អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទោស​ប្រហារជីវិត​ លើ​​​បទល្មើស​គ្រឿងញៀន​នៅ​អាស៊ីអាគ្នេយ៍ គ្មាន​​ប្រសិទ្ធភាព​​ទប់ស្កាត់​ការជួញដូរ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ គឺជាប្រទេសដែលមាន​ការផ្តន្ទាទោស យ៉ាងធ្ងន់បំផុតទៅលើ​បទល្មើស ដែលពាក់ព័ន្ធ​នឹង​គ្រឿងញៀន ពោលគឺភាគច្រើនជាទោសប្រហារជីវិត។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ ចរាចរណ៍ និង​ការជួញដូរគ្រឿងញៀន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនបានចុះថយ​ទេ គឺផ្ទុយទៅវិញ វាកាន់​តែមានកំណើនជាប់ជាលំដាប់។ ជានិច្ចជាកាល គឺអ្នកដឹកជញ្ជូន ឬចែកចាយ​គ្រឿងញៀន ដែលជាកូនចៅគេ​តូចតាច ដែលត្រូវរងទោសប្រហារជីវិត​ ខណៈដែល​មេក្លោងជួញដូរធំៗ នៅតែបន្តធ្វើជំនួញ​នេះ​ ដោយ​គ្មានខ្លាចរអា។ តើទោសប្រហារជីវិត លើ​បទល្មើសគ្រឿងញៀន​នៅអាស៊ីអាគ្នេយ៍​ មានប្រសិទ្ធភាព ឬគ្មានប្រសិទ្ធ ក្នុងការ​ប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន?

សមត្ថកិច្ចឥណ្ឌូណេស៊ី ដាក់បង្ហាញគ្រឿងញៀន methamphetamine hydrochloride ដែលគេចុះចាប់បាន​នៅតំបន់ "Shabu"។ ក្រុងចាការតា ថ្ងៃទី ២៨ មេសា ២០២១
សមត្ថកិច្ចឥណ្ឌូណេស៊ី ដាក់បង្ហាញគ្រឿងញៀន methamphetamine hydrochloride ដែលគេចុះចាប់បាន​នៅតំបន់ "Shabu"។ ក្រុងចាការតា ថ្ងៃទី ២៨ មេសា ២០២១ AP - Achmad Ibrahim
ផ្សាយពាណិជ្ជកម្ម

ថ្មីៗនេះ រឿងរ៉ាវរបស់បុរសជនជាតិម៉ាឡេស៊ី ឈ្មោះ Nagaenthran ដែលមានបញ្ហាផ្លូវចិត្ត ហើយ​ដែល​ត្រូវបាន​តុលាការសិង្ហបុរី បម្រុងនឹង​ធ្វើការ​ប្រហារជីវិត​ ពីបទកាន់​កាប់​គ្រឿងញៀន​ បានធ្វើ​ឲ្យ​មតិសាធារណៈនិងអង្គការសិទ្ធិមនុស្ស​ មានការតវ៉ាជាខ្លាំង។ ទោសប្រហារជីវិត គឺជាអាវុធដែលប្រទេសតំបន់អាស៊ីអាគ្នេយ៍ភាគច្រើន បានប្រើប្រាស់ ដោយ​លើកឡើងថា ដើម្បី​បំភ័យសំឡុតជនល្មើស។

គ្រឿងញៀនទំងន់៤៣ក្រាម ធ្វើឲ្យ​បុរសឈ្មោះ Nagaenthran អាចត្រូវតុលាការសិង្ហបុរី​ប្រហារជីវិត។ ហើយ​កាលពីឆ្នាំ២០២០ ​តុលាការសិង្ហបុរី ក៏បាន​បើកសវនាតាមប្រព័ន្ធវីដេអូខុសហ្វឺរិនស៍ សម្រេច​ផ្តន្ទាទោសប្រហារជីវិត លើ​បុរសជនជាតិម៉ាឡេស៊ីមួយរូបទៀតដែរ  ដោយគ្រាន់តែរកឃើញថា ជននោះមានកាន់កាប់គ្រឿងញៀន ចំនួន​២៨ក្រាមតែប៉ុណ្ណោះ។ ចំណែកនៅឥណ្ឌូណេស៊ីវិញ កាលពីខែ​មេសា តុលាការ​បានសម្រេចទោសប្រហារជីវិត លើ​មនុស្ស​១៣នាក់​ដែលពាក់ព័ន្ធនឹង​បទល្មើសគ្រឿងញៀន។ ហើយ​នៅខែតុលាមុននេះ តុលាការម៉ាឡេស៊ី បានប្រកាសទោស​ប្រហារជីវិត លើស្ត្រីមេម៉ាយកូន​៩នាក់​ម្នាក់ ពីបទកាន់កាប់គ្រឿងញៀន មេតំហ្វេតាមីន  ចំនួន​១១៤ក្រាម។

ការជួញដូរ​ កើនឡើងជាលំដាប់

ក្នុងចំណោម​ប្រទេសអាស៊ានទាំង១០ មាន​៨ប្រទេស ដែល​មាន​ច្បាប់កំណត់ទោសប្រហារជីវិត លើ​បទល្មើសគ្រឿងញៀន មិនថាដោយ​គ្រាន់តែកាន់កាប់ ក្នុងទំហំតិចតួច ឬក៏ជាបណ្តាញជួញដូរធំនោះ​ទេ​។ ចំណែក​នៅហ្វីលីពីន ថ្វីបើគ្មានទោសប្រហារជីវិតមែន តែប្រតិបត្តិការប្រឆាំងគ្រឿងញៀន​ បញ្ជាដោយ​លោកប្រធានាធិបតី ឌុយទែរតឺ បាន​សម្លាប់​មនុស្សក្រៅប្រព័ន្ធច្បាប់ ចំនួន​៦០០០នាក់​ បើយោងតាមតួលេខផ្លូវការ។ តែបើផ្អែកតាមតួលេខ​ផ្សេងទៀត មនុស្ស​យ៉ាង​តិច​២ម៉ឺននាក់​ ដែលត្រូវបានគេសម្លាប់ ក្នុង​ប្រតិបត្តិការបង្រ្កាបគ្រឿងញៀន នៅហ្វីលីពីន។

២ឆ្នាំមកនេះ ខណៈដែលសកម្មភាពសេដ្ឋកិច្ចពិភពលោក បានត្រូវរាំងស្ទះដោយសារតែវិបត្តិកូវីដ តែចរាចរណ៍គ្រឿងញៀននៅអាស៊ីអាគ្នេយ៍ មិនបានចុះថយទេ។ យោងតាមរបាយការណ៍ឆ្នាំ២០២០ នៃអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​ឲ្យ​ដឹងថា ការចាប់ឃាត់គ្រឿងញៀន ប្រភេទម៉េតំហ្វេមីន នៅអាស៊ីអាគ្នេយ៍ បាន​កើនឡើងជាលំដាប់ ក្នុងរវាង​១០ឆ្នាំចុងក្រោយនេះ។​ ពោលគឺវាខុសពី​តំបន់ផ្សេងៗទៀត ក្នុងពិភពលោក។ ក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩​ ថ្វីបើតម្លៃគ្រឿងញៀនបានចុះថោក តែទំហំបរិមាណគ្រឿងញៀនវិញ មិនបានចុះថយទេ នៅអាស៊ីអាគ្នេយ៍។

ដោយសង្កេតឃើញបញ្ហានេះ អ្នកជំនាញ​ជាច្រើន បានចោទសួរ ថាតើ ការផ្តន្ទាទោសដ៏ធ្ងន់ តាមរយៈការប្រហារជីវិត វាពិតជាមានប្រយោជន៍ ដើម្បី​ទប់ស្កាត់ការ​ជួញដូរគ្រឿងញៀន ដែរឬទេ? ទោសកាន់តែធ្ងន់ តែចរាចរណ៍ជួញដូរវិញ កាន់តែ​រីកធំទៅៗ។

គោលនយោបាយ​ប្រជាភិថុត

លោកស្រី Gloria Lai អគ្គនាយកប្រចាំតំបន់អាស៊ី នៃអង្គការ​ International Drug Policy Consortium បានលើកឡើងថា តាមពិត ការផ្តន្ទាទោសធ្ងន់បំផុត ទៅលើ​បទល្មើសគ្រឿងញៀន វា​គឺជាយុទ្ធសាស្ត្រប្រជាភិថុត បោកប្រាស់បំភ័ន្តភ្នែកប្រជាជន ពីសំណាក់ថ្នាក់ដឹកនាំនយោបាយ នៅ​តាម​ប្រទេសអាស៊ីអាគ្នេយ៍។ ជាក់ស្តែង នៅហ្វីលីពីន លោកប្រធានាធិបតីឌុយទែរតឺ បាន​ប្រើយុទ្ធសាស្ត្រនេះ ដើម្បីបានឈ្នះឆ្នោត ដោយ​សន្យាថានឹងបោសសំអាតគ្រឿងញៀន តែក្នុង​រយៈពេល​​៦ខែ។ នៅថៃវិញ កាលពីឆ្នាំ​២០០៣ លោក Thaksin Shinawatra ក៏បានបាន​សន្យា​ថាបោសសំអាតគ្រឿងញៀនដែរ។ ក្នុងរយៈពេលតែ​៣ខែ នៅថៃមានមនុស្ស​ប្រមាណ​២៨០០នាក់ ត្រូវបានគេសម្លាប់ក្រៅប្រព័ន្ធច្បាប់ ទាំងដែល​ប្រមាណ​ពាក់កណ្តាល មិនទាំងមានពាក់ព័ន្ធនឹងគ្រឿងញៀនផង។

នៅសិង្ហបុរីវិញ ទោសប្រហារជីវិតលើបទល្មើសគ្រឿងញៀន ត្រូវបាន​ចូលជាធរមាន​នៅឆ្នាំ​១៩៧៥ ក្រោម​ការដឹកនាំរបស់​លោក លី ក្វាន់យូ។ លោកលី ក្វាន់យូ បិតាស្ថាបនិកជាតិសិង្ហបុរី តែក៏ជាអ្នកនយោបាយ ដែលមានទំនោរផ្តាច់ការ និង​ប្រជាភិថុត បានសរសេរក្នុង​សៀវភៅកំណត់​ហេតុរបស់​លោកថា គោលនយោបាយ​ដាក់ទោសប្រហារជីវិតនេះ គឺ​លោកចង់ធ្វើឲ្យ​ដូចសម័យដែលជប៉ុនត្រួតត្រាដែនដីសិង្ហបុរី ហើយដែលជាសម័យមានច្បាប់តឹងតែងបំផុត។ យោងតាម​ការស្ទាបស្ទង់មតិនៅឆ្នាំ​២០១៩ ៧០%នៃប្រជាជនសិង្ហបុរី យល់ឃើញថា ទោសប្រហារជីវិតជាវិធានការល្អ ក្នុង​ការបំភ័យ បន្លាច​ពួកជួញដូរគ្រឿងញៀន។

ចាប់តែមនុស្សនៅបាតក្រោម​នៃបណ្តាញ​ជួញដូរ

តែយ៉ាងណាក៏ដោយ លោកស្រី​ Gloria Lai បាន​លើកឡើងថា ប្រព័ន្ធច្បាប់នៅតំបន់អាស៊ីអាគ្នេយ៍ ទាក់ទិននឹងបទល្មើសគ្រឿងញៀននេះ មានចំណុចខ្សោយ និងខ្វះចន្លោះច្រើនណាស់។ ជាទូទៅ ការបង្ក្រាប​គ្រឿងញៀន ដោយអនុវត្តតាមច្បាប់ដ៏តឹងតែងទាំងនេះ គឺភាគច្រើនធ្វើទៅលើ​ តែ​ករណី​បទល្មើសកាន់កាប់គ្រឿងញៀន។ អ្នកដែលមានគ្រឿងញៀនជាប់​នឹងខ្លួន ក្នុងឡាន ឬក្នុងផ្ទះជាដើម ទោះក្នុងបរិមាណតិចតួចយ៉ាងណាក៏ដោយ គឺត្រូវជាប់ចោទពីបទជួញដូរគ្រឿងញៀនទាំងអស់។

នេះគឺជាបញ្ហាចោទមួយ ព្រោះភាគច្រើនមនុស្សដែលគេចាប់បាន ក្នុងករណីទាំងនេះ សុទ្ធតែជាកូនចៅគេ ស្ថិតនៅបាតក្រោមបង្អស់ នៃបណ្តាញ​ជួញដូរ ឬក៏ជួនកាលគឺជាអ្នកប្រើប្រាស់ថ្នាំញៀនធម្មតាប៉ុណ្ណោះ។ ដូច្នេះមិនខ្វះទេ មនុស្សថ្មីៗផ្សេងទៀត ដែលមានជីវភាពក្រីក្រ គ្មានសង្ឃឹម គ្មានមុខរបរ ដែល​នឹងមកបន្តធ្វើការងារ​ខុសច្បាប់នេះ។ ផ្ទុយទៅវិញ មេក្លោងធំៗ ដែលស្ថិតនៅលើដំបូលកំពូល នៃការបណ្តាញជួញដូរ កម្រត្រូវបានគេចាប់ខ្លួនណាស់។ អំពើ​ពុករលួយ ការឃុបឃិតជាមួយអាជ្ញាធរមានសមត្ថកិច្ច ក៏ជាកត្តាមួយដែរ ដែលធ្វើឲ្យ​ការជួញដូរគ្រឿងញៀន កាន់តែរីកធំ ទោះបី​មាន​ទោសប្រហារជីវិតក៏ដោយ។ មានតែ​អ្នកក្រ អ្នកធ្វើកូនចៅគេតូចតាច តែប៉ុណ្ណោះ ដែលប្រឈមនឹងទោសប្រហារជីវិត។

គ្មាន​គោលនយោបាយ​សង្គមកិច្ច និងសុខភាពសាធារណៈ

ការអនុវត្តច្បាប់ដ៏តឹងតែង ចាប់តែមនុស្សតូចតាច ក៏បានស្តែងឲ្យ​ឃើញផងដែរ ពីការគ្មានគោលនយោបាយដោះស្រាយ​ ជាលក្ខណៈយូរអង្វែង ក្នុងវិបត្តិគ្រឿងញៀននេះ។ រដ្ឋាភិបាល​​ប្រទេសអាស៊ីអាគ្នេយ៍សឹងទាំងអស់ មិនមាន​ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលត្រឹមត្រូវ ដើម្បីជួយ​រំដោះមនុស្ស ឲ្យ​ចាកចេញពីការប្រើប្រាស់គ្រឿងញៀនទេ។ វាគឺជា​គោលនយោបាយរដ្ឋបាលសង្គមកិច្ច និងសុខភាពសាធារណៈ ដែល​មានលក្ខណៈស្មុគស្មាញ និងយូរអង្វែង ហើយ​ដែលរដ្ឋាភិបាល​តាមប្រទេសទាំងនេះ មិនយកចិត្តទុកដាក់ ឬក៏​មិនចង់ធ្វើ​។ អ្នកនយោបាយដឹកនាំប្រទេស សុខចិត្តជ្រក​ពួន​នៅពីក្រោយ​  ច្បាប់ផ្តន្ទាទោសដ៏តឹងតែងវិញ ព្រោះវាងាយស្រួលជាង ទាំងដែលការពិតជាក់ស្តែង ចរាចរណ៍គ្រឿងញៀនមិនបានចុះថយសោះ។

បើយើងក្រឡេក​តាមដាន ចាប់ពីទសវត្សឆ្នាំ១៩៧០មក ប្រទេសមួយចំនួនធំនៅអឺរ៉ុប នៅអាេមរិក បានចាប់ផ្តើមលុបចោលទោសប្រហារជីវិត។ តែនៅតាមប្រទេសអាស៊ីអាគ្នេយ៍ ដូចជាសិង្ហបុរី ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី គេបែរជា​ចាប់ផ្តើម​ប្រើប្រាស់ទោសប្រហារជីវិត លើ​បទល្មើសគ្រឿងញៀន។ ក៏ប៉ុន្តែក្នុងរវាង ៤០ឆ្នាំចុងក្រោយនេះ​ ការជួញដូរគ្រឿងញៀនក្នុងតំបន់អាស៊ីអាគ្នេយ៍ បានកើនឡើងជាលំដាប់។ ថ្នាំគ្រាប់មេតំហ្វេតាមីន ដែលមានតម្លៃថោក និងងាយស្រួលផលិត​ បានមកជំនួសថ្នាំញៀនប្រភេទហេរ៉ូអ៊ីន ហើយ​ត្រូវបាន​គេចែកចាយលក់​ព្រោងព្រាត។

យ៉ាងណាក៏ដោយ ការយល់ឃើញអំពីប្រសិទ្ធភាព​នៃទោសប្រហារជីវិត ទៅលើ​បទល្មើសគ្រឿងញៀន ក៏បាន​ចាប់ផ្តើមប្រែប្រួលខ្លះ​ដែរ។ នៅសិង្ហបុរី ចាប់ពីឆ្នាំ​២០១២មក ប្រព័ន្ធច្បាប់ប្រទេសនេះ បានសម្រេចបោះបង់ចោលគំនិត ប្រើប្រាស់​ទោសប្រហារជីវិតតែមួយមុខ ឲ្យ​តែក្នុង​ករណី​ពាក់ព័ន្ធនឹងគ្រឿងញៀន។ ម៉ាឡេស៊ីវិញ ក៏បានសម្រេចដូច្នេះដែរ នៅឆ្នាំ​២០១៩។ ក្រុមសកម្មជន​ប្រឆាំង​ទោសប្រហារជីវិត នឹងនៅតែបន្ត​ធ្វើយុទ្ធនាការទាមទារ ឲ្យ​ប្រទេសអាស៊ីអាគ្នេយ៍​ បោះបង់ចោល​ទោសនេះតែម្តង ព្រោះទោសប្រហារជីវិត មិនមែនជាដំណោះស្រាយ​ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ