អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្នុងបញ្ហា​តៃវ៉ាន់ តើ​អាមេរិក និង​ចិន អាច​បន្ត​កំញើញគ្នា​ដល់​ពេល​ណា​ទៀត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សំណុំរឿងកោះតៃវ៉ាន់ កំពុងតែបង្កើនភាពតានតឹង កាន់តែខ្លាំងឡើងៗ រវាងចិន និងសហរដ្ឋ​អាមេរិក។ ថ្មីៗនេះ ចិនបានគំរាម និងបានបញ្ចេញ​សញ្ញាប្រាប់ទៅតៃវ៉ាន់ ក៏ដូចជាអាេមរិក អំពីការ​ឈានទៅប្រើកម្លាំង វាយដណ្តើម​យកខេត្តរបស់ខ្លួនមកវិញ។ តែទន្ទឹមគ្នានេះ ក្រៅតែពីគំរាមតបទៅវិញ គេមិនអាចដឹងទេ​ ថាអាមេរិកពិតជាមានឆន្ទៈការពារតៃវ៉ាន់ ពិតប្រាកដ ដែរឬយ៉ាងណា។ ប្រឈមនឹងការតាំងចិត្តរបស់ចិន តើអាមេរិក​ពិតជា​ហ៊ាន​ប្រថុយ​ ផ្ទុះអាវុធជាមួយចិន ដើម្បីកោះតៃវ៉ាន់​ដែរឬទេ? តើមហាអំណាចនុយក្លេអ៊ែរទាំង២នេះ នឹងបន្តកំញើញគ្នាដល់ពេលណា ឬគួរងាក​ទៅ ស្វែងរកដំណោះស្រាយ​ដោយ​សន្តិវិធី សម្រាប់តៃវ៉ាន់?

ទាហានតៃវ៉ាន់ ក្នុងឱកាស​បង្ហាញក្បួនព្យុហយាត្រា ទិវាបុណជាតិជាតិតៃវ៉ាន់ ថ្ងៃទី១០ តុលា ២០២១
ទាហានតៃវ៉ាន់ ក្នុងឱកាស​បង្ហាញក្បួនព្យុហយាត្រា ទិវាបុណជាតិជាតិតៃវ៉ាន់ ថ្ងៃទី១០ តុលា ២០២១ AP - Chiang Ying-ying
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មានថ្ងៃចុងក្រោយនេះ កងទ័ពអាកាសចិន បាន​បើកយន្តហោះចម្បាំងក្រវែលនៅក្បែរកោះតៃវ៉ាន់ ក្នុងចំនួន​ច្រើនដងបំផុត មិនធ្លាប់មាន។ សកម្មភាព​បង្ហោះយន្តហោះចម្បាំងផ្ទួនៗ របស់ចិននេះ វាគឺ​ជាការផ្ញើសារដែលចិន ចង់​ប្រាប់ទៅតៃវ៉ាន់ថា គ្មាននរណាអាចមកជួយ​តៃវ៉ាន់បានទេ។ នេះបើតាម​ការវិភាគ របស់​លោកស្រី Oriana Skylar Mastro អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Stanford និងជាសមាជិកក្រុមពិចារណា American Enterprise Institute។

ថ្វីបើសកម្មភាពនេះ មានលក្ខណៈជាការគំរាម ជាជាងការត្រៀម​បើកសមរភូមិប្រយុទ្ធ ពីសំណាក់ចិន តែយ៉ាងណា រដ្ឋាភិបាលតៃវ៉ាន់ ដឹងខ្លួនច្បាស់ណាស់ថា ចិនអាចបញ្ចេញកម្លាំង មកវាយដណ្តើមតៃវ៉ាន់ យ៉ាងយូរ​នៅឆ្នាំ​២០២៥។ ទន្ទឹមគ្នា សហរដ្ឋអាមេរិក ព្រមទាំងដៃគូសម្ព័ន្ធមិត្តផ្សេងទៀត បាននិងកំពុងតែ​ធ្វើ​ឲ្យចិនក្តៅស្លឹកត្រចៀកកាន់តែខ្លាំង។ ជាក់ស្តែងជប៉ុន បានចេញមុខគាំទ្រតៃវ៉ាន់ ឲ្យចូលរួមក្នុងក្រុមសហប្រតិបត្តិការពាណិជ្ជកម្ម​តំបន់ ហើយអូស្ត្រាលីឯណោះវិញ បាន​ចូលរួមជាមួយអាមេរិក និង​អង់គ្លេស បង្កើតសម្ព័ន្ធយុទ្ធសាស្ត្រ AUKUS ដែលមានកម្មវត្ថុយ៉ាងចំហ គឺទប់ទល់ជាមួយចិន។

បើទោះបីជាអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្ត​ប្រឹងធ្វើ​យ៉ាងណា ដើម្បីបង្ហាញអំពីការចង់ជួយតៃវ៉ាន់ តែចិន​នៅតែមាន​ការតាំងចិត្តខ្ពស់។ ការហោះក្រវែល​យន្តហោះចម្បាំង កាន់តែញឹក​នៅក្បែរ​តៃវ៉ាន់ គឺចិន​ចង់​បញ្ជាក់ថា យុទ្ធសាស្ត្រចិនគឺនៅដដែល មិនញញើត ហើយនឹងប្រើកម្លាំងបើចាំបាច់ ដើម្បីយកតៃវ៉ាន់មកវិញឲ្យ​បាន​។

គួររំលឹកថា ថ្វីបើសហរដ្ឋអាមេរិក បានសម្រេចទទួលស្គាល់ ប្រទេសចិនតែមួយនៅឆ្នាំ​១៩៧៩ ក៏ប៉ុន្តែសភាខុនហ្ក្រេសេ របស់​អាមេរិក​បានដាក់កំហិត ឲ្យរដ្ឋាភិបាល​ត្រូវ​តែ​បន្តមានទំនាក់ទំនង ជួយ​ទំនុកបម្រុង ឲ្យ​តៃវ៉ាន់មានលទ្ធភាពអាចការពារខ្លួន។ គោលជំហរ ខ្លួន​មួយ​ជាន់ទូក២ របស់អាមេរិក បាន​ជួយ​​រក្សា​ឲ្យ​មាន​ភាព​សន្តិភាព នាពេលកន្លងមក។ ក៏ប៉ុន្តែអ្វីដែលប្រឈម គ្រោះថ្នាក់នៅពេលនេះ គឺវាអាចកើតចេញ​ ពី​ការយល់ច្រឡំណាមួយ បង្កើតទៅជាភ្លើងសង្គ្រាម ព្រោះថាចិនពេលនេះ មានកម្លាំង និងមានការតាំងចិត្ត មិនដូចពេលមុនឡើយ។ យ៉ាងណាមិញ លោក Mark Milley អគ្គមេ​បញ្ជាការ​កងទ័ពអាមេរិក បានទទួលស្គាល់ថា ខ្លួន​បានធ្លាប់ទាក់ទង​ទៅភាគីចិន នៅចុងអាណត្តិ​លោក​ដូណាល់ ត្រាំ ដើម្បី​​ធានាប្រាប់ចិន កុំឲ្យ​មានការយល់ច្រឡំណាមួយ ថាអាេមរិកមានគំរោងវាយ​ចិននោះ។

សំណុំរឿងតៃវ៉ាន់ គឺជាប្រភព​បញ្ហាប្រឈមនានា រវាង​ចិន និង​សហរដ្ឋអាមេរិក។ រដ្ឋាភិបាល​លោក ចូ បៃដិន បើទោះបីជាបាន​ប្រកាន់ជំហរ តទល់ជាមួយចិន ក្នុង​សំណុំរឿងសេដ្ឋកិច្ច​​ពាណិជ្ជកម្មក៏ដោយ តែគេមិនជឿថា មានជំហរ​រឹងមាំ​ការពារ​តៃវ៉ាន់ ទល់​ជាមួយ​ចិននោះទេ។ ទំនោរស្វែងរកការនិយាយ​ស្រុះស្រួល​គ្នា ហាក់កាន់​តែលេច​រូបរាង្គ ព្រោះសហរដ្ឋអាមេរិក ប្រហែល​ជាដឹងថា ការបន្ត​កំញើញគំរាម គឺវា​ជា​ផ្លូវទ័លច្រក។ ជាក់ស្តែង កាលពី​សប្តាហ៍​មុននេះ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានជួប​និយាយ​​គ្នាដោយ​ផ្ទាល់ ពីបញ្ហាតៃវ៉ាន់ ជាមួយលោក Yang Jiechi មន្ត្រីការទូតចិនដ៏សំខាន់ម្នាក់ នៅឯក្រុងហ្សឺណែវ។

ឆ្លើយតបទៅកាន់សំណួរ របស់អ្នកកាសែតទូរទស្សន៍ BBC ដែលសួរតើ អាមេរិកពិតជា​ត្រៀមខ្លួន​បញ្ចេញ​កម្លាំងទ័ព​ ទៅវាយ​​ជាមួយចិន ដើម្បី​ការពារ​​កោះតៃវ៉ាន់ មែនឬ​ លោក Jake Sullivan បានឆ្លើយ​ពង្វៀងថា៖ យើងនឹងប្រឹងប្រែង ធ្វើ​គ្រប់យ៉ាងនៅពេលនេះ ដើម្បី​បញ្ចៀសកុំឲ្យ​បញ្ហានោះអាច​​កើតឡើង​ឲ្យ​សោះ។ ដោយឡែក បើតាមប្រភពពីក្រសួងការពារជាតិអាេមរិក អះអាងប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP គឺកម្លាំងពិសេសរបស់​អាមេរិក កំពុងតែ​បង្វឹកកងទ័ពតៃវ៉ាន់ យ៉ាងសម្ងាត់​បំផុត។

ទន្ទឹមគ្នានេះ រដ្ឋាភិបាល​លោក ចូ បៃដិន បានបដិសេធការស្នើសុំរបស់តៃវ៉ាន់ ដែលចង់ដូរឈ្មោះ « បេសកកម្ម​​តៃវ៉ាន់​ប្រចាំក្រុងវ៉ាស៊ីនតោន » ទៅជា​ « ការិយាល័យតំណាងតៃវ៉ាន់ប្រចាំសហរដ្ឋអាេមរិក »។ បើសហរដ្ឋអាមេរិកព្រមដូរឈ្មោះឲ្យ​មានលក្ខណៈកាន់តែផ្លូវការនេះ គឺវាអាចបង្ហាញថាអាេមរិក ចេញមុខខ្លាំងជ្រុល ក្នុងការទទួលស្គាល់កោះ​តៃវ៉ាន់។ តែទន្ទឹមនឹងនេះ វាក៏អាចធ្វើឲ្យចិនកាន់តែក្រេវក្រោធ ហើយមានការតាំងចិត្តប្រយុទ្ធកាន់តែខ្លាំងដែរ។

ដោយឡែក សម្រាប់លោក Kuo Yujen សាស្ត្រាចារ្យ​នយោបាយ នៅសកលវិទ្យាល័យតៃវ៉ាន់ ស៊ុន យ៉ាតសេន ំគឺរដ្ឋាភិបាលអាមេរិក កំពុងតែប្រឹងបង្ហាញប្រាប់ទៅភាគីចិនថា ការគំរាម ការសំឡុតដាក់សំពាធកាន់តែខ្លាំង មកលើតៃវ៉ាន់ គឺវាមិនចំណេញអ្វីសម្រាប់ចិនទេ គឺមានតែបង្កើន​អស្ថិរភាពក្នុងតំបន់នេះទៅវិញទេ។

បើយើងក្រឡេកទៅមើលភាគីចិន ស្របពេលដែលបានបង្កើនការហោះក្រវែល​យន្តហោះ​ចម្បាំងពីលើ​តៃវ៉ាន់ តែថ្មីៗនេះ លោកប្រធានាធិបតីចិន ស៊ី ជីនពីង ហាក់បានបង្ហាញសញ្ញាមួយចំនួន ដែលចង់បាន​ការរួបរួមជាមួយតៃវ៉ាន់ ដោយសន្តិវិធី។ លោក Craig Singleton អ្នកវិភាគនៅ Foundation for Defense of Democracies បាន​លើកឡើងថា ប្រសាសន៍​របស់​​លោកស៊ី ជីនពីង ដែលមាន​ន័យ​ចង់បញ្ចៀស​សង្គ្រាម​ជាមួយតៃវ៉ាន់នេះ គឺជាលើកទីមួយហើយ។ លោកបន្ថែមថា សហរដ្ឋអាមេរិក ត្រូវតែពិចារណាឲ្យ​បានល្អិតល្អន់ មិនអាចចេះតែបន្តប្រាប់ឲ្យ​តៃវ៉ាន់ ថាកុំភ័យដរាបណាបាន​ទិញ​អាវុធ​ទំនើប​ៗ ដែល​អាមេរិក​លក់ទៅ​ឲ្យ​នោះទេ។ តៃវ៉ាន់​មានអាវុធអស្ចារ្យយ៉ាងណា តែ​នៅ​តែអាច​ត្រូវ​ចិន​វាយ​​កម្ទេច​យ៉ាងរហ័ស។

ដូចគ្នាដែរ លោក Michael Swaine អ្នកវិភាគនៅ​ Quincy Institute for Responsible Statecraft បាន​លើកឡើងថា អាេមរិក និងចិន ត្រូវតែ​រកផ្លូវនិយាយគ្នា ដើម្បី​កសាង​តុល្យភាព​ឲ្យមាន​សមភាព រវាង​ ការគំរាមសំឡុតគ្នា និងការយល់យោគគ្នា។ ទះដៃតែម្ខាង គឺមិនឮនោះទេ។ ភាគីទាំង២​ត្រូវតែ​ដឹងថា រៀងៗខ្លួន សុទ្ធតែបាន​ចូលរួមជំរុញ ឲ្យស្ថានការកាន់តែឈានទៅរកគ្រោះថ្នាក់ ដោយស្ងាត់ៗជាទីបំផុត ក្នុងអំឡុងពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ