អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការលក់នាវាមុជទឹកនុយក្លេអ៊ែរអាមេរិកទៅឲ្យអូស្រ្តាលីមានហានិភ័យអ្វីខ្លះដល់ការរីកសាយភាយនុយក្លេអ៊ែរ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ចព្រមព្រៀង​លក់​នាវាមុជទឹក​នុយក្លេអ៊ែរ​អាមេរិក​ទៅ​ឲ្យ​អូស្រ្តាលី ក្រៅពី​ធ្វើ​ឲ្យ​បារាំង​ផ្ទុះកំហឹង ក៏​កំពុងតែ​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​​ជាទូទៅ​ផងដែរ ជុំវិញ​ការ​ប្រជែង​សព្វាវុធ និង​ការ​រីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ។ ហេតុអ្វី​គេ​ត្រូវ​បារម្ភ​អំពី​រឿងនេះ? តើ​ការលក់​នាវាមុជទឹកនុយក្លេអ៊ែរ​ទៅ​ឲ្យ​អូស្រ្តាលី​នេះ​អាច​បង្ក​ហានិភ័យអ្វីខ្លះ​ដល់​ការ​រីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ?

នាវាមុជទឹក​នុយក្លេអ៊ែរ​អាមេរិក USS Missouri (SSN 780)
នាវាមុជទឹក​នុយក្លេអ៊ែរ​អាមេរិក USS Missouri (SSN 780) AP - Chief Petty Officer Amanda Gray
ផ្សាយពាណិជ្ជកម្ម

ជាដំបូង កាលណា​និយាយ​អំពី​នាវាមុជទឹក​នុយក្លេអ៊ែរ គេត្រូវ​បែងចែក​ឲ្យ​ដាច់ស្រឡះ រវាង​នាវាមុជទឹក​ដើរដោយថាមពល​នុយក្លេអ៊ែរ និង​នាវាមុជទឹក​បំពាក់​​អាវុធ​នុយក្លេអ៊ែរ។ នាវាមុជទឹក​ដែល​អូស្រ្តាលី​ចុះ​កិច្ចសន្យា​ទិញ​ពី​អាមេរិក​នៅពេលនេះ មិនមែន​ជា​នាវាមុជទឹក​បំពាក់​ដោយ​អាវុធនុយក្លេអ៊ែរ​នោះទេ តែ​​ជា​ប្រភេទ​នាវាមុជទឹក​ដើរដោយថាមពល​នុយក្លេអ៊ែរ ពោលគឺ ប្រើ​នុយក្លេអ៊ែរ​សម្រាប់​តែ​ដំណើរការ​នាវាមុជទឹក ដើម្បី​ជំនួស​ឲ្យ​ម៉ូទ័រប្រើប្រេងតែ​ប៉ុណ្ណោះ។

ក៏ប៉ុន្តែ ទោះជាត្រឹម​ជាការ​លក់​​នាវាមុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​នេះ​ក៏ដោយ​ កិច្ចសន្យា រវាង​អាមេរិក និង​អូស្រ្តាលី​ នៅតែ​អាច​បង្ក​ហានិភ័យខ្ពស់​គួរ​ឲ្យ​បារម្ភ​ដែរ ទាក់ទង​នឹង​ការ​រីកសាយភាយ​បច្ចេកវិទ្យានុយក្លេអ៊ែរ ដែល​អាច​នាំ​ទៅដល់​ការ​រីកសាយ​ភាយ​​អាវុធ​នុយក្លេអ៊ែរ។

ទីមួយ កិច្ចសន្យា​អាមេរិក-អូស្រ្តាលី​នេះ វាអាច​ជា​គំរូអាក្រក់​ទៅដល់​ប្រទេស​ផ្សេង ហើយ​បន្តិចម្តងៗ ធ្វើ​ឲ្យ​ការ​ផ្ទេរ​បច្ចេកវិទ្យានុយក្លេអ៊ែរ​យោធា​ដូចជា​នាវាមុជទឹក​នុយក្លេអ៊ែរ​នេះ ​​ត្រូវក្លាយ​ទៅជា​រឿង​ធម្មតា​មួយទៅវិញ។

គួរបញ្ជាក់ថា គិតមកទល់​នឹងពេលនេះ មានប្រទេស​តែ ៦ប៉ុណ្ណោះ ដែល​មាន​នាវាមុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ គឺ​ អាមេរិក ចិន បារាំង អង់គ្លេស រុស្ស៊ី និង​ឥណ្ឌា។ ជាទូទៅ ប្រទេស​អស់ទាំងនេះ​តែងតែ​មានការ​ប្រយ័ត្នប្រយែង ក្នុងការ​ផ្ទេរ​បច្ចេកវិទ្យា និង​សារធាតុ​នុយក្លេអ៊ែរ​ទៅ​ឲ្យ​ប្រទេស​ផ្សេង។

ការព្រមព្រៀង​លក់នាវាមុជទឹក​អាមេរិក​ទៅ​ឲ្យ​អូស្រ្តាលី​នៅពេល​នេះ វា​អាច​នឹង​ធ្វើ​ឲ្យ​ភាព​ប្រយ័ត្នប្រយែង​នេះ​លែង​មាន​តទៅទៀត ហើយ​ប្រទេស​ផ្សេងទៀត ដែល​ចាប់អារម្មណ៍​លើ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​យោធា​នេះ​ដែរ ដូចជា កូរ៉េ​ខាង​ត្បូង ប្រេស៊ីល កាណាដា ឬ​អាហ្សង់ទីន ជាដើម អាច​នឹង​លើក​យក​គំរូ​អាមេរិក-អូស្រ្តាលី​នេះ ដើម្បី​ស្វះស្វែង​រក​​ទិញ​នាវាមុជទឹក​នុយក្លេអ៊ែរ​យក​មកប្រើ​​ដូចគ្នា។

ជាការពិត​ថា ​​លោក​ចូ បៃដិន​ ក៏ដូចជា​អ្នកនាំពាក្យ​សេតវិមាន បាន​បញ្ជាក់ថា កិច្ចសន្យា​ជាមួយ​អូស្រ្តាលី​នេះ គឺ​ជា​ករណីលើកលែង​ដ៏ពិសេស​មួយ ដែល​នឹង​មិន​អាច​អនុវត្ត​ទៅលើ​ប្រទេស​ណាផ្សេង ក៏ប៉ុន្តែ អ្នកណា​ទៅដឹង​ថា បើ​ថ្ងៃនេះ​មាន​ករណីលើកលែងពិសេសមួយ ថ្ងៃ​ស្អែក​មិន​អាច​មាន​ករណីលើកលែងពិសេស​ទី២ ហើយ​ខានស្អែក​មិន​អាច​ករណីលើកលែងពិសេសទី៣? បើ​អូស្រ្តាលី​អាច​មានសិទ្ធិ​ទិញ​នាវាមុជទឹក​នុយក្លេអ៊ែរ​ពី​អាមេរិក​មកប្រើ​បាន ចុះ​កូរ៉េ​ខាងត្បូង​ដែល​ជា​សម្ព័ន្ធមិត្ត​អាមេរិក​ដែរ ហេតុអ្វី​ទិញ​មិនបាន? ដូចគ្នា​ដែរ ចំពោះ​ប្រទេស​ដែល​មាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​យោធា គេ​អាច​នឹង​លើកហេតុផល​​ថា បើ​អាមេរិក​អាច​ផ្ទេរបច្ចេកវិទ្យា​​នុយក្លេអ៊ែរ​ទៅ​ឲ្យ​អូស្រ្តាលី​បាន ហេតុអ្វី​គេ​មិន​អាច​ធ្វើ​បាន​ដូចគ្នា? រុស្ស៊ី​អាច​នឹង​បង្កើន​​ការផ្ទេរបច្ចេកវិទ្យា​នុយក្លេអ៊ែរ​ទៅ​ឲ្យ​ឥណ្ឌា ចិនវិញ​អាច​នឹង​ផ្ទេរ​បច្ចេកវិទ្យា​ស្រដៀងគ្នា​ទៅ​ឲ្យ​ប៉ាគីស្ថាន ឬ​ទៅ​ឲ្យ​ប្រទេស​ផ្សេងទៀត... និយាយ​ជារួម គឺ​ការ​រីកសាយភាយ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​យោធា។

​ហានិភ័យ​គួរ​​ឲ្យ​គេ​បារម្ភ​​​មួយទៀត គឺ​ទាក់ទង​នឹង​​សារធាតុនុយក្លេអ៊ែរ ដែល​ប្រើ​នៅ​ក្នុងនាវាមុជទឹក។

ខុសពី​នាវាមុជទឹក​នុយក្លេអ៊ែរ​​របស់​ប្រទេស​ផ្សេង ដូចជា របស់​បារាំង និង​ចិន ជាដើម ដែល​ប្រើ​សារធាតុ​អ៊ុយរ៉ាញ៉ូម​បន្សុទ្ធក្រោម ២០% ដូចគ្នា​ទៅនឹង​ប្រភេទ​អ៊ុយរ៉ាញ៉ូម​ប្រើ​ក្នុង​រ៉េអាក់ទ័រនុយក្លេអ៊ែរ​ស៊ីវិល នាវាមុជទឹក​របស់​អាមេរិក និ​ង​អង់គ្លេសវិញ ដែល​ជា​បច្ចេកវិទ្យា​ត្រូវ​លក់​ទៅ​ឲ្យ​អូស្រ្តាលី គឺ​ប្រើ​សារធាតុ​អ៊ុយរ៉ាញ៉ូម​បន្សុទ្ធ​រហូត​ដល់​ទៅ ៩៣% ទៅ ៩៧% ​ឯណោះ ពោលគឺ ស្មើនឹង​ប្រភេទ​អ៊ុយរ៉ាញ៉ូម​ ដែល​គេ​ប្រើ​ នៅ​ក្នុង​អាវុធ​នុយក្លេអ៊ែរ។

ជាការពិត​ថា ការប្រើសារធាតុ​អ៊ុយរ៉ាញ៉ូម​បន្សុទ្ធ​ក្នុង​កម្រិតខ្ពស់​បែបនេះ ធ្វើ​ឲ្យ​នាវាមុជទឹក​អាមេរិក​មាន​ដំណើរការ​បាន​យូរ រហូត​ដល់​ទៅ​ជាង ៣០ឆ្នាំ ទើប​ត្រូវការ​ផ្លាស់អ៊ុយរ៉ាញ៉ូម​​ចេញម្តង គឺ​យូរជាង​នាវាមុជទឹក​នុយក្លេអ៊ែរ​របស់​បារាំង ដែល​ត្រូវ​ផ្លាស់ប្តូរអ៊ុយរ៉ាញ៉ូមថ្មី នៅរៀងរាល់​ប្រមាណ​ជា​ ១០ឆ្នាំ​ម្តង។

ក៏ប៉ុន្តែ បញ្ហា​ចោទ គឺនៅត្រង់ថា កាលណាប្រទេសដែលប្រើ​នាវាមុជទឹក​នុយក្លេអ៊ែរមាន​​កាន់តែច្រើន​​ ​ការ​ផ្ទេរ​សារធាតុ​អ៊ុយរ៉ាញ៉ូម​​​​​​ពីដៃមួយទៅដៃមួយ​កើតមាន​កាន់តែច្រើន ហានិភ័យ​ក៏​មាន​កាន់តែខ្ពស់ ​ដែល​សារធាតុ​អ៊ុយរ៉ាញ៉ូម​នេះ​អាច​ត្រូវ​ធ្លាក់​ក្នុងដៃ​ប្រទេស ឬ​ក្រុមណាមួយ ដែល​បង្វែរ​សារធាតុ​អ៊ុយរ៉ាញ៉ូម​នេះ​ទៅប្រើ​បង្កើត​ជា​អាវុធ​នុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ