អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

AirShow China៖ ចិន​​បង្អួត គ្រឿង​​សព្វាវុធ​​ផ្លូវ​អាកាស​​បច្ចេកវិទ្យា​​ទំនើប ក្នុង​​បរិបទ​​ជម្លោះ​​ជាមួយ​​អាមេរិក និង​​តៃវ៉ាន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពិធីតាំងពិពណ៌ « AirShow China » បានបើកសម្ភោធ​នៅទីក្រុងជូហៃ ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃអង្គារ ទី២៨កញ្ញា។ នៅក្នុងឱកាសនេះ ចិន​បានតាំងបង្ហាញ​ គ្រឿងសព្វាវុធផ្លូវអាកាស បំពាក់ដោយ​បច្ចេកវិទ្យាទំនើប ជាច្រើនគ្រឿង មានដូចជាយានដ្រូន និងយន្តហោះ​ប្រដេញ​ជាដើម។ វាគឺជា​ការតាំងបង្ហាញ​ អំពីការពង្រឹងសមត្ថភាព​ របស់កងទ័ពចិន ខណៈដែលភាពតានតឹង ជាមួយ​សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ កាន់តែមាន​សំពាធខ្លាំងឡើង។ ចិនបានប្រឹងប្រែង ធ្វើទំនើប​កម្ម​គ្រឿងសព្វាវុធ យ៉ាងលឿនរហ័ស នា​ប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យ​សហរដ្ឋអាមេរិក ដឹងខ្លួនថាអាចជាគ្រោះថ្នាក់។

អ្នកទស្សនាម្នាក់ កាន់ឆ័ត្រទង់ជាតិអាមេរិក កំពុងមើលទៅកាន់ យានដ្រូនវាយប្រហារ​ CH-6 របស់ចិន ដែលគេដាក់តាំងបង្ហាញ នៅ Airshow China 2021 ក្រុងជូហៃ ថ្ងៃទី ២៨ កញ្ញា ២០២១
អ្នកទស្សនាម្នាក់ កាន់ឆ័ត្រទង់ជាតិអាមេរិក កំពុងមើលទៅកាន់ យានដ្រូនវាយប្រហារ​ CH-6 របស់ចិន ដែលគេដាក់តាំងបង្ហាញ នៅ Airshow China 2021 ក្រុងជូហៃ ថ្ងៃទី ២៨ កញ្ញា ២០២១ AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

​« AirShow China » បានបើកទ្វារ ទទួលភ្ញៀវទស្សនា យ៉ាងអធិកអធម នៅ​ក្រុងជូហៃ ភាគខាងត្បូងបង្អស់នៃប្រទេសចិន មិនឆ្ងាយប៉ុន្មាន​ពី​ម៉ាកាវ និងហុងកុង។ ជាវេទិកាតាំងពិពណ៌ ដែលចិនបានដាក់តាំងបង្ហាញ នូវ​បច្ចេកវិទ្យាទំនើបថ្មីៗរបស់ខ្លួន នៅក្នុងវិស័យ​កងទ័ពអាកាស។ ក្នុងចំណោម គ្រឿងសព្វាវុធថ្មីៗ សម្រាប់​លើកនេះ គឺចិនមាន​ យានដ្រូន WZ-7 ដែលជាដ្រូនទំហំធំ មានប្រវែង១៤ម៉ែត្រ។ យានដ្រូននេះ មានសមត្ថភាពពិសេស ក្នុងការឈ្លប​ តាមដាននៅលើលំហសមុទ្រ។

ចំណែកផ្នែកយន្តហោះវិញ នៅក្នុងពិធីតាំងពិពណ៌ក្រុងជូហៃ ឆ្នាំនេះ ចិនបានបង្ហាញ យន្តហោះ​ប្រដេញរបស់ខ្លួន ឈ្មោះ J-16D ដែលមានជំនាញ​ពិសេស​សម្រាប់ធ្វើសង្គ្រាម​អេឡិចត្រូនិក។ យន្តហោះនេះ អាចបំផ្លាញរលកសញ្ញាវិទ្យុ និងប្រព័ន្ធទូរគមនាគមន៍ ទំនាក់ទំនងរបស់សត្រូវបាន​។​ យោងតាម​ការចុះផ្សាយ​ របស់កាសែតក្នុងស្រុកចិន ដែលស្រង់សម្តីរបស់​អ្នកជំនាញ គឺយន្តហោះប្រដេញនេះ អាចកម្ទេចប្រព័ន្ធរ៉ាដា ឬក៏ប្រព័ន្ធ​ចាប់រលកសញ្ញា របស់ទីបញ្ជាការរដ្ឋាន​ផ្លូវអាកាស របស់សត្រូវ។

លោក Song Zhongping អ្នកវិភាគវិស័យ​កងទ័ពចិន បាន​បញ្ជាក់ប្រាប់អ្នក​យកព័ត៌មាន​បារាំងថា ទាំងយានដ្រូន និងយន្តហោះប្រដេញនេះ គឺកងទ័ពចិនបានចាប់ផ្តើម​ប្រើហើយ។ វាបានចូលរួម​យ៉ាងសកម្ម​ នៅក្នុងប្រតិបត្តិការ​ការពារសន្តិសុខ នៅច្រកសមុទ្រតៃវ៉ាន់ និងតំបន់សមុទ្រចិនខាងត្បូង។​ ពោលគឺជាតំបន់ ដែលកងទ័ពចិន តែងតែពើបប្រទះជារឿយ ជាមួយនឹង​ការឆ្លងកាត់​ របស់​នាវាចម្បាំងអាមេរិក។

ក្រៅពី​គ្រឿងសព្វាវុធ២មុខនេះ ចិនបានបង្ហាញ​យានដ្រូនមួយទៀត ឈ្មោះ CH-6 ដែលជាប្រភេទយានដ្រូន​វាយប្រហារ។ មាន​ប្រវែង១៥ម៉ែត្រ និង​ទទឹងស្លាប ២០ម៉ែត្រ យានដ្រូននេះអាចហោះ នៅកំពស់ខ្ពស់ខ្លាំង ខ្ទង់១ម៉ឺនម៉ែត្រពីដី និងក្នុងល្បឿនលឿន ចន្លោះពី ៥០០ ទៅ​ ៧០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ក្នុងរយៈពេល​២០ម៉ោង។ ហោះសាកល្បង នៅរវាងឆ្នាំ​២០២៣ យានដ្រូន CH-6 មានបំពាក់ដោយ​ប្រព័ន្ធចាប់រលកសញ្ញា ប្រព័ន្ធរ៉ាដា មីស៊ីល និង​គ្រាប់រ៉ូកែត បាញ់ពីអាកាសទៅដី។ យានដែលគ្មានមនុស្ស​បើកទាំងនេះ នឹងអនុញ្ញាតឲ្យកងទ័ពចិន អាចធ្វើ​ប្រតិបត្តិការ​តាមដាន និងវាយប្រហារ នៅទីកន្លែងដែលខ្លួន​មិនធ្លាប់បាន ឬមិនមានសមត្ថភាពទៅដល់ កាលពីពេលមុន។​

លោក  Kelvin Wong អ្នកជំនាញផ្នែកបច្ចេកវិទ្យាការពារជាតិ នៅការិយាល័យ​ Janes បានបញ្ជាក់ថា ចិន​មិនមែនត្រឹមតែប្រឹង ធ្វើទំនើប​កម្ម​លើគ្រឿងសព្វាវុធ សម្រាប់កងទ័ពខ្លួនទេ។ តែចិនកំពុងតែប្រឹង ប្រជែងនាំចេញគ្រឿងសព្វាវុធបច្ចេកវិទ្យាទំនើបទាំងនេះ ទៅក្រៅប្រទេសទៀតផង ។ បណ្តាប្រទេសលោកខាងលិខ ប្រហែល​មិនទាន់សូវទុកចិត្ត ពីគុណ​ភាព​របស់គ្រឿងសព្វាវុធចិនមែន តែប្រទេសតូចតាចផ្សេងទៀតដែលចិនមាន​ឥទ្ធិពលលើ អាចពិចារណា ព្រោះថាគ្រឿងសព្វាវុធបច្ចេកវិទ្យាចិន មានតម្លៃថោកសមរម្យ។ យ៉ាងណាមិញ អ្នកជំនាញនេះអះអាងថា នៅក្នុងឱកាសពិពណ៌ ​« AirShow China » លើកនេះ គឺចិនបានតាំងបង្ហាញ​ យានដ្រូនច្រើនប្រភេទណាស់ ដែលនេះវាបង្ហាញអំពីទំនុកចិត្តរបស់ចិន នៅលើវិស័យនេះ។ យ៉ាងណាមិញ កងទ័ព​អារ៉ាប៊ីសាអូឌីត និង អេមៀរ៉ាត់អារ៉ាប់រួម បានទិញ​យានដ្រូនចិន ទៅប្រើរួចហើយ។

សម្រាប់​លោក James Char សាស្ត្រាចារ្យជំនាញបច្ចេកវិទ្យា នៃសកលវិទ្យាល័យ Nanyang សឹង្ហបុរី ជាមួយ​នឹងយន្តហោះប្រដេញ J-16D ថ្មីនេះ គឺចិនបានបោះជំហានឡើងខ្ពស់ គួរឲ្យ​កត់សម្គាល់។ វានឹងពង្រឹងសមត្ថភាព​ប្រយុទ្ធ របស់​កងទ័ពចិន ដោយផ្អែកលើរបៀបធ្វើសង្គ្រាម​បែបថ្មី ដោយ​ប្រើ​បច្ចេកវិទ្យាអេឡិចត្រូនិក ផ្លូវអាកាស។​

ទោះជាយ៉ាងនេះក្តី អ្នកជំនាញ​ភាគច្រើន ទទួលស្គាល់ថា បើ​និយាយពី ម៉ាស៊ីន​យន្តហោះចម្បាំង និង​ ចំនួន​ផ្កាយរណបយោធា ដែលចាំបាច់សម្រាប់ធ្វើប្រតិបត្តិការ គឺចិន នៅដើរ​ក្រោយអាមេរិកច្រើន។ ក៏ប៉ុន្តែ ថ្វីបើ​ការចំណាយ​របស់ចិន និង​ សមត្ថភាព​កងទ័ពចិន នៅមិនទាន់អាចវ៉ាដាច់អាមេរិក​ក្តី ក៏អ្នកជំនាញស្ទើគ្រប់គ្នា បានអះអាងថា ចិនកំពុងដើរលឿនខ្លាំងណាស់។ យ៉ាងណាមិញ​ របាយការណ៍​មួយរបស់ទីភ្នាក់ងារចារកិច្ចអាមេរិក បានទទួលស្គាល់ថា បច្ចុប្បន្ននេះ ចិន​គឺ​ជា​​ការ​គំរាម​​មួយ​​ដ៏ធំ មិនអាច​ប្រហែស​បាន សម្រាប់អាមេរិក។

លោក Justin Bronk អ្នកវិភាគ នៅការិយាល័យអង់គ្លេស Royal United Services Institute បានលើកឡើងថា ចិន​អាចប្រហែលជាមិនទាន់មានសមត្ថភាព​ ពង្រីកកម្លាំងទ័ព ទៅឆ្ងាយ​ពីដែនដីចិនខ្លួនឯងមែន​ តែអំណេះតទៅ ចិនមាន​​ប្រព័ន្ធការពារខ្លួន ដែលរឹងមាំ និង​ច្បាស់លាស់ ទាំងផ្នែកផ្លូវសមុទ្រ និងផ្លូវអាកាស ហើយអាចប្រឈមតទល់ ជាមួយអាមេរិកបាន​។ អ្នកជំនាញម្នាក់នេះ អះអាងថា សម្រាប់​សមរភូមិ​ប្រយុទ្ធ ដែលស្ថិតនៅក្បែរមូលដ្ឋានរបស់ចិន គឺចិនអាចមានប្រៀបជាងអាមេរិក ដែលមានមូលដ្ឋាននៅឆ្ងាយ​។ ក្នុងបរិបទនេះ ចិនកំពុងតែ​ដើរដល់ដំណាក់កាលមួយ ដែលអាចធ្វើឲ្យ​អាមេរិកជួប​ការលំបាក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ