អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាបារាំងត្រូវការអារ៉ាប៊ីសាអូឌីតឲ្យជួយស្រោចស្រង់វិបត្តិលីបង់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​ទើប​បិទបញ្ចប់​ទស្សនកិច្ច​មួយ​ជុំ​តំបន់​ឈូងសមុទ្រពែក្ស​រយៈពេល ២ថ្ងៃ នៅ​ក្នុង​ប្រទេស​អារ៉ាប់​ចំនួន ៣ គឺ​អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និង​កាតា។ នា​ឱកាស​ទស្សនកិច្ច ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​បាន​កម្ម៉ង់​ទិញ​យន្តហោះ​ចម្បាំង​បារាំង​ចំនួន ៨០គ្រឿង​ក្នុង​ទឹកប្រាក់​ចំនួន ១៤ ០០០លានអឺរ៉ូ។ នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត លោក​ម៉ាក្រុង និង​រាជទាយាទ​បេន សាលម៉ាន​បាន​លើក​ឡើង​ពី​វិបត្តិ​ក្នុង​ប្រទេស​លីបង់​ដោយ​បាន​សន្យា​ស្តារ​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​លីបង់។ ហេតុអ្វី​បាន​ជា​បារាំង​ត្រូវ​ការ​អារ៉ាប៊ីសាអូឌីត​ឲ្យ​ជួយ​ស្រោចស្រង់​វិបត្តិ​លីបង់?។

​រាជទាយាទអារ៉ាប៊ីសាអូឌីតបេន សាលម៉ាន (រូបឆ្វេង) និង​ប្រធានាធិបតីបារាំង​លោក​ម៉ាក្រុង
​រាជទាយាទអារ៉ាប៊ីសាអូឌីតបេន សាលម៉ាន (រូបឆ្វេង) និង​ប្រធានាធិបតីបារាំង​លោក​ម៉ាក្រុង AP - Yoan Valat
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត និង​នៅ​ក្នុង​ជំនួប​ជាមួយ​រាជទាយាទ​បេន សាលម៉ាន​ដែល​ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​បិទបញ្ចប់​ទស្សនកិច្ច​មួយ​ជុំ​តំបន់​ឈូងសមុទ្រពែក្ស។ ខុស​ពី​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម និង​ប្រទេស​កាតា ជំនួប​រវាង​លោក​ម៉ាក្រុង និង​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន​ជា​ជំនួប​មួយ​ដែល​មាន​អ្នក​ខ្លះ​បាន​រង់ចាំ និង​អ្នក​ខ្លះ​ទៀត​បាន​រិះគន់ ទិតៀន​ចាស់​ដៃ។ អ្នក​ខ្លះ​បាន​រង់ចាំ​ព្រោះ​គេ​ចង់​ឃើញ​លោក​ម៉ាក្រុង​និយាយ​ជាមួយ​ព្រះអង្គ​ម្ចាស់​បេន សាលម៉ាន​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​អារ៉ាប៊ីសាអូឌីត ពិសេស​ទាក់ទង​នឹង​ឃាតកម្ម​សម្លាប់​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​លោក​ខាស្ហូហ្ស៊ី​នៅ​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៨។

រឿងរ៉ាវ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ព្រះអង្គម្ចាស់​បេន សាលម៉ាន​ខូច​ឈ្មោះ​ខ្លាំង​ណាស់​នៅ​លើ​ឆាក​អន្តរជាតិ។ តាម​ក្រសួង​ស៊ើបការណ៍​អាមេរិក CIA រាជទាយាទ​បេន សាលម៉ាន​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហ្ស៊ី។ ចំណែក​អ្នក​ខ្លះ​ទៀត​បាន​រិះគន់ ចាស់ដៃ ព្រោះ​គេ​មិន​ចង់​ឃើញ​លោក​ម៉ាក្រុង​ជ្រលក់​មាត់​រក​ព្រះអង្គម្ចាស់​បេន សាលម៉ាន។ គួរ​បញ្ជាក់​ថា ជាង ៣ឆ្នាំ​ក្រោយ​ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហ្ស៊ី លោក​ម៉ាក្រុង​ជា​ប្រមុខរដ្ឋ​បស្ចិមលោក​ទី១ ដែល​បាន​ធ្វើ​ដំណើរ​ទៅ ចាប់ដៃ និង​បាន​ជួប​និយាយ​ផ្ទាល់​ជាមួយ​បុរសខ្លាំង​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន។ « យើង​បាន​និយាយ​គ្នា​ត្រង់​ទៅ ត្រង់​មក​ដោយ​ផ្ទាល់​នៅ​គ្រប់​រឿង​ទាំង​អស់​ដោយ​គ្មាន​ទាត់​ចោល​រឿង​ណា​មួយ​ទេ ក្នុង​នោះ​ក៏​មាន​រឿង​សិទ្ធិមនុស្ស​មួយ​ដែរ »នេះ​ជា​ការ​ធានា​របស់​លោក​ម៉ាក្រុង។

សម្រាប់​ប្រមុខរដ្ឋ​បារាំង​រូប​នេះ​ដដែរ វា​ជា​រឿង​ចាំ​បាច់​ដែល​គេ​ត្រូវ​និយាយ​ជាមួយ​អារ៉ាប៊ីសាអូឌីត។ ជា​រឿង​ចាំ​បាច់ ព្រោះ​អារ៉ាប៊ីសាអូឌីត​ជា​ប្រទេស​ធំ​ជាង​គេ​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស។ តែ​លោក​ម៉ាក្រុង​មិន​ភ្លេច​បញ្ជាក់​ទេ​ថា ការ​និយាយ​ជាមួយ​អារ៉ាប៊ីសាអូឌីត​ពេល​នេះ​មិនមែន​មាន​ន័យ​ថា បារាំង​បាន​កាន់​ជើង ឬ​ស៊ុមគ្រលំ​ជាមួយ​អារ៉ាប៊ីសាអូឌីត​នៅ​ក្នុង​រឿងរ៉ាវ​អ្វី​មួយ​ឡើយ។ « យើង​តែងតែ​មាន​ជំហរ​ច្បាស់លាស់​ក្នុង​បញ្ហា​សិទ្ធិមនុស្ស ឬ​រឿង​ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហ្ស៊ី » នេះ​ជា​ការ​បន្ថែម​របស់​លោក​ម៉ាក្រុង។ មែនទែន​ទៅ ប្រមុខរដ្ឋ​បារាំង​ត្រូវ​ការ​អារ៉ាប៊ីសាអូឌីត​ដើម្បី​ស្ថិរភាព​នៅ​ក្នុង​តំបន់ និយាយ​ជា​រួម និង​ដើម្បី​ស្រោចស្រង់​វិបត្តិ​នៅ​ក្នុង​ប្រទេស​លីបង់ និយាយ​ដោយឡែក។

នេះ​ក៏​ដោយសារ​តែ​តាំង​ពី​ខែ​តុលា​កន្លង​ទៅ អារ៉ាប៊ីសាអូឌីត និង​ប្រទេស​អារ៉ាប់​ចំនួន ៣ ក្នុង​តំបន់​ឈូងសមុទ្រ​ពែក្ស មាន​បារ៉ែន អេមីរ៉ាតអារ៉ាប់រួម និង​កូវ៉ែត​បាន​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​លីបង់ រួម​ទាំង​ចាត់​វិធានការ​សេដ្ឋកិច្ច​មួយ​ចំនួន ដូច​ជា​ការ​បិទ​ការ​នាំ​ចូល​ទំនិញ​ពី​លីបង់។ មូលហេតុ គឺ​មក​ពី​អារ៉ាប៊សាអូឌីត​ក្តៅក្រហាយ​នឹង​ការ​រិះគន់​របស់​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​លីបង់​លោក George Kordahi ទៅ​លើ​អន្តរាគមន៍​យោធា​របស់​សម្ព័ន្ធអារ៉ាប់​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​នៅ​ក្នុង​ប្រទេស​យេម៉ែន​ក្នុង​ឆ្នាំ ២០១៥។ តែ​នៅ​មួយ​ថ្ងៃ​មុន​ការ​ទៅ​ដល់​អារ៉ាប៊ីសាអូឌីត​របស់​លោក​ម៉ាក្រុង​ក្នុង​ថ្ងៃ​សៅរ៍ ទី៤ ធ្នូ លោក George Kordahi បាន​សម្រេច​លា​ចុះ​ពី​តំណែង។

នេះ​ជា​ការ​បើក​ផ្លូវ​អនុញ្ញាត​ឲ្យ​លោក​ម៉ាក្រុង និង​ព្រះអង្គម្ចាស់​បេន សាលម៉ាន​សន្យា​ពេញ​ទំហឹង​ក្នុង​ការ​ស្តារ​ទំនាក់ទំនង​ការទូត​រវាង​អារ៉ាប៊ីសាអូឌីត និង​លីបង់​ឡើង​វិញ។ នៅ​ក្នុង​ន័យ​នេះ លោក​ម៉ាក្រុង និង​ព្រះអង្គម្ចាស់​បេន សាលម៉ាន​ចង់​ឃើញ​រដ្ឋាភិបាល​លីបង់​មាន​ដំណើរការ​ធម្មតា​ឆាប់​បំផុត និង​ផ្តើម​ធ្វើ​កំណែទម្រង់​ចាំ​បាច់។ តាម​លោក​ម៉ាក្រុង បារីស និង​រីយ៉ាដ​នឹង​ធ្វើ​ការ និង​គាំទ្រ​​រួម​គ្នា​ដើម្បី​ឲ្យ​លីបង់​ងើប​ផុត​ពី​វិបត្តិ និង​រក្សា​អធិបតេយ្យភាព​ពេញលេញ​របស់​ខ្លួន។ គួរ​បញ្ជាក់​ថា តាំង​ពី​ក្រោយ​ការ​ផ្ទុះ​នៅ​កំពង់ផែ​ក្រុង​បេរូត​ក្នុង​ឆ្នាំ ២០២០ មក ប្រមុខរដ្ឋ​បារាំង​បាន​ខ្នះខ្នែង​ខ្លាំង​ណាស់​ដើម្បី​ជួយ​លីបង់​ឲ្យ​ងើប​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​ដែល​ប្រទេស​អារ៉ាប់​មួយ​នេះ​ហាក់​កំពុង​ផុង​ខ្លួន​កាន់​តែ​ជ្រៅ​ហៅ​មិន​ឮ​នា​ពេល​បច្ចុប្បន្ន។

ចុះ​តើ​គំនិត​ផ្តួចផ្តើម​បារាំង អារ៉ាប៊ីសាអូឌីត​ពេល​នេះ​អាច​ជួយ​ដោះស្រាយ​វិបត្តិ​លីបង់​បាន​កម្រិត​ណា​ដែរ?។ ប្រហែល​ពិបាក​បន្តិច ព្រោះ​អារ៉ាប៊ីសាអូឌីត​ដែល​ជា​ប្រទេស​និកាយ​ស៊ុយនីត​បាន​រម្លឹក​ច្រើន​ដង​តាំង​ពី​ជាង​មួយ​ឆ្នាំ​ថា ខ្លួន​លែង​ចង់​ជួយ​លីបង់​តាម​ផ្លូវ​នយោបាយ និង​ហិរញ្ញវត្ថុ​ដែល​ជា​ប្រទេស​មួយ​គ្របដណ្តប់​ដោយ​ឥទ្ធិពល​របស់​ចលនា​ហេស្បូឡា​និកាយ​ឈីអ៊ីត​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់។ ជាក់ស្តែង​ក្នុង​ខែ​មិថុនា​កន្លង​ទៅ អារ៉ាប៊ីសាអូឌីត​មិន​បាន​ទៅ​ចូលរួម​នៅ​ក្នុង​សន្និសីទអន្តរជាតិ​ស្តីពី​លីបង់​ដែល​រៀបចំ​ដោយ​បារាំង​ទេ។ សរុប​មក​វិញ គំនិត​ផ្តួចផ្តើម​បារាំង អារ៉ាប៊ីសាអូឌីត​ដើម្បី​បុព្វហេតុ​លីបង់​ប្រហែល​មាន​នៅ​ត្រឹម​លើ​ការ​សន្យា​ប៉ុណ្ណោះ។

តែ​សម្រាប់​លោក​ម៉ាក្រុង ការ​លើក​ឡើង​រឿង​នេះ​គ្រាន់​បើ​ជាង​ការ​មិន​លើក​ឡើង ព្រោះ​យ៉ាង​ហោច​ណាស់ ក៏​បាន​ជួយ​បន្ថយ​ការ​រិះគន់ ទិតៀន​លើ​លោក​ដែល​បាន​ចាប់​ដៃ​និយាយ​ជាមួយ​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន​ដែរ ព្រោះ​មែនទែន​ទៅ ប្រហែល​ជា​គ្មាន​នរណា​អាច​ដោះស្រាយ​ជម្រៅ​នៃ​បញ្ហា​របស់​លីបង់​ក្រៅ​ពី​ភាគី​ជម្លោះ​ផ្ទៃក្នុង​លីបង់​ខ្លួន​ឯង​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ