អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លីប៊ី៖ តើ​ការបោះឆ្នោត​ប្រធានាធិបតី ដើម្បី​​បើក​ទំព័រថ្មី​​កសាង​សន្តិភាព អាច​ធ្វើទៅ​បាន​ឬ​មិនបាន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី២៤ធ្នូខាងមុខនេះ យោងតាមការគ្រោងទុក រដ្ឋាភិបាល​បណ្តោះអាសន្នលីប៊ី នឹងត្រូវរៀបចំការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី ដើម្បីឈានទៅ​បើកទំព័រ​សករាជ្យ នៃការកសាងសន្តិភាព ក្រោយសង្គ្រាមហែកហួរ អស់ប្រមាណ១០ឆ្នាំមកនេះ។ នៅបាំងមិនដល់១០ថ្ងៃទៀតទេ តែក្តីសង្ឃឹម នៃលទ្ធភាព​រៀបចំការបោះឆ្នោតនេះ ហាក់កំពុងតែ​ចុះ​ថយ​ខ្លាំងទៅៗ ដោយ​សារ​​តែ​មានឧបសគ្គជាច្រើន ទាំងកត្តាសន្តិសុខ និងនយោបាយ។ តើរដ្ឋាភិបាល​បណ្តោះអាសន្នលីប៊ី អាចបំពេញ​តួនាទីខ្លួនតាមការសន្យា រៀបចំការបោះឆ្នោតនេះ បានដែរឬទេ?

ប្រជាជនលីប៊ី នៅក្រុងទ្រីប៉ូលី អបអរខួប១០ឆ្នាំ នៃការដួលរលំរបបផ្តាច់ការ កាដាហ្វ៊ី ថ្ងៃទី ១៧ កុម្ភៈ ២០២១
ប្រជាជនលីប៊ី នៅក្រុងទ្រីប៉ូលី អបអរខួប១០ឆ្នាំ នៃការដួលរលំរបបផ្តាច់ការ កាដាហ្វ៊ី ថ្ងៃទី ១៧ កុម្ភៈ ២០២១ REUTERS - HAZEM AHMED
ផ្សាយពាណិជ្ជកម្ម

សំណួរកំពុងចោទសួរថា តើនៅថ្ងៃទី​២៤ធ្នូខាងមុខនេះ ប្រជាជនលីប៊ី ដែលបានឆ្លងកាត់សង្គ្រាម​រ៉ាំរ៉ៃ ប្រមាណ​១០ឆ្នាំមកនេះ អាចនឹងទៅសម្តែងមតិ បោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដែរឬទេ? គិតត្រឹមថ្ងៃទី​១៥ធ្នូនេះ លទ្ធភាពនៃការរៀបចំការបោះឆ្នោត កំពុងធ្វើឲ្យ​មានក្តីកង្វល់ជាខ្លាំង ដោយ​សារតែមានឧបសគ្គជាច្រើន តម្រូវឲ្យ​រដ្ឋាភិបាលបណ្តោះអាសន្នលីប៊ីដោះស្រាយ។ រហូតមកទល់ពេលនេះ អាជ្ញាធររៀបចំការបោះឆ្នោត នៅតែមិនទាន់​ប្រកាស ពីតារាងបេក្ខជនឈ្មោះ ជាផ្លូវការនៅឡើយទេ។

ឧបសគ្គនយោបាយ​ និង​គតិយុត្តិមួយចំនួន ហាក់កំពុងតែចោទឡើងផងដែរ។ លោកមេបញ្ជាការ Khalifa Haftar ដែលកាន់កាប់តំបន់ខាងកើតលីប៊ី បាននឹងកំពុងតែរៀបយុទ្ធសាស្រ្ត ដើម្បីអាចបន្តកាន់អំណាច ក្នុងករណីដែលខ្លួនចាញ់ឆ្នោត។ កាលពីខែកញ្ញា សភាលីប៊ី ដែលមានទីតាំងនៅក្រុង Tobrouk ភាគខាងកើត​លីប៊ី បានអនុម័តច្បាប់មួយ ដោយ​គ្មានឆ្លងកាត់នីតិវិធីបោះឆ្នោតត្រឹមត្រូវ ដែលច្បាប់នោះ បានធានាថា លោក​មេបញ្ជាការ Khalifa Haftar នឹងអាចបន្តធ្វើជា​អគ្គមេបញ្ជាការកងទ័ពជាតិ​លីប៊ី ប្រសិន​បើ​លោក​ម្នាក់នេះ មិនជាប់ឆ្នោត ជាប្រធានាធិបតីទេនោះ។

ក្រៅពីបញ្ហានេះ បញ្ហាសន្តិសុខ ក៏កំពុងតែចោទឡើងខ្លាំងណាស់ដែរ។ នៅតំបន់ភាគខាងកើត និង​ ផ្នែកខ្លះនៃភាគខាងត្បូង ដែលស្ថិតក្រោម​ការកាន់​កាប់ របស់​លោក​មេបញ្ជាការ Khalifa Haftar ក្រុម​ប្រដាប់អាវុធ បានធ្វើសកម្មភាព​អាណាធិបតេយ្យ បំភិតបំភ័យជាច្រើនកន្លែង។ ជាក់ស្តែង កាលពីសប្តាហ៍កន្លងទៅ ក្រុមប្រដាប់អាវុធ ដែល​ជាមនុស្សរបស់​លោក​មេបញ្ជាការ Khalifa Haftar បានព្យាយាម​រារាំង លោក Seif al-Islam Kadhafi កូនប្រុសរបស់​អតីតមេដឹកនាំផ្តាច់ការ កាដាហ្វ៊ី មិន​ឲ្យ​ចូលទៅតុលាការ ក្រុង Sebha ស្ថិតនៅភាគខាងត្បូង ខណៈដែលលោក​ម្នាក់នេះ មានបំណងចូលទៅដាក់ពាក្យបណ្តឹង ជំទាស់នូវការច្រានចោលបេក្ខភាពឈរឈ្មោះជាប្រធានាធិបតី​ របស់ខ្លួន។

ករណីអន្តរាគមន៍ កាន់អាវុធឆ្កេងឆ្កាង របស់​​ក្រុមបក្សពួក លោកមេបញ្ជាការ Khalifa Haftar បែបនេះ កំពុងតែបង្កឲ្យ​បាន​ការព្រួយបារម្ភជាខ្លាំង ដល់​​អាជ្ញាធររដ្ឋាភិបាលបណ្តោះអាសន្ន។ អ្នកនយោបាយ​លីប៊ីខ្លះ បានរិះគន់ លោក​មេបញ្ជាការ Khalifa Haftar ថាកំពុងតែក្តោបក្តាប់អំណាច ប្រៀបបីដូចជារបបយោធាផ្តាច់ការ នៅភាគខាងកើតលីប៊ី។ យ៉ាងណាមិញ លោក Khaled Mazen​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃរដ្ឋាភិបាលបណ្តោះអាសន្ន បានបង្ហើបថា លោក​បារម្ភណាស់ ខ្លាចថាអាជ្ញាធររដ្ឋ មិនអាចមានលទ្ធភាពការពារ សន្តិសុខ នៅតាម​ការិយាល័យ​បោះឆ្នោតបាន។

នៅតាមបណ្តាញសង្គមវិញ មាន​ប្រជាជនលីប៊ី ជាច្រើននាក់ បានអះអាងថា ខ្លួនមិនបានទទួល​បណ្ណបោះឆ្នោត ឬ ត្រូវគេបដិសេធ មិន​ប្រគល់បណ្ណបោះឆ្នោតឲ្យជាដើម។ អ្នកខ្លះទៀត អះអាងថា បណ្ណបោះឆ្នោតរបស់ខ្លួន ត្រូវគេប្រគល់ទៅឲ្យ​អ្នកផ្សេងទៀត។ ជាងនេះទៀត មាន​ក្រុមប្រដាប់អាវុធ បានចុះមកប្លន់យក​បណ្ណបោះឆ្នោត ចំនួន​ប្រមាណ​២៣០០សន្លឹក នៅតាមការិយាល័យ​បោះឆ្នោត ចំនួន​៥ទីតាំង នៅភាគខាងលិចផងដែរ។ ដំណឹងទាំងអស់នេះ បានធ្វើ​ឲ្យ​មានការបារម្ភ កាន់តែធំឡើងៗ អំពីលទ្ធភាពកើតមានភាពមិនប្រក្រតី លួ​ចបន្លំសន្លឹកឆ្នោត។

គួរកត់សំគាល់ដែរថា លទ្ធភាពនៃការទទួលយកលទ្ធផល​ឆ្នោត ពីសំណាក់ភាគីនយោបាយ ក៏អាចមានស្តួចស្តើងដែរ។ ការបារម្ភធំបំផុត គឺករណីប្រឆាំង បដិសេធលទ្ធផល​ឆ្នោត ពីសំណាក់ លោក​មេបញ្ជាការ Khalifa Haftar តែម្តង។ រីឯបេក្ខជនម្នាក់ទៀត ឈ្មោះ Seif al-Islam Kadhafi​ ដែលជាកូនប្រុសរបស់ កាដាហ្វ៊ី តុលាការព្រហ្មទណ្ឌអន្តរជាតិ បានចេញដីកាតាមចាប់ខ្លួន ដោយ​ចោទពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។ ចំណែកលោក Abdelhamid Dbeibah នាយករដ្ឋមន្ត្រីនៃ​រដ្ឋាភិបាល​បណ្តោះអាសន្នវិញ បានសន្យាថា នឹងមិនចូលរួមការបោះឆ្នោតនេះទេ ដើម្បីធានាភាពមិនលម្អៀង នៅក្នុង​ការរៀបចំការបោះឆ្នោត។

លោក Jamal Benomar អតីតអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងបច្ចុប្បន្ន ជាប្រធាន​មជ្ឈមណ្ឌលអន្តរជាតិ ដើម្បី​ការផ្សះផ្សារចរចាគ្នា បានលើកឡើងថា ទោះបីការបោះឆ្នោត នៅថ្ងៃទី​២៤ធ្នូ អាចធ្វើទៅបាន ឬមិនបាន​ តែកាលៈទេសៈពេលនេះ គឺបោះឆ្នោតនេះ​ មិនទាន់​គ្រប់លក្ខណៈពេញលេញ អាចចាត់ទុក​បាន ថាជាការបោះឆ្នោតដោយសេរី និង​យុត្តិធម៌បានទេ។

បន្ថែមពីនេះទៀត មានការងារដ៏លំបាកបំផុត ដែលរងចាំអនាគតរដ្ឋាភិបាលថ្មី។ ក្រោមនឹមរបបផ្តាច់ការកាដាហ្វ៊ី ប្រមាណ​៤២ឆ្នាំ និងក្រោយ​មកសង្គ្រាមស៊ីវី អស់១០ឆ្នាំបន្ថែមទៀត លីប៊ីត្រូវតែកសាង​រចនាសម្ព័ន្ធសាធារណៈ ឡើងវិញទាំងស្រុង។ ការបង្រួបបង្រួម រៀបចំស្ថាប័នរដ្ឋឲ្យ​មានដំណើរការ ការរៀបចំកងទ័ព​ឲ្យ​មានឯករាជ្យ និង​ការរៀបចំវិស័យធនាគារជាដើម។ ការចងក្រង តាក់តែងរដ្ឋធម្មនុញ្ញថ្មី ដែលរឹងមាំ គឺជារឿងបន្ទាន់បំផុត។ លីប៊ី គ្មានរដ្ឋធម្មនុញ្ញ តាំងតែពីឆ្នាំ​១៩៦៩មកម្លេះ បន្ទាប់ពី​កាដាហ្វ៊ីបានហែកចោល និង​ក្តាប់អំណាចតែម្នាក់ឯង។

ការផ្សះផ្សារជាតិ ក៏ត្រូវតែធ្វើឡើងផងដែរ តាមរយៈការស្វែងរកយុត្តិធម៌ ជូនប្រជាជនលីប៊ី ដែលបានរងគ្រោះ ដោយ​អំពើរំលោភបំពាន អំពើឧក្រិដ្ឋនានា។ យោងតាមរបាយការណ៍មួយ របស់អង្គការសហប្រជាជាតិ ចេញកាលពីខែតុលាកន្លងទៅ គិតចាប់ពីឆ្នាំ​២០១៦មក មានករណី​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ ជាច្រើនករណី បានកើតឡើងនៅលីប៊ី។ ការរំសាយ ដកចេញឲ្យ​អស់ពីទឹកដីលីប៊ី នូវក្រុមប្រដាប់អាវុធ ទាហានស៊ីឈ្នួលមកពីបរទេស ដែលមានចំនួន​ប្រមាណ ២ម៉ឺននាក់ ក៏គឺជាដំណាក់កាលមួយ ដែលត្រូវតែធ្វើ ដើម្បីចាប់ផ្តើមកសាងអធិបតេយ្យភាពលីប៊ីឡើងវិញ។

វិបត្តិសេដ្ឋកិច្ច វិបត្តិសង្គម អសន្តិសុខ គ្មានសេវាកម្មរដ្ឋ គ្មានបណ្តាញទឹកស្អាត គ្មាន​អគ្គិសនីប្រើប្រាស់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន ទាំងអស់នេះ គឺជាជីវិតរស់នៅ​ប្រចាំថ្ងៃ ដ៏សែនលំបាក របស់ប្រជាជនលីប៊ី។ ជាងនេះទៀត ឆ្លងកាត់សង្គ្រាមស៊ីវីល១០ឆ្នាំមកនេះ លីប៊ីបានក្លាយ​ជាដែនដីឆ្លងកាត់ ជង្រុករបស់ក្រុមជួញដូរមនុស្ស ដឹកជញ្ជូនជនភៀសខ្លួន។ ជនអន្តោប្រវេសន៍ រាប់ម៉ឺននាក់ ភាគច្រើនមកពី​តំបន់អាហ្វ្រិក ខាងត្បូងសមុទ្រខ្សាច់សាហារ៉ា ត្រូវបាន​ឈ្មួញទុច្ចរិត មានប្រភពនៅលីប៊ី កេងប្រវញ្ច ចាប់បង្ឃាំង ជម្រិតទារប្រាក់ មុននឹងដឹកពួកគេតាមទូក​ យកទៅ​ចោលកណ្តាលសមុទ្រមេឌីទែរ៉ាណេ ដោយ​ឥតធម៌មេត្តា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ