អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីក្រុមពលរដ្ឋវណ្ណៈកណ្ដាលនឹងប្រមូលផ្ដុំនៅអាស៊ី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ផ្អែកតាមការព្យាករណ៍បច្ចុប្បន្នរបស់វិទ្យាស្ថាន The Brookings តំបន់អាស៊ីនឹងតំណាងឱ្យពាក់កណ្តាលនៃការចំណាយរបស់អ្នកប្រើប្រាស់របស់ពិភពលោក នៅឆ្នាំ២០៣២។ នាពេលបច្ចុប្បន្ន តំបន់អាស៊ី ប្រមូលផ្តុំទៅដោយ ក្រុមពលរដ្ឋវណ្ណៈកណ្ដាល ឬអ្នកមានមធ្យម ច្រើនជាងគេស្រេចស្រាប់រួចទៅហើយ ប្រៀបធៀបនឹងតំបន់ផ្សេងៗ មិនថានៅអឺរ៉ុប និងអាម៉េរិក។

ហេតុអ្វីក្រុមពលរដ្ឋវណ្ណៈកណ្ដាលនឹងប្រមូលផ្ដុំនៅអាស៊ី?
ហេតុអ្វីក្រុមពលរដ្ឋវណ្ណៈកណ្ដាលនឹងប្រមូលផ្ដុំនៅអាស៊ី? reuters
ផ្សាយពាណិជ្ជកម្ម

ថ្វីបើពិភពលោកកំពុងប្រឈមនឹងវិបត្តិកូវីដ១៩ក៏ដោយ ក៏ក្រុមពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ឬគេហៅថា ក្រុមពលរដ្ឋវណ្ណៈកណ្តាល ឬអ្នកមានមធ្យម កំពុងកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេស នៅតំបន់អាស៊ី។

ចាប់តាំងពីឆ្នាំ២០០០ ក្រុមពលរដ្ឋវណ្ណៈកណ្ដាលទូទាំងពិភពលោក បានកើនឡើងជាង ៤ភាគរយជារៀងរាល់ឆ្នាំ និងអាចឈានដល់កម្រិតថ្មី ដោយមានចំនួនមនុស្សជិត ៤ពាន់លាននាក់ ជាលើកដំបូង នៅឆ្នាំនេះ។

នៅដើមសតវត្សរ៍ទី២១ នៅពេលគេនិយាយដល់ក្រុមពលរដ្ឋវណ្ណៈកណ្ដាល គេសំដៅដល់ភាគច្រើនទៅលើក្រុមពលរដ្ឋវណ្ណៈកណ្ដាល នៅបណ្ដាប្រទេសលោកខាងលិច។ នៅក្នុងប្រទេសទាំងនេះ ក្រុមហ៊ុនយ៉ាងច្រើនអាចលក់ទំនិញរបស់ពួកគេបានច្រើន និងបានតម្លៃខ្ពស់ ជាពិសេសនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប។ ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ ក្រុមពលរដ្ឋវណ្ណៈកណ្ដាលនេះ បានកើនឡើងជាសកល និងកាន់តែកើនឡើងច្រើននៅអាស៊ី។ ការចំណាយរបស់ក្រុមពលរដ្ឋវណ្ណៈកណ្តាលអាស៊ី បច្ចុប្បន្ន មានកម្រិតលើសអឺរ៉ុប និងអាមេរិកខាងជើងបូកបញ្ចូលគ្នាទៅទៀត។

គេកំណត់និយមន័យ ក្រុមពលរដ្ឋវណ្ណៈកណ្ដាល ដើម្បីសំដៅដល់ពលរដ្ឋដែលអាចចំណាយយ៉ាងតិច១១ដុល្លារអាម៉េរិក ទៅ១១០ដុល្លារអាម៉េរិក ក្នុងមួយថ្ងៃ សម្រាប់មនុស្សម្នាក់។ បច្ចុប្បន្ន ពួកគេមានចំនួនមនុស្ស ៣,៧៥ពាន់លាននាក់។

ជាក់ស្ដែង វាមានភាពសំខាន់ខ្លាំងណាស់ ក្នុងការកំណត់និយមន័យ ក្រុមពលរដ្ឋវណ្ណៈកណ្ដាល ឱ្យបានត្រឹមត្រូវ និងវាអាចឱ្យយើងធ្វើការប្រៀបធៀបនៅទូទាំងពិភពលោក។ ជាឧទាហរណ៍ ការកំណត់និយមន័យមិនត្រឹមត្រូវ បានធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រាក់រាប់ពាន់លានអាម៉េរិក ព្រោះ Nestle បានជួបប្រទះបញ្ហានេះនៅអាហ្វ្រិក។ ក្រុមហ៊ុនស៊្វីសនេះ បានសម្រេចចិត្តបង្កើនអាជីវកម្មរបស់ខ្លួន ក្រោយពីការប្រកាសអំពីការកើនឡើងយ៉ាងឆាប់រហ័សនៃក្រុមពលរដ្ឋវណ្ណៈកណ្តាលរបស់ទ្វីបអាហ្វ្រិក។ ក៏ប៉ុន្តែកម្រិតនៃការចំណាយរបស់ពួកគេ មានតែ៣ដុល្លារអាម៉េរិក ប៉ុណ្ណោះ ក្នុងមួយថ្ងៃ ពោលគឺ វាមានកម្រិតទាបពេក ក្នុងការប្រៀបធៀបជាមួយក្រុមពលរដ្ឋវណ្ណៈកណ្ដាលនៅអាម៉េរិក ឬអឺរ៉ុប ជាពិសេស រៀបនៃការប្រើប្រាស់ស្រដៀងគ្នា។ លោក Cornel Krummenacher នាយកប្រតិបត្តិសម្រាប់តំបន់អេក្វាទ័រអាហ្រ្វិករបស់ Nestle បានកត់សម្គាល់ថា "យើងគិតថានេះ អាហ្រ្វិកគឺជាអាស៊ីបន្ទាប់ ប៉ុន្តែយើងបានដឹងច្បាស់ថា វណ្ណៈកណ្តាលនៅអាហ្វ្រិកគឺតូចណាស់"។

សូម្បីតែសព្វថ្ងៃនេះ ក្រុមពលរដ្ឋវណ្ណៈកណ្ដាល នៅទ្វីបអាហ្វ្រិក មានប្រជាជនត្រឹមតែ ២៨៣លាននាក់ប៉ុណ្ណោះ បើយោងតាមការព្យាករណ៍របស់ World Data Lab ដែលកើនឡើង ៤,១ភាគរយក្នុងមួយឆ្នាំ។

ផ្ទុយ​ទៅ​វិញ ក្រុមពលរដ្ឋវណ្ណៈកណ្ដាល​នៅ​អាស៊ី​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង។ ចាប់តាំងពីឆ្នាំ២០១៦មក ពាក់កណ្តាលនៃក្រុមពលរដ្ឋវណ្ណៈកណ្ដាលទាំងនេះទូទាំងពិភពលោក គឺជា ជនជាតិអាស៊ី។ សព្វថ្ងៃ ក្នុងចំណោមក្រុមពលរដ្ឋវណ្ណៈកណ្ដាល​ ចំនួន ៤ពាន់លាននាក់ មាន ២,២ពាន់លាននាក់រស់នៅក្នុងទ្វីបអាស៊ី។ ក៏ប៉ុន្តែ បើទោះបីជាក្រុមពលរដ្ឋវណ្ណៈកណ្ដាល​អាស៊ី តំណាងជាងពាក់កណ្តាលនៃពិភពលោក ក៏ពួកគេតំណាងឱ្យតែប្រមាណ ៤១ភាគរយប៉ុណ្ណោះនៃការចំណាយសកល (២៦ទ្រីលានដុល្លារអាម៉េរិក ក្នុងចំណោម ៦៣ទ្រីលានដុល្លារអាម៉េរិក នាពេលបច្ចុប្បន្ន)។ គេត្រូវចាំរហូតដល់ឆ្នាំ២០៣២ ទើបអាស៊ីនឹងតំណាងឱ្យពាក់កណ្តាលនៃការចំណាយរបស់អ្នកប្រើប្រាស់របស់ពិភពលោក ។

មនុស្សគ្រប់គ្នាស្គាល់ពីការកើនឡើងនៃក្រុមពលរដ្ឋវណ្ណៈកណ្ដាល នៅក្នុងប្រទេសចិន និងឥណ្ឌា។ នៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើង ចំនួននៃក្រុមពលរដ្ឋនេះនឹងនៅទ្រឹង ហើយកំណើននឹងកើតឡើងដោយសារតែពួកគេគឺកាន់តែមាន។ ប៉ុន្តែ មានបណ្តាប្រទេសផ្សេងទៀតផងដែរ ដែលកំពុងលូតលាស់ ហើយគេព្យាករថា ក្រុមពលរដ្ឋវណ្ណៈកណ្ដាលនឹងមានការកើនឡើងយ៉ាងច្រើនរាប់សិបលាន នៅក្នុងចំនួននៅក្នុងចំណោម នៅឆ្នាំ២០៣០។

ជាឧទាហរណ៍ នៅអាស៊ី គឺប្រទេសវៀតណាម។ ក្រុមពលរដ្ឋវណ្ណៈកណ្ដាល នៅប្រទេសវៀតណាមនឹងកើនឡើងពី ៣៥លាននាក់ ទៅ ៥៦លាននាក់ ក្នុងរយៈពេលមួយទសវត្សរ៍នេះ។ ពលរដ្ឋទាំងនោះមានអាយុចន្លោះពី ៤៥ ទៅ ៦៥ឆ្នាំ ហើយនឹងរួមចំណែកជិត ២៥ភាគរយនៃការចំណាយរបស់វៀតណាមផ្ទុយពី២០ភាគរយ នាពេលបច្ចុប្បន្ន។

សរុបជារួម ក្រុមពលរដ្ឋវណ្ណៈកណ្ដាល កំពុងរីករាលដាលពាសពេញពិភពលោក ហើយបណ្ដាប្រទេសកំពុងរីកចម្រើនជាច្រើន នៅតំបន់អាស៊ី កំពុងមើលឃើញពីការកើនឡើងនៃក្រុមពលរដ្ឋនេះ។ ទៅថ្ងៃអនាគត ការប្រើប្រាស់សកលក៏នឹងកើនឡើងផងដែរ នៅពេលក្រុមពលរដ្ឋវណ្ណៈកណ្ដាលកើនឡើងកាន់តែច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ