អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើប្រាក់យ័នឌីជីថលចិនអាចយកឈ្នះប្រាក់ដុល្លារអាមេរិកបានទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាពេលបច្ចុប្បន្ន សេដ្ឋកិច្ចចិនមានការរីកចម្រើនកាន់តែធំ និងតំណាងជាង១ភាគ៥នៃសេដ្ឋកិច្ចពិភពលោក។ ចិន​ក៏បានអភិវឌ្ឍលុយយ័នអេឡិចត្រូនិក ឬលុយឌីជីថល ផងដែរ ក្នុងគោលបំណងឆ្ពោះទៅកាន់សង្គមគ្មានសាច់ប្រាក់ និងដើម្បីប្រឈមនឹងសម្ពាធទណ្ឌកម្ម ដែលអាមេរិកប្រើប្រាស់លុយដុល្លារជាអាវុធ។ ទៅថ្ងៃខាងមុខ តើប្រាក់យ័នឌីជីថលចិនអាចនឹងប្រជែងជាមួយប្រាក់ដុល្លារអាមេរិកដែរឬយ៉ាងណា?

តើប្រាក់យ័នឌីជីថលចិនអាចយកឈ្នះប្រាក់ដុល្លារអាមេរិកបានទេ?
តើប្រាក់យ័នឌីជីថលចិនអាចយកឈ្នះប្រាក់ដុល្លារអាមេរិកបានទេ? REUTERS - FLORENCE LO
ផ្សាយពាណិជ្ជកម្ម

អស់រយៈពេលជាច្រើនឆ្នាំ កិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការអភិវឌ្ឍ លុយយ័នអេឡិចត្រូនិក ឬលុយឌីជីថល មានគោលបំណងត្រឹមតែប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះ។ ក៏ប៉ុន្តែ ការដាក់ចេញឱ្យប្រើប្រាស់ លុយយ័នអេឡិចត្រូនិក បានជួយឱ្យប្រទេសចិនអភិវឌ្ឍសង្គមគ្មានសាច់ប្រាក់ (cashless society) និងបានផ្តល់ឱ្យធនាគារកណ្តាលចិននូវការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើប្រព័ន្ធលុយឌីជីថល។

ឥលូវនេះ លុយយ័នឌីជីថល កំពុងបោះជំហាន ក្លាយជាលុយអន្តរជាតិ ហើយទីបំផុត កាន់តែត្រូវប្រជែងជាមួយលុយដុល្លារអាមេរិក។

យោងតាមរបាយការណ៍ព័ត៌មានជាច្រើន សេតវិមានអាមេរិក បានចាត់ទុក លុយអេឡិចត្រូនិកចិនថ្មីជាកត្តាប្រឈមសម្រាប់ប្រាក់ដុល្លារអាមេរិក។ លុយដុល្លារបច្ចុប្បន្នជាលុយអន្ដរជាតិធំបំផុតក្នុងប្រព័ន្ធហិរញ្ញវត្ថុសកល។ ក៏ប៉ុន្តែ អនាគតនៃប្រាក់ដុល្លារអាមេរិក កំពុងត្រូវបានចោទសួរ នៅពេលដែលសហរដ្ឋអាមេរិក កំពុងបោះពុម្ពលុយកាន់តែច្រើន បង្ហូរចូលក្នុងសេដ្ឋកិច្ច។ ប្រទេសផ្សេងៗកំពុងពិចារណាស្វែងរកជម្រើសផ្សេងទៀត ដោយសារការភ័យខ្លាចថា ទុនបម្រុងដុល្លារអាមេរិករបស់ពួកគេនឹងត្រូវបាត់បង់តម្លៃ។ រឿងនេះពាក់ព័ន្ធជាមួយចិន ដែលជាប្រទេសកាន់លុយបរទេសបម្រុងជាដុល្លារអាមេរិកធំបំផុត។

ងាកទៅមើលប្រវត្តិសាស្រ្ដ កាលពី៥០ឆ្នាំមុន វាជា​សម័យកាលមួយ ដែលហិរញ្ញវត្ថុសកលត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ ប្រធានាធិបតី លោក ​រីឆាត និចសុន។ ក៏ប៉ុន្តែ នៅខែសីហា ឆ្នាំ១៩៧១ លោក និចសុន បានដកសហរដ្ឋអាមេរិកចេញពីប្រព័ន្ធស្តង់ដារមាសអន្តរជាតិ ហើយអនុញ្ញាតឱ្យប្រាក់ដុល្លារធ្លាក់តម្លៃចុះ។ នៅក្នុងប្រព័ន្ធស្តង់ដារមាសអន្តរជាតិ Bretton Woods លុយជាតិនៃប្រទេសនានាលើពិភពលោក ត្រូវភ្ជាប់តម្លៃជាមួយដុល្លារអាមេរិក។

សព្វថ្ងៃនេះ យុគសម័យថ្មីមួយនៅក្នុងសេដ្ឋកិច្ចពិភពលោក កំពុងដើរដល់ចំណុចមិនអាចទាយទុកជាមុនបានម្ដងទៀត។

ប្រទេសចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការធ្វើឱ្យលុយយ័នក្លាយជា លុយអន្តរជាតិដើម្បីកាត់បន្ថយការពឹងពាក់ខ្លាំងលើលុយដុល្លារអាមេរិក និងការកើនឡើងភាពតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោន។ លើសពីនេះ ចិនកំពុងឆ្លើយតបទៅនឹងកង្វល់ដែលទីក្រុងវ៉ាស៊ីនតោន ដែលកំពុងប្រើប្រាស់ដុល្លារអាមេរិកជាអាវុធ ដើម្បីដាក់ទណ្ឌកម្មលើប្រទេសចិន។ ជាឧទាហរណ៍ ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ដូចជា ក្រុមហ៊ុន Huawei Technologies ព្រមទាំងមន្រ្តីចិនដែលធ្វើការជាមួយទីក្រុងហុងកុង និងស៊ីនជាំង (Xinjiang)។

លោកស្រី Diana Choyleva ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Enodo Economics បានលើកឡើងថា “ការប្រណាំងប្រជែងរបស់ចិន ដើម្បីអភិវឌ្ឍលុយឌីជីថលរបស់ធនាគារកណ្តាល ត្រូវបានធ្វើឡើងដើម្បីប្រជែងឥទ្ធិពល និងអំណាចសកលជាមួយសហរដ្ឋអាមេរិក”។ លុយយ័នឌីជីថល "គឺជាសមាសធាតុសំខាន់នៃជម្រើសមួយផ្សេងទៀត ជំនួសលុយដុល្លារអាមេរិក ដែលទីក្រុងប៉េកាំងកំពុងបង្កើតឡើង"។ លោកស្រីបន្តថា ភាពជោគជ័យនៃលុយយ័នឌីជីថលអាស្រ័យលើការទទួលយក ដោយប្រទេសដទៃទៀត។

លោកស្រី Choyleva បានបញ្ជាក់បន្ថែមថា "តាមរយៈការធ្វើឱ្យប្រព័ន្ធទូទាត់ កាន់តែងាយស្រួល និងថោកជាងមុន លុយយ័នអាចទាក់ទាញអ្នកប្រើប្រាស់ច្រើនជាងមុន ជាពិសេស ក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ ដែល​ចំណាយយ៉ាងច្រើន លើការពឹងផ្អែកលើប្រព័ន្ធលុយដុល្លារអាមេរិក។ ក្នុងពេលជាមួយគ្នា ប្រទេសទាំងនោះក៏ចង់កាត់បន្ថយការពឹងផ្អែករបស់ពួកគេ ទៅលើប្រាក់ដុល្លារអាមេរិកផងដែរ សម្រាប់ហេតុផលភូមិសាស្ត្រនយោបាយ"។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ