អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើប្រទេសម្ចាស់ជំនួយធំៗបានជួយអ្វីខ្លះដល់ពិភពលោកក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាពេលថ្មីៗ វិទ្យាស្ថានស្រាវជ្រាវ Brookings បានចេញផ្សាយរបាយការណ៍ថ្មីមួយ ដែលបង្ហាញថា សហរដ្ឋអាម៉េរិក អាល្លឺម៉ង់ ចក្រភពអង់គ្លេស ជប៉ុន និងបារាំង គឺជាម្ចាស់ជំនួយអភិវឌ្ឍធំបំផុត សម្រាប់ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីតាមដានការវិវត្តន៍ និងប្រសិទ្ធភាពនៃគម្រោងជំនួយអភិវឌ្ឍទាំងនោះ បណ្ដាប្រទេសម្ចាស់ជំនួយ និងដៃគូសហការអន្ដរជាតិ បាន​បង្កើតកម្មវិធីមួយដែលគេហៅថា “ការពិនិត្យជាតិស្ម័គ្រចិត្ត”។

កិច្ចប្រជុំស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុង​អំឡុង​មហាសន្និបាត​អ.ស.ប. ថ្ងៃទី២០ កញ្ញា ២០២១
កិច្ចប្រជុំស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុង​អំឡុង​មហាសន្និបាត​អ.ស.ប. ថ្ងៃទី២០ កញ្ញា ២០២១ © John Angelillo/Pool Photo via AP
ផ្សាយពាណិជ្ជកម្ម

នៅក្នុងឆ្នាំ២០១៥ ប្រទេសចំនួន១៩៣នៅទូទាំងពិភពលោក បានចុះហត្ថលេខារួមគ្នា លើរបៀបវារៈឆ្នាំ២០៣០ សម្រាប់ “គោលដៅអភិវឌ្ឍប្រកបដោយចីរភាព” របស់អង្គការសហប្រជាជាតិ។ គោលដៅអភិវឌ្ឍថ្មីនេះ មានលក្ខណៈជាសកល និងគ្របដណ្តប់លើវិសាលភាពទូលំទូលាយជាង ទាំងផ្នែកសេដ្ឋកិច្ច សង្គម បរិស្ថាន និងនយោបាយ បើប្រៀបធៀបនឹង “គោលដៅអភិវឌ្ឍសហស្សវត្សរ៍” កាលពីឆ្នាំ២០០០ ដែលជាគោលដៅតូចចង្អៀតជាង និងផ្តោតជាពិសេស លើការលើកកម្ពស់វឌ្ឍនភាពសេដ្ឋកិច្ច និងសង្គម នៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម។

តើអ្វីជា គោលដៅអភិវឌ្ឍប្រកបដោយចីរភាព?

គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ផ្តោតលើបញ្ហាអភិវឌ្ឍគន្លឹះ ចំនួន១៧ រួមមាន៖ (១) ការលុបបំបាត់ភាពក្រីក្រសកល (២) ការលុបបំបាត់ភាពស្រេកឃ្លានសកល (៣) សុខភាពល្អ (៤) ការអប់រំប្រកបដោយគុណភាព (៥) សមភាពយេនឌ័រ (៦) ទឹកស្អាត និងអនាម័យ (៧) ថាមពលកើតឡើងវិញ និងក្នុងតម្លៃសមរម្យ (៨) ការងារ និងសេដ្ឋកិច្ចល្អ (៩) នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធល្អ (១០) ការកាត់បន្ថយវិសមភាព (១១) ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព (១២) ការប្រើប្រាស់ធនធានប្រកបដោយការទទួលខុសត្រូវ (១៣) វិធានការចំពោះបញ្ហាអាកាសធាតុ (១៤) ទឹកសមុទ្រប្រកបដោយចីរភាព (១៥) ការប្រើប្រាស់ដីប្រកបដោយចីរភាព (១៦) សន្តិភាព និងយុត្តិធម៌ និង (១៧) ដៃគូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

នៅក្នុងកិច្ចប្រជុំជាសកល ប្រទេសទាំងអស់នៅលើពិភពលោក ទទួលស្គាល់ថា គោលដៅអភិវឌ្ឍប្រកបដោយចីរភាព គឺជាដំណើរការអភិវឌ្ឍដ៏សំខាន់ សម្រាប់ប្រទេសទាំងអស់លើពិភពលោក មិនថាប្រទេសទាំងនោះ មានកម្រិតអភិវឌ្ឍសេដ្ឋកិច្ចបែបណាឡើយ។

តើប្រទេសម្ចាស់ជំនួយធំៗផ្តល់ថវិកាប៉ុន្មានទៅកាន់ពិភពលោក?

ផ្អែកតាមតួលេខផ្លូវការ នៅឆ្នាំ២០១៩ សហរដ្ឋអាម៉េរិកគឺជាប្រទេសផ្តល់ជំនួយអភិវឌ្ឍធំជាងគេបំផុត ដោយបានផ្តល់ជំនួយទៅកាន់ពិភពលោក ក្នុងទំហំថវិកាចំនួន ៣៤,៦ពាន់លានដុល្លារអាម៉េរិក បន្ទាប់មកគឺ អាល្លឺម៉ង់ (២៣,៨ពាន់លានដុល្លារអាម៉េរិក) ចក្រភពអង់គ្លេស (១៩,៤ពាន់លានដុល្លារអាម៉េរិក) ជប៉ុន (១៥,៥ពាន់លានដុល្លារអាម៉េរិក) និងបារាំង (១២,២ពាន់លានដុល្លារអាម៉េរិក)។ ប្រទេសទាំងនេះជាសមាជិកនៃ គណៈកម្មាធិការជំនួយអភិវឌ្ឍ (DAC) របស់ អង្គការដើម្បីសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច (OECD)។

តើធ្វើយ៉ាងណាទើបគេដឹងថាជំនួយអភិវឌ្ឍមានប្រសិទ្ធភាព?

នាពេលថ្មីៗ វិទ្យាស្ថានស្រាវជ្រាវ Brookings បានចេញផ្សាយរបាយការណ៍ថ្មីមួយ ដើម្បីបង្ហាញអំពីការប្ដេជ្ញាចិត្តរបស់ប្រទេសម្ចាស់ជំនួយ សម្រាប់ការសម្រេចបាន “គោលដៅអភិវឌ្ឍប្រកបដោយចីរភាព” និងយន្តការតាមដានការវិវត្តន៍ និងប្រសិទ្ធភាពនៃជំនួយទាំងនោះ។

បណ្ដាប្រទេសយ៉ាងច្រើន បានបង្កើតកម្មវិធីតាមដានជំនួយបរទេសរបស់ខ្លួន ទៅប្រទេសដៃគូ និងតាមដានប្រសិទ្ធភាពនៃជំនួយ ដោយប្រើប្រាស់កម្មវិធីមួយដែលគេហៅថា “ការពិនិត្យជាតិស្ម័គ្រចិត្ត ឬ Voluntary National Review”។ ម្ចាស់ជំនួយមួយចំនួន មានគេហទំព័រ ដែលរាយការណ៍អំពីកម្មវិធី និងលទ្ធផលនៃគម្រោងអភិវឌ្ឍនានា។

ជាក់ស្ដែង បណ្ដាប្រទេសផ្សេងៗរួមមាន កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ហ្វាំងឡង់ នូវែលសេឡង់ ស៊ុយអែត អេស្ប៉ាញ និងអូស្ត្រាលី បានបង្កើតកម្មវិធី “ការពិនិត្យជាតិស្ម័គ្រចិត្តមួយ” នេះ។ ប្រទេសទាំងនេះបានរួមចំណែកយ៉ាងច្រើន តាមរយៈការផ្តល់ជំនួយអភិវឌ្ឍ សម្រាប់ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ប្រទេសប្រើប្រាស់គោលការណ៍៥ “មនុស្ស ភពផែនដី វិបុលភាព សន្តិភាព និងភាពជាដៃគូ” និងអនុវត្តនយោបាយ “មិនចោលនរណាម្នាក់” ក្នុងគម្រោងរបស់ខ្លួន។

រដ្ឋាភិបាលអាម៉េរិកមិនបានដាក់ចេញកម្មវិធី “ការពិនិត្យជាតិស្ម័គ្រចិត្ត” នេះទេ សម្រាប់កម្រិតថ្នាក់ជាតិទេ ប៉ុន្តែ បណ្ដាទីក្រុងនៅសហរដ្ឋអាម៉េរិកបានធ្វើវា។ ជាឧទាហរណ៍ ទីក្រុងញូវយ៉កបានត្រួសត្រាយផ្លូវបង្កើត ការពិនិត្យឡើងវិញដោយស្ម័គ្រចិត្តក្នុងតំបន់។ សម្រាប់សហរដ្ឋអាម៉េរិក គោលនយោបាយ និងទីភ្នាក់ងារអភិវឌ្ឍអាម៉េរិក រួមមាន៖ ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) សាជីវកម្មសហស្សវត្សរ៍ (MCC) សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍ (DFC) ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍអាម៉េរិក (USTDA) និងក្រសួងកសិកម្មអាម៉េរិក (USDA) ជាមួយដៃគូផ្តល់ជំនួយ និងយុទ្ធសាស្ត្រជាតិរបស់ប្រទេសជាដៃគូ។

គិតត្រឹមឆ្នាំ២០២០ ប្រទេសចំនួន១៦៨ បានសរសេរកម្មវិធី “ការពិនិត្យជាតិស្ម័គ្រចិត្តមួយ” ដើម្បីតាមដានការសម្រេចបានលទ្ធផលនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់ខ្លួន ស្របពេលដែល ប្រទេសចំនួន៤៣ផ្សេងទៀត រំពឹងទុកធ្វើរឿងនេះ នៅឆ្នាំ២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ