អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើការឡើងថ្លៃទំនិញល្អនៅពេលណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការឡើងថ្លៃទំនិញ ឬជាភាសាបច្ចេកទេស អតិផរណា អាចជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមានដល់សេដ្ឋកិច្ច។ ការកើនឡើងថ្លៃទំនិញខ្លាំងជ្រុល អាចធ្វើឱ្យប្រជាជនត្រូវចំណាយលុយច្រើនជាងមុន ដើម្បីទិញទំនិញក្នុងបរិមាណដដែល។ ទោះជាយ៉ាងណា បើការកើនឡើងមានកម្រិតសមរម្យល្មម វាអាចផ្តល់ផលវិជ្ជមានដល់សេដ្ឋកិច្ច តួយ៉ាង ការបង្កើនតម្រូវការ ការវិនិយោគ អត្រាអ្នកមានការងារធ្វើ និងកំណើនសេដ្ឋកិច្ច។

តើការឡើងថ្លៃទំនិញល្អនៅពេលណា?
តើការឡើងថ្លៃទំនិញល្អនៅពេលណា? © RFI/Anne Bernas
ផ្សាយពាណិជ្ជកម្ម

នៅពេលដែលថ្លៃទំនិញជាទូទៅកើនឡើងក្នុងរយៈពេលណាមួយ គេហៅជាភាសាបច្ចេកទេសថា “អតិផរណា”។ តម្លៃទំនិញកើនឡើងនឹងធ្វើឱ្យលុយធ្លាក់តម្លៃ ហើយអាចទិញទំនិញបានចំនួនតិចទៅៗ។ ជាលទ្ធផល អំណាចទិញរបស់អ្នកប្រើប្រាស់ក៏នឹងធ្លាកចុះផងដែរ។

ក្នុងការអនុវត្តជាក់ស្ដែង ការកើនឡើងកម្រិតថ្លៃទំនិញ ឬបើស្ថិតក្នុងកម្រិតខ្ពស់ខ្លាំងពេក វាអាចនឹងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច ក៏ប៉ុន្តែ បើការកើនឡើងមានកម្រិតសមរម្យល្មម វាអាចផ្តល់ផលវិជ្ជមានវិញ។

តើការឡើងអតិផរណាល្អនៅពេលណា?

អតិផរណា គឺល្អ នៅពេលដែលការកើនឡើងថ្លៃទំនិញមានកម្រិតស្រាល។ នៅពេលថ្លៃទំនិញកើនឡើង មនុស្សមាននិន្នាការបង្កើនតម្រូវការរបស់ខ្លួនដោយមិនចាំថ្ងៃស្អែក ព្រោះពួកគេគិតថានឹងត្រូវចំណាយលុយច្រើនជាងមុន ប្រសិនបើពួកគេរង់ចាំ។ ជាលទ្ធផល ហាងលក់ទំនិញនឹងបើកកាន់តែច្រើន ហើយរោងចក្រនឹងផលិតកាន់តែច្រើនផងដែរ។ ហាង និងរោងចក្រទាំងនោះនឹងជួលបុគ្គលិកថ្មីដើម្បីបំពេញតម្រូវការ ហើយវាក៏ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច នៅទីបញ្ចប់។

តើធ្វើយ៉ាងណាដើម្បីរក្សាកម្រិតអតិផរណាក្នុងកម្រិតទាបល្មម?

ធនាគារកណ្តាលភាគច្រើន នៅលើពិភពលោក ចង់បានកម្រិតអតិផរណាគោលដៅមួយ ដែលស្ថិតនៅក្នុងចម្លោះពី២% ទៅ ២,៥%។ នេះមានន័យថា ប្រសិនបើថ្លៃទំនិញកើនឡើងជាប្រចាំឆ្នាំ នៅចន្លោះអត្រានេះ នុ៎ះវាមិនធ្វើឱ្យប៉ះពាល់អ្វីដល់អ្នកប្រើប្រាស់ពីការកើនឡើងថ្លៃទំនិញទេ ប៉ុន្តែវាអាចជំរុញតម្រូវឱ្យកើនឡើង ហើយមនុស្សមាននិន្នាការចាយវាយកាន់តែច្រើន។ គេអាចសង្កេតឃើញ ការអនុវត្តកម្រិតអតិផរណាគោលដៅ២% នៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ក្នុងលក្ខខណ្ឌសេដ្ឋកិច្ចធ្លាក់ចុះអន់ថយ ប្រទេសខ្លះចង់បង្កើនកម្រិតអតិផរណាឱ្យដល់៣% ដើម្បីបង្កើនតម្រូវការ និងសកម្មភាពសេដ្ឋកិច្ច។

តើនៅពេលណាកម្រិតអតិផរណាមិនល្អ?

ប្រសិនបើទំនិញឡើងថ្លៃលើកម្រិត២% វានឹងមានគ្រោះថ្នាក់។ ជាឧទាហរណ៍ នៅពេលដែលតម្លៃទំនិញកើនឡើងចន្លោះពី៣% ទៅ១០%ក្នុងមួយឆ្នាំ វាអាចធ្វើឱ្យប្រជាជនខាតបង់ប្រាក់ដែលពួកគេរកបាន ព្រោះថា ជាមួយបរិមាណលុយដែលមានស្រាប់ អ្នកប្រើប្រាស់អាចទិញទំនិញបានតិចជាងមុន។ ជាឧទាហរណ៍ ដោយសារការកើនឡើងអតិផរណា គេត្រូវការលុយ ២៤ដុល្លារអាមេរិកនៅថ្ងៃនេះ ដើម្បីទិញទំនិញអ្វីមួយ ត្រឹមតែ ១ដុល្លារអាមេរិកប៉ុណ្ណោះ នៅឆ្នាំ១៩១៣។

ឧទាហរណ៍ថ្មីមួយទៀតនៃអតិផរណាកម្រិតខ្ពស់ហួសប្រមាណ គឺនៅក្នុងប្រទេសស៊ីមបាវ៉េ។ អំឡុងឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ អតិផរណាបានកើនឡើងហួសកម្រិតគ្រប់គ្រងបាន ក្នុងអត្រាមួយដែលគេមិនអាចនឹកស្មានដល់។ កម្រិតថ្លៃទំនិញបានកើនឡើងដល់ជិត ៥០០ពាន់លាន% នៅខែកញ្ញា ឆ្នាំ២០០៨។

ក្នុងស្ថានភាពបែបនេះ លុយមានតម្លៃថោកជាងក្រដាសទៅទៀត។ វិបត្តិអតិផរណានេះ គឺកើតឡើងដោយសាររដ្ឋាភិបាលស៊ីមបាវ៉េ បានបោះពុម្ភលុយយ៉ាងច្រើន ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច។

ក្នុងប្រទេសវៀតណាម កម្រិតអតិផរណាកើនឡើងខ្ពស់ ប្រមាណជិត៨០០% ក្នុងឆ្នាំ១៩៨៨។ នាពេលបច្ចុប្បន្ន អត្រាអតិផរណានៅប្រទេសវ៉េណេស៊ុយអេឡា ក៏មានកម្រិតខ្ពស់បំផុតផងដែរ នៅលើពិភពលោក ព្រោះថាអត្រាអតិផរណាប្រចាំឆ្នាំ មានដល់ ៨លាន% គិតត្រឹមខែតុលា ឆ្នាំ២០១៨។

តើកត្តាអ្វីបណ្តាលឱ្យអតិផរណាកើនឡើង?

អាចមានកត្តាច្រើនដែលជាហេតុរុញច្រានឱ្យកម្រិតអតិផរណាប្រែប្រួល តួយ៉ាង ការប្រែប្រួលតម្រូវការទំនិញ ការផ្លាស់ប្តូរបរិមាណនៃការផ្គត់ផ្គង់ទំនិញ ឬក៏ការបោះពុម្ភលុយច្រើនពេកបង្ហូរចូលក្នុងសេដ្ឋកិច្ច។ លើសពីនេះ ល្គឹកណាមនុស្សមិនមានទំនុកចិត្តលើសេដ្ឋកិច្ច ឬលើលុយជាតិរបស់ខ្លួន មនុស្សនឹងលែងហ៊ានកាន់លុយជាតិរបស់ខ្លួន ហើយពួកគេនឹងព្យាយាមប្ដូរជាលុយបរទេស ជា ឧទាហរណ៍ ទៅជាលែងហ៊ានកាន់លុយជាតិរបស់ខ្លួន ទៅជាលុយដុល្លារអាមេរិក។ ក្នុងស្ថានភាពបែបនេះ កម្រិតអតិផរណាក៏អាចកើនឡើងផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ