អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ដំណើរវិវឌ្ឍចម្បងៗនៃវិស័យអវកាសនៅក្នុងឆ្នាំ២០២១

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃសៅរ៍ ទី២៥ធ្នូ​កន្លងទៅនេះ តេឡេស្កុបអវកាស​ជេមស៍វេប ដែល​ជា​តេឡេស្កុបអវកាស​ដ៏​ទំនើប ត្រូវបាន​ទីភ្នាក់ងារ​អវកាស​ណាសា និង​អេសា​បាញ់បង្ហោះ​ប្រកបដោយ​ជោគជ័យ។ ជាហេតុការណ៍​ដ៏​សំខាន់​មួយ ដែល​គេ​ទន្ទឹង​រង់ចាំ​អស់រយៈពេល​រាប់សិបឆ្នាំ ហើយ​ក៏​ជា​ការឈាន​ទៅ​​បិទបញ្ចប់​ឆ្នាំ២០២១ ដែល​ជា​ឆ្នាំ​ដ៏​សំខាន់​មួយ នៅ​ក្នុង​វិស័យ​អវកាស។

តេឡេស្កុបអវកាស​ជេមស៍វេប ត្រូវ​បាន​បាញ់បង្ហោះ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក៏ប៉ុន្តែ ត្រូវ​ចំណាយពេល​ ២៩ថ្ងៃ ទើប​អាច​ធ្វើ​ដំណើរទៅដល់គោលដៅ
តេឡេស្កុបអវកាស​ជេមស៍វេប ត្រូវ​បាន​បាញ់បង្ហោះ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក៏ប៉ុន្តែ ត្រូវ​ចំណាយពេល​ ២៩ថ្ងៃ ទើប​អាច​ធ្វើ​ដំណើរទៅដល់គោលដៅ HO NASA/AFP/File
ផ្សាយពាណិជ្ជកម្ម

ឆ្នាំ២០២១​នេះ ថ្វីដ្បិតតែ​ពិភពលោក​ទាំងមូល​នៅតែ​ត្រូវ​ស្ថិត​ក្នុង​វិបត្តិ​កូវីដ​ចេញ​មិនទាន់រួច ក៏ប៉ុន្តែ ​គឺ​ជា​ឆ្នាំ​ដ៏ពិសេស​មួយ ដែល​ពោរពេញ​ទៅ​ដោយ​ហេតុការណ៍​សំខាន់ៗ និង​ដំណើរវិវឌ្ឍដ៏​ចម្បងៗ​ នៅក្នុង​វិស័យ​អវកាស​ រាប់ចាប់​តាំងពី​ហេតុការណ៍​ជា​ប្រវត្តិសាស្រ្ត​ខាង​ផ្នែក​ទេសចរណ៍​អវកាស បេសកកម្ម​ទៅកាន់​ភពអង្គារ និង​ទៅកាន់​អាចម៍ផ្កាយ រហូត​ទៅដល់​​ការ​បាញ់បង្ហោះតេឡេស្កុប​ដ៏ទំនើប ដែល​មាន​សមត្ថភាព​អាច​​ឆ្លុះមើល​​ទៅដល់​ចម្ងាយជាង ១៣ពាន់​លាន​ឆ្នាំ​ពន្លឺ​ពីភពផែនដី​របស់​យើង។

​ជោគជ័យចម្បង​ទីមួយ​នៃ​វិស័យ​អវកាស នៅ​ក្នុង​ឆ្នាំ២០២១​នេះ បាន​កើតមានឡើង​តាំង​ពីដើម​ឆ្នាំ គឺនៅខែកុម្ភៈ នៅពេលដែល​បេសកកម្ម​ Perserverance របស់​ទីភ្នាក់ងារ​ណាសា​ បាន​ធ្វើ​ដំណើរទៅដល់ និង​ចុះចត​​នៅលើ​ដីភពអង្គារ។ ជោគជ័យ​ដែល​ក្រោយ​មក​បាននាំទៅដល់​សមិទ្ធិផល​ដ៏សំខាន់ៗ ដែល​មិន​ធ្លាប់​មាន​ពីមុន រួមមាន​ ការសាកល្បង​ដោយជោគជ័យ​នូវ​បច្ចេកវិទ្យា​ទាញ​យក​ឧស្ម័នកាបូនិច​ពី​បរិយាកាស​ភពអង្គារ​មក​​ផលិត​អុកស៊ីសែន​ ការខួងដីភពអង្គារ​​ប្រមូល​សំណាកទុក​បញ្ជូន​ត្រឡប់​មកផែនដីវិញ និង​ការ​ហោះសាកល្បង​ដោយជោគជ័យ​នូវ​កូន​ឧទ្ធម្ភាគចក្រ​លើ​ភពអង្គារ ដែល​ជា​រឿង​មិន​ធ្លាប់​មាន នៅ​ក្នុង​ប្រវត្តិសាស្រ្ត។

ក្នុងពេល​ជាមួយគ្នា ប្រទេស​ផ្សេងទៀត​ក្រៅពី​សហរដ្ឋ​អាមេរិក ក៏​បាន​ទទួល​ជោគជ័យ​ជា​បន្តបន្ទាប់គ្នា​ផងដែរ នៅ​ក្នុង​បេសកកម្ម​ទៅកាន់​ភពអង្គារ ក្នុងនោះ បេសកកម្ម ExoMars ដែល​ជា​គម្រោងរួមគ្នា​ រវាង​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប និង​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី ហើយ​ដែល​ស្ថិត​នៅ​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ភពអង្គារ​ តាំង​ពី​ឆ្នាំ២០១៦មកនោះ បាន​រកឃើញ​ភស្តុតាង​បញ្ជាក់​យ៉ាងច្បាស់​លាស់ អំពី​វត្តមាន​ទឹក​​នៅ​ក្នុងបរិមាណ​ដ៏ច្រើន នៅក្រោមដី​ភពអង្គារ។ ចំណែក​ប្រទេស​ចំណូល​ថ្មី​ពីរទៀត​ក៏​បាន​បញ្ជូន​បេសកកម្ម​ទៅកាន់​ភពអង្គារ​ដែរ នៅ​ក្នុង​ឆ្នាំ២០២១​នេះ គឺ​អារ៉ាប់រួម​បញ្ជូន​យាន​ប្រភេទ Orbiter ​ឲ្យ​ទៅ​ហោះ​ក្នុងគន្ល​ង​តារាវិថី​ជុំវិញ​ភពអង្គារ រីឯចិន​វិញ បញ្ជូន​យានពីរប្រភេទ​ក្នុងបេសកកម្ម​​តែមួយ គឺ​មួយ ​​ប្រភេទ Orbiter និង​មួយទៀត ​​ប្រភេទ​រ៉ូវ័រ​ ដែល​ចុះចត​ដោយ​ជោគជ័យ​លើ​ដីភពអង្គារ ហើយ​ធ្វើ​ឲ្យ​ចិន​ក្លាយ​ជា​ប្រទេស​ទី៣ ក្នង​ប្រវត្តិសាស្រ្ត បន្ទាប់​ពី​រុស្ស៊ី និង​អាមេរិក ដែល​បាន​ចុះចត​យាន​ដោយ​ជោគជ័យ​លើដី​ភពអង្គារ។

ក្រៅពីជោគជ័យ​នៅ​ភពអង្គារ វិស័យអវកាស​ចិន​ក៏​បាន​បោះជំហាន​ទៅមុខ​​​គួរ​ឲ្យ​កត់សម្គាល់​​​មួយទៀតផងដែរ នៅ​ក្នុង​ឆ្នាំ២០២១​នេះ គឺ​ការ​បាញ់បង្ហោះ​​​ផ្នែក​ដំបូង​នៃ​ស្ថានីយ៍អវកាសផ្ទាល់​ខ្លួនឯង​ ទៅកាន់​គន្លង​តារាវិថី​ជុំវិញ​ផែនដី ព្រមទាំង​បាន​បញ្ជូន​អវកាសយានិក​​​ពីរក្រុម​ឲ្យ​ទៅ​រស់នៅ និង​ធ្វើការ រយៈពេល​ជាច្រើន​ខែ នៅ​ក្នុង​ស្ថានីយ៍អវកាស​ ដែល​ទើប​នឹង​ដំឡើង​ថ្មី​នេះ។

បេសកកម្មអវកាស​ដ៏ចម្បងមួយទៀត នៅ​ក្នុង​ឆ្នាំ២០២១​នេះ គឺ​ការ​សិក្សាលម្អិត​ទៅលើ​អាចម៍ផ្កាយ តាមរយៈ​ការ​បញ្ជូន​យានឈ្មោះ « លូស៊ី » ​​របស់​ទីភ្នាក់ងារ​ណាសា​ ឲ្យ​​ទៅ​ហោះកាត់​អាចម៍ផ្កាយ​ចំនួន ៨ និង​ការ​បញ្ជូន​យាន​ឈ្មោះ DART ឲ្យ​ទៅ​ហោះ​បុកអាចម៍ផ្កាយ « ឌីម៉រហ្វូស » នៅ​ក្នុង​គម្រោង​សាកល្បង​បច្ចេកវិទ្យា ដើម្បី​ការពារ​ភពផែនដី​ពី​ការ​បុកទង្គិច​ដោយ​អាចម៍ផ្កាយ។

បន្ថែម​ពី​លើ​នេះ​ទៅទៀត នៅប៉ែក​ខាង​ក្រៅប្រព័ន្ធព្រះអាទិត្យ យាន « ជូណូ » (Juno) របស់ណាសា​បានហោះកាត់ និង​ថត​បាន​សំឡេង​ចេញ​ពី​ដែន​ម៉ាញេទិច​នៃ​ព្រះចន្ទមួយ​របស់​ភពព្រហស្បតិ៍ គឺ ហ្កានីម៉ែដ។ ចំណែក​នៅ​ប៉ែក​ខាង​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​ឯណោះវិញ យានគ្មាន​មនុស្សបើក ឈ្មោះ​ Parker Solar Probe ដែល​ត្រូវ​បាន​បាញ់បង្ហោះ​ដោយ​ទីភ្នាក់ងារ​ណាសា កាល​ពីឆ្នាំ២០១៨​កន្លងទៅ បាន​ហោះ​ទៅ​ដល់​ក្បែរ​ព្រះអាទិត្យ​បំផុត​មិនធ្លាប់មាន គឺ​ហោះរហូត​ចូល​ទៅដល់​ក្នុងស្រទាប់​បរិយាកាស​របស់​ព្រះអាទិត្យ​ជាលើកទីមួយ​ នៅ​ក្នុង​ប្រវត្តិសាស្រ្ត។

ឆ្នាំ២០២១​នេះ​ក៏​ជាឆ្នាំ​ពិសេស​មួយផងដែរ សម្រាប់​វិស័យទេសចរណ៍​អវកាស ដោយ​ក្រុមហ៊ុន​អវកាស​ឯកជន​ចំនួន​ពីរ គឺ Blue Origin និង Virgin Galactic សុទ្ធតែ​បាន​សាកល្បង​ដោយ​ជោគជ័យ​នូវបេសកកម្ម​បញ្ជូន​ទេសចរ​ទៅកាន់​ទីអវកាស ដែល​ជា​ការ​ចាប់​ផ្តើម​បើក​ទំព័រសករាជ​ថ្មី​មួយ នៃ​វិស័យ​ទេសចរណ៍​អវកាស​ឯកជន។

ហេតុការណ៍​​រឹតតែសំខាន់​ជាប្រវត្តិសាស្រ្ត​មួយទៀត​នៃ​វិស័យ​អវកាស នៅ​ក្នុង​​ឆ្នាំ២០២១​នេះ គឺ​ការ​បាញ់បង្ហោះ​តេឡេស្កុបអវកាស​ជេមស៍វេប ក៏ប៉ុន្តែ ជោគជ័យ​ក្នុងការ​បាញ់បង្ហោះ​នេះ គ្រាន់តែ​ជា​ដំណាក់កាល​ទីមួយតែ​ប៉ុណ្ណោះ។ នៅក្រោយ​ការ​បាញ់បង្ហោះ និង​ផ្តាច់ខ្លួន​ចេញ​ពី​រ៉ុកកែតអារីយ៉ាន ជេមស៍វេប​ត្រូវ​ឆ្លងកាត់​នូវ​ដំណាក់កាល​ដ៏ស្មុគស្មាញ​ជាច្រើន​ផ្សេងទៀត ហើយ​គេ​ត្រូវ​រង់ចាំ​រហូត​ដល់​​ចុងខែមករា​ដើមឆ្នាំ២០២២​ខាងមុខ ក្រោយ​ពី​ជេមស៍វេប​​ត្រូវ​ពន្លាតខ្លួន​ចេញ​ដោយ​ពេញលេញ ហើយ​​ធ្វើ​ដំណើរ​ទៅដល់​គោលដៅ នៅ​ចម្ងាយ​ ១លាន៥សែន​គីឡូម៉ែត្រ​ពីផែនដី ទើប​គេ​អាច​ដឹង​ច្បាស់​ថា តើ​តេឡេស្កុបអវកាស​តម្លៃ ១០ពាន់លាន​ដុល្លារ​នេះ ពិត​ជា​អាច​ប្រើការ​បាន​ដូច​ការ​រំពឹង​ទុក​ដែរ​ឬ​ក៏យ៉ាងណា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ