អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រយៈពេល​៥០​ឆ្នាំ​នៃ​បេសកកម្ម​មនុស្ស​ធម៌​របស់​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី​២២​ ធ្នូ​ ឆ្នាំ​ ២០២១​ គឺជា​ខួប​គម្រប់​៥០ ឆ្នាំ​នៃ​ការ​កកើត​ឡើង​របស់​អង្គការ​គ្រូ​ពេទ្យ​គ្មាន​ព្រំដែន​។ គ្រូពេទ្យគ្មាន​ព្រំដែន​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​បារាំង​បាន​និង​កំពុង​ផ្តល់​ជំនួយ​ផ្នែក​វេជ្ជសាស្រ្ត​នៅ​ក្នុង​តំបន់​រងគ្រោះ​ជាច្រើន​រយៈពេល​កន្លះ​សតវត្សរ៍​មក​ហើយ​។ ពី​គ្រូ​ពេទ្យ​មួយ​ក្រុម​តូច​ក្លាយទៅ​ជា​អង្គការ​ជំនួយ​ដ៏ធំ​មួយ​ក្នុង​ពិភពលោក​ បច្ចុប្បន្ន​នេះ​ អង្គការ​កំពុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ជាង ៧០​។ តើ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​មាន​ប្រវត្តិ​យ៉ាងណា​? ហើយថា​តើ​ហេតុអ្វី​អង្គការ​បារាំង​មួយ​នេះ​អាច​រីក​លូតលាស់​បាន​ធំ​បែប​នេះ​?

រូបភាពពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២១៖ សមាជិកក្រុមគ្រូពេទ្យគ្មានព្រំដែនបំពេញបេសកកម្មនៅ Cabo Delgado ក្នុងប្រទេសម៉ូសំប៊ិក ខណៈស្ថានភាពមនុស្សធម៌កំពុងគួរឲ្យព្រួយបារម្ភនៅទីនោះ។
រូបភាពពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២១៖ សមាជិកក្រុមគ្រូពេទ្យគ្មានព្រំដែនបំពេញបេសកកម្មនៅ Cabo Delgado ក្នុងប្រទេសម៉ូសំប៊ិក ខណៈស្ថានភាពមនុស្សធម៌កំពុងគួរឲ្យព្រួយបារម្ភនៅទីនោះ។ © MSF/AP
ផ្សាយពាណិជ្ជកម្ម

អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​ (MSF) បង្កើត​ឡើង​ជាផ្លូវការ​ក្នុង​ទីក្រុងប៉ារីស​ប្រទេស​បារាំង​នា​ថ្ងៃទី​២២​ ខែ​ធ្នូ​ ឆ្នាំ​១៩៧១​។ នៅ​ពេល​នោះ​ ក្រុម​អ្នក​ស្ម័គ្រចិត្ត​ប្រមាណ​ ៣០០នាក់​មាន​​​គ្រូ​ពេទ្យ​ គិលានុបដ្ឋាយិកា និង​បុគ្គលិក​ជំនាញ​ផ្សេង​ទៀតបាន​ពួតដៃ​គ្នា​ជាមួយ​វេជ្ជបណ្ឌិតនិង​អ្នក​កាសែត​ដែល​ជា​ស្ថាបនិក​ចំនួន​១៣​រូប​ បង្កើត​អង្គការ​មនុស្សធម៌​នេះ​ឡើង​ក្នុង​គោលដៅ​ជួយ​ក្រុម​មនុស្ស​ដែល​កំពុង​ត្រូវការ​ជំនួយ​ជាបន្ទាន់។

ដំបូង​ឡើយ​ គ្រូ​ពេទ្យ​គ្មាន​ព្រំដែន​គ្រាន់តែ​ជាស្ថាប័ន​មួយ​មាន​ការ​ចូល​រួម​សហការគ្នា​ពី​មិត្ត​ភក្តិ​មួយ​ក្រុម​តូច​ដែល​ធ្វើការ​ទាំង​គ្មាន​ធនធាន​ និងគ្មាន​រចនាម្ព័ន្ធ​អ្វី​ច្បាស់លាស់​ឡើយ​។ ក៏​ប៉ុន្តែ​បន្តិចម្តងៗ​ អង្គការ​បាន​វិវត្ត​ខ្លួន​ក្លាយ​ទៅ​ជា​បណ្តាញមួយ​ដែល​ត្រូវបាន​​ទទួល​ស្គាល់​ជា​សកល​ចំពោះ​បេសកកម្ម​ផ្តល់​ជំនួយ​ផ្នែក​វេជ្ជសាស្រ្ត​ដល់​ក្រុម​មនុស្ស​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​គ្រោះ​ធម្មជាតិ​ គ្រោះ​ទុរ្ភិក្ស​ ជម្លោះ​ ឬជំងឺរាតត្បាតនៅ​ជុំវិញ​ពិភព​លោក​ក្នុង​ជាង​ ៧០ប្រទេស​ ក្នុងនោះ​មាន​ទាំង​ប្រទេស​កម្ពុជា​ផងដែរ​។

បេសកកម្ម​ដំបូង​របស់​អង្គការ​គ្រូពេទ្យគ្មាន​ព្រំដែន

បេសកកម្ម​ដំបូង​របស់​គ្រូពេទ្យគ្មានព្រំដែន​គឺនៅ​នីការ៉ាហ្គា​ក្នុង​ឆ្នាំ​១៩៧២​ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​ដ៏ធំ​ដែល​បាន​វាយប្រហារ​តំបន់ជាច្រើន​ក្នុង​រដ្ឋធានី​ម៉ាណាហ្គានិង​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់ម៉ឺន​នាក់​ស្លាប់​។    

ក្រោយមកទៀត​ នៅក្នុងឆ្នាំ​ ១៩៧៤ អង្គការ​គ្រូពេទ្យគ្មានព្រំដែន​បាន​បង្កើត​បេសកកម្ម​ផ្តល់​ជំនួយ​ផ្នែក​វេជ្ជសាស្រ្ត​រយៈពេលវែងជាលើកដំបូង​របស់​ខ្លួន​នៅក្នុង​ប្រទេសហុងឌូរ៉ាស​ ក្រោយព្យុះហារីខេន Fifi បោកបក់​បណ្តាលឲ្យ​មានទឹក​ជំនន់​ដ៏ធំ​និង​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​។

ជាច្រើនឆ្នាំមកនេះ​ អង្គការ​គ្រូពេទ្យគ្មានព្រំដែន​មិនដែល​នៅស្ងៀម​ឡើយ​និងបានពង្រីក​បេសកកម្មទៅកាន់ប្រទេសកាន់តែច្រើន។ ពី​មួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ​ អង្គការ​កាន់តែ​រីក​ចម្រើន​លូតលាស់​ ហើយ​ប្រភព​ថវិកា​របស់​អង្គការ​គឺ​បាន​មក​ពី​ការ​រៃអង្គាស​ប្រាក់ពី​សប្បុរស​ជន​ជាង​ ៧ លាននាក់​នៅទូទាំងពិភពលោក​។ ជាង​ ៩៧% នៃ​មូលនិធិ​របស់​គ្រូពេទ្យគ្មាន​ព្រំ​ដែន​បាន​មក​ពី​ការបរិច្ចាគរបស់​ឯកជន​ដែល​អនុញ្ញាត​ឲ្យអង្គការ​អាចធ្វើ​សកម្មភាព​របស់ខ្លួន​យ៉ាងឆាប់រហ័ស​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​។

សព្វថ្ងៃនេះ​ថវិកា​ប្រចាំឆ្នាំ​របស់​អង្គការ​គ្រូពេទ្យគ្មានព្រំដែន​​មានចំនួនជិត​ ១,៦ ពាន់​លាន​អឺរ៉ូ​ និង​មានបុគ្គលិក​ជិត​ ៦៥ ០០០ នាក់ ហើយ​ពីរ​ភាគ​បី​នៃ​ពួកគេ​ទាំង​នោះ​បំពេញបេ​សកកម្ម​​ដោយផ្ទាល់​នៅក្នុង​ប្រទេស​គោលដៅ​។

មកទល់នឹងពេលនេះ អង្គការបានពង្រីកបេសកកម្មទៅក្នុងប្រទេសកាន់តែច្រើន​រហូតដល់​ទៅ​ជាង ៧០ប្រទេស​ ដោយហេតុការត្រូវការជំនួយមានឥតឈប់ ហើយអង្គការនៅ​តែ​ទទួល​បា​ន​ការ​គាំទ្រ​ពី​សប្បុរសជននានាជាពិសេសនៅអឺរ៉ុបដើម្បីបន្តបេសកកម្មរបស់ខ្លួន។

ទស្សន​វិស័យ​របស់​អង្គការ​

អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​បំពេញ​បេសកកម្ម​ដោយ​ការ​សម្របខ្លួន​ និង​ដើរ​ឆ្ពោះទៅ​មុខ​ជានិច្ច​។ ក្នុង​រយៈពេល​ ៥០ ឆ្នាំ​កន្លង​មក​នេះ​ បុគ្គលិក​របស់​អង្គការ​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជាច្រើន​ ហើយចាំបាច់ត្រូវធ្វើការ​ដោយ​សម្របខ្លួនទៅនឹងស្ថានភាពផ្សេងៗគ្នា​ ហើយ​ព្យាយាម​ឆ្លើយតបបន្ទាន់​នឹង​គ្រោះថ្នាក់​ឬគ្រោះមហន្តរាយ​ជាមួយ​នឹង​ធនធាន​ដែល​មាន​កំណត់​។

ដោយឡែកបើ​ក្រឡេក​មើល​ទៅអនាគតវិញ​ ប្រទេស​នានា​កាន់តែមាន​លទ្ធភាព​រៀបចំ​ការឆ្លើយ​តប​បន្ទាន់​ចំពោះ​គ្រោះមហន្តរាយធម្មជាតិ​ ដូច្នេះ​បញ្ហា​ប្រឈម​ផ្នែក​មនុស្សធម៌​ធំ​បំផុត​សម្រាប់​អង្គការដូចជាគ្រូពេទ្យគ្មានព្រំដែន ​គឺជា​បញ្ហា​ពាក់ព័ន្ធ​អំពើភេរវកម្ម​ ការ​ធ្វើចំណាកស្រុក​ និង​ភាពក្រីក្រ​។

សរុបមក​ កាលពី៥០ ឆ្នាំមុន​ អង្គការ​គ្រូពេទ្យគ្មានព្រំដែន​គឺជា​ក្រុម​តូច​មួយ​នៃ​វេជ្ជបណ្ឌិត​បារាំង​ដែល​ចូល​ទៅជួយ​ជន​រងគ្រោះ​ក្នុង​តំបន់​ជម្លោះ​នៅបរទេស​។ ចំណែក​សព្វថ្ងៃនេះវិញ​ គ្រូពេទ្យ​គ្មាន​ព្រំដែនគឺ​ជា​អង្គការ​ជំនួយ​ដ៏ធំ​មួយ​ក្នុង​ពិភពលោក​។ ពាក់​កណ្តាល​នៃ​បុគ្គលិក​ដែល​ធ្វើការ​ឲ្យ​គ្រូពេទ្យគ្មានព្រំដែន​នៅក្នុ​ងប្រទេស​គោលដៅ​ទាំងជាង៧០​ គឺជា​ប្រជាជន​ក្នុង​ស្រុក​ ហើយមាន​ជាតិ​សាសន៍ចម្រុះគ្នា​រាប់សិបនាក់​កំពុង​បម្រើ​ការនៅ​ទីស្នាក់ការ​កណ្តាល​ក្នុង​ទីក្រុង​ប៉ារីស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ