អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាច​​ទទួល​យក​បានទេ បើ​​​អាំងទែរ​ប៉ូល​​ជ្រើសរើស​ប្រធានថ្មី​ ជាមេ​នគរបាល ដែល​ជាប់​ចោទ​​ពីបទ​រំលោភ​សិទ្ធិមនុស្ស?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានប័នប៉ូលីសអន្តរជាតិ Interpol បានបើក​អង្គសន្និបាត ចាប់ពីថ្ងៃទី​២៣វិច្ឆិកា ដល់ថ្ងៃទី​២​៥​វិច្ឆិកា​ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធានថ្មី។ មានបេក្ខជនម្នាក់ ជាមេបញ្ជាការ​នគរបាល​អេមីរ៉ាតអារ៉ាប់រួម ឈ្មោះ អាម៉េដ អាល់រ៉ៃស៊ី គឺជាបេក្ខជនដែល​មានប្រៀបខ្លាំងជាងគេ​ និងសង្ឃឹមក្លាយ​ជា​ប្រធានថ្មី របស់អាំងទែរប៉ូល។ ក៏ប៉ុន្តែ នាយ​នគរបាល​អេមៀរ៉ាតអារ៉ាប់រួមរូប​នះ ត្រូវបាន​មនុស្ស​មួយចំនួន ដាក់ពាក្យ​ប្តឹង ពីបទចេញ​បញ្ជា ឲ្យ​មានការធ្វើទារុណកម្ម និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។​ ក្នុងនាម​ជាស្ថាប័នប៉ូលីសអន្តរជាតិ Interpol  តើ​អាច​ទទួលយកបានទេ​​ នូវ​អនាគតប្រធានថ្មី ដែលជាប់ចោទ ថាជាអតីតមេបញ្ជាការនគរបាល ប្រើអំណាច​រំលោភសិទ្ធិមនុស្ស?

លោកមេបញ្ជាការនគរបាលជាតិ​អេមីរ៉ាតអារ៉ាប់រួម Ahmed Nasser Al-Raisi កំពុងថ្លែងសន្ទរកថា នៅក្នុងកិច្ចប្រជុំមួយរបស់ Interpol
លោកមេបញ្ជាការនគរបាលជាតិ​អេមីរ៉ាតអារ៉ាប់រួម Ahmed Nasser Al-Raisi កំពុងថ្លែងសន្ទរកថា នៅក្នុងកិច្ចប្រជុំមួយរបស់ Interpol © Crédit photo : AFP
ផ្សាយពាណិជ្ជកម្ម

អាំងទែរប៉ូល Interpol ដែលមានស្នាក់ការធំនៅ​ទីក្រុងលីយ៉ុង ប្រទេសបារាំង គឺជាស្ថាប័ន​នគរបាលអន្តរជាតិ ដែលមានតួនាទី​ប្រយុទ្ធប្រឆាំង នឹង​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ ចាប់ពីថ្ងៃទី​២៣ វិច្ឆិកា ដល់ថ្ងៃ ២៥វិច្ឆិកា ស្ថាប័ន​នេះ បើកមហាសន្និបាទ ដើម្បីបោះឆ្នោត​ជ្រើសរើសប្រធានថ្មី។ មាន​បេក្ខជន២រូប ដែលឈរឈ្មោះ គឺលោកអា​​ម៉េដ​ អាល់រ៉ៃស៊ី ​(Ahmed Nesser al-Raisi) ជនជាតិអេមីរ៉ាតអារ៉ាប់រួម និង​លោកស្រី​ Sarka Havrankova ជនជាតិឆេក។

ទារុណកម្ម និង​អំពើរំលោភសិទ្ធិមនុស្ស

ប្រភពជាច្រើនបានអះអាងថា គឺលោក Ahmed al-Raisi ដែលជាបេក្ខជនមានប្រៀប អាចត្រូវបាន​សមាជិកអាំងទែរប៉ូល ជ្រើសរើស​ឲ្យធ្វើជាប្រធានថ្មី នៃស្ថាប័ននេះ។ ក៏ប៉ុន្តែ បេក្ខភាព​របស់​មេបញ្ជាការនគរបាល​អេមីរ៉ាតអារ៉ាប់រួមរូបនេះ កំពុងតែចោទជាបញ្ហាចម្រូងចម្រាស ជាច្រើន បន្ទាប់ពីមានពាក្យ​បណ្តឹងមួយចំនួន ដាក់នៅតុលាការបារាំង អង់គ្លេស និងតួកគី ចោទថាលោក​ម្នាក់នេះ គឺ​ជាអ្នកបញ្ជា ឲ្យ​សមត្ថកិច្ចអេមីរ៉ាតអារ៉ាប់រួម ចាប់បង្ឃាំងមនុស្ស ធ្វើទារុណកម្ម និង​ធ្វើ​សកម្មភាព​រំលោភសិទ្ធិមនុស្សផ្សេងៗទៀត។

ជាក់ស្តែង អង្គការ​ Gulf Center For Human Rights បានដាក់ពាក្យ​ប្តឹងនៅតុលាការបារាំង ដោយ ចោទលោក Ahmed al-Raisi​ ក្នុងនាមជាអគ្គបេបញ្ជាការនគរបាលអេមីរ៉ាតអារ៉ាប់រួម ថាបានធ្វើទុក្ខបុកម្នេញ ទៅលើ​សកម្មជននយោបាយ​ប្រឆាំង និង​សកម្មជនសិទ្ធិមនុស្ស។ តួយ៉ាង លោក Ahmed Mansour អ្នកសរសេរទំព័រ Blog រិះគន់ម្នាក់ នៅអេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបាន​គេចាប់ដាក់ឃុំ និងធ្វ់ទារុណកម្ម​ ប្រមាណ​៥ឆ្នាំមកហើយ។ នេះបើផ្អែកតាម​លោក​ William Bourdon មេធាវីរបស់​អង្គការដើមបណ្តឹង។

ចាប់ដាក់ឃុំ និងរងទារុណកម្ម ដោយសារតែពាក់អាវមានទង់ជាតិកាតា

លោក Ahmed al-Raisi​ ក៏មានពាក់ព័ន្ធនឹងពាក្យ​បណ្តឹង ពីមនុស្ស២នាក់ផ្សេងទៀត នៅ​ប្រទេសអង់គ្លេស ពីបទធ្វើទារុណកម្ម លើជនជាតិអង់គ្លេស២នាក់។ អ្នក​ទី១ ឈ្មោះ Ali Issa Ahmad គឺជាអ្នកគាំទ្រកីឡាបាល់ទាត់ ហើយ​បានធ្វើដំណើរទៅតាមដានការប្រកួតពានរង្វាន់អាស៊ី កាលពីឆ្នាំ​២០១៩ នៅ​ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ នៅក្នុងពេលទៅ​មើលការប្រកួត​ Ali Issa Ahmad បានពាក់អាវយឺតកីឡា មានទង់ជាតិប្រទេសកាតា ហើយត្រូវបាន​សមត្ថកិច្ច​នគរបាល អេមីរ៉ាតអារ៉ាប់រួម ចាប់ឃុំខ្លួន និងបានធ្វើទារុណកម្ម រយៈពេល​៣សប្តាហ៍។

ចំណែកដើមបណ្តឹងម្នាក់ទៀត ជាជនជាតិអង់គ្លេសដែរ ឈ្មោះ Matthew Hedges ជាសាស្ត្រាចារ្យ ហើយបានធ្វើការស្រាវជ្រាវ ស្តីពី​ស្ថាប័ន​សន្តិសុខនៅអេមីរ៉ាតអារ៉ាប់រួម។ ត្រូវគេដាក់ឃុំដោយអយុត្តិធម៌ ចំនួន​៧ខែ ពីបទចារកិច្ច លោក​Matthew Hedges ​បានរងនូវទារុណកម្ម ទាំងផ្លូវកាយ និងសតិអារម្មណ៍យ៉ាង​ធ្ងន់ធ្ងរបំផុត។

ជនជាតិអង់គ្លេស​ទាំង២នាក់ បានដាក់ពាក្យប្តឹង លោក Ahmed al-Raisi​ ដោយជឿថាគឺលោកម្នាក់នេះ ជាអ្នកបញ្ជាឲ្យ​មានការធ្វើ​អំពើព្រៃផ្សៃទាំងអស់នេះ។ ហើយកាលពីថ្ងៃទី ១៦វិច្ឆិកា លោក Hubert Julien-Laferrière សមាជិកសភាបារាំងប្រចាំតំបន់ Rhône បានអញ្ជើញជនរងគ្រោះទាំង២នាក់នេះ ឲ្យ​ផ្តល់សក្ខីកម្មចំពោះមុខអង្គសភាបារាំង ដើម្បីពញ្ញាក់ស្មារតីអ្នកនយោបាយបារាំងទាំងអស់ ឲ្យ​ក្រោកឡើងប្រឆាំងនឹងបេក្ខភាពលោក Ahmed al-Raisi​ ជាប្រធានអាំងទែរ​ប៉ូល។ សមាជិកសភាបារាំង លោក​Hubert Julien-Laferrière បានលើកឡើងស្ថាប័ននគរបាលអន្តរជាតិ មិនអាចត្រូវបានដឹកនាំដោយ​មនុស្សម្នាក់ ដែលជាឧក្រិដ្ឋជននោះទេ។

លោក Khalid Ibrahim ប្រធានអង្គការ​ Gulf Center For Human Rights បានថ្លែងការត្រេកអរ ដែលមាន​ពាក្យ​បណ្តឹងកាន់តែច្រើន ទាក់ទិននឹងលោក Ahmed al-Raisi​ នៅតាមប្រទេសផ្សេងៗ​។ លោកសង្ឃឹមថា ពាក្យ​បណ្តឹងទាំងនេះនឹងអាចឈានទៅដល់ ការចាប់ឃាត់ខ្លួនជននេះ យកមកជំនំជំរះ ដោយឈរលើសមត្ថភាព​អំណាច​​យុត្តាធិការ​ជាលក្ខណៈសកល នៃប្រព័ន្ធយុត្តិធម៌។ លោកលើកឡើងថា បណ្តឹងបែបនេះ មិនអាចធ្វើទៅរួចទេ នៅក្នុង​ប្រទេសអេមីរ៉ាតអារ៉ាប់រួម ព្រោះគ្រប់យ៉ាង គឺគេសម្រេចពីថ្នាក់លើកំពូល​មកទាំងអស់។

« រឿងអាស្រូវធំ បើInterpol មានប្រធានជាឧក្រិដ្ឋជន »

ដោយឡែក លោក Patrick Baudoin ប្រធានកិត្តិយស នៃសហភាពអន្តរជាតិដើម្បី​សិទ្ធិ​មនុស្ស បាន​លើកឡើងថា នៅបារាំង គឺរដ្ឋអាជ្ញាមិនទាន់​បាន​សម្រេច​ បើក​ការស៊ើបអង្កេតជាផ្លូវការទេ លើពាក្យ​បណ្តឹងទាំងនេះ។ លោក​បានទាញសញ្ញាអាសន្នថា វានឹងជារឿងអាស្រូវធំ ប្រសិនបើ លោក Ahmed al-Raisi​ ក្លាយ​ជាប្រធានរបស់អាំងទែរប៉ូលមែននោះ។ លោកបន្ថែមថា មនុស្សដែលមាន​ចិត្តឃោរឃៅរូបនេះ នឹង​បន្តធ្វើសកម្មភាពរំលោភបំពានរបស់ខ្លួន នៅទូទាំងពិភពលោកតែម្តង។

យ៉ាងណាក៏ដោយ បើទោះបីជាមានសមាជិកសភាប្រមាណជាង​៥០នាក់ ខំប្រឹងឈ្មុសឈ្មុល ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​ម៉ាក្រុង ធ្វើអន្តរាគមន៍ ក៏ប៉ុន្តែបញ្ហានេះ ហាក់មិនសូវត្រូវបាន​រដ្ឋាភិបាលបារាំង ចាប់អារម្មណ៍ប៉ុន្មានទេ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានត្រឹមតែឆ្លើយថា គិតមកទល់ពេលនេះ គេគ្មាន​អ្វីមកបញ្ជាក់បានទេ ថាការចោទប្រកាន់ទៅលើរូបលោក Ahmed al-Raisi​ ទាំងនោះ មានភស្តុតាង នឹងអំណះអំណាងផ្លូវច្បាប់គ្រប់គ្រាន់។

អេមីរ៉ាតអារ៉ាប់រួម ជាអតិថិជនអាវុធរបស់បារាំង

បើតាមការវិភាគ របស់​លោក Hubert Julien-Lafferière រដ្ឋាភិបាល​បារាំង​ មិនចង់ចេញមុខ រារាំងបេក្ខភាពរបស់ លោក Ahmed al-Raisi​ ពីព្រោះថា បារាំង មិនចង់មានបញ្ហា​ការទូតជាមួយ​អេមីរ៉ាតអារ៉ាប់រួម។ ប្រទេសនេះ ទិញអាវុធពីបារាំងច្រើនណាស់ ហើយ​បារាំងក៏មិនដែលទាមទារលក្ខខណ្ឌគោរពសិទ្ធិមនុស្សអ្វី ពីប្រទេសនេះដែរ។

អ្នកកាសែតរបស់វិទ្យុបារាំងអន្តរជាតិ RFI បានព្យាយាមទាក់ទង សុំការបំភ្លឺពីលោក Ahmed al-Raisi​  តែត្រូវបាន​លោក​ម្នាក់នេះ ប្រកែកមិនឆ្លើយ។ ចំណែកស្ថានទូតអេមីរ៉ាតអារ៉ាប់រួម ប្រចាំនៅក្រុងប៉ារីស បានឆ្លើយថា « លោក Ahmed al-Raisi​  គឺជាមេបញ្ជាការនគរបាលម្នាក់ ដែលមានសមត្ថភាព និងបទពិសោធន៍ការងារ៤០ឆ្នាំមកហើយ។ ប្រសិនបើ​លោកត្រូវជាប់ឆ្នោតជាប្រធានអាំងទែរប៉ូល នោះលោកនឹងបន្តធ្វើការងារនេះ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅទូទាំងពិភពលោក »។

គួរបញ្ជាក់ថា នៅថ្ងៃទៅ​២៥វិច្ឆិកាខាងមុខនេះ គេនឹងដឹង​ថាអ្នកណានឹងក្លាយជាប្រធានថ្មី របស់អាំងទែរប៉ូលហើយ។ បើតាមប្រភពស្និទ្ធនឹងសំណុំរឿងនេះ លោក Ahmed al-Raisi​  បានប្រើយុទ្ធសាស្ត្រទិញទឹកចិត្ត អូសទាញដើម្បីអាចបានសម្លេងឆ្នោតច្រើនបំផុត។ បេក្ខជនម្នាក់ទៀត ដែលជាគូប្រជែងរបស់​លោក គឺលោកស្រី Sarka Havrankova ប្រហែលជាមានសង្ឃឹមតិចណាស់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ