អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រុមឧទ្ទាម​កំពុង​ស្វែង​រក​អាវុធ​និង​ការរួបរួម​​កម្លាំងគ្នា ដើម្បី​ឈាន​ទៅផ្តួល​របប​សឹកភូមា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​រដ្ឋប្រហារ​ទម្លាក់​លោកស្រី អ៊ុងសាន ស៊ូជី និង​ដើម្បី​តស៊ូ​ប្រឆាំង​នឹង​របប​សឹក កង​កម្លាំង​ឧទ្ទាម​ពលរដ្ឋ​បាន​ចាប់​រីក​ធំធាត់​ និងមាន​​សកម្មភាព​កាន់​តែ​ខ្លាំងឡើង​ៗ​ តតាំង​នឹងកង​កម្លាំង​យោធា​របស់​រដ្ឋាភិបាល​កំពុង​កាន់​អំណាច។ កងយុទ្ធជន​ឧទ្ទាម​ប្រមូលគ្នា​​បាន​កាន់​តែ​ច្រើន និង​មាន​ឆន្ទៈ​មុះមុត​មែន តែ​ក្រុមឧទ្ទាម​ពលរដ្ឋ​នៅ​ខ្វះ​អាវុធ​យុទ្ធភណ្ឌ និង​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​។

កង​កម្លាំង​យោធា​ជាតិ​ការ៉ែន ក្នុង​ថ្ងៃ​ខួប​បដិរវត្ត​ (រូបថត​កាលពី​ឆ្នាំ​២០០៦)
កង​កម្លាំង​យោធា​ជាតិ​ការ៉ែន ក្នុង​ថ្ងៃ​ខួប​បដិរវត្ត​ (រូបថត​កាលពី​ឆ្នាំ​២០០៦) ASSOCIATED PRESS - DAVID LONGSTREATH
ផ្សាយពាណិជ្ជកម្ម

ក្រោយ​រដ្ឋប្រហារ​ទម្លាក់​លោកស្រី​អ៊ុងសានស៊ូជី​ថ្ងៃទី ១​កុម្ភៈ​២០២១ និង​កា​របង្ក្រាប​បាតុកម្ម​បង្ហូរ​ឈាម​ពី​សំណាក់​មេដឹកនាំ​យោធា ដែល​បើ​តាម​សមាគម​ការពារ​អ្នក​ទោសនយោបាយ មាន​ជនស៊ីវិល​ប្រមាណ​យ៉ាង​ហោច​ណាស់ ១៣០០នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ និងដែលត្រូវ​បាន​អង្គការសហប្រជាជាតិ​ថា​មាន​ទម្រង់​ជាបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម កងកម្លាំង​យុទ្ធជន​ការពារ​ប្រជាជន​​ ដែល​ជា​កង​ស្វ័យត្រានភូមា​ បាន​រីកលូត​លាស់​និង​បញ្ចេញ​សកម្មភាព​​តតាំង​រដ្ឋាភិបាលសឹកវិញ។

សង្គ្រាមតួលេខ

​កងយុទ្ធជន​​ការពារ​ប្រជាពលរដ្ឋ បាន​ទាក់ទាញ​មិន​ត្រឹម​តែ​អតីត​នគរបាលឬយោធារាប់ពាន់​នាក់​ទេ និស្សិត បញ្ញាវន្ត​ មន្ត្រី​រដ្ឋការ កសិករ យុវជន​ជា​ច្រើនម៉ឺន​នាក់​ផ្សេង​ទៀត ក៏​បាន​ស្ម័គ្រចិត្ត​ចូល​មក​​​​ជា​បន្ត​បន្ទាប់​ ក្នុង​ជំរំ​ហាត់​ហ្វឹកហ្វឺន​របស់​កង​កម្លាំង​យុទ្ធជន​ការពារ​ជាតិ​ការ៉េនី​ (KNDF)។ បើ​តាមលោក Richard Horsey ​អ្នក​វិភាគនៃអង្គការ International Crisis Group ​ ដោយ​បាន​ទទួល​ការ​​បង្ហាត់ហ្វឹកហ្វឺនពី​សំណាក់​​​ក្រុមយោធា​ការ៉េនី ដែល​ជា​ពួក​ឧទ្ទាម​ជនជាតិ​ភាគតិច​ប្រឆាំងនឹងរដ្ឋាភិបាលតាំងពីយូរ​ឆ្នាំ​មក​ហើយ​នោះ កង​យុទ្ធជនការពារ​ប្រជាជន​អាច​​ប្រមូល​ផ្តុំ​កម្លាំង​បាន​ច្រើន​និង​យ៉ាង​លឿន​រហ័ស​ ហើយ​ចាប់​មាន​អាវុធ ចាប់​អភិវឌ្ឍ​សមត្ថភាព តាកទិច ​និង​បច្ចេកទេសប្រយុទ្ធ​ចាំ​បាច់​ក្នុង​ការ​វាយ​ស្ទាក់​ទាហាន​រដ្ឋាភិបាលសឹកភូមា បាន​យ៉ាង​ដំណំ។ ទាហាន​រដ្ឋាភិបាល​តែង​តែ​ភ្ញាក់ផ្អើល​និង​មិន​អាច​តប​តវិញ​បាន​ទេ នៅ​ចំពោះ​មុខ​តាកទិក​ដ៏​មាន​ប្រសិទ្ធភាព​របស់​កងឧទ្ទាម​​យុទ្ធជនទាំងនេះ។

តាំង​ពី​ខែ​កុម្ភៈ​មក បើ​តាម​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋាភិបាល កង​យុទ្ធជន​ការពារប្រជាជនបាន​ដឹកនាំធ្វើ​ប្រតិបត្តិការ ក្នុង​​ទម្រង់​ជា​ការ​​បាញ់​រះ​និង​បំផ្ទុះ​គ្រាប់​បែក​ឆ្នៃប្រឆាំង​របប​សឹក ដោយដៅ​លើ​ទីតាំង​​​ ផ្លូវថ្នល់ ស្ពាន​ ជិត​៤០០កន្លែង និងកម្ទេច​ទីស្នាក់ការ​រណប​គ្រប់គ្រង​ដោយ​​ពួក​យោធា​រដ្ឋាភិបាល​សឹក​រាប់​សិប​កន្លែង​។ ជា​សរុប​មាន​ទាហាន​រដ្ឋាភិបាល​សឹក​ប្រមាណ​ជា​ង​បីពាន់​នាក់​ត្រូវ​បាន​សម្លាប់​នៅ​រវាង​ពី​ខែ​មិថុនា​ដល់​ខែ​តុលា។ នេះ​បើ​តាម​តួលេខផ្តល់​ដោយ​រដ្ឋាភិបាលបង្រួបបង្រួមភូមា ឬ​រដ្ឋាភិបាល​​​ស្រមោលភូមា។ តែ​បើ​តាម​រដ្ឋាភិបាល​សឹក ការ​ប្រយុទ្ធ​តតាំង​ជាមួយ​កង​យុទ្ធជន​ការពារប្រជាជន បាន​បង្ក​ឱ្យ​ទាហាន ​៧៥នាក់ ប៉ូលិស ៩៣​នាក់​​ខាង​រដ្ឋាភិបាលស្លាប់ នៅរវាង​ពី​ខែ​កុម្ភៈ​ដល់​ខែ​តុលា២០២១។

ចំណាយ​រាប់​លាន​ទិញ​អាវុធ

ប៉ុន្តែ​បេសកកម្មរបស់​កងយុទ្ធជន​ការពារ​ប្រជាជនភូមា ​​ទំនង​មិន​អាច​សម្រេច​បាន​ដូច​បំណង​ទេ បើ​យោល​ទៅលើ​កម្លាំង​រវាង​ក្រុមឧទ្ទាម​និង​ក្រុមយោធាភូមា ដែល​គេ​ចាត់​ទុក​ជា​ក្រុម​យោធា​ដ៏​ខ្លាំងក្លា​ជាង​គេបំផុត​មួយ​ប្រចាំ តំបន់​អាស៊ីអាគ្នេយ៍។

ក្រុមឧត្តមសេនីយ៍​យោធា​​ដែល​កំពុង​ដឹកនាំ​​រដ្ឋាភិបាល​ភូមា​បច្ចុប្បន្នបាន​ចំណាយ​ថវិកាយ៉ាង​​ច្រើន​សន្ធឹកសន្ធាប់​ខ្លាំងណាស់ ដល់​ទៅ​រាប់​សិប​លាន​ដុល្លារ នារយៈ​ពេលប៉ុន្មាន​ឆ្នាំចុងក្រោយ​មកនេះ​ ដើម្បីទិញ​អាវុធ​យុទ្ធភ័ណ្ឌ​ និង​សម្ភារៈ​បរិក្ខារ​យោធា មាន​អាទិ៍​ឧទ្ធម្ភាគចក្រ​យោធា យន្តហោះ​ចម្បាំង រថក្រោះ រថពាសដែក មីស៊ីល បាញ់ពី​ដី​ទៅអាកាស... ពី​មហាមិត្ត​ចិន​និងរុស្ស៊ី។ ចំណែក​ក្រុម​យុទ្ធជន​ការពារ​ប្រជាជន KNDF រំពឹង​លើ​តែ​ជំនួយ​​ពី​សកម្មជន​របស់​ខ្លួន។ មិន​ខ្វះ​ទេ​កង​កម្លាំង​ទ័ព ៨០%​នៃ​យុទ្ធជន​ សុទ្ធ​តែ​មាន​ឆន្ទៈ​ដាច់​ខាត​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​សឹក ប៉ុន្តែ​​កងយុទ្ធជន​ការពារ​ប្រជាជន គ្មាន​អាវុធគ្រប់គ្រាន់​ទេ។

មាន​​ដែន​ដី​​​ស្ថិត​នៅប៉ែក​ខាង​កើត​ប្រទេស ដែល​​ឆ្ងាយ​ពី​ព្រំដែន​ថៃ ពួក​គេជួប​ការ​លំបាក​ខ្លាំងក្នុង​ការ​​ស្វែង​រក​ទិញ​អាវុធ​ពី​ទីផ្សារ​ងងឹត។ ដោយមិន​អាច​រក​ទិញ​អាវុធ​ដោយ​ផ្ទាល់បាន ​ពួកគេ​ចាំបាច់​ត្រូវ​ការ​ប្រើ​ឈ្មួញ​កណ្តាល​ ដូច្នេះ​ចំណាយត្រូវ​ឡើង​ខ្ពស់​ខ្លាំង។ ម្យ៉ាង​ទៀត តម្លៃ​អាវុធបានឡើង​ថ្លៃខ្លាំង ដោយ​​​លុយ​ភូមា​ធ្លាក់ថោក​ឥតឈប់។ កាលពីខែ​មីនា​មេសា២០២១ កាំភ្លើងM-16 មួយ​ដើមថ្លៃ​ ២២០០ដុល្លារ និង​២៧០០ដុល្លារ​សម្រាប់​អាកាAK-47មួយ​ដើម​ តែ​ឥលូវ​តម្លៃ​កាំភ្លើង​ប្រភេទ​នេះ​បាន​ឡើង​ថ្លៃ​មួយគុណនឹង​ពីរ។ នេះ​ជា​បញ្ហា​មួយ។

គ្មានលទ្ធភាព​ទិញ​អាវុធ​ យុទ្ធជន​ចូល​ថ្មី​ភាគ​ច្រើន​មាន​ត្រឹម​តែ​អាវុធ​កៃច្នៃ​ ឬ​ប្រើ​ដំបង​ជា​អាវុធ​តែ​ប៉ុណ្ណោះ។ គិត​មក​ទល់​ពេល​នេះ ដោយ​សារ​មាន​ពល​​នៅ​ស្ទើរគ្រប់​ទិសទី កងកម្លាំង​យុទ្ធជនការពារ​ប្រជាជន​ អាចដណ្តើម​បាន​គ្រប់គ្រង់​ទឹកដី​ក្នុងរដ្ឋ​កាយ៉ា ពី​ពួក​យោធា​ បានស្ទើរ​ទាំង​ស្រុង​លើក​លែង​តែ​តំបន់​ជុំ​វិញ​ទីតាំង​ឈរ​ជើង​របស់​យោធា​រដ្ឋាភិបាល​តែប៉ុណ្ណោះ។

បញ្ហា​ដ៏​ចម្បង​មួយ​ទៀត ក្រុម​យុទ្ធជនការពារ​ប្រជាជន​និង​កងយុទ្ធជន​ស្វ័យត្រាន​ជា​ច្រើន​ក្រុម​ផ្សេង​ទៀត ពុំ​ទាន់​មាន​ទស្សនវិស័យ​រួម ក្នុង​ការ​ផ្តុំ​កម្លាំង​គ្នា​ទៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាលកណ្តាល​ដឹកនាំ​ដោយក្រុម​យោធាភូមា។ រដ្ឋាភិបាល​បង្រួបបង្រួមជាតិ​ បាន​សាកល្បង​ទាក់ទង​កង​ស្វ័យ​ត្រាននីមួយៗ​ដែរ តែ​ពុំ​ទាន់​ឃើញ​មាន​បង្ហាញ​យុទ្ធសាស្ត្រ​រួម​សោះ​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ លោក David Mathieson អ្នក​ជំនាញ​ពី​ប្រទេស​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ