អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វៀតណាម​ ៖ វិធានការ​ដ៏​តឹងតែងប្រឆាំងកូវីដ១៩ កំពុង​ធ្វើ​ឱ្យ​ក្រុមហ៊ុនកាត់ដេរបរទេសចង់រត់ចេញ​ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្បែក​ជើង​ ខោអាវ សម្លៀកបំពាក់​​កីឡា ... ក្រុមហ៊ុន​អន្តរជាតិ​ម៉ាកៗ​ល្បីៗ ជា​ច្រើន​កំពុង​ប្រឈម​នឹង​គ្រោះ​ខ្វះ​ផលិតផល​ ដោយ​ហេតុ​តែវិធានការទប់​ស្កាត់​កូវីដ១៩​ដ៏​តឹង​តែង​និង​ការ​ពន្យារពេល​បិទ​ខ្ទប់​ប្រទេស​យូរពេក​នៅ​ក្នុង​ប្រទេស​វៀតណាម។ តើវិធានការនេះ​ប៉ះពាល់​ដល់​ឧស្សាហកម្មកាត់ដេរ​យ៉ាងណា ? ក្រុមហ៊ុនបរទេស​ដែលពឹងផ្អែក​​កាន់តែខ្លាំង​លើប្រទេសអ្នក​ផលិត​នៅអាស៊ីអាគ្នេយ៍ ​​​អាច​នឹង​រត់​ចេញ​ពី​វៀតណាម​ទេ ?

​វៀតណាម ៖ ក្រុមហ៊ុនកាត់ដេរកំពុង​ចាប់​រងផលវិបាក​ពី​ការ​​​បិទ​ខ្ទប់​ប្រទេស​?
​វៀតណាម ៖ ក្រុមហ៊ុនកាត់ដេរកំពុង​ចាប់​រងផលវិបាក​ពី​ការ​​​បិទ​ខ្ទប់​ប្រទេស​? Nhac NGUYEN AFP
ផ្សាយពាណិជ្ជកម្ម

សង្គ្រាម​ពាណិជ្ជកម្មរវាង​សហរដ្ឋអាមេរិក​និង​ចិន បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សហគ្រាស​កាត់​ដេរជា​ច្រើនកាន់​តែប្រញាប់​​រត់​ចេញ​ពី​ប្រទេសចិន​ ទៅ​បើករោងចក្រ​នៅ​កន្លែង​​ថ្មីក្នុង​​តំបន់​អាស៊ីអាគ្នេយ៍ និង​ពិសេស​គឺ​វៀតណាមតែម្តង។

ប៉ុន្តែ​ពេល​នេះ វៀតណាមកំពុង​ប្រឈម​នឹង​រលក​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩យ៉ាង​ខ្លាំងក្លា។ ក្នុង​រលក​រាតត្បាត​កាលពីខែ​មេសា សកម្មភាព​ផលិត​កម្ម​របស់​ក្រុមហ៊ុនកាត់ដេរ​ខ្លះ បាន​ធ្លាក់ចុះ​អស់​៥០% ព្រោះ​តែ​មាន​បញ្ហាផ្នែក​សេវា​​ផ្គត់ផ្គង់។ លើក​​នេះ​ ជាមួយ​នឹង​​ចាត់​វិធានការ​​​យ៉ាង​តឹង​តែង​បំផុត និង​ការ​​ពន្យារពេល​បិទ​ខ្ទប់​ រដ្ឋធានី និង​ក្រុង​ហូជីមិញ​ បន្ត​ទៀត ក្រុមហ៊ុន​រោងចក្រ​កាត់​ដេរ​រក​ស៊ីបន្ត​ពី​ក្រុមហ៊ុន​អន្តរជាតិ​ជា​ច្រើន បាន​និង​កំពុង​ចោទ​សួរ​ខ្លួន​ឯង​ជា​រៀង​រាល់​ថ្ងៃ​ ថាតើត្រូវ​បិទ​និង​បញ្ឈប់​សកម្មភាព​រោង​ចក្រ​ថ្ងៃណា។

រោង​ចក្រ​អាច​បន្ត​ដំណើរ​ការ​បាន​ដរាបណា​តែ​មាន​វត្ថុធាតុ​ដើម​ក្នុង​ស្តុក។ តែ​បម្រាម​ហាមឃាត់​ការ​ធ្វើ​ដំណើរបាន​ធ្វើ​ការ​ដឹកជញ្ជូន​ឥវ៉ាន់ចេញ​ និង​ឥវ៉ាន់​ចូល ជួប​ការ​យឺតយ៉ាវ​យ៉ាង​ខ្លាំង។ រោង​ចក្រ​ក្រណាត់ Hung Yen Knitting & Dyeing ​ ដែល​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​អន្តរជាតិ​ដូច​ជា Nike Adidas និង Gap កំពុង​ជួប​ការ​លំបាក ដោយ​ការ​ដឹកជញ្ជូន​​​​​​អំបោះ​ជា​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិតអាវ​មុជ​ទឹក និង​​អាវ​កីឡា រអាក់រអួល​ខ្លាំង។

បន្ថែម​ពី​លើ​នេះ​ទៀត វិធានការ​បិទ​ខ្ទប់ក្រុង និង​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹង​តែង បាន​ធ្វើ​កម្មករ​វៀតណាម​មួយភាគ​ធំ ពិបាកមកកន្លែងធ្វើ​ការ និង​​ធ្វើ​បំលាស់​ទី​ ក្នុង​រយៈ​ពេល​វែង។ អ្នកបើកបរ​រថយន្ត​ដឹកជញ្ជូន​សម្ភារៈ​ភស្តុភារ​ឱ្យ​រោងចក្រ​ខ្លះ​ ត្រូវ​ជាប់​គាំង​នៅកណ្តាលផ្លូវ អត់​បាយ​អត់​ទឹក​ ខ្លះ​ដល់​ទៅ​បី​ថ្ងៃ​បី​យប់ ទម្រាំ​អាច​ចូល​ក្នុង​ទីរួម​ខេត្ត​កឹងថឺ នៅ​ភាគ​ខាង​ត្បូង​ប្រទេសបាន។ នេះ​បើ​តាម​ការ​រៀប​រាប់​របស់អ្នក​ទទួលខុស​ត្រូវ​ផ្នែកដឹកជញ្ជូន នាឱកាស​ប្រជុំ​តុមូល​នៅ​ការិយាល័យ​ពាណិជ្ជកម្មបារាំង​ប្រចាំ​ទីក្រុង​ហាណូយ។

ជា​សរុប​វិធានការ​ដ៏តឹងតែង​របស់​រដ្ឋាភិបាលក្រុង​ហាណូយ​ក្នុងការទប់​ស្កាត់ជំងឺកូវីដ១៩ អាច​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​សម្លៀកបំពាក់​ពហុជាតិ​​ ជួប​ហានិភ័យ​ ដាច់​ស្តុក ខ្វះផលិតផល។ ក្រុមហ៊ុន​ស្បែកជើង​ Nike ដែល​មានផលិតផលស្បែក​ជើង​លក់​លើ​ទីផ្សារ​ពិភពលោក​ចំនួន​​ពាក់កណ្តាល​ដេរ​នៅ​ក្នុង​ប្រទេសវៀតណាម បានអះអាង​​ ​អំពី​ការ​ខ្វះខាត​ទំនិញ​សម្រាប់​លក់ និងអំពី​សកម្មភាពលក់​ដូរ​ថយ​ចុះ ដោយ​​ប្រកាសថា​ រោងចក្រ​កាត់ដេរ​ស្បែក​ជើង​របស់​ខ្លួន នៅភាគ​ខាងត្បូង​ប្រទេស​វៀតណាម​ចំនួន​៨០% បាន​បិទ​ទ្វារ។

លោក Fast Raitailing ថៅកែ​ក្រុមហ៊ុន​សម្លៀកបំពាក់ជប៉ុន Uniqlo វិញ ក៏​បាន​ទម្លាក់​កំហុសទៅ​លើ​វិធានការ​ទប់​ស្កាត់​​កូវីដ​១៩ ថា​បានធ្វើ​ឱ្យ​ផលិតកម្ម​ខោអាវ​របស់​ក្រុមហ៊ុន​ជួប​ការ​យឺតយ៉ាវ​ខ្លាំង​ដែរ។ ចំណែក​ Adidas អាច​នឹង​ត្រូវ​ខាតបង់​អស់​ថវិកាដល់​ទៅ​ ​៥០០លានអឺរ៉ូ​​ពីពេល​នេះ​រហូត​ដល់​ដំណាច់​ឆ្នាំ ​ព្រោះ​តែ​សកម្មភាព​លក់​ដូរ​ត្រូវ​ថយ​ចុះ ដោយ​ខ្វះទំនិញ។

ក្រុមហ៊ុនពហុជាតិ​​ម៉ាកៗ​ល្បី​ជា​ច្រើន មាន​អាទិ៍​Adidas និង Nike បាន​ប្រកាស​ថា​គ្រោង​ទៅ​បង្កើន​ផលិតកម្ម​ ជាបណ្តោះ​អាសន្ន​នៅ​ប្រទេស​ផ្សេង​ ក្រៅ​ពី​វៀតណាមតែ​ម្តង​​ផង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សមាគម​សហគ្រាស​អាមេរិក អឺរ៉ុប កូរ៉េខាង​ត្បូង និង​អាស៊ីអាគ្នេយ៍ បាន​ផ្ញើ​លិខិត​មួយ​ជូន​នាយក​រដ្ឋមន្ត្រី​ ព្រមាន​ថា រោងចក្រ​កាត់ដេរ​ជាសមាជិក​សមាគម​​ចំនួន​២០%​ហើយ​បាន​ចាក​ចេញ​ពី​វៀតណាម។ នៅ​ពេល​មាន​ផលិតកម្ម​នៅកន្លែង​ផ្សេង​ហើយ គេពិត​ជា​ពិបាក​ត្រលប់​មក​វិញ​ណាស់។

អតិថិជន​បរទេស​ចាប់​ផ្តើម​លុប​ការ​បញ្ជា​ទិញ​របស់​ខ្លួន។ នេះ​ជាការ​បញ្ជាក់​បន្ថែម​របស់​អគ្គនាយករង​រោងចក្រកាត់ដេរ Maxport ដែល​មាន​កម្មករ​ធ្វើការ​ចំនួន​៦ពាន់​នាក់ និង​ដែល​កំពុង​ចាប់​ព្រួយបារម្ភ​ខ្លាច​តែ​កម្មករកម្មការិនី​បាត់​បង់​ការងារ នៅ​ពេល​លែងមាន​ការ​បញ្ជា​ទិញ​ពី​បរទេស។ ក្រុមហ៊ុន​បរទេស​នឹង​បន្ត​ផ្តល់​ទំនុក​ចិត្ត និង​មិន​ចាកចេញ​ពី​វៀតណាមទេ ប្រសិនបើស្ថានភាព​វិលត្រលប់​មករកភាព​ធម្មតា​វិញ ចាប់​ពី​​ខែ​តុលា​ទៅ។ នេះ​បើ​តាម​គំនិត​របស់​ប្រធានក្រុមហ៊ុន​វាយយនភណ្ឌ​ Hung Yen Knitting & Dyeing។

សូម​បញ្ជាក់​ថា មិនមែន​តែ​វិស័យ​កាត់ដេរ​ទេ ដែល​ចាប់រង​ផលវិបាកពីវិធានការកូវីដ១៩នោះ កសិកម្មកាហ្វេ ដែល​វៀតណាមជាប់​លំដាប់​លេខ​មួយ​ពិភពលោកខាង​ផលិតផល​កាហ្វេ​Robusta កំពុង​រងការគំរាមកំហែង​យ៉ាង​ខ្លាំង។ វិស័យ​ឧស្សាហកម្ម​រថយន្ត​ក៏​ដូច​គ្នា។ ​ក្រុមហ៊ុន​តូយ៉ូតា បាន​បន្ថយ​ផលិតកម្ម​របស់​ខ្លួន នៅ​ខែកញ្ញា​និង​តុលា​ និង​បាន​ប្រកាស​ថា​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​នៅ​វៀតណាមដូច​នៅម៉ាឡេស៊ី​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ