អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើនុយក្លេអ៊ែរជាដំណោះស្រាយល្អក្នុងការទប់ស្កាត់ការឡើងកម្តៅផែនដី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងពេល​បច្ចុប្បន្ន​នេះ នៅ​ក្នុងពេល​ដែល​ការទប់ស្កាត់​ការ​ឡើងកម្តៅ​ផែនដី កំពុងតែ​ក្លាយ​ជា​បញ្ហា​កាន់តែ​​ចាំបាច់ និង​បន្ទាន់ សំណួរ​ក៏​កាន់តែ​ចោទឡើង​ផងដែរ ជុំវិញ​តួនាទី​ថាមពល​នុយក្លេអ៊ែរ ដោយ​អ្នក​ខ្លះ​ជំរុញ​ឲ្យបង្កើន​ការ​ប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័នកាបូនិច។ តើ​ថាមពល​នុយក្លេអ៊ែរ​នេះ​ពិត​ជា​ដំណោះស្រាយ​ល្អ ក្នុងការ​ទប់ស្កាត់​ការឡើងកម្តៅផែនដី​មែន​ឬ​ក៏​យ៉ាងណា?

រោងចក្រ​អគ្គិសនី​ដើរដោយថាមពល​នុយក្លេអ៊ែរ នៅ​ក្នុង​ប្រទេស​បារាំង
រោងចក្រ​អគ្គិសនី​ដើរដោយថាមពល​នុយក្លេអ៊ែរ នៅ​ក្នុង​ប្រទេស​បារាំង Getty Images/Picavet/Guy/Agence Images
ផ្សាយពាណិជ្ជកម្ម

នៅក្នុងបទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​អាអែហ្វប៉េ កាល​ពីពេល​ថ្មីៗ​នេះ នាយក​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (AIE) បានលើកឡើង​ថា នុយក្លេអ៊ែរ​គួរតែ​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ទប់ស្កាត់​ការ​ឡើងកម្តៅផែនដី។ ចំណែក​នៅ​អឺរ៉ុបវិញ បណ្តា​ប្រទេស​មួយចំនួន រួមមាន​ជាអាទិ៍ ប្រទេស​បារាំង ជាដើម កំពុងទាមទារ​ឲ្យ​គណៈកម្មការ​អឺរ៉ុប​​​បញ្ចូល​ការវិនិយោគ​លើ​ថាមពល​នុយក្លេអ៊ែរ ទៅ​ក្នុង​បញ្ជីនៃវិនិយោគថាមពលបៃតង ដែលមាន​អំណោយផល​ដល់​អាកាសធាតុ និង​បរិស្ថាន។

នៅ​ក្នុង​​បរិបទ​នេះ​ហើយ ដែល​​ទីភ្នាក់ងារ​ថាមពល​បរមាណូអន្តរជាតិ (AIEA) ទើប​នឹង​បាន​បង្កើន​ការ​ព្យាករ​ថាមពល​នុយក្លេអ៊ែរ​ជាលើកទីមួយ​ចាប់តាំង​ពី​គ្រោះមហន្តរាយ​ហ្វូគូស្ហ៊ីម៉ាមក ដោយ​ព្យាករ​កំណើន​​រហូត​ដល់​ទៅ​ទ្វេដង​​នៃ​ថាមពល​នុយក្លេអ៊ែរ​​​នៅ​ទូទាំង​ពិភពលោក​ ចាប់ពីពេលនេះ ទៅ​ទល់​នឹង​ឆ្នាំ​២០៥០​ខាងមុខ ដោយ​នៅ​ក្នុង​ចំណោម​នោះ រ៉េអាក់ទ័រនុយក្លេអ៊ែរ​ដែល​គេ​សង់ថ្មីច្រើន​ជាងគេ គឺ​នៅ​ក្នុង​ប្រទេស​ចិន។ ចិន​ដែល​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​កាបូនិចច្រើន​ជាង​គេ​បំផុត​នៅលើ​ពិភពលោក ហើយ​​កំពុងតែ​ស្វះស្វែង​រក​ច្រកចេញ​ពី​ថាមពល​ផូស៊ីល ដើម្បី​ឈាន​ទៅ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច រហូតដល់​កម្រិត​ហ្សេរ៉ូកាបូន នៅ​ត្រឹមឆ្នាំ២០៦០​ខាងមុខ។

មកទល់នឹង​ពេលនេះ យើងឃើញ​ថា អ្នកដែល​គាំទ្រ​ឲ្យ​វិនិយោគ​លើ​​ថាមពល​​នុយក្លេអ៊ែរ​​ ដើម្បី​ជា​ដំណោះស្រាយ​ទប់ស្កាត់​ការឡើងកម្តៅផែនដី ដោយសារតែ​គេ​​សំឡឹង​ឃើញ​អំណោយផល​ចម្បង​មួយ គឺ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​បញ្ចេញ​ឧស្ម័ន​កាបូនិច​យ៉ាងតិចបំផុត ដូច្នេះ ការប្រើថាមពល​នុយក្លេអ៊ែរ គឺ​អាច​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​បាន​ច្រើន។ ក៏ប៉ុន្តែ នៅក្នុង​ភាព​ពិតជាក់ស្តែង អ្វីៗ​គឺ​មាន​លក្ខណៈ​ស្មុគស្មាញ​ជាងនេះ។

ជាការពិត​ថា បើ​សិន​ជា​គេ​មើលតែទៅលើ​​ការ​បញ្ចេញ​ឧស្ម័ន​ដោយផ្ទាល់ ក្នុង​រង្វង់​​នៃ​ប្រតិបត្តិការ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ ការផលិតអគ្គិសនី​ដោយ​នុយក្លេអ៊ែរ​ពិត​ជាបញ្ចេញ​ឧស្ម័ន​កាបូនិច​តិចតួច ក៏ប៉ុន្តែ បើ​គិត​ទៅលើ​សង្វាក់ផលិត​កម្ម​ទាំងមូល​ រាប់ចាប់តាំង​ពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែអ៊ុយរ៉ាញ៉ូម សកម្មភាព​បន្សុទ្ធអ៊ុយរ៉ាញ៉ូម​ ដំណើរការ​សាងសង់​រ៉េអាក់ទ័រ រហូតទៅដល់​ការ​ស្តុក និង​ចាត់ចែង​កាកសំណល់​នុយក្លេអ៊ែរ ទាំងអស់​នេះ គឺ​សុទ្ធតែ​ជា​សកម្មភាព ដែល​នាំ​ឲ្យ​បញ្ចេញ​ឧស្ម័ន​កាបូនិច។

បើទោះជា​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច នៅ​ក្នុង​សង្វាក់ផលិតកម្ម​នុយក្លេអ៊ែរ​ទាំងមូល​នេះ វា​នៅតែ​ទាប​ជាង​ឆ្ងាយ បើ​ធៀប​ទៅនឹង​ថាមពល​ផូស៊ីល រួមមាន​ដូចជា ប្រេង ធ្យូងថ្ម និង​ឧស្ម័នធម្មជាតិ ក៏ប៉ុន្តែ គេ​ក៏​​មិន​អាច​ប្រៀបធៀបគ្នា តែ​រវាង​នុយក្លេអ៊ែរ និង​ថាមពល​ផូស៊ីល​​នោះ​ដែរ ពីព្រោះ​ថា ក្រៅពី​នុយក្លេអ៊ែរ គេ​នៅមាន​ជម្រើស​ថាមពល​​ផ្សេងទៀត ដែល​ជា​ថាមពលបៃតង​​អាច​ជំនួស​ថាមពល​ផូស៊ីល​បាន​ រួមមាន​​ជាអាទិ៍ ថាមពល​វារីអគ្គិសនី ថាមពល​ខ្យល់ និង​ថាមពល​ព្រះអាទិត្យ។

ដូច្នេះ ដើម្បី​ជា​ដំណោះស្រាយ​ចេញ​ពី​ថាមពល​ផូស៊ីល គេ​គួរតែ​ប្រៀបធៀប​មើល​ផងដែរ រវាង​ថាមពល​នុយក្លេអ៊ែរ និង​ថាមពល​បៃតង​ផ្សេងទៀត ហើយ​ការប្រៀបធៀបនេះទៀតសោត គេ​ក៏​មិន​គួរ​សំឡឹង​មើល​ទៅលើ​​​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​តែមួយមុខនោះដែរ ផ្ទុយ​ទៅវិញ ត្រូវ​មើល​ផងដែរ ​ទៅលើ​គុណសម្បត្តិ និង​គុណវិបត្តិ​ ទាក់ទង​ទៅនឹង​ចំណុច​ផ្សេងទៀត។

ចំណោទ​ដ៏​ចម្បង​មួយ​​នៃ​ថាមពល​នុយក្លេអ៊ែរ ដូចដែល​គេ​បាន​ឃើញ​ដោយផ្ទាល់​ស្រាប់​​កាល​ពីពេល​កន្លងមក នៅ​ក្នុង​គ្រោះមហន្តរាយ​នៅ​ហ្វូគូស្ហ៊ីម៉ា ក៏ដូចជា គ្រោះមហន្តរាយ​នៅ​ឈែរណូប៊ីល គឺ​​បញ្ហា​វិទ្យុសកម្ម ដែល​បង្ក​នូវ​ផលប៉ះពាល់​​ធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស ក៏ដូចជា​ដល់​បរិស្ថាន នៅ​ក្នុងរយៈពេល​វែង។ ផលប៉ះពាល់​ដល់​សុខភាព​​នេះ មិនមែន​កើតមានឡើង តែ​នៅ​ក្នុង​ករណី​ផ្ទុះ ឬ​​លេចធ្លាយ​វិទ្យុសកម្ម​ពី​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​នោះទេ ក៏ប៉ុន្តែ វា​ក៏​កើតមាន​ផងដែរ នៅ​ក្នុងសកម្មភាព​អាជីវកម្ម​រ៉ែ​​អ៊ុយរ៉ាញ៉ូម និង​​កាកសំណល់​​​វិទ្យុសកម្ម​ពី​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ។ នេះ​នៅមិនទាន់​និយាយដល់​ផង ដល់​ហានិភ័យ​ដ៏​ធំមួយទៀត គឺ​ការ​រីកសាយភាយ​នុយក្លេអ៊ែរ ​ចេញ​ពី​នុយក្លេអ៊ែរ​ស៊ីវិល ទៅ​​ជា​ការ​អាវុធ​​ប្រល័យលោក។

ចំណោទ​ចម្បង​មួយទៀត​នៃ​ថាមពល​នុយក្លេអ៊ែរ គឺ​ទំហំ​នៃ​​ការវិនិយោគ។ គេដឹង​ថា ថាមពលនុយក្លេអ៊ែរ គឺ​ជា​បច្ចេកវិទ្យាមួយ​ដ៏​ស្មុគស្មាញ ហើយ​ការ​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយថាមពល​នុយក្លេអ៊ែរ​នីមួយៗ ទាមទារ​ឲ្យ​មានការវិនិយោគច្រើន ព្រមទាំង​ត្រូវ​ចំណាយពេល​យូរ ដោយ​​ការសាងសង់​រោងចក្រ​អគ្គិសនីនុយក្លេអ៊ែរ​នីមួយៗ រាប់ចាប់តាំង​ពី​ការរៀបផែនការ រហូត​ដល់​ពេល​រោងចក្រ​មាន​ដំណើរការផលិតអគ្គិសនី​បាន ​គេ​ត្រូវ​ចំណាយ​ពេល​​ ក្នុងចន្លោះ​ពី ១០ឆ្នាំ ទៅ ២០ឆ្នាំ​ឯណោះ។ នេះ​​ជា​រយៈពេល​មួយ​វែងខ្លាំង ​បើ​ធៀប​នឹង​​​ការសាងសង់​ស្ថានីយ៍ផលិត​អគ្គិសនី​ដើរដោយ​ថាមពលខ្យល់ ឬ​ថាមពល​ព្រះអាទិត្យ​ធុនធំ​មួយ ដែល​ត្រូវ​ចំណាយពេល​ត្រឹមតែ​ក្នុងចន្លោះ ពី ២ឆ្នាំ ទៅ​ ៥ឆ្នាំ​ ហើយ​វាក៏​យូរខ្លាំង​ដែរ បើ​ធៀបនឹង​​តម្រូវការ​ចាំបាច់​ក្នុងការ​​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន ដែល​គេ​ត្រូវធ្វើ​ជា​បន្ទាន់ ចាប់ពីពេលនេះ ទៅត្រឹម​ឆ្នាំ២០៣០ ឬ​ឆ្នាំ២០៥០​ខាងមុខ ដើម្បី​បញ្ចៀសកុំ​ឲ្យ​ផែនដី​ឡើងកម្តៅលើស​ពី ២អង្សា ស្របទៅតាម​គោលដៅ ដែល​បាន​កំណត់​ នៅ​ក្នុងកិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ