តែ ក៏​ត្រូវ​ប្រឈម​ផងដែរ នឹង​បណ្តា​ប្រទេស​ធំៗ ដែល​នៅ​ជុំវិញ ជាពិសេស គឺ​ប្រឈម​ជាមួយ​នឹង​អារ៉ាប៊ីសាអ៊ូឌីត។ ដូច្នេះ ការធ្វើ​ខ្លួន​ជា​ប្រទេស​ដែល​អាមេរិក​ត្រូវការ គឺ​អាច​ជួយ​ពង្រឹង​ជំហរ​របស់​កាតា ក្នុងការ​ទប់ទល់​នឹង​ការ​ឡោមព័ទ្ធពី​សំណាក់​ប្រទេស​ដែល​នៅ​ជុំវិញ ហើយ​កាន់តែ​ពិសេស​ជាងនេះ​ទៅទៀត នៅពេលដែល​ប្រទេស​ជុំវិញនោះ ​សុទ្ធសឹង​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ជាប្រទេស​ដែល​ត្រូវការទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក។

ជាការពិត គេ​សង្កេតឃើញ​ថា ចាប់តាំង​ពី​ឆ្នាំ​២០១៣​មក ក្រោយ​ពីបាន​អនុញ្ញាត​ឲ្យ​តាលីបង់​បើក​ការិយាល័យនយោបាយ កាតា​បាន​ជួយ​សម្របសម្រួល និង​ធ្វើ​ជា​ម្ចាស់ផ្ទះ ទទួល​​ការចរចា រវាង​អាមេរិក និង​តាលីបង់ រហូត​បាន​ចេញ​ជា​កិច្ចព្រមព្រៀង នៅ​ឆ្នាំ២០២០ គឺ​កិច្ចព្រមព្រៀង​ដកទ័ព​អាមេរិក ចុះ​ដោយ​រដ្ឋាភិបាល​របស់​លោក​ដូណាល់​ ត្រាំ និង​ក្រុម​តាលីបង់។

នៅឆ្នាំ២០១៤ តាមរយៈទំនាក់ទំនង​ជាមួយ​នឹង​តាលីបង់ កាតា​ក៏​បាន​ជួយសម្របសម្រួលផងដែរ ក្នុងការ​ចរចា​ដោះលែង​ទាហាន​អាមេរិក ដែល​ត្រូវ​ក្រុម​តាលីបង់​ចាប់ជា​ចំណាប់​ខ្មាំង តាំងពី៥ឆ្នាំមុន។ ការចរចា ដែល​បានជោគជ័យ ឈាន​ទៅដល់​ការ​ដោះលែង​ទាហាន​អាមេរិក ជាថ្នូរ​នឹង​ការ​ដោះលែង​អ្នកទោសតាលីបង់ ៥រូប ពី​ហ្គ័នតាណាម៉ូ ដោយ​នៅពេលនោះ អ្នក​ទោស​តាលីបង់ទាំង ៥រូប ក្រោយ​ពី​ដោះលែង ត្រូវ​បាន​អាមេរិក​​បញ្ជូន​ទៅ​កាន់​ប្រទេស​កាតា។

នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ ក្រោយ​ពី​តាលីបង់​បាន​ឡើង​កាន់អំណាច​នៅ​អាហ្វហ្កានីស្ថាន កាតា​កាន់តែ​មាន​សារៈសំខាន់​ជាងមុន​ទៅទៀត គឺ​ជា​ស្ពាន​ចម្លង​ទំនាក់ទំនង រវាង​​តាលីបង់ និង​ប្រទេស​ផ្សេង។

ជាក់ស្តែង គេឃើញ​ថា កាតា​បាន​ដើរតួនាទី​យ៉ាងសំខាន់ នៅ​ក្នុង​ប្រតិបត្តិការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ក្រុងកាប៊ុល ដោយ​មន្រ្តីទូត​កាតា​ប្រចាំ​ក្រុង​កាប៊ុល​បាន​ចេញមុខ​​ជួយ​សម្របសម្រួល​​ឲ្យ​ពលរដ្ឋ​បរទេស​អាច​ឆ្លងកាត់​​ប៉ុស្តិ៍​ត្រួតពិនិត្យ​​របស់​តាលីបង់ ដើម្បីធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ព្រលាន​យន្តហោះ ហើយ​​ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​ជម្លៀសចេញ​ពី​អាហ្វហ្កានីស្ថាន មាន​រហូត​ដល់​ជិតពាក់កណ្តាល ត្រូវ​ជម្លៀស​ឆ្លងកាត់​តាម​ប្រទេស​កាតា។

ជាងនេះ​ទៅទៀត នៅ​ក្រោយ​ពេល​ដែល​សហរដ្ឋ​អាមេរិក ក៏ដូចជា​ប្រទេស​លោកខាងលិច​មួយ​ចំនួន​​ផ្សេងទៀត​បាន​សម្រេច​បិទ​ស្ថានទូត​នៅ​ក្នុង​ទីក្រុង​កាប៊ុល គឺ​ស្ថានទូត ប្រចាំ​ប្រទេស​កាតា ដែល​ជា​អ្នក​ទទួល​រ៉ាប់រង​​​កិច្ចការ​ទូត និង​កុងស៊ុល ដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​អាហ្វហ្កានីស្ថាន​។

គិត​មក​ត្រឹម​ចំណុច​នេះ គេ​អាច​និយាយ​បាន​ថា យុទ្ធសាស្រ្ត​របស់​កាតា ដែល​ចង់ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​ ជា​អ្នក​សម្របសម្រួល​ជម្លោះ​ក្នុង​តំបន់ កំពុងតែ​ទទួល​បាន​ជោគជ័យ​​មួយ​ជំហាន ក៏ប៉ុន្តែ សម្រាប់​ថ្ងៃអនាគត អ្វីៗ​ វា​ស្ថិត​នៅ​ត្រង់​ថា តើ​កាតា​នឹង​មាន​ឥទ្ធិពល​ប៉ុណ្ណា​លើ​ពួកតាលីបង់ ហើយ​​ក្រោយ​ពីក្តាប់​អំណាច​នៅ​អាហ្វហ្កានីស្ថាន​ ហើយ​អាមេរិក​ក៏​ដកទ័ព​ចេញ​អស់ហើយ តើ​ក្រុម​តាលីបង់​នៅ​បន្ត​ត្រូវការ​ប្រទេស​កាតា​ត្រឹម​កម្រិតណា?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ